ជនជាតិដើមភាគតិចព្នងជិត ១០នាក់ តំណាងឱ្យជនជាតិដើមព្នង ៣៣២គ្រួសារ រស់នៅក្នុងភូមិចំនួន៣ ក្នុងឃុំប៊ូស្រា ខេត្តមណ្ឌលគិរី នៅថ្ងៃទី១៦ ខែកក្កដា បានធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិឱ្យស្ថាប័នថ្នាក់ជាតិ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿនការចុះបញ្ជីដីសមូហភាពសហគមន៍។
អ្នកភូមិថា បំណងនៃការដាក់ញត្តិនេះ ដើម្បីឱ្យពួកគាត់មានសិទ្ធិពេញលេញការពារព្រៃឈើ និងអាស្រ័យផលធនធានធម្មជាតិ តាមបែបប្រពៃណី នៅកៀកនឹងភូមិកំណើតរបស់ពួកគាត់ ដែលកំពុងប្រឈមការលួចកាប់ទន្ទ្រាន និងឈូសឆាយ ធ្វើជាកម្មសិទ្ធិពីអ្នកខាងក្រៅ។
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង លោក ព្រុត ថា ប្រាប់វិទ្យុអាស៊ីសេរីថា ភាពយឺតយ៉ាវមិនផ្ដល់វិញ្ញាបនបត្រកម្មសិទ្ធិដីសមូហភាព នឹងធ្វើឱ្យជនខិលខូច លួចកាប់ទន្ទ្រានដីព្រៃសមូហភាពសហគមន៍ភូមិពូឡេះ ជាបន្តបន្ទាប់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ និងគំរាមកំហែងពលរដ្ឋមិនឱ្យធ្វើស្រែចម្ការ តាមបែបប្រពៃណី។
លោកថា មកទល់ពេលនេះ អ្នកភូមិ ដែលរងផលប៉ះពាល់ដោយផ្ទាល់យ៉ាងហោចណាស់ជាង ៣០០គ្រួសារ កំពុងលំបាកវេទនាខ្វះខាតដីដាំដុះចិញ្ចឹមជីវិត។
លោក ព្រុត ថា៖ « មូលហេតុសម្រេចចិត្តដាក់ពាក្យញត្តិ ដោយសារកន្លងមក អាជ្ញាធរហាមមិនឱ្យធ្វើស្រែចម្ការ ដាំដំណាំកូនឈើនៅក្នុងចម្ការចាស់ ក៏គេមិនឱ្យដាំដែរ ទើបសម្រេចចិត្តដាក់ញត្តិហ្នឹង។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បាននៅឡើយទេ នៅថ្ងៃទី១៦ កក្កដា។
ប្រជាសហគមន៍បារម្ភថា ប្រសិនបើរាជរដ្ឋាភិបាលមិនពន្លឿនការដោះស្រាយរឿងនេះទេ ពួកគាត់នឹងប្រឈមបាត់បង់ដីស្រែចម្ការអាស្រ័យផល ប៉ះពាល់ដល់ប្រពៃណី និងវប្បធម៌របស់ជនជាតិដើមភាគតិចព្នង។ រីឯអ្នកភូមិខ្លះទៀត កំពុងជាប់បណ្ដឹង ដោយសារទៅអាស្រ័យផល ក្នុងដីចម្ការវិលជុំ តាមបែបប្រពៃណីជនជាតិដើមភាគតិច តែត្រូវមន្ត្រីបរិស្ថានប្ដឹងផ្ដល់ទៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។