ពលរដ្ឋ​​រង​គ្រោះ​ដោយសារ​ទំនប់​វារី​អគ្គិសនី នៅ​សហគមន៍​ក្បាល​រមាស ខេត្ត​ស្ទឹងត្រែង ៥២គ្រួសារ ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់

0:00 / 0:00

ពលរដ្ឋ​ជាង ៥០គ្រួសារ (៥២) ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​រស់​នៅ​ភូមិ​ក្បាល​រមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កំពុង​ប្រឈម​វិបត្តិ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ ធ្វើ​ឱ្យ​ពួក​គេ​លំបាក​វេទនា និង​ត្រូវ​ចំណាយ​លុយ​ជា​ច្រើន ដើម្បី​ទិញ​ទឹក​ស្អាត​មក​បរិភោគ ព្រោះ​តែ​គ្មាន​ជម្រើស។ សហគមន៍​ថា ស្រះទឹក​ ២ និង​ស៊ីទែន​ទឹក ២៧ ដែល​ក្រុមហ៊ុន​ផ្ដល់​ជូន​ពួក​គាត់​កន្លង​ទៅ ក៏​មិន​អាច​បំពេញ​តម្រូវ​ការ​គ្រប់គ្រាន់​ដែរ។

សហគមន៍​ឃុំ​ក្បាល​រមាស ៥២គ្រួសារ ឬ​ស្មើ​នឹង​ពលរដ្ឋ​ជាង ២០០នាក់ ដែល​រង​គ្រោះ​ដោយសារ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ បង្ហាញ​ពី​កង្វល់​មួយ​ចំនួន ដែល​ពួក​គាត់​អះអាង​ថា អាជ្ញាធរ​ខេត្ត និង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មិន​ទាន់​អនុវត្ត​បាន​គ្រប់​ជ្រុងជ្រោយ​ដូច​ការ​សន្យា បណ្តាល​ឱ្យ​ជីវភាព​របស់​ពួក​គាត់​ជួប​ការ​លំបាក ជា​ពិសេស ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​រដូវ​ប្រាំង។

ជនជាតិ​ដើម​ភាគ​តិច​ព្នង ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន គឺ​លោកស្រី ស្រាំ ឡាញ់ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៣ មីនា​ថា បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ នៅ​តែ​ជា​ក្ដី​បារម្ភ​របស់​អ្នក​ភូមិ​ជាង ២ឆ្នាំ​មក​ហើយ ធ្វើ​ឱ្យ​ពួក​គាត់​រង​ទុក្ខ​លំបាក និង​ត្រូវ​បង្ខំ​ចិត្ត​ប្រើប្រាស់​ទឹក​មិន​ស្អាត។ លោក​ស្រី​ថា ស្រះ​ទឹក​ចំនួន ២ និង​ស៊ីទែន​ទឹក​ចំនួន ២៧ ដែល​អាជ្ញាធរ​ផ្ដល់​ជូន​ពលរដ្ឋ នៅ​មិន​ទាន់​បំពេញ​តម្រូវ​ការ​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ហើយ​បច្ចុប្បន្ន​ពួក​គេ ត្រូវ​ចំណាយ​ពេល ទៅ​ដឹក​ទឹក​តាម​គោយន្ត នៅ​តំបន់​បាត​អាង​ឆ្ងាយ​ពី​ភូមិ​ជាង ៣គីឡូម៉ែត្រ។ លោក​ស្រី​ថា ទឹក​បាត​អាង ដែល​មិន​ស្អាត ក្នុង​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ ពួក​គេ​មិន​អាច​បរិភោគ​បាន​ទេ ហើយ​ទឹក​ដែល​អ្នក​ភូមិ​បរិភោគ​ប្រចាំ​ថ្ងៃ ជា​ទឹក​ធុង​ដែល​គេ​លក់​ក្នុង​មួយ​ធុង​មាន​តម្លៃ ៤ពាន់​រៀល៖ «ខាង​ក្រុមហ៊ុន​ជីក​ស្រះ​ឱ្យ​ជម្រៅ ៤ ទៅ ៥ម៉ែត្រ​រីង​ហើយ ប្រើ​បាន​តាំង​ពី​ខែ​វស្សា រហូត​ដល់​ខែ ១ ខែ ២ ឥឡូវ​នេះ​ជិត​រីង ហើយ​ស្រះ​ហ្នឹង​ប្រើ​អត់​បាន​ទេ អត់​គ្រប់​គ្រាន់​ទេ។ នៅ​តែ​ទៅ​រត់​យក​ទឹក បាត​អាង​មក​ប្រើ​ដែរ បើ​មិន​ប្រើ​ទេ មិន​ដឹង​ទៅ​រក​កន្លែង​ណា »

លោកស្រី ស្រាំង ឡាញ់ បន្ថែម​ថា សំណូមពរ ៦ចំណុច ដែល​អ្នក​ភូមិ​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ដោះ​ស្រាយ អាជ្ញាធរ​មិន​ទាន់​ដោះ​ស្រាយ​បាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ។ ពួក​គាត់​ចង់​ឱ្យ​អាជ្ញាធរ​ជីក​អណ្ដូង​ទឹក​ស្អាត និង​ផ្ដល់​ស៊ីទែន​ទឹក ឱ្យ​អ្នក​ភូមិ​គ្រប់ៗ ក្រុម​គ្រួសារ កសាង​ផ្លូវ​មាន​គុណភាព និង​កសាង​ស្ពាន​មួយ​កន្លែង​ទៀត។ ក្រៅ​ពី​នេះ ពន្លឿន​ការ​ចុះ​បញ្ជី​ដី​សមូហភាព​ជាង ៧ពាន់​ហិកតារ និង​សាង​សង់​វត្ត​អារាម​ជា​ដើម៖ «អ្នក​ខ្លះ​ខ្វះ​ឧបករណ៍​ប្រើ អ្នក​មាន​ឧបករណ៍​ចំណាយ​ថវិកា​ច្រើន​ណាស់ លើ​ទឹក​ប្រើប្រាស់​ហ្នឹង ហើយ​នឹង​ជួប​ឧបសគ្គ មាន​អ្នក​ឈឺ រាក ក្អូត មូលហេតុ​មក​ពី​ទឹក​ទេ​ដឹង។ ប៉ុន្មាន​ថ្ងៃ​នេះ​ឥឡូវ​កំពុង​មាន​អ្នក​រាក ក្អួត​ច្រើន​មែនទែន »

ពលរដ្ឋ​ម្នាក់​ទៀត លោក គង់ ចាន់ ត្អូញ​ថា ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ គឺ​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ កើត​មាន​ជា​រៀងរាល់​ឆ្នាំ ចាប់​តាំង​ពី​ពួក​គេ​មក​តាំង​ទីលំនៅ នៅ​ទីតាំង​ថ្មី គឺ​ទី​ទួល​ជិត ៤ឆ្នាំមកហើយ ត្បិត​លំនៅឋាន និង​ភូមិ​កំណើត​របស់​ពួក​គេ ត្រូវ​បាន​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក ពន្លិច​ភូមិ ជិត ៣ឆ្នាំមកហើយ បង្ក​ឱ្យ​ពួក​គេ​លំបាក​វេទនា ខូច​ខាត​ទ្រព្យ​សម្បត្តិ ផ្ទះសម្បែង ផ្លូវ​លំបាក​ធ្វើ​ដំណើរ និង​មាន​កុមារ​ជា​ច្រើន​នាក់​ត្រូវ​បោះ​បង់​ការ​សិក្សា។ លោក​ថា កាល​ពី​មិន​ទាន់​មាន​វត្តមាន​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ អ្នក​ភូមិ​មិន​ដែល​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នោះ​ទេ ព្រោះ​ទឹក​មាន​ពេញ​ទន្លេ​សេសាន​ដ៏​ស្រស់​ស្អាត ហើយ​ត្រី​សាច់ ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ផ្សេង​ទៀត​ក៏​សំបូរ​ដែរ ផ្ទុយ​ពី​បច្ចុប្បន្ន​ពួក​គេ​រស់​នៅ​លំបាក​វេទនា​សព្វ​បែប​យ៉ាង៖ «មួយ​ថ្ងៃ​នេះ​ មួយ​ព្រឹក​ដង​ទឹក ២ធុង ទៅ ៣ធុង​នៅ​មិន​ចង់​គ្រាន់​ផង​នេះ។ កូន​ចៅ​មុជ ដាំបាយ ដាំ​ទឹក អស់​ច្រើន​ណាស់​ក្នុង​មួយ​ខែ​អស់​ជាង ២០ម៉ឺន​រៀល ដាក់​សាំង និង​ម៉ាស៊ុត។ ទៅ​ដង​ទឹក​ទន្លេ អា​ទឹក​បាត​អាង​ហ្នឹង​ណា »

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ថ្លែងថា រដ្ឋបាលខេត្តមិនទាន់​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា ប្រសិនបើអ្នកភូមិខ្វះខាតទឹកប្រើប្រាស់ អាជ្ញាធរ​នឹង​ពិចារណា​ដោះ​ស្រាយ​រួម​មាន ជីក​អណ្តូង និងជីកស្រះមួយចំនួនទៀត។ លោកថា កន្លង​ទៅ​អាជ្ញាធរ​បាន​ជីក​ស្រះ​ទឹក និង​ផ្តល់​ស៊ីទែន​ទឹក​មួយ​ចំនួន​ដល់​អ្នក​ភូមិ និង​បាន​កសាង​សាលារៀន ប៉ុស្តិ៍​សុខភាព​ដោយ​បញ្ជូន​គ្រូ​ពេទ្យ​ទៅ​ប្រចាំ​ការ​នៅ​តំបន់​នោះ​ទៀត​ផង៖ កន្លង​មក​នេះ យើង​បាន​រៀបចំ​ជូន​គាត់​នូវ ស៊ីទែន​ប្រើប្រាស់​ទឹក ហើយ​នឹង​ចុះ​ពិនិត្យដល់មូលដ្ឋានរបស់គាត់ ពិនិត្យ​ជាក់​ស្ដែង​ថា តើ​ការ​ប្រើប្រាស់​ទឹក​របស់​គាត់​ពិត​ជា​ខ្វះខាត​មែន​ឬ​ទេ ? ប៉ុន្តែ​កន្លងមកនេះពុំមានការខ្វះខាតទេ។ ករណី​នេះ​នៅ​ពេល​ខ្ញុំ​ទទួល​បាន​របាយ​ការណ៍​ពី​មូលដ្ឋាន​មក នឹង​មាន​ក្រុម​ការងារ​ចុះ​ពិនិត្យមើលថាតើ ស្ថានភាព​នៃ​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​មូលដ្ឋាន​ហ្នឹង​ខ្វះ​យើង​នឹង​ពិនិត្យ​មើល​ពិចារណា ក្នុង​ការ​ដោះ​ស្រាយ ទី១ ស្ថានភាព​ការ​រៀបចំ​ស្រះ និង​ទី២ ជីក​អណ្ដូង​មួយ​ចំនួន​តាម​ការ​ចាំបាច់ »

អគ្គលេខាដ្ឋានសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា​ លោក យុន ឡូរ៉ង់ ទទួលស្គាល់ថា រដ្ឋបាល​ខេត្ត​បាន​ចុះ​អន្តរាគមន៍​ដោះស្រាយក្តីកង្វល់របស់សហគមន៍ក្បាលរមាសបានមួយចំនួនធំ ក៏​ប៉ុន្តែ​កិច្ច​អន្តរាគមន៍​នោះ​មិន​ទាន់​ឆ្លើយតបតាមតម្រូវការជាអាទិភាពគ្រប់ជ្រុងជ្រោយនៅឡើយទ។ លោក​ថា អ្នក​ភូមិ​ចង់​បាន​អណ្តូងទឹក និងស្រះទឹកបន្ថែមទៀត ព្រោះស្រះទឹកតូច ដែល​អាជ្ញាធរ​ជីក​កន្លង​ទៅ មិន​អាច​ប្រើប្រាស់​បានគ្រាប់គ្រាន់ទេ ហើយស៊ីទែនទឹក ក៏​អាជ្ញាធរ​មិន​ទាន់​ចែក​ជូន​ពលរដ្ឋ​គ្រប់​ក្រុម​គ្រួសារ​ដែរ។ លោកបន្ថែមថា សហគមន៍​ក្បាល​រមាស​មក​រស់នៅ​ទីតាំង​ថ្មី បាន​បង្ខំ​ចិត្ត​ប្រើប្រាស់​ទឹក​មិន​ស្អាត ប៉ះពាល់សុខភាព និង ចំណាយ​ធនធាន​ច្រើន​ទិញ​ទឹក​មក​បរិភោគ៖ «ខ្វះ​ទឹក​តាំង​ពី​គាត់​ឡើង​មក​រស់​នៅ​តំបន់​ហ្នឹង ជា​ការ​ប្រឈម​ធ្ងន់ធ្ងរ​របស់​សហគមន៍។ នេះ​យើង​សំណូមពរ​ឱ្យ​រដ្ឋាភិបាល គាត់​អន្តរាគមន៍​លើ​រឿង​ហ្នឹង​ជា​បន្ទាន់។ បើ​អាច​មាន​ធុង​ចម្រោះ​ផ្តល់​ឱ្យ​គាត់ ព្រោះ​ដោយសារ​ដូច​បាន​ដឹង​គាត់​ប្រើ​ទឹក​ស្រះ​ល្អក់ និង​យក​ទឹក​ពី​ទន្លេ​ដែល​មិន​ស្អាត។ គាត់​យក​មក ពេល​ខ្លះ​គាត់​មិន​បាន​ដាំ​ទេ គាត់​ប្រើ​តែ​ម្តង »

ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស ដែល​ក្រាញ​ននៀល​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ បច្ចុប្បន្ន​មាន​ចំនួន ៥២​គ្រួសារ​ស្មើ​នឹង ២០០នាក់។ កន្លងទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​សន្យា​ថា នឹង​ដោះ​ស្រាយ​តាម​សំណូម​ពរ​របស់​សហគមន៍​ក្បាល​រមាស ដូច​ជា ចង់​បង្កើត​ភូមិ​ថ្មី ចុះ​បញ្ជី​ដី​សមូហភាព និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរ​ពេទ្យ និង​សាលា​រៀន​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។