យុវជនមួយចំនួនកោរសក់ ដើម្បីគោរពវីរភាព។ អ្នកឃ្លាំមើលលើកឡើងថា ការកោរសក់របស់យុវជនទាំងនេះ បង្ហាញពីភាពក្លាហាន សាមគ្គីភាពរបស់យុវជន និងការមិនពេញចិត្ត ចំពោះការឃុំខ្លួនលោក កើត សារ៉ាយ។
យុវជនដែលកោរសក់ ដើម្បីបង្ហាញការគោរពដល់វីរភាពប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ លើកឡើងដូចៗ គ្នាថា លោក កើត សារ៉ាយ មិនត្រឹមតែជាបុគ្គលគំរូក្នុងការបំពេញតួនាទីជាពលរដ្ឋតែប៉ុណ្ណោះទេ ថែមទាំងជាគំរូភាពក្នុងការលះបង់ ដើម្បីយុត្តិធម៌សង្គមផងដែរ។
យុវជនរស់នៅខេត្តត្បូងឃ្មុំ គឺលោក យ៉ិត យុតយូ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែមេសា ថា ការលើកកម្ពស់សន្តិភាពវិជ្ជមាន។ លោកបន្តថា ការកោរសក់របស់លោកនេះ ក៏ជាការបង្ហាញថា ការដោះស្រាយបញ្ហានៅក្នុងសង្គម មិនមែនសម្រាប់តែអ្នកដឹកនាំនោះឡើយ តែក៏ជាភារកិច្ចរបស់ពលរដ្ឋទូទៅផងដែរ។
ស្រដៀងគ្នានេះ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា លើកឡើងថា ការកោរសក់របស់លោក គឺដើម្បីបង្ហាញការសោកស្ដាយ ចំពោះការឃុំខ្លួនលោក កើត សារ៉ាយ ដោយអយុត្តិធម៌។ លោកអះអាងថា ការងាររបស់លោក កើត សារ៉ាយ គឺ ដើម្បី ពាំនាំ យក បញ្ហា របស់ ប្រជាពលរដ្ឋ ដែលរងគ្រោះពីការអភិវឌ្ឍឱ្យសាធារណជន ជាពិសេស រដ្ឋាភិបាលបានដឹង និងជួយស្វែងរកដំណោះស្រាយពីភាគីពាក់ព័ន្ធតែប៉ុណ្ណោះ។
មន្ត្រីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន លើកឡើងថា ការសម្រេចចិត្តកោរសក់របស់លោក គឺដើម្បីបង្ហាញការមិនគាំទ្រ ចំពោះការឃុំខ្លួន និងចោទប្រកាន់ពីសំណាក់តុលាការទៅលើ លោក កើត សារ៉ាយ។
លោក កើត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៥ ខែមេសា នៅទីស្នាក់ការសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ នៅក្នុងបុរីឈូកមាស សង្កាត់ក្រាំងធ្នង់ រាជធានីភ្នំពេញ ក្រោយពីលោក បានចុះទៅស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ឃុំស្រយ៉ង់ ដែលកំពុងលាក់ខ្លួនពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ខែមិនា និងផ្ដល់បទសម្ភាសន៍នៅតាមសារព័ត៌មាន។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក កើត សារ៉ាយ និងគូកន ពីបទ មិនរាងចាល និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយនិងបញ្ជូនទៅឃុំខ្លួននៅគុកព្រៃស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមេសា ក្រោមបទចោទ ញុះញង់ និងមិនរាងចាល។
ក្រៅពីការកោរសក់ យុវជនរាប់រយនាក់ផ្សេងទៀត ក៏បានប្ដូរប្រូហ្វាល់ (Profile) ហ្វេសប៊ុកផ្ទាល់ខ្លួន ទៅជារូបលោក កើត សារ៉ាយ ជាមួយសារទាមទារឱ្យដោះលែងលោក កើត សារ៉ាយ ឱ្យមានសេរីភាព ដោយគ្មានលក្ខខណ្ឌផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។