ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ៦៩គ្រួសារ​នៅ​បាត់ដំបង​ទទូច​ឲ្យ​តំណាង​រាស្រ្ត​ជួយ​ដោះស្រាយ

តំណាងរាស្ត្រ និងមន្ត្រី​គណបក្ស​ប្រជាជនកម្ពុជា ដឹកនាំដោយអនុប្រធានគណបក្សលោក ស ខេង ចុះឃោសនាបោះឆ្នោត កាលពីថ្ងៃទី១៤ កក្កដា ២០២៣។
តំណាងរាស្ត្រ និងមន្ត្រី​គណបក្ស​ប្រជាជនកម្ពុជា ដឹកនាំដោយអនុប្រធានគណបក្សលោក ស ខេង ចុះឃោសនាបោះឆ្នោត កាលពីថ្ងៃទី១៤ កក្កដា ២០២៣។ (រូប៖ ហ្វេសប៊ុក​គណបក្សប្រជាជនខេត្ត​បាត់ដំបង)

0:00 / 0:00

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ៦៩​គ្រួសារ​នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ទទូច​ឲ្យ​តំណាងរាស្ត្រ​ខេត្ត ជួយ​អន្តរាគមន៍​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី។ ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា អ្នក​តំណាង​រាស្រ្ត​គួរ​តែ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ ឲ្យ​បាន​ឆាប់​រហ័ស។

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ៦៩​គ្រួសារ​នៅ​ស្រុក​គាស់​ក្រឡ ខេត្ត​បាត់ដំបង អស់​សង្ឃឹម​ចំពោះ​តំណាងរាស្ត្រ​ខេត្ត ដែល​អសកម្ម មិន​អើពើ​ចំពោះ​សំណើ​ជួយ​អន្តរាគមន៍​វាស់វែង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ពួកគាត់​ដែល​មាន​ទំហំ ជាង​២០០ហិកតា(២៥៤)​។ ពលរដ្ឋ​អះអាង​ថា តាំងពី​ដាក់​ពាក្យ​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ពី​តំណាង​រាស្រ្ត​ខេត្តបាត់ដំបង កាលពីថ្ងៃទី០៦ មិថុនា មក មិន​ដែល​មាន​តំណាង​រាស្រ្ត​រូប​ណា​ទៅ​សួរ​នាំ​ ឬ​ចាត់​ឲ្យ​ក្រុម​ការងារ​ទៅ​សិក្សា​ពី​សំណើ​ពលរដ្ឋ​នោះ​ទេ។ ពាក្យ​ស្នើសុំ​ជួយ​អន្តរាគមន៍​នោះ ពលរដ្ឋ៦៩​គ្រួសារ​បាន​ស្នើ​សុំ​ឲ្យ​តំណាង​រាស្រ្ត​ខេត្ត ជួយ​ឲ្យ​មាន​ការ​វាស់វែង​ និង​ចេញ​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី ទំហំ២៥៤ហិកតា នៅ​ភូមិ​សំរោង ឃុំ​ឆ្នាស់​មាន់ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ជូន​ពួក​គាត់​ដែល​អាស្រ័យ​ផល​ជាង១០​ឆ្នាំ​មក​ហើយ។ ពាក្យ​ស្នើ​សុំ​នោះ​ឲ្យ​ដឹង​ថា នៅ​អំឡុង​ឆ្នាំ២០២០ ក្រុម​ការងារ​សុរិយោដី​ខេត្ត/ស្រុក បាន​ចុះ​មក​វាស់វែង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​តំបន់​នោះ ក៏​ប៉ុន្តែ​មិន​បាន​វាស់វែង​ដី​ពលរដ្ឋ​៦៩គ្រួសារ ដែល​មាន​ទំហំ​២៥៤ហិកតា​នោះ​ទេ ក្រោម​ហេតុផល​ថា មិន​មាន​ឈ្មោះ​ត្រឹមត្រូវ​ដើម្បី​វាស់វែង។ បើ​ទោះបី​ជា​ពលរដ្ឋ​ទាំង ៦៩គ្រួសារតវ៉ាសុំឲ្យវាស់វែងក៏ដោយ ក៏​ក្រុម​ការងារ​សុរិយោដី​ខេត្ត/ស្រុក មិន​វាស់វែង​ដី​ឲ្យ​នោះ​ដែរ។ តំណាងរាស្រ្តនីតិកាលទី៦ ខេត្តបាត់ដំបង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​រួម​មាន​លោក ស ខេង លោក ងិន ឃន អ្នកស្រី លី គឹមលៀង លោក ឈាង វុន លោក ឡោក ហ៊ួរ លោក ភួ ពុយ លោក សៀង ស៊ុតថង និង​លោក ច័ន្ទ សុផល។

តំណាង​ពលរដ្ឋ​ម្នាក់​គឺ​លោក ស្វាយ សុភាព ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី១៨ កក្កដា​ថា លោក​ខក​ចិត្ត​ចំពោះ​តំណាងរាស្ត្រ ដែល​មិន​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ពលរដ្ឋ​ទាំង​៦៩គ្រួសារនេះ។ លោក​ស្នើ​ដល់​រដ្ឋាភិបាល ជួយ​វាស់វែង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់​ទាំង​៦៩គ្រួសារ។

លោក ស្វាយ សុភាព៖ «ទេ ខ្ញុំ​ខកចិត្ត​ព្រោះ​ថា​ខ្ញុំ ក្នុង​នាម​ខ្ញុំ​​ជា​ប្រជាពលរដ្ឋ​ដែរ ខ្ញុំ​មាន​ទុក្ខ​កង្វល់​អ៊ីចឹង ខ្ញុំ​សុំ​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​ជា​ម្លប់ ជា​សន្តិភាព​ក្នុង​គណបក្ស​ប្រជាជន​ដឹកនាំ​ប្រទេស ហើយ​ដល់​ខ្ញុំ​ស្នើ​ទៅ​គាត់​អីចឹង គាត់​ស្ងាត់ អត់​មាន​គិត​គូរ​ដល់​ប្រជាពលរដ្ឋ​អ៊ីចឹង ខ្ញុំ​អន់ចិត្ត​ដែរ​ក្មួយ​អន់​ចិត្ត»។

ផ្ទុយទៅវិញ ពលរដ្ឋ​នៅ​មិន​ទាន់​ឃើញ​ពន្លឺ នៃ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ពី​តំណាង​រាស្រ្ត ឬ​​អាជ្ញាធរ​នោះ​ទេ បែរជា តុលាការ​បាន​ចោទ​ប្រកាន់​ថា តំណាង​ពលរដ្ឋ​បាន​កៀរគរ​ពលរដ្ឋ​ឲ្យ​ទៅ​រស់​នៅ​លើ​ដី​របស់​រដ្ឋ និង​មាន​អាជ្ញាធរ​តាម​ឃ្លាំមើល​តំណាង​ពលរដ្ឋ​មិន​ដាច់​ពី​ភ្នែក។

លោក ស្វាយ សុភាព បញ្ជាក់​ថា លោក​មិន​មែន​ជា​អ្នក​ដើរ​កៀរគរ​ពលរដ្ឋ​អ្វី​នោះ​ទេ គឺ​គ្រាន់​តែ​ជា​ចាស់​ជា​ទុំ​នៅ​ក្នុង​ភូមិ ដែល​ពលរដ្ឋ​ពឹងពាក់​ឲ្យ​ជជែក​ជាមួយ​អាជ្ញាធរ​តែប៉ុណ្ណោះ។ លោក​បន្ថែម​ថា លោក​បារម្ភ​ដល់​សុវត្ថិភាព ព្រោះ​ឈ្មោះ​ជា​តំណាង​ពលរដ្ឋ​នេះ ធ្វើ​ឲ្យ​អាជ្ញាធរ​តាម​ឃ្លាំ​មើល​លោក ជា​រៀងរាល់ថ្ងៃ​ មិន​ដាច់​ពី​ភ្នែក។

លោក ស្វាយ សុភាព៖ «បាទ ខ្ញុំ​ព្រួយ​បារម្ភ​ដែរ​ក្មួយ ខ្ញុំ​ព្រួយ​បារម្ភ​ច្រើនណាស់​អា​រឿង​សុវត្ថិភាព ខ្ញុំ​កំពុងតែ​គេ​ឲ្យ​តាមដាន​ខ្ញុំ អាជ្ញាធរ​ភូមិ អាជ្ញាធរ​ឃុំ​ហ្នឹង​គឺ​តាម​ដាន​ខ្ញុំ​ហើយ​ជាពិសេស​សមត្ថកិច្ច ប៉ូលិស​ហ្នឹង​ហ្មង តាមដាន​ខ្ញុំ​ជាប់​ជានិច្ច​ខ្ញុំ​ចេញ​ទៅ​ណា ខ្ញុំ​ទៅ​ធ្វើ​អី​ណា​អី​ណា គេ​ឲ្យ​តាមដាន​អ៊ីចឹង»។

ឆ្លើយតប​ចំពោះ​ការ​លើក​ឡើង​នេះ អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ លោក ប៉ាង ហៀង មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​សមត្ថកិច្ច​តាម​ឃ្លាំមើល​តំណាង​ពលរដ្ឋ ៦៩គ្រួសារ អ្វី​នោះ​ទេ ហើយ​ក៏​ចុច​បិទ​ទូរស័ព្ទ។

លោក ប៉ាង ហៀង៖ «អត់​ដឹង​ផង គាត់​ថា តែ​គាត់​ដែរ​អត់​ដឹង អរគុណ​ហើយ​ខ្ញុំ​ជាប់​រវល់​បន្តិច​សិន​បាន​ហើយ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង អភិបាល​ខេត្ត​បាត់ដំបង​លោក សុខ លូ និង​តំណាង​រាស្រ្ត​ខេត្ត​បាត់ដំបង​លោក ស ខេង និង​លោក ឈាង វុន ដើម្បី​សុំ​ការ​ឆ្លើយ​តប​ពី​សំណើ​របស់​ពលរដ្ឋ​បាន​ទេ នៅ​ថ្ងៃទី១៨ កក្កដា។

ទោះជាយ៉ាងណា អ្នក​សម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ(LICADHO) ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា អាជ្ញាធរ គួរតែ​ពន្លឿន​នីតិវិធី​វាស់វែង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់ ព្រោះ​ពួកគាត់ បាន​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​នោះ ជាង១០ឆ្នាំទៅហើយ។ លោក​អំពាវនាវ ដល់​សមត្ថកិច្ច បញ្ឈប់​ការ​តាម​ឃ្លាំ​មើល ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ភ័យខ្លាច និង​ស្នើ​ដល់​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​តំណាង​ពលរដ្ឋ៦៩គ្រួសារ​នោះ។

លោក អ៊ិន គង់ជិត៖ «យើង​មើល​ឃើញ​ថា ដី​ហ្នឹង​​ជា​កម្មសិទ្ធិ​របស់​ខេត្ត​អីចឹង អាជ្ញាធរ​ខេត្ត​ធ្វើ​ប្រទានកម្ម​ទៅ ព្រោះ​អី លើក​មុន​រាជរដ្ឋាភិបាល​លោក ចេះ​កាត់​ផ្ទៃ​ដី​ព្រៃ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​អាស្រ័យផល បង្កបង្កើន​ផល​ហ្នឹង​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ កាលពីឆ្នាំ២០១២ ២០១៣ ។ ចុះ​នេះ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ហើយ​អីចឹង គ្រាន់​តែ​ធ្វើ​ប្រទានកម្ម​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ជា​ការ​ចប់​សព្វ​គ្រប់​ហើយ ហើយ​ពួកគាត់​បាន​ផ្ទៃ​ដី​បង្កបង្កើន​ផល​ដើម្បី​ជីវភាព​របស់​ពួកគាត់​ទៅ​ថ្ងៃ​អនាគត»។

ពលរដ្ឋ និង​សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ឲ្យ​អាជ្ញាធរ ពន្លឿន​ការវាស់វែង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ ៦៩ គ្រួសារ ដើម្បី​ឲ្យ​ពួកគាត់​បន្ត​អាស្រ័យផល​កសិកម្ម លើ​ផ្ទៃ​ដី ដែល​ពួកគាត់​ប្រើប្រាស់​ជាង១០​ឆ្នាំ​មក​ហើយ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។