អ្នក​មាន​ជម្លោះ​ដីធ្លី ១២នាក់ ចូល​បង្ហាញ​ខ្លួន នៅ​អធិការដ្ឋាន​ស្រុក​ស្រែអំបិល តាម​ការ​កំណត់​របស់​តុលាការ​ពី​បទ​ញុះញង់​បង្ក​ឲ្យ​វឹកវរ​ធ្ងន់ធ្ងរ​ក្នុង​សង្គម

0:00 / 0:00

ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ចំនួន ១២នាក់ នៅ​ខេត្ត​កោះកុង ដែល​ជាប់​បណ្ដឹង​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម នាំ​គ្នា​ចូល​ទៅ​បង្ហាញ​ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​​​​ស្រុក​ស្រែ​អំបិល បន្ទាប់ពី​សាលាដំបូង​ខេត្ត​នេះ ដាក់​ពួក​គាត់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ កាល​ពី​កន្លះ​ខែ​មុន។ ពួក​គេ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​នេះ និង​បញ្ឈប់​ការ​ប្រើប្រាស់​យន្តការ​តុលាការ​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​ពល​រដ្ឋ​មាន​ជម្លោះ​ដីធ្លី​ត​ទៅ​ទៀត។

ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ២ក្រុម គឺ​ក្រុម ១៩៧គ្រួសារ​នៃ​ឃុំ​ជីខលើ និង​ក្រុម ១៧៥គ្រួសារ នៃ​ឃុំ​ជី​ខ​ក្រោម ទទូច​ឲ្យ​តុលាការ​បញ្ឈប់​ការ​ចោទ​ប្រកាន់​មិន​សម​ហេតុផល​មក​លើ​ពួក​គាត់ ព្រោះ​វា​ជា​ការ​គំរាម​កំហែង និង​ធ្វើ​បាប​ពលរដ្ឋ​ក្រីក្រ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មាន​អំណាច។

តំណាង​សហគមន៍​ក្រុម ១៧៩គ្រួសារ នៃ​ភូមិ​តានី ឃុំ​ជីខលើ លោកស្រី ដេត ហ៊ួរ ឲ្យ​ដឹង​ថា ​ក្រុម​លោកស្រី មាន​គ្នា ១០នាក់ ចូល​បង្ហាញ​ខ្លួន និង​ផ្ដិត​មេដៃ នៅ​លើ​ឈ្មោះ​របស់​ខ្លួន​រៀងៗ ខ្លួន រួច​រាល់​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី៧ ធ្នូ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រែអំបិល។ លោកស្រី​ប្រាប់​ថា ប៉ូលិស​បាន​ហាម ក្រុម​លោកស្រី​មិន​ឲ្យ​ថត​រូប ក្នុង​ពេល​បង្ហាញ​ខ្លួន​នោះ​ទេ តែ​ពលរដ្ឋ​នាំ​គ្នា​ជម្នះ ព្រោះ​សំអាង​ថា ការ​ថត​ដើម្បី​ទុក​ជា​ភស្តុតាង​ឲ្យ​តុលាការ​មើល។

លោក​ស្រី​បន្ត​ថា ពលរដ្ឋ​ក្នុង​សហគមន៍​ប្រហែល ៦០នាក់ នាំ​គ្នា​ទៅ​ឃ្លាំមើល​ការ​បង្ហាញ​ខ្លួន​របស់​តំណាង​មួយ​ខែ​ម្ដង។ ទោះ​បី​ជា​យ៉ាង​ណា លោកស្រី​មិន​ពេញ​ចិត្ត ចំពោះ​ការ​សម្រេច​ចោទ​ប្រកាន់​នេះ​ទាល់​តែ​សោះ ដោយសារ​នេះ​ជា​រឿង​អយុត្តិធម៌។ លោកស្រី ទាមទារ​ ឲ្យ​តុលាការ​ខេត្ត​កោះកុង ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង លើ​តំណាង​សហគមន៍​ទាំង​អស់ ព្រោះ​ពួក​គាត់ គឺ​ជា​អ្នក​បាត់បង់​ដី មិនមែន​ជា​អ្នក​ដើរ​បង្ក​ភាព​វឹកវរ​ដល់​សង្គម​ទេ។

តំណាង​សហគមន៍​រូប​នេះ ចោទ​​អាជ្ញាធរ​ ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដាក់​សម្ពាធ​លើ​អ្នក​ភូមិ ដើម្បី​គំរាម​មិន​ឲ្យ​ចេញ​តវ៉ា​​រឿង​ដីធ្លី។ ​យ៉ាង​ណា​ក្ដី​ ក្រុម​សហគមន៍ នឹង​បន្ត​ការ​តវ៉ា ទាមទារ​ដីធ្លី​បន្ត​​ទៀត នៅ​ក្រោយ​ពេល​បញ្ចប់​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូវីដ១៩ (Covid-19) ដោយ​មិន​តក់​ស្លុត​ចំពោះ​​ការ​ដាក់ ​សម្ពាធ​តាម​ផ្នែក​តុលាការ​ទេ៖ «យើង​ទៅ​ភ្នំពេញ​ អត់​មាន​បំណង​បង្ក​ភាព​វឹកវរ​ទេ ព្រោះ​ដោយសារ​ពួក​យើង​បាត់​បង​ដីធ្លី​។ ចុះ​បើ​ពួក​យើង​បាត់​ដីធ្លី តើ​ឲ្យ​យើង​ទៅ​ធ្វើ​យ៉ាង​មិច​វិញ ឲ្យ​ទៅ​ទាមទារ​នៅ​ឯណា​វិញ។ បើ​ប្រជា​ពលរដ្ឋ​យើង​ ធ្លាក់​ខ្លួន​ក្រ​យើង​ចង់​ទៅ​រក​សម្ដេច​ រក​យុត្តិធម៌​ពី​ថ្នាក់ក្រោម​ដល់​ថ្នាក់​ជាតិ​ដើម្បី​ឲ្យ​ដោះស្រាយ​ឲ្យ​កូន​ចៅ ព្រោះ​រដ្ឋាភិបាល​អ្នក​ដឹកនាំ។ ប្រជាពលរដ្ឋ​យើង​ខ្វះ​ខាត បាត់​បង​ដី​ត្រូវ​តែ​ទៅ​រក​ពួកគាត់។ ពួកគាត់​ដាក់​បទ​ចោទ​ពួក​ខ្ញុំ​អ៊ីចឹង​ អយុត្តិធម៌​ណាស់ ហើយ​ក៏​អត់​សប្បាយ​ចិត្ត​ដែរ»។

ចំណែក​តំណាង​ពលរដ្ឋ​សហគមន៍​ក្រុម ១៧៥គ្រួសារ នៅ​ភូមិ​ព្រែកជីក ឃុំ​ជីខ​ក្រោម ចំនួន ២នាក់ គឺ​លោក​ស្រី ផាវ ញ៉ើង និង លោកស្រី សេង លីន ក៏​អះអាង​ថា បាន​បង្ហាញ​ខ្លួន រួច​រាល់​ហើយ​ដែរ នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ។

លោកស្រី ផាវ ញ៉ើង ប្រាប់​ថា ខាង​ប៉ូលិស​ស្រុក បង្ហាញ​ឆន្ទៈ​ហាក់​​មិន​ឲ្យ​លោកស្រី​បង្ហាញ​ខ្លួន​ទេ ដោយ​សំអាង​ថា មិន​ទាន់​ដល់​ថ្ងៃ​កំណត់។ តែ​ទោះ​យ៉ាង​​ណា​ក៏ដោយ ក៏​លោកស្រី​បញ្ជាក់​​ថា ខាង​តុលាការ​បាន​​កំណត់​ឲ្យ​លោកស្រី​បង្ហាញ​​ខ្លួន​មួយ​​ខែ​​ម្ដង នៅ​អធិការដ្ឋាន​ស្រុក​ ទើប​ក្រុម​លោកស្រី​​នាំ​​គ្នា​ទៅ​បង្ហាញ​ខ្លួន។

តំណាង​សហគមន៍​​ជម្លោះ​ដីធ្លី​រូប​នេះ ក៏​ចង់​​ឲ្យ​តុលាការ​ទម្លាក់​​ចោល​បទ​ចោទ ញុះញង់​ ប្រឆាំង​លោកស្រី​ដែរ ដោយ​អះអាង​ថា ជា​ការ​​ដាក់​សម្ពាធ​តាម​ផ្លូវ​តុលាការ ប្រឆាំង​​នឹង​លោកស្រី។ លោកស្រី​នឹង​បន្ត​នាំ​គ្នា​ចេញ​តវ៉ា​ដដែល ​ដរាប​ណា​អាជ្ញាធរ​មិន​ព្រម​ផ្ដល់​ដំណោះស្រាយ​ដីធ្លី​ឲ្យ​ពលរដ្ឋ៖ «លោក អ៊ុន សុវណ្ណធានី គាត់​បាន​ប្រកាស​ថា ជន​ពីរ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន សុំ​ឲ្យ​ចៅក្រម​ឃុំ​ខ្លួន​បណ្ដោះអាសន្ន កុំ​ឲ្យ​ដើរ​រញ៉េរញ៉ៃ​អី​ដល់​សង្គម។ អ៊ីចឹង ! ពាក្យ​ខ្ញុំ​ឈឺចាប់​ខ្លាំង​ណាស់។ ខ្ញុំ​រញ៉េរញ៉ៃ​រឿង​អី រដ្ឋាភិបាល​អត់​បាន​ដោះស្រាយ​ដីធ្លី​ ផ្ទះ​ខ្ញុំ​ ហើយ​យក​ទៅ​ឲ្យ​ ហេង​ ហ៊ុយ។ ពេល​​ខ្ញុំ​​ចេញ​​ទៅ​​តវ៉ា​ ចោទប្រកាន់​ថា​ខ្ញុំ​បង្ក​ភាព​វឹក​វរ​ដល់​សង្គមជាតិ។ សួរ​ថា​ព្រះរាជអាជ្ញា​លោក​បាន​ពិនិត្យ​លើ​រឿង​ហ្នឹង​អត់ បាន​គាត់​អត់​ឲ្យ​ឆ្លើយ​រឿង​អី​សោះ ឲ្យ​ឆ្លើយ​តែ​រឿង​ព្រហ្មទណ្ឌ។ រឿង​ទាំង​អស់​ហ្នឹង វា​ពាក់ព័ន្ធ​រឿង​ដីធ្លី​របស់​ពួក​ខ្ញុំ។ ហេតុ​អ្វី​អត់​ឲ្យ​យើង​និយាយ​រឿង​ដីធ្លី ឲ្យ​ឆ្លើយ​តែ​រឿង​ព្រហ្មទណ្ឌ»។

កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ចៅក្រម​ស៊ើបសួរ នៃ​សាលា​ដំបូង​ខេត្ត​កោះកុង លោក ឡោ ក្រឹម បាន​សម្រេច​​ឲ្យ ​​តំណាង​ក្រុម​សហគមន៍​មាន​ជម្លោះ​ដីធ្លី ២ក្រុម មាន​គ្នា ១២នាក់ ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ក្រោម​បទ​ចោទ​បរិហារកេរ្តិ៍​ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ដោយ​សារ​ពាក់ព័ន្ធ​នឹង​អំពើ​​​​តវ៉ា​ទាមទារ​ដំណោះស្រាយ​ដីធ្លី នៅ​មុខ​ក្រសួង​ដែន​ដី នគរោបនីយកម្ម និង​សំណង់ និង​តវ៉ា​នៅ​សាលា​ខេត្ត​កោះកុង​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។

តំណាង​សហគមន៍​ដីធ្លី​ទាំង​ពីរ​ក្រុម គឺក្រុម ១៩៧ និង​ក្រុម ១៧៥​គ្រួសារ បាន​ចេញ​តវ៉ា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​សារ​ ពួកគាត់​មាន​ជម្លោះ​ដីធ្លី ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាលឆ័រ គ្រុប (Heng Huy Agriculture Group) របស់​ឈ្មួញ​ម្នាក់ មាន​ងារ​ជា​ឧកញ៉ា ឈ្មោះ ហេង ហ៊ុយ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល កាល​ពី​ឆ្នាំ២០០៧ ទំហំ​ជាង ៤ពាន់​ហិកតារ នៅ​ចំណុច​ស្រុក​ស្រែ​អំបិល​វិនិយោគ​ដាំ​អំពៅ។

នៅ​ឆ្នាំ​២០១០ ពលរដ្ឋ​ចោទ​ក្រុមហ៊ុន​ថា បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​លំនៅឋាន​ប្រជា​ពលរដ្ឋ និង​គំរាម​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ណា ដែល​ហ៊ាន​តវ៉ា ចំពោះ​ការ​ឈូស​ឆាយ​វាទ​យក​ដី​របស់​ក្រុមហ៊ុន។ ពលរដ្ឋ​បាន​បង្កើន​ការ​តវ៉ា​ចាប់​តាំង​ពី​ពេល​នោះ​មក និង​សំអាង​ថា ពួកគេ​ បាន​ចូល​កាន់កាប់ និង​អាស្រ័យ​ផល​លើ​ដី​ធ្លី​ចាប់​​តាំង​ពី​ឆ្នាំ១៩៩៣ មក​ម្ល៉េះ ដោយ​មាន​ប័ណ្ណ​កាន់កាប់​ដីធ្លី​ ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។

ជាង ​១០​ឆ្នាំ​មក​នេះ ពលរដ្ឋ​ តែង​នាំ​គ្នា​ ចេញ​តវ៉ា​ នៅ​តាម​ចិញ្ចើម​ផ្លូវ មុខ​សាលា​ខេត្ត​កោះកុង និង​មុខ​ក្រសួង​ដែនដី​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​អន្តរាគមន៍​រក​ដំណោះ​ស្រាយ។

ជុំវិញ​ករណី​ចូល​បង្ហាញ​ខ្លួន និង​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​តំណាង​សហគមន៍​ជម្លោះ​ដីធ្លី​ទាំង ១២នាក់​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អធិការដ្ឋាន​ស្រុក​ស្រែ​អំបិល លោក ហួត នន់ និង​​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កោះកុង លោក ឈិន ឡុង បាន​ទេ នៅ​ថ្ងៃ​ទី​៧ ធ្នូ។

អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួរ អ៊ីន ដែល​ឃ្លាំមើល​ដំណើរ​ការ​រឿង​ក្ដី​នេះ សោក​ស្ដាយ​ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ លើ​ក្រុម​អ្នក​មាន​ជម្លោះ​ដីធ្លី។ តំណាង​សង្គម​ស៊ីវិល​រូប​នេះ យល់​ថា តុលាការ​គួរ​ទម្លាក់​ចោល​បទ​ចោទ​ ហើយ​ងាក​មក​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​វិញ ទើប​អាច​បញ្ចប់​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​នេះ​បាន៖ «កាល​ណា​ប្រើ​ប្រព័ន្ធ​តុលាការ​មក​ដាក់​បន្ទុក​លើ​ពួកគាត់​អ៊ីចឹង វា​ជា​ការ​គំរាម​កំហែង​មក​លើ​ប្រជា​ពលរដ្ឋ​ ដោយ​សារ​ភាគ​ច្រើន​គាត់​ជា​អ្នក​ក្រីក្រ ហើយ​ក្រុមហ៊ុន​ជា​អ្នក​មាន​លុយ​មាន​អំណាច។ អ៊ីចឹង ! ដើម្បី​ភាព​យុត្តិធម៌ ​ក៏​ដូច​ជា​ភាព​ត្រឹមត្រូវ​លើ​ជម្លោះ​ដីធ្លី តុលាការ​ជា​ពិសេស​ចៅក្រម​ស៊ើប​សួរ​ លើក​លែង​ការ​ចោទ​ប្រកាន់​លើ​ពួកគាត់​ទៅ ហើយ​ទុក​ឲ្យ​អាជ្ញាធរ​ខេត្ត ក្រសួង​ដែនដី​ធ្វើការ​ដោះស្រាយ​វិញ»។

ជម្លោះដីធ្លី​របស់​អ្នក​ឃុំ​ជី​ខ​លើ និង​ឃុំ​ជី​ខ​ក្រោម​នេះ​ បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ ​​ធ្លាក់ខ្លួន​ក្រីក្រ បាត់បង់​មុខ​របរ ​ធ្វើស្រែ​ចម្ការ​លើ​ដី​ខ្លួន។ អ្នក​ខ្លះ​អះអាង​ថា បាន​ជំពាក់​បំណុល​ធនាគារ រហូត​ដល់​គ្មាន​លទ្ធភាព​សង ហើយ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ទីក្រុង និង​ប្រទេស​ថៃ ខណៈ​ក្មេងៗ ក្នុង​សហគមន៍​ភាគ​ច្រើន​បោះបង់​ការសិក្សា ដើម្បី​ចេញ​តវ៉ា​ទាមទារ​ដីធ្លី ជាមួយ​ឪពុក​ម្ដាយ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។