ពលរដ្ឋជាង ១០០ នាក់ ក្នុងចំណោមពលរដ្ឋ ២៤៧ គ្រួសារ រស់នៅក្នុងភូមិចំនួន ៧ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី ២៥ ធ្នូ បានលើកគ្នាតវ៉ាទាមទារឱ្យអាជ្ញាធរខេត្តនេះ ប្រគល់ដីឱ្យពួកគាត់កាន់កាប់ជាក់ស្ដែង និងឈប់បណ្ដេញពួកគាត់ចេញដោយបង្ខំ។
ការតវ៉ានេះ ធ្វើឡើងក្រោយពីអាជ្ញាធរខេត្តក្រចេះ និងមន្ត្រីជំនាញ ចុះវាស់វែងលើដីដែលពួកគាត់កំពុងរស់នៅ និងសម្រេចប្រគល់ដីឱ្យពួកគាត់ កាន់កាប់ស្មើៗគ្នា ដោយក្នុងមួយគ្រួសារ ទំហំទទឹង ១៥ ម៉ែត្រ និងបណ្ដោយ ៥០ ម៉ែត្រ សម្រាប់ប្រភេទដីលំនៅឋាន និងប្រភេទដីកសិកម្មទំហំទទឹង ៥០ ម៉ែត្រ បណ្ដោយ ៥០ ម៉ែត្រ។
ពលរដ្ឋម្នាក់ដែលលើកគ្នាតវ៉ាលោក ជឿម តឿន ប្រាប់វិទ្យុអាស៊ីសេរីថា ពលរដ្ឋភាគច្រើនក្រីក្រ បានអាស្រ័យផល និងកាន់កាប់ដីធ្លីនៅតំបន់នោះ តាំងពីដូនតា និងក្រោយឆ្នាំ ១៩៧៩ ក៏ប៉ុន្តែអាជ្ញាធរខេត្តក្រចេះ បែរជាចង់ដកហូតដីរបស់អ្នកភូមិ ដើម្បីធ្វើជាដីសមូហភាពទៅវិញ។
លោកថា ក្នុងពេលតវ៉ាពុំឃើញមានអាជ្ញាធរមកដោះស្រាយនោះទេ ហេតុនេះ ពួកលោកបានមកដល់ការិយាល័យសមាគមអាដហុកខេត្តក្រចេះ ដើម្បីប្រឹក្សាផ្នែកច្បាប់៖ « ដីធ្លីហ្នឹង ពួកខ្ញុំបានធ្វើយូរហើយ អត់មានដីអ្វីបង្កបង្កើនផល ដើម្បីចិញ្ចឹមជីវិត ដីវាតិច » ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តក្រចេះ លោក វ៉ា ថន បាននៅឡើយទេ នៅថ្ងៃទី ២៥ ធ្នូ។ ក៏ប៉ុន្តែកាលពីចុងខែកញ្ញា ឆ្នាំ ២០២៣ អភិបាលខេត្តរូបនេះ បានជូនដំណឹងឱ្យពលរដ្ឋទាំងនោះ ត្រូវបញ្ឈប់ការកាន់កាប់ ដាំដុះ និងរុះរើរបង និងសម្ភារៈផ្សេងៗ ចេញពីទីតាំងដីទាំងនោះ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។
លោក វ៉ា ថន បន្ថែមថា ក្រុមការងារខេត្តនឹងដាក់គ្រឿងចក្រចូលសម្អាត ប្រសិនបើពលរដ្ឋមិនសហការ អាជ្ញាធរខេត្តនឹងអនុវត្តច្បាប់។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តក្រចេះ លោក យ៉ុន អ៊ាម ដែលចុះ អង្កេតរឿងនេះ យល់ថា អាជ្ញាធរខេត្ត គួរតែប្រគល់ដីជូនពលរដ្ឋកាន់កាប់តាមស្ថានភាពជាក់ស្ដែង ស្របតាមច្បាប់ភូមិបាល ពីព្រោះ ពលរដ្ឋបានកាន់កាប់ដីតំបន់នោះ តាំងពីដូនតា និងខ្លះទៀត កាន់កាប់តាំងពីឆ្នាំ ១៩៧៩ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។