ប្រជាពលរដ្ឋមានទំនាស់ដីធ្លីប្រមាណ ៤០០នាក់ តំណាងឱ្យពលរដ្ឋជិត ១ពាន់គ្រួសារ ធ្វើដំណើរមកពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ទៅតវ៉ានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យជួយដោះស្រាយជូនពួកគាត់ នៅព្រឹកថ្ងៃទី១៦ធ្នូ។ តំណាងក្រុមអ្នកតវ៉ាអះអាងថា មូលហេតុដែលពួកគាត់លើកគ្នាមកតវ៉ាដល់ភ្នំពេញនេះ ដោយសារអាជ្ញាធរមូលដ្ឋានមិនចេញប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់ ក្រោមហេតុផលថា កំពុងមានបណ្ដឹងពីពលរដ្ឋផ្សេងទៀត។ មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ក្រុមអ្នកតវ៉ាមានសិទ្ធិអាទិភាពក្នុងការកាន់កាប់ដីទំនាស់នោះ ព្រោះពួកគាត់បានរស់នៅជាច្រើនឆ្នាំមកហើយ។
តំណាងក្រុមអ្នកតវ៉ាអះអាងថា នេះជាលើកទី១ ហើយ ដែលពួកគាត់នាំគ្នាធ្វើដំណើរពីខេត្តបន្ទាយមានជ័យទៅតវ៉ានៅរាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យមន្ត្រីជំនាញ ចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ ៩.៥៥០ក្បាលដី ដោយដីនីមួយៗ មានទំហំទទឹងពី ៤ ទៅ ២០ម៉ែត្រ គុណនឹងបណ្ដោយ ២០ម៉ែត្រ ស្ថិតនៅភូមិព្រៃព្រិច។
តំណាងប្រជាពលរដ្ឋ អ្នកស្រី វ៉ាន់ ស្រីមុំ រៀបរាប់ថា ប្រជាពលរដ្ឋ បានកាន់កាប់ដីនោះ ជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៩៧ មក ប៉ុន្តែនៅឆ្នាំ២០០៣ ស្រាប់តែមានអ្នកមានអំណាច ៣៤គ្រួសារនៅក្រុងភ្នំពេញ ចេញមុខអះអាងថា ជាដីពួកគាត់ដោយមានប្លង់រឹងចេញកាលពីឆ្នាំ១៩៩៨។
អ្នកស្រីបន្តថា ក្នុងឆ្នាំ២០០៤ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញសេចក្ដីជូនដំណឹង (ស.ជ.ណ) សម្រេចប្រគល់ដីជូនពួកគាត់វិញ ក្រោយអ្នកភូមិតវ៉ានិងប្ដឹងផ្ដល់។ បន្ទាប់មក តុលាការខេត្តបន្ទាយមានជ័យ ក៏បានចេញដីកាប្រគល់សិទ្ធិឱ្យពួកគាត់គ្រប់គ្រងដីលំនៅឋាននោះដែរ។ លុះដល់ឆ្នាំ២០១៨ អាជ្ញាធរដែនដី បានណែនាំឱ្យពលរដ្ឋក្នុងភូមិ ទៅធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធថ្មី ប៉ុន្តែជាប់គាំងរហូត ទើបតែនៅថ្ងៃទី២ ខែកញ្ញា ខាងអាជ្ញាធរប្រកាសថា ក្បាលដីពួកគាត់មិនអាចចេញប័ណ្ណកម្មសិទ្ធិ បានទេដោយសារមានពលរដ្ឋមួយចំនួន ក្នុងចំណោម ៣៤គ្រួសារកាលពីមុននោះ បន្តប្ដឹងជំទាស់៖
៖ «កន្លងមកសុរិយោដីនៅខេត្តបន្ទាយមានជ័យគាត់និយាយបើពិបាកទេមិនបាច់ប្ដឹងរញ៉េរញ៉ៃទេ សម្រួលគ្នាម្នាក់ពាក់កណ្ដាលទៅបានហើយ ដីខ្ញុំនៅរាប់សិនឆ្នាំហើយពួកខ្ញុំម៉េចព្រមចែកពាក់កណ្ដាលទៅកើត។ មិនបានដោះស្រាយហើយមេគាត់ទូរស័ព្ទពីកន្លែងក្រសួងដែនដីនេះថា ពួកខ្ញុំហ្នឹងពេលគេចុះបិទប្រកាស ១៥ថ្ងៃហេតុអីបានអត់តវ៉ា ពួកខ្ញុំតវ៉ាជាច្រើនថ្ងៃជាប់គ្នាហើយ ពួកគាត់ចេញមកថាគាត់ហ្នឹងដោះស្រាយឱ្យ តែគាត់មិនបានដោះស្រាយទេ។ខ្ញុំមានភស្តុតាងច្រើនណាស់ដែលគាត់ឱ្យពួកខ្ញុំផ្ដិតមេដៃយកទៅតតាំងហ្នឹង » ។
យោងតាមគំនូសប្លង់របស់អាជ្ញាធរ បង្ហាញថា ក្នុងចំណោម ៣៤គ្រួសារដែលធ្លាប់អះអាងថា ជាម្ចាស់កម្មសិទ្ធិដីទំនាស់ដែរនោះ គឺមួយចំនួនជាកងកម្លាំងនគរបាល និងជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ក្នុងនោះ មានដូចជា អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡងឌី អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ឯម សំអាន អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម និងអគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ ជាដើម។
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីនគរបាលជាន់ខ្ពស់ទាំង ៣រូបនេះ ដើម្បីឆ្លើយតបជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៦ ធ្នូ។
ប៉ុន្តែលោក ម៉ក់ ជីតូ ធ្លាប់ប្រាប់អាស៊ីសេរីថា ក្រោយសម័យរដ្ឋកម្ពុជា ដីនៅតំបន់នោះ គឺជាដីទំនេរហើយអាជ្ញាធរបានកាត់ចេញជា ៣៤ប្លង់ សម្រាប់បែងចែកជូន ៣៤គ្រួសារ ក្នុងនោះក៏មានឈ្មោះរបស់លោកដែរ។ ទោះយ៉ាងណាក្តី លោកបញ្ជាក់ថា លោកមិនដែលបានទៅមើលដីនោះទេ ហើយក៏មិនធ្លាប់ប្ដឹងផ្ដល់អ្វីដែរ។
អ្នកស្រី វ៉ាន់ ស្រីមុំ ថ្លែងថា មន្ត្រីក្រសួងរៀបចំដែនម្នាក់បានទទួលយកសំណើរបស់ពួកគាត់ ហើយសន្យាជាមួយពួកគាត់ថា ខាងក្រសួងនឹងចុះទៅដោះស្រាយដល់ទីកន្លែងនៅសប្ដាហ៍ក្រោយ។
កាលពីខែមេសា ឆ្នាំ២០០៥ សាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញដីកាសម្រេចប្រគល់ដី និងសិទ្ធិគ្រប់គ្រងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅលើដីជាក់ស្ដែង។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ប្រជាពលរដ្ឋបានដាំដើមឈើនិងសង់ផ្ទះនៅលើដីទំនាស់នោះ ប្រមាណ ២០ឆ្នាំមកហើយ គឺតាំងពីដីតំបន់នោះមិនទាន់មានការអភិវឌ្ឍ។ លោកកត់សំគាល់ថា ទំនាស់ដីនេះកើតឡើង ដោយសារតែអាជ្ញាធរធ្វើប្លង់ស្របច្បាប់ឱ្យភាគីទំនាស់ចំនួន ៣៤គ្រួសារជាន់លើដីរបស់ពលរដ្ឋជាង ១ពាន់គ្រួសារដែលបានកាន់កាប់ជាច្រើនឆ្នាំមកហើយ៖ «នៅពេលដែលចេញប្លង់ហើយមានតួនាទីតែតុលាការមួយគត់ដែលអាចធ្វើមោឃភាពទៅប្លង់ហ្នឹងបាន ដែលគាត់មើលទៅឃើញថាការកសាងប្លង់មិនប្រក្រតី យើងអាចធ្វើមោឃភាពទៅលើហ្នឹងទៅ។ អ៊ីចឹងបានយើងជម្រាបជូនពលរដ្ឋឱ្យគាត់រៀបចំពិនិត្យមើលដើម្បីដាក់មេធាវីប្ដឹងទៅលើប្លង់ដែលចេញទាំងអស់នោះ ដើម្បីទាមទារហើយចង្អុលបង្ហាញថាការរស់របស់គាត់របៀបណាហើយការកសាងប្លង់របៀបណា » ។
ក្រុមអ្នកតវ៉ាបានត្រឡប់ទៅផ្ទះនៅខេត្តបន្ទាយមានជ័យវិញ នៅរសៀលថ្ងៃដដែល បន្ទាប់ពីក្រសួងបានទទួលពាក្យប្ដឹងរបស់ពួកគាត់រួចរាល់។ក្រុមអ្នកតវ៉ា ព្រមានថា ប្រសិនបើក្រសួងដែនដី មិនបានដោះស្រាយតាមការសន្យាទេ ពួកគាត់នឹងនាំគ្នាទៅតវ៉ានៅរាជធានីភ្នំពេញជាថ្មីទៀតក្នុងពេលឆាប់ៗ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។