ពលរដ្ឋ​ជាង​ ១០០​នាក់​ នាំគ្នា​​តវ៉ា​មុខ​សាលា​ខេត្ត​កំពត ទាមទារ​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ​ ប្រគល់​ត្រាក់ទ័រ​ ២​គ្រឿង​ ដែល​ចាប់​ពី​​កសិករ​​កំពុង​​ភ្ជួរ​ដី​ មក​ឲ្យ​អ្នក​ភូមិ​​​​វិញ

0:00 / 0:00

ក្រុម​ពលរដ្ឋ​ជាង ១០០​នាក់ ​មក​ពី​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក បាន​លើក​​គ្នា​តវ៉ា​ នៅ​​មុខ​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី២១ សីហា ដើម្បី​ទាមទារ​ឲ្យ​​រដ្ឋបាល​ព្រៃ​ឈើ ដឹក​ត្រាក់ទ័រ ២គ្រឿង បាន​ទៅ​ដល់​ភូមិ​​ព្រៃ​ពាយ​ និង​ស្នើ​​អាជ្ញាធរ​ដោះ​ស្រាយ​ទំនាស់​ដី​ជាមួយ​ឈ្មួញ​ដី ងារ​ជា​ឧកញ៉ា​ម្នាក់។ អាជ្ញាធរ​ខេត្ត​កំពត​ ទទួល​យក​សំណើ​ពលរដ្ឋ និង​កោះ​ហៅ ​តំណាង​ពលរដ្ឋ​​ចំនួន​ ៩២នាក់ ចូល​ជួប​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​សាលា​ខេត្ត។

កសិករ​ អាយុ ៦៤ឆ្នាំ​ម្នាក់ រស់​នៅ​ភូមិ​ព្រៃ​ពាយ លោក ប្រាក់ យ៉ិន ប្រាប់​ថា អភិបាល​ខេត្ត​កំពត លោក ជាវ តាយ បាន​កោះ​ហៅ​ តំណាង​ពលរដ្ឋ​ ដែល​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ទាំង​អស់ ឲ្យ​ចូល​ជួប និង​លើក​ឡើង​ពី​ទុក្ខ​កង្វល់ ប្រាប់​អាជ្ញាធរ។ លោក​ថា អភិបាល​ខេត្ត​ សន្យា​ដោះ​ស្រាយ​កង្វល់​ជូន​ពលរដ្ឋ ហើយ​ណែនាំ​ឲ្យ​ពលរដ្ឋ​ទៅ​យក​ត្រាក់ទ័រ​ភ្ជួរ​ដី ​ទាំង ២គ្រឿង​ នៅ​រដ្ឋបាល​ព្រៃ​ឈើ​ ត្រឡប់​មក​វិញ​ចុះ ហើយ​បើ​ខាង​រដ្ឋបាល​ព្រៃ​ឈើ ផាក​ពិន័យ​ ឬ​ទារ​លុយ លោក ជាវ តាយ​ ប្រាប់​ថា ​ឲ្យ​ទៅ​យក​លុយ​ពី​​​​លោក​នៅ​សាលា​ខេត្ត៖ «គាត់​ប្រាប់​​ប្រធាន​ព្រៃឈើ​អ៊ីចឹង បើ​ត្រូវ​ផាក​ពិន័យ​អ្វី ឲ្យ​ទៅ​យក​ពី​ចៅហ្វាយ​ខេត្ត »។

ពលរដ្ឋ​ ប្រាប់​ថា មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​កំពត និង​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ឈូក​ច្រើន​នាក់ រួម​នឹង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ ឬ​ប៉េអិម​ ចំនួន​ ៤នាក់ កាន់​កាំភ្លើង​វែង​មួយ​ដើម បាន​ចុះ​ទៅ​​យក​ចាប់​ត្រាក់ទ័រ​របស់​កសិករ​២​គ្រឿង កាល​ពី​ថ្ងៃ​ទី១៩ សីហា នៅ​ពេល​កសិករ​កំពុង​ភ្ជួរ​ស្រែ​ ស្ថិត​នៅ​ភូមិ​ព្រៃ​ពាយ ហើយ​ដក​ហូត​ទៅ​ទុក​នៅ​រដ្ឋ​បាល​ព្រៃឈើ​​ខេត្ត​កំពត។

តំណាង​ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី នៅ​ភូមិ​ព្រៃ​ពាយ លោក សោម ចយ ប្រាប់​ថា ក្នុង​ពេល​​មន្ត្រី​​ខេត្ត​កំពត ចុះ​ចាប់​​ត្រាក់ទ័រ​២​គ្រឿង នៅ​ម៉ោង​ជាង​៥​ល្ងាច ថ្ងៃ​ទី១៩ នោះ ពួក​មន្ត្រី​បាន​គំរាម បង្ខំ​​ឲ្យ​ពលរដ្ឋ​​​ផ្ដិត​មេដៃ ឈប់​ធ្វើ​ស្រែ ដាំ​ដំណាំ​លើ​ដី​មាន​ជម្លោះ​ទៀត បើ​មិន​ដូច្នោះ ពលរដ្ឋ​នឹង​ត្រូវ​ចាប់​ខ្លួន ព្រោះ​ធ្វើ​ស្រែ​លើ​ដី​ឧកញ៉ា។

លោក សោម ចយ បន្ត​ថា ពលរដ្ឋ​បាន​រៀបរាប់​ហេតុការណ៍​ទាំង​នេះ ប្រាប់​អភិបាល​ខេត្ត​កំពត អស់​​ហើយ​ នៅ​​ថ្ងៃ​ទី២១ សីហា ដើម្បី​ស្នើ​សុំ​អាជ្ញាធរ​ការពារ​សុវត្ថិភាព​ពលរដ្ឋ ព្រោះ​ខ្លាច​រង​ការ​ចាប់​ខ្លួន ធ្វើ​ទារុណ​កម្ម ឬ​ សន្តិសុខ​ក្រុមហ៊ុន​ដុត​ផ្ទះ​ចោល​ ដូច​មុនៗ។ លោក​ថា អភិបាល​ខេត្ត​កំពត លោក ជាវ តាយ បាន​ទទួល​យក​សំណើ​ពលរដ្ឋ​ទាំង​អស់ ដោយ​សន្យា​បង្កើត​ក្រុម​ការងារ​ថ្មី ចុះ​ទៅ​វាស់វែង​ដី ឲ្យ​ពលរដ្ឋ​វិញ។ ចំណែក​ត្រាក់ទ័រ ២គ្រឿង ដែល​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពត ចុះ​ទៅ​ចាប់ កាល​ពី ២ថ្ងៃ​មុន​ ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ។ ពលរដ្ឋ ​បាន​ទៅ​ទទួល​យក​ត្រាក់ទ័រ​ទាំង​ពីរ​គ្រឿង​នោះ​ ពី​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​កំពត​រួច​រាល់​ហើយ នៅ​រសៀល​ថ្ងៃ​ទី២១ សីហា៖ «គាត់​ជួយ​ប្រជាជន​ ដោយ​អស់​ពី​ចិត្ត ពី​ថ្លើម​មែន បើ​ថា​គាត់​រវល់​កិច្ចការ​អ្វី​ក៏​ដោយ​ ក៏​គាត់​មក​ជួប​យើង រក​ដំណោះ​ស្រាយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រង​ទុក្ខ​យូរ​ឆ្នាំ​។ គាត់​មាន​យោបល់​ល្អៗ »។

អភិបាល​ខេត្ត​កំពត លោក ជាវ តាយ ប្រាប់​អាស៊ី​សេរី​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​ នឹង​បង្កើត​គណៈ​កម្មការ​ថ្មី ​ជំនួស​គណៈកម្មការ​ដែល​បង្កើត​ដោយ​អភិបាល​ខេត្ត​មុន ហើយ​គណៈកម្មការ​ថ្មី​នេះ នឹង​ចុះ​ទៅ​សិក្សា​ ធានា​វាស់វែង​ដី​ ផ្ដល់​ប្លង់​កម្មសិទ្ធិ​ឲ្យ​ពលរដ្ឋ​​ទាំង​អស់ ប្រសិន​បើ​រក​ឃើញ​ថា ពលរដ្ឋ​ទាំង​ជិត ២០០​គ្រួសារ​ជា​ម្ចាស់​ដី​ពិត​ប្រាកដ។ លោក​ថា ទោះ​ពលរដ្ឋ​ខ្លះ​ អះអាង​ថា គ្មាន​ផ្ទះ នៅ​ក្នុង​ភូមិ​ព្រៃ​ពាយ ដោយសារ​ឈ្មួញ​ដុត​ចោល ឬ​រង​ការ​គំរាម​បែប​ណា ក៏​អាជ្ញាធរ​ដោះ​ស្រាយ​ជូន​ដែរ ឲ្យ​តែ​ជា​ម្ចាស់​ដី​ពិត​ប្រាកដ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រៃ​ពាយ អះ​អាង​ថា ទំនាស់​នេះ​កើត​ឡើង​ដំបូង គឺ​ឈ្លោះ​គ្នា​ជាមួយ​ឈ្មួញ​ ជា​ប្ដី​ប្រពន្ធ ២នាក់ ងារ​ឧកញ៉ា​ អាំ ផល្លីន និង​ប្រពន្ធ ងារ​ជំទាវ ហ៊ាង គន្ធី។ ពលរដ្ឋ​ថា ឧកញ៉ា សំបូរ​រឿង​អាស្រូវ​ដីធ្លី​រូប​នេះ បាន​បង្អួត​ពលរដ្ឋ​ថា ខ្លួន​កាល​ណោះ ជា​ទីប្រឹក្សា​​ផ្ទាល់​របស់​ប្រធាន​រដ្ឋសភា​ឯក​បក្ស​លោក ហេង សំរិន។

ពលរដ្ឋ​លោក ប្រាក់ យ៉ិន ប្រាប់​ថា ដី​មាន​ជម្លោះ​នៅ​ភូមិ​ព្រៃ​ពាយ​នេះ បច្ចុប្បន្ន​លែង​គ្រប់គ្រង​ដោយ​ប្ដី​ប្រពន្ធ​ឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ទៀត​ហើយ។ ដី​មាន​ជម្លោះ​ទូទាំង​ភូមិ​ព្រៃ​ពាយ​ ត្រូវ​បាន​គ្រប់គ្រង​បន្ត​ ដោយ​​ឈ្មួញ​ម្នាក់​ទៀត មាន​ងារ​ជា​ឧកញ៉ា​ដែរ ឈ្មោះ អាន ម៉ារឌី និង​ឪពុក​ក្មេក​ម្នាក់​ មិន​ស្គាល់​ឈ្មោះ តែ​មាន​​រហ័ស​នាម​ តា​សូន្យ​ប្រាំ​បួន។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​ ពី​​ខាង​ភាគី​​ឈ្មួញ​ដី នៅ​ភូមិ​ព្រៃ​ពាយ ឧកញ៉ា អាន ម៉ារឌី ​និង​ឪពុក​ក្មេក​របស់​លោក​បាន​ទេ នៅ​ថ្ងៃ​ទី២១ សីហា។

ទំនាស់​ដីធ្លី ​រវាង​ពលរដ្ឋ​ភូមិ​ព្រៃ​ពាយ ជាមួយ​ឈ្មួញ​ដី​ ជា​ទំនាស់​ដ៏​រ៉ាំរ៉ៃ​អូស​បន្លាយ​ច្រើន​ឆ្នាំ និង​ប្ដូរ​ ​​អភិបាល​ខេត្ត​កំពត​​ច្រើន​នាក់​មក​ហើយ ដោយ​មិន​ទាន់​​ដោះស្រាយ​ជូន​ពលរដ្ឋ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។