ពលរដ្ឋក្នុងតំបន់អង្គរជាង៦រយនាក់ ដាក់ញត្តិទៅសាលាខេត្តឱ្យពិនិត្យចំពោះការរឹតត្បិតរបស់អាជ្ញាធរជាតិអប្សរា

0:00 / 0:00

ពលរដ្ឋ​នៅ​តំបន់​អង្គរ​​​​​ត្អូញត្អែរ​ថា ពួកគាត់​​កំពុង​រស់​នៅ​ដោយ​គ្មាន​ផា​សុខភាព​ដោយ​សារ​តែ​អាជ្ញាធរ​អប្សរា ហាម​ឃាត់​មិន​ឱ្យ​ពួកគាត់​​ជួសជុល​ផ្ទះ ឬ​សាងសង់​​បន្ទប់​ទឹក​​តាម​ការ​ស្នើ​សុំ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ថា គ្រប់​ផ្នែក​​​​នៃ​តំបន់​អង្គរ​​​អាច​នឹង​ត្រូវ​ប៉ះពាល់​ ប្រសិន​បើ​អនុញ្ញាត​​​ឱ្យ​ពលរដ្ឋ​ចំណូល​ថ្មី​​បន្ត​សាងសង់​ដោយ​គ្មាន​ការ​ត្រួត​​ពិនិត្យ​ជា​មុន។

ពលរដ្ឋ​ជាង​៦រយ​នាក់ នៅ​ឃុំ​ខ្នាត ស្រុក​ពួក​ ខេត្ត​សៀមរាប នៅថ្ងៃទី១៥មករា ដង្ហែ​ញត្តិ​ទៅ​​សាលាខេត្ត​សៀមរាប ដើម្បី​ស្នើ​សុំ​ឱ្យ​​អភិបាល​ខេត្ត​ និង​រដ្ឋាភិបាល​អន្តរាគមន៍​​ទៅ​អាជ្ញាធរ​​ជាតិ​អប្សរា ឱ្យ​​​ផ្ដល់​ភាព​ងាយស្រួល​​ឱ្យ​​ពួកគាត់​អាច​សាងសង់​លំនៅឋាន​បាន​​។

ពលរដ្ឋ​នៅ​ឃុំ​ខ្នាត ​លោក សំ អុល លើក​ឡើង​​ថា ប្រជាពលរដ្ឋ​បាន​រស់​​នៅ​ក្នុង​តំបន់​អង្គរ​នេះ​តាំង​ពី​ដូន​តា​មក​ ប៉ុន្តែ​​លោក​ថា​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ អាជ្ញាធរ​ជាតិ​អប្សរា ​ហាមឃាត់​​​​មិន​ឱ្យ​ពួកគាត់​ជួសជុល​ផ្ទះ ត​សំយាប​ផ្ទះ និង​សាងសង់​បង្គន់​អនាម័យ​​​ជាដើម។

លោក សំ អុល លើក​ឡើង​ថា​នេះ គឺ​ជា​រឿង​អយុត្តិធម៌​ដែល​​ពួកគាត់​​រស់​នៅ​​ឆ្ងាយ​ពី​តំបន់​​​ប្រាសាទ​​ប្រមាណ​១០​គីឡូម៉ែត្រ​​​ត្រូវ​បាន​អាជ្ញាធរ​​ចោទ​ប្រកាន់​ថា​ជា​អ្នក​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គ្រឹះ​ប្រាសាទ​ ប៉ុន្តែ​លោក​ថា​​អាជ្ញាធរ​មិន​ដែល​មើល​សណ្ឋាគារ​ ផ្ទះសំណាក់​ និង​អគារ​ផ្សេងៗ​​ដែល​សាង​សង់​កៀក​នឹង​ប្រាសាទ​​នោះ​ទេ​។​​​​​

លោក សំ អុល៖ «បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ហ្នឹង​គឺ​គាត់​​រស់​នៅ​តាំង​ពី​ដូនតា​មក​ រង​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​អប្សរា​ច្រើន​ពេក​​ ព្រោះ​ពី​មុន​យើង​អាច​សាង​សង់​លំនៅឋាន​អី​បាន​​តិច​តួច​ ឥឡូវ​សូម្បី​តែ​ស័ង្កសី​​បី​សន្លឹក​ក៏​គាត់​ឱ្យ​ដាក់​ច្បាប់​ ហើយ​ពេល​ខ្លះ​គាត់​អត់​ចេញ​ច្បាប់​ឱ្យ​ប្រជាពលរដ្ឋ»។

ពលរដ្ឋ​នៅ​ឃុំ​ខ្នាត​ម្នាក់​ទៀត គឺ​លោកស្រី​ សុខ អាំ លើក​ឡើង​ថា​​​​​​នៅ​ពេល​ដែល​ពលរដ្ឋ​ដាក់​លិខិត​​ស្នើ​សុំ​​ទៅ​កាន់​អាជ្ញាធរ​អប្សរា​ និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​សាង​សង់​លំនៅឋាន​ត្រូវ​​ប្រើ​​រយៈ​ពេល​រាប់​ឆ្នាំ​​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​។ ​លោកស្រី​ សុខ អាំ រំពឹង​ថា​អភិបាល​ខេត្ត​សៀម​រាប​ដែល​បាន​ទទួល​ញត្តិ​ និង​ស្ដាប់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ នឹង​អាច​ផ្ដល់​ដំណោះ​ស្រាយ​ដល់​ពួកគាត់​ឆាប់ៗ។ ​​​​​​​​​​​​

លោកស្រី​ សុខ អាំ៖ «អត់​ទាន់​មាន​ទំនុក​ចិត្ត​ ប៉ុន្តែ​អ្វី​ក៏​ដោយ​ទាល់​តែ​ចាំ​មើល​ ដោយ​សារ​​វា​ស្ថិត​នៅ​ក្រោម​ផ្លូវ​ច្បាប់​អ៊ីចឹង​ត្រូវ​ការ​រយៈ​ពេល នៅ​តែ​សង្ឃឹម​ថា​ខាង​អាជ្ញាធរ​ពាក់​ព័ន្ធ​ហ្នឹង​គាត់​អាច​មាន​ដំណោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ»។

ជុំវិញ​ករណី​នេះ​ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោកឡុងកុសល លើក​ឡើង​ថា​នៅ​​​​ក្នុង​តំបន់​អង្គរ​មាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​​ពី​ដូនតា​ និង​មាន​ពលរដ្ឋ​ចំណូល​ថ្មី​ក្រោយ​ឆ្នាំ​២០០៤។ លោកឡុងកុសល​ ថា ពលរដ្ឋ​​នៅ​ក្នុង​តំបន់​នេះ​ត្រូវ​ស្នើ​សុំ​មក​កាន់​អាជ្ញាធរ​​​មុន​ពេល​សាងសង់ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​គ្រប់​ផ្នែក​នៃ​តំបន់​អង្គរ រួមមាន​​​គ្រឹះ​នៃ​ប្រាសាទ​ បារាយ​​​ និង​ទួល​បុរាណ​​ជា​ដើម។ ​

លោក ឡុងកុសល៖ «អីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ការ​ដាក់​ការ​ចុះ​បញ្ជី​តំបន់​អង្គរ​ជា​តំបន់​បេតិកភណ្ឌ​ពិភព​លោក​​មិន​សំដៅ​តែ​ទៅ​លើ​តែ​ការ​ចុះ​ប្រាង្គ​ប្រាសាទ​នោះ​ទេ​ ក៏​ប៉ុន្តែ​រចនា​សម្ព័ន្ធ​បុរាណ​ ឬ​ក៏​អ្វី​ដែល​ជា​សំណល់​ដែល​​បន្សល់​​ទុក​ពី​ការ​រស់​នៅ​របស់​បុព្វបុរស​ខ្មែរ​យើង​ដែល​បាន​ក៏​សាង​ទុក​​ត្រូវ​បាន​ចុះ​បញ្ជី​ទាំង​អស់​គ្នា​អ៊ីចឹង​ទាំង​ផ្លូវ​ទឹក​ ទាំង​ទួល​បុរាណ​ ទាំង​ទី​កន្លែង​រចនាសម្ព័ន្ធ​បុរាណ​ក៏​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​ពិភព​លោក​នឹង​គ្នា​»។

ទោះ​ជា​យ៉ាង​ណា​ អ្នក​គ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ លោក អ៊ិន គង់ជិត ដែល​បាន​ចុះ​អង្កេត​ករណី​នេះ​លើក​ឡើង​ថា​​​​​អាជ្ញាធរ​មូលដ្ឋាន​គួរ​តែ​ផ្ដល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ឱ្យ​មាន​សិទ្ធិ​គ្រប់​គ្រាន់​​ក្នុង​ការ​សាង​សង់​ផ្ទះ​បែប​លក្ខណៈ​គ្រួសារ​ ហើយ​អាជ្ញាធរ​គួរ​តែ​ពន្លឿន​​​នៅ​ពលរដ្ឋ​ដែល​ស្នើ​សុំ​។ ​​​

លោក អ៊ិន គង់ជិត៖ «អ្វី​ដែល​ជា​ក្ដី​កង្វល់​ដែល​គាត់​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ រស់​នៅ​ក្នុង​ភាព​មិន​មែន​ជា​ម្ចាស់​កម្មសិទ្ធិ​អ៊ីចឹង​ គាត់​ហាក់​ដូច​ជា​មាន​ក្ដី​កង្វល់​ រស់​នៅ​ដោយ​អត់​មាន​សុវត្ថិភាព​អ៊ីចឹង អាជ្ញាធរ​អប្សរា​ចេះ​តែ​មក​​រក​រឿង​គាត់​ជា​ប្រចាំ​ ហ្នឹង​ហើយ​គឺ​ជា​ក្ដី​កង្វល់​ ជា​ក្ដី​ឈឺ​ចាប់​របស់​គាត់​មិន​អាច​ទ្រាំ​បាន​គាត់​ត្រូវ​តែ​ប្រមូល​គ្នា​សម្ដែង​មតិ​»។

ទាក់ទង​នឹង​បញ្ហា​នេះ អង្គការ​យូណេស្កូ (UNESCO)កាល​ពី​​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​គោរព​សិទ្ធិ​ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ ដោយ​ត្រូវ​អនុវត្ត​តាម​សំណើ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ ដែល​បាន​លាត​ត្រដាង​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ដូច​ជា​ករណី​បណ្ដេញ​ចេញ​ពលរដ្ឋ​ពី​តំបន់​អង្គរ​ប្រមាណ​១ម៉ឺន​នាក់​ទៅ​កាន់​តំបន់​រុនតាឯក។ UNESCO សង្កត់​ធ្ងន់​ថា ខ្លួន​មិន​ស្នើសុំ គាំទ្រ ឬ​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ​ឡើយ។ UNESCO អះអាង​បាន​រំឭក​ម្ដង​ហើយ​ម្ដង​ទៀត​ជា​សាធារណៈ ចាប់​តាំង​ពី​អាជ្ញាធរ​កម្ពុជា​បាន​ប្រកាស​កម្មវិធី​ផ្លាស់ប្ដូរ​ទី​លំនៅ​ពលរដ្ឋ កាល​ពី​ឆ្នាំ២០២២ មក​ពី​សារៈសំខាន់​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ពេញលេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។