ពលរដ្ឋជាង៣រយគ្រួសារ (៣០០) រស់នៅភូមិចំនួន៩ នៃឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្អូញថា ឈ្មួញមានអំណាចនៅតែគាបសង្កត់ និងកេងប្រវ័ញ្ចសេវាផ្គត់ផ្គង់ទឹកធ្វើស្រូវជាច្រើនឆ្នាំមកហើយ បង្កឲ្យប៉ះពាល់ជីវភាពពលរដ្ឋធ្ងន់ធ្ងរ។ អ្នកភូមិថា ពួកគាត់បានដាក់ញត្តិ និងប្ដឹងករណីនេះ ទៅអាជ្ញាធរមូលដ្ឋាន រហូតដល់ថ្នាក់ជាតិ តែគ្មានដំណោះស្រាយ។
ពលរដ្ឋរាប់រយគ្រួសាររស់នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៩ មិថុនា អំពាវនាវឲ្យអាជ្ញាធរខេត្ត និងរដ្ឋាភិបាលមេត្តាដោះស្រាយក្តីកង្វល់របស់ពួកគេ ដែលកើតមានជាង ៩ឆ្នាំមកហើយ ពាក់ព័ន្ធករណីម្ចាស់អាជីវកម្មវិនិយោគអាងទឹកកំព្រីង និងអាងទឹកចកសារាយ យកតម្លៃទឹកខ្ពស់ ដោយក្នុងមួយហិកតារ ចាប់ពី ៧៥ម៉ឺនរៀល ទៅ ១លានរៀល។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀតរស់នៅភូមិធ្លក លោកស្រី កន វិន ត្អូញថា គ្រួសារលោកស្រីធ្វើស្រែ ១០ហិកតារ ត្រូវបង់ប្រាក់ក្នុងមួយហិកតារ ១លានរៀល សរុបទាំងអស់ ១០លានរៀល ទើបអាចធ្វើកសិកម្មបាន ដែលជាហេតុធ្វើឲ្យគ្រួសារលោកស្រីជួបការលំបាកជីវភាព ព្រោះគ្មានប្រាក់សម្រាប់បង់។ លោកស្រីរំឭកថា កន្លងទៅអ្នកភូមិជាច្រើនគ្រួសារបានរៃលុយគ្នា ធ្វើដំណើរទៅរាជធានីភ្នំពេញ ដាក់ញត្តិឲ្យអាជ្ញាធរជាតិដោះស្រាយករណីនេះ តែគ្មានលទ្ធផល៖ «វេទនាណាស់ហើយ ជំពាក់គេ ប្រាំងមិញច្រូតបាន ១ហិកតារ បាន ១តោន ទៅ ២តោន ខ្ញុំយកលុយធនាគារបង់ថ្លៃទឹក ថ្លៃជី ថ្លៃអីទាំងអស់។ ខ្ញុំប្ដឹងអស់ហើយ ខេត្តក៏បានទៅដែរ ទៅស្រុកទៅអស់ហើយ គេមិនដែលរកដំណោះស្រាយឲ្យពលរដ្ឋទេ » ។
ពលរដ្ឋម្នាក់ទៀតឈ្មោះ លាត ធី សង្កត់ធ្ងន់ៗ ថា អាជីវកម្មនេះ បានជិះជាន់ និងកេងប្រវ័ញ្ចញើសឈាមពលរដ្ឋជាច្រើនឆ្នាំមកហើយ រហូតមកទល់ពេលនេះ បើទោះបីជាអ្នកភូមិបានស្រែកតវ៉ារកដំណោះស្រាយជាយូរមកហើយក្ដីនៅតែគ្មានប្រយោជន៍។ លោករំឭកថា កាលពីឆ្នាំ២០១៤ ទីស្ដីការគណៈរដ្ឋមន្ត្រី បានជូនដំណឹង ផ្ដាច់សិទ្ធិអាជីវកម្មអាងទឹកនៅតំបន់នោះ មិនឲ្យយកថ្លៃឈ្នួលពីអ្នកភូមិ ក៏ប៉ុន្តែឈ្មួញនៅតែធ្វើអាជីវកម្មដដែលៗ៖ «ស . ច . ណ របស់សម្ដេចគេកាត់ឲ្យប្រជាជនហើយ ថៅកែអាងទឹកមិនអនុវត្តតាម រហូតដល់សព្វថ្ងៃ។ មិនដឹងមូលហេតុអីគេមិនព្រមប្រគល់ឲ្យប្រជាជន គេនៅតែអីចឹង។ ១ហិកតារតម្លៃសរុបគេ ៧៥ម៉ឺន ខ្ញុំអត់មានលុយបង់មុន ដល់ពេលច្រូតគេទារយកមួយលាន » ។
អាស៊ីសេរីបានព្យាយាមទាក់ទង អភិបាលខេត្តកំពង់ធំ លោក សុខ លូ អភិបាលស្រុកស្ទោង លោក ណែត សារី ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃទី៩ មិថុនា។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មិនលើកទូរស័ព្ទ។
មេឃុំចំណារលើលោក ឡយ ឡែម ឲ្យដឹងថា កន្លងមកពលរដ្ឋធ្លាប់ប្ដឹងបញ្ហានេះ មកអាជ្ញាធរឃុំដែរ តែហួសពីសមត្ថភាពអាជ្ញាធរឃុំ ហើយលោកបានរាយការណ៍រឿងនេះទៅរដ្ឋបាលស្រុករួចហើយ។ លោកបដិសេធថា មានតែពលរដ្ឋជាង ១រយគ្រួសារទេ (១០០) ដែលមានបញ្ហាករណីនេះ ហើយដីដែលអ្នកភូមិកំពុងធ្វើកសិកម្មនោះ ជាប្រភេទដីសាធារណៈរបស់រដ្ឋ ពុំមែនជាដីកម្មសិទ្ធិឯកជននោះទេ៖ «ម៉េចៗ ជួបអាជ្ញាធរស្រុក និងខេត្តទៅ ខាងពលរដ្ឋគេប្ដឹងអស់ហើយ ផុតឃុំហើយ ខ្ញុំបញ្ជូនទៅស្រុក ខេត្តហើយ » ។
សេចក្ដីរាយការណ៍ពីក្រុមពលរដ្ឋ ឲ្យដឹងថា កាលពីដើមឆ្នាំ២០១៩ អ្នកភូមិជាង ២០គ្រួសារខកខាន ពុំបានច្រូតកាត់ប្រមូលផលស្រូវប្រាំងលើផ្ទៃដី ៤៥ហិកតារ ដោយសារគ្មានប្រាក់បង់ឲ្យម្ចាស់អាងទឹកជាមុនដោយក្នុងមួយហិកតារ ១លានរៀល។ ក្រោយមក អ្នកភូមិបានដាក់ញត្តិសុំកិច្ចអន្តរាគមន៍ទៅខុទ្ទកាល័យ លោក ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធ បំណងពឹងឲ្យស្ថាប័នកំពូលទាំងនេះ ជួយឲ្យពួកគេប្រមូលផលកសិកម្មសិន ទើបបង់ប្រាក់ជាក្រោយតែគ្មានលទ្ធផល។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តកំពង់ធំ លោក សុក រដ្ឋា សង្កេតឃើញថា កន្លងទៅទីស្ដីការគណៈរដ្ឋមន្ត្រី ពិតជាសម្រេចរំលាយសិទ្ធិវិនិយោគអាងទឹកនៅតំបន់នោះ ដោយផ្ដល់លទ្ធភាពឲ្យពលរដ្ឋប្រើប្រាស់មិនគិតថ្លៃ ក៏ប៉ុន្តែឈ្មួញឯកជន នៅតែបន្តវិនិយោគ ដោយគ្រាន់តែផ្លាស់ប្ដូរម្ចាស់ថ្មីជំនួស។ លោកសង្ស័យថា ការវិនិយោគអាងទឹកនៅទីនោះ បង្កប់ភាពមិនប្រក្រតីច្រើន ខណៈដែលអាជ្ញាធរមូលដ្ឋានបានសម្របសម្រួលច្រើនសាមកហើយ នៅតែពលរដ្ឋមិនអាចទទួលយកបាន៖ «បច្ចុប្បន្ននៅតែអីចឹង នៅរ៉ាំរ៉ៃដោះមិនចេញ។ អាជ្ញាធរខេត្តគាត់នៅតែធ្វើអីចឹង គាត់មិនដោះ ជីវភាពពលរដ្ឋក្រីក្រ កំពុងតែក្រីក្រ កាន់តែក្រីក្រទៀត។ ប៉ះពាល់ជីវភាពរស់នៅ ប៉ះពាល់ស្បៀងអាហារហូបចុក » ។
របាយការណ៍អង្កេតរបស់សមាគម អាដហុក បង្ហាញថា ការគ្រប់គ្រងអាងទឹកនៅតំបន់នោះ កើតមានចាប់ពីឆ្នាំ២០០៩ និងបានចែកទឹកជូន ប្រជាកសិករចំនួន ៩ភូមិ លើផ្ទៃដីជាង ៦០០ហិកតារ។ រីឯអ្នកវិនិយោគ បានទាញយកផលចំណេញពីប្រជាកសិករ តាមរយៈបង់ថ្លៃសេវាចែកទឹកសម្រាប់ធ្វើស្រែប្រាំង។ អ្នកភូមិថា ម្ចាស់អាជីវកម្មនេះ ឈ្មោះ គាំ សារឿន មានតួនាទីជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ទើបធ្វើឲ្យអាជ្ញាធរខេត្តកំពង់ធំ ស្ទាក់ស្ទើរដោះស្រាយបញ្ហានេះជូនពលរដ្ឋដោយយុត្តិធម៌ និងសមធម៌។ អាស៊ីសេរីនៅមិនទាន់អាចទាក់ទង ម្ចាស់វិនិយោគអាងទឹកកំព្រីង និងអាងទឹកចកសារាយ លោក គាំ សារឿន ដើម្បីសុំការអធិប្បាយជុំវិញការចោទប្រកាន់របស់ពលរដ្ឋបានថា យ៉ាងណានៅឡើយទេនៅថ្ងៃដដែលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។