ពលរដ្ឋជាច្រើនគ្រួសារ រស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាបចោទ អាជ្ញាធរអប្សរាថា រំលោភយកដីពួកគាត់ទំហំ ៩៦ហិកតារ ដើម្បីបង្កើតភូមិធម្មជាតិទាក់ទាញភ្ញៀវទេសចរ។ ក្រុមពលរដ្ឋទាំងនោះចាត់ទុកទង្វើរបស់អាជ្ញាធរអប្សរាថា ធ្វើបាបពលរដ្ឋយ៉ាងអយុត្តិធម៌។
ពលរដ្ឋ ២៤គ្រួសាររស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី អំពាវនាវដល់អាជ្ញាធររដ្ឋាភិបាលឱ្យផ្តល់ដំណោះស្រាយសមរម្យ និងយុត្តិធម៌ជូនពួកគាត់។ ពលរដ្ឋទាំងនោះចោទថា អាជ្ញាធរអប្សរាបានបំពានសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់របស់ពួកគាត់ជិត ១០ឆ្នាំមកហើយ។
តំណាងពលរដ្ឋលោក នឿម សាណន ឱ្យដឹងនៅថ្ងៃទី១៤ មីនាថា ដីដែលមានជម្លោះនោះ ជាដីកេរឪពុកម្ដាយរបស់អ្នកភូមិ ដែលអាស្រ័យផលជាង ៤០ឆ្នាំមកហើយ។ លោកថា អាជ្ញាធរបានបញ្ជូនគ្រឿងចក្រជាច្រើនគ្រឿង ឈូសឆាយដីនោះជាង ១ខែមកហើយ ដោយពុំបានផ្តល់សំណងត្រឹមត្រូវនោះទេ។ លោកបន្តថា ពលរដ្ឋបានស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរស្រុក និងខេត្ត តែគ្មានដំណោះស្រាយសមរម្យទេ ធ្វើឱ្យជម្លោះដីធ្លីនេះត្រូវអូសបន្លាយពេលជាច្រើនឆ្នាំមកដល់ពេលនេះ។ លោកបញ្ជាក់ថា ដីនោះជាអាយុជីវិតរបស់ពលរដ្ឋធ្វើស្រែចម្ការចិញ្ចឹមជីវិត ហើយបើអាជ្ញាធរមិនដោះស្រាយទេ ពួកគាត់នឹងបាត់បង់ទីកន្លែងអាស្រ័យផលទាំងស្រុង៖ «ទាមទារឱ្យឆ្វៀលដីមួយកន្លែង ទៅដាក់កន្លែងណាមួយទៀតឱ្យពួកគាត់ ដើម្បីពួកគាត់បានអាស្រ័យផលតទៅទៀត។ ដីនៅតំបន់ដដែលមានន័យថា ក្នុងតំបន់ ដែលគេអភិវឌ្ឍន៍ទំហំ ១ពាន់ហិកតារជាង ឆ្វៀលកន្លែងណាមួយទៅក្នុងតំបន់ហ្នឹងដដែល » ។
ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ លោក ហ៊ុប តូច វ័យ ៦០ឆ្នាំត្អូញថា គ្រួសារលោកមានដី ៩ហិកតារ ត្រូវបានអាជ្ញាធរអប្សរារំលោភយកទាំងស្រុង តាំងពីឆ្នាំ២០១៤។ លោកថា គ្រួសារលោកបានអាស្រ័យផលដីនោះជាង ៤០ឆ្នាំមកហើយ និងមានលិខិតទទួលស្គាល់ដោយអាជ្ញាធរភូមិ/ឃុំទៀតផង។ មកទល់ពេលនេះ លោកមិនអាចចូលទៅអាស្រ័យផលលើដីតំបន់នោះបានទេ បណ្ដាលឱ្យប៉ះពាល់ជីវភាពគ្រួសារធ្ងន់ធ្ងរ។ លោកត្អូញថា កូនៗ របស់លោក ២នាក់ហើយ បានបង្ខំចិត្តឈប់រៀនដោយសារតែជម្លោះដីធ្លីនេះ៖ «ដូចគេហ៊ុមព័ទ្ធគេយកទាំងអស់ គេអត់ឱ្យយើងចូលធ្វើស្រែចម្ការប៉ះពាល់មិនដឹងអន្តរាគមន៍ទៅណា បើអាជ្ញាធរគេនិយាយថា អ្នកប្រឆាំងទៅវិញ » ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល និងអភិបាលខេត្តសៀមរាប លោក ទៀ សីហា ដើម្បីសុំការបំភ្លឺរឿងនេះបានទេ នៅថ្ងៃទី២៤ មីនា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ទោះជាយ៉ាងណា អ្នកភូមិថា អាជ្ញាធរអប្សរា បានផ្តល់ដំណោះស្រាយចុងក្រោយមួយ ដោយផ្តល់សំណងជូនពលរដ្ឋទាំង ២៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីក្បាល ២០ម៉ែត្រទទឹង ៣០ម៉ែត្រ ក៏ប៉ុន្តែពលរដ្ឋបានបដិសេធ។ ក្រុមពលរដ្ឋទាមទារដីរបស់ពួកគាត់ទាំងមូលមកវិញ ឬចង់ឱ្យអាជ្ញាធរឆ្វៀលដីទំហំ ៩៦ហិកតារពីគម្រោងអភិវឌ្ឍន៍ខ្នាតធំនេះ។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក ប្រចាំខេត្តសៀមរាប លោក សួស ណារិន ទទួលស្គាល់ថា ដីតំបន់នោះពលរដ្ឋបានកាន់កាប់តាំងពីឆ្នាំ១៩៧៩។ លោកថា អាជ្ញាធរអប្សរាបានឈូសឆាយដីទាំងនោះដោយពុំបានផ្តល់សំណងសមរម្យ និងយុត្តិធម៌នោះ គឺជាទង្វើរំលោភសិទ្ធិកាន់កាប់ដីធ្លីរបស់ពលរដ្ឋ។ លោកយល់ថា អាជ្ញាធរអប្សរា គួរតែកាត់ឆ្វៀលដីតំបន់នោះជូនពលរដ្ឋ ឬផ្តល់សំណងសមរម្យដល់ពួកគាត់៖ «ឈូសឆាយយករបស់គាត់ ដោយពុំមានផ្តល់សំណងសមរម្យ និងយុត្តិធម៌ អាដហុកចាត់ទុកថា ជាការរំលោភលើសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគាត់ ទោះបីពួកគាត់ពុំមានប័ណ្ណកម្មសិទ្ធិក៏ដោយ ក៏យើងទទួលស្គាល់ថា អាជ្ញាធរភូមិ / ឃុំ បានដឹងឮ ទទួលស្គាល់ថា ពិតជាដីរបស់ពលរដ្ឋនៅតំបន់នោះមែន » ។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ដីមានជម្លោះនោះអាជ្ញាធរអប្សរាមានគម្រោងបង្កើតភូមិធម្មជាតិរុនតាឯក ដែលក្នុងនោះរួមមានសួនបុប្ផា លំនៅឋាន កន្លែងលម្ហែកាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ រីឯអាជ្ញាធរខេត្តសៀមរាបវិញ លោកថា អាជ្ញាធរមានផែនការយកដីមានជម្លោះនោះផ្តល់ជាដីសម្បទានសង្គមកិច្ចចែកជូនពលរដ្ឋក្រីក្រជាច្រើនគ្រួសារ ដែលកំពុងរស់នៅខុសច្បាប់ តាមបណ្ដោយមាត់ស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។