ប្រជាពលរដ្ឋរស់នៅ ស្រុកគូលែន ខេត្តព្រះវិហារ ជាង២០០គ្រួសារកំពុងប្រឈមនឹងអាជ្ញាធរខេត្តចុះបណ្ដេញចេញ និងកម្ទេចផ្ទះសម្បែងចោល ដោយអាជ្ញាធរអះអាងថា ប្រជាពលរដ្ឋទាំងនោះកាប់ទន្ទ្រានដីព្រៃនៅក្នុងតំបន់ការពារ។ ប៉ុន្តែពលរដ្ឋអះអាងថា ពួកគេតាំងទីលំនៅ និងអាស្រ័យផលនៅតំបន់នោះចាប់តាំងពីឆ្នាំ១៩៩៩មក។ មន្ត្រីសង្គមស៊ីវិល ទទូចទៅអាជ្ញាធរឲ្យធ្វើការដោះស្រាយដោយសន្តិវិធី ដើម្បីកុំឲ្យមានការប្រើប្រាស់អំពើហិង្សាកើតឡើង។
ប្រជាពលរដ្ឋក្រីក្រជាង២០០គ្រួសារ រស់នៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចចម្រុះខេត្ត ដាក់កំហិតឲ្យពលរដ្ឋរុះរើផ្ទះសម្បែងចេញភូមិនៅថ្ងៃទី១៨ ខែមិថុនា ដោយចោទប្រជាពលរដ្ឋនៅតំបន់នោះថា បានចូលទៅកាប់ទន្ទ្រានដីព្រៃនៅតំបន់អភិរក្ស។
ប្រជាពលរដ្ឋរស់នៅឃុំគូលែនជើង លោក សួត សែ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែមិថុនាថា សមត្ថកិច្ចចម្រុះខេត្តបានកំហិតឲ្យប្រជាពលរដ្ឋ រស់នៅភូមិតាយស់ ឃុំគូលែនជើង ត្រូវរុះរើផ្ទះសម្បែងចេញពីតំបន់នោះ ដោយចោទថាពលរដ្ឋទាំងនោះ សាងសង់ផ្ទះនិងកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់។ លោកបន្ថែមថា ពលរដ្ឋដែលកំពុងរស់នៅតំបន់នោះ បានតាំងទីលំនៅចាប់ពីឆ្នាំ១៩៩៩មក និងមានប្រជាពលរដ្ឋចូលមករស់នៅ និងអាស្រ័យផលតំបន់នោះជាបន្តបន្ទាប់។ លោកថាពលរដ្ឋស្នើឲ្យអាជ្ញាធរខេត្តជួយសម្រួលកាត់ឆ្វៀលដី ដែលពួកគេកំពុងអាស្រ័យផលឲ្យប្រជាពលរដ្ឋ និងមិនមានការកាប់ទន្ទ្រានដីព្រៃថ្មីទៀតនោះទេ។
លោក សួត សែ៖ «ពួកគាត់មិនចង់បានអ្វីឲ្យពួកគាត់បាននៅទីនោះ ទី១សុំមិនឲ្យរុះរើផ្ទះសម្បែង ទី២គឺសុំបានអាស្រ័យផល សុំបានអាស្រ័យផលប៉ុណ្ណឹង ប្រជាពលរដ្ឋនៅទីនោះខំប្រឹងធ្វើបានតាំងពីយូរណាស់មកហើយ កុំឲ្យរុះរើផ្ទះសម្បែងរបស់គាត់ សុំអាស្រ័យផលតែប៉ុណ្ណឹងគាត់បានសុខហើយ»។
ពលរដ្ឋលើកឡើងទៀតថា ពួកគេបានដាក់លិខិតទៅអាជ្ញាធរខេត្តឲ្យជួយរកដំណោះស្រាយដល់ប្រជាពលរដ្ឋជាង២០០គ្រួសាររួចហើយ ប៉ុន្តែដំណោះស្រាយយ៉ាងណានោះ ពួកគេមិនទាន់ដឹងនោះទេ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលរងខេត្តព្រះវិហារ ណុប វុទ្ធី បានទេនៅថ្ងៃទី១៦ ខែមិថុនា ដោយទូរស័ព្ទចូលតែគ្មានអ្នកលើក។ ទោះជាយ៉ាងណា កាលពីថ្ងៃទី០២ ខែមិថុនា សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានប្រកាសប្រាប់ប្រជាពលរដ្ឋរស់នៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ រុះរើផ្ទះសម្បែង និងឈប់ឲ្យប្រជាពលរដ្ឋអាស្រ័យផលបន្តទៀត ប្រសិនបើប្រជាពលរដ្ឋហ៊ានចេញតវ៉ា អាជ្ញាធរខេត្តនេះ នឹងចាត់វិធានការក្ដៅជាក់ជាមិនខាន។
នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ យល់ឃើញថា អាជ្ញាធរខេត្តត្រូវតែស្វែងរកអ្នកដែលបណ្ដែតបណ្ដោយឲ្យមានឲ្យប្រជាពលរដ្ឋទាំងនោះចូលទៅកាប់ទន្ទ្រានដីព្រៃនៅតំបន់ការពារ ដើម្បីយកមកអនុវត្តច្បាប់ គឺជារឿងចាំបាច់ដែលអាជ្ញាធរត្រូវអនុវត្ត។ លើសពីនោះ លោកថា ប្រសិនបើពលរដ្ឋរស់នៅតំបន់នោះជិត១០ឆ្នាំឬជាង១០ឆ្នាំ អាជ្ញាធរគួរពិនិត្យមើលឲ្យបានច្បាស់លាស់ ក្នុងការកាត់ឆ្វៀលដីទាំងនោះឲ្យពួកគេបានអាស្រ័យផល ដូចដែលរដ្ឋាភិបាលបានដាក់ចេញយន្តការកន្លងមក ដើម្បីជៀសវាងមានការតវ៉ានិងការប្រើប្រាស់អំពើហិង្សាកើតឡើង នាំឲ្យប៉ះពាល់ដល់សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ។
លោក ប៉ឹក សោភ័ណ៖ «អ៊ីចឹងគួរតែមានការពិនិត្យនិងសើរើឡើងវិញ ដើម្បីកុំឲ្យមានការប្រើប្រាស់អំពើហិង្សាណាមួយឬការបណ្ដេញចេញដោយបង្ខំ នេះជារឿងការរំលោភសិទ្ធិមនុស្សហើយវាជារូបភាពមួយមិនល្អមើលទេ អ៊ីចឹងទៅគួរតែមានកំណែទម្រង់ណាមួយកុំឲ្យមានរូបភាពអាក្រក់មើលអ៊ីចឹងតទៅទៀត»។
នេះជាលើកទី២ហើយ ដែលសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះបង្ក្រាបទ្រង់ទ្រាយធំទៅលើប្រជាពលរដ្ឋរស់នៅស្រុកគូលែន ខេត្តព្រះវិហារ ដោយបានចោទប្រជាពលរដ្ឋទាំងអស់នោះ ចូលទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ខណៈពលរដ្ឋទាំងអស់នោះ ត្រូវបានអាជ្ញាធរភូមិឃុំទទួលស្គាល់។
ប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលអាជ្ញាធរចុះបង្ក្រាបកន្លងទៅ ពលរដ្ឋខ្លះឈឺចាប់រហូតដល់សម្លាប់ខ្លួន និងអ្នកខ្លះទៀតនាំគ្នារត់កាត់ព្រៃឆ្លងដែនទៅប្រទេសជិតខាង ដើម្បីស្វែងរកការងារធ្វើរកប្រាក់ចិញ្ចឹមជីវិត ដោយសារតែពួកគេមិនមានដីស្រែចម្ការសម្រាប់អាស្រ័យផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។