ក្រុមសន្តិសុខខណ្ឌចម្ការមនជាច្រើននាក់ បន្តប្រើហិង្សា រុញច្រាននិងវាយដំអ្នកកោះកុងប្រមាណ ១រយនាក់ ដែលឈរតវ៉ារកដំណោះស្រាយរឿងដីធ្លីនៅមុខក្រសួងដែនដី ថ្ងៃទី២២ ខែសីហា។
ហេតុការណ៍នេះ បណ្ដាលឲ្យពលរដ្ឋជាច្រើននាក់ ភាគច្រើនជាស្ត្រីរងរបួស។ ក្នុងនោះមានស្រ្តីម្នាក់ត្រូវបានសន្តិសុខវាយត្រូវត្រង់ភ្នែក ហើយមានស្ត្រីម្នាក់ទៀតដួលសន្លប់។ ក្រៅពីនេះ ក្រុមសន្តិសុខក៏កញ្ឆក់យកទូរស័ព្ទដៃ២គ្រឿងពីពលរដ្ឋ បោកចោលទៅនឹងដី ខណៈដែលពួកគាត់ឈរថតសកម្មភាពប្រតាយប្រតប់គ្នា។
តំណាងពលរដ្ឋ លោក ឆាន់ ឈឿន ថ្លែងថា ពួកគាត់ជាពលរដ្ឋក្រីក្របាត់បង់ដីស្រែចម្ការជាង១០ឆ្នាំដោយឧកញ៉ារំលោភយកហើយ ថែមទាំងរងការវាយធ្វើបាបពីអាជ្ញាធរក្រុងភ្នំពេញថែមទៀត នៅរកដំណោះស្រាយពីក្រសួងដែនដីម្ដងៗ។
តំណាងពលរដ្ឋរូបនេះ ចាត់ទុកការប្រើហិង្សាដាក់ពួកគាត់នេះ ថាជាទង្វើរំលោភសិទ្ធិមនុស្ស និងការមិនព្រមអើពើដោះស្រាយពីខាងក្រសួង គឺជារឿងអយុត្តិធម៌សម្រាប់ពលរដ្ឋជិត២០០គ្រួសារ នៅស្រុកស្រែអំបិល ខេត្តកោះកុង។
ការព្រងើយកន្តើយមិនគិតគូរផ្ដល់ដំណោះស្រាយឲ្យអ្នកស្រុកស្រែអំបិល ជិត២០០គ្រួសារ នេះ ក្រោយពីក្រសួងដែនដី បដិសេធសំណើពលរដ្ឋ ដោយលើកឡើងថា ពលរដ្ឋ១៩៧គ្រួសារ មិនមានជាប់ពាក់ព័ន្ធនឹងករណីវិវាទដីសម្បទានដាំដំណាំអំពៅផលិតស្ករសនាំចេញ ក្នុងភូមិសាស្ត្រខេត្តកោះកុងទេ។ រីឯអាជ្ញាធរខេត្តកោះកុង បញ្ជាក់ថា ទីតាំងដែលពលរដ្ឋស្នើសុំកាត់ឆ្វៀលដីជាង៤រយហិកតារ គឺស្ថិតលើដីដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ របស់ក្រុមហ៊ុន ហេង ហ៊ុយ។
ក្រុមអង្គសង្គមស៊ីវិលដែលតាមវិវាទនេះ ស្នើដល់រដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ចាត់ការងារចុះស្រាវជ្រាវករណីឲ្យបានច្បាស់លាស់សិន មុនចេញសេចក្ដីសម្រេច ថាមិនដោះស្រាយឲ្យពលរដ្ឋ។
គិតមកដល់ពេលនេះ អ្នកស្រុកស្រែអំបិល ខេត្តកោះកុង ចេញតវ៉ារកដំណោះស្រាយពីក្រសួងដែនដីអស់ជាង២ខែមកហើយ ប៉ុន្តែនៅមិនទាន់ទទួលដំណោះស្រាយនៅឡើយ ក្រៅតែពីការសន្យាហើយនឹងការប្រើហិង្សាដាក់ពួកគាត់។ ពួកគាត់ នៅតែរក្សាជំហរតវ៉ានៅមុខក្រសួងទៀត បើទោះបីជាត្រូវរងការធ្វើបាបពីខាងអាជ្ញាធរក៏ដោយ៕