នគរបាលខេត្តព្រះសីហនុសម្រេចឃាត់ខ្លួនពលរដ្ឋមានបញ្ហាដីធ្លីនៅស្រុកព្រៃនប់ចំនួន ៧នាក់ ក្រោយកើតមានអំពើហិង្សាមួយ កាលថ្ងៃទី១៥ ខែមករា។ មន្ត្រីសង្គមស៊ីវិលឲ្យដឹងថា ក្រោយមានការចាប់ខ្លួននេះ ពលរដ្ឋភ័យខ្លាច និងនាំគ្នារត់ចូលព្រៃស្ទើរគ្រប់គ្នា។
រដ្ឋបាលខេត្តព្រះសីហនុឲ្យដឹងថា ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនពលរដ្ឋទាំង ៧នាក់ទៅតុលាការ។ សមត្ថកិច្ចក៏តាមរកចាប់ខ្លួនពលរដ្ឋបន្ថែមទៀត ដែលជាប់ពាក់ព័ន្ធក្នុងករណីហិង្សានេះ។
អាជ្ញាធរខេត្តព្រះសីហនុចោទពលរដ្ឋទាំង ៧នាក់ ដែលត្រូវឃុំខ្លួនថា បានប្រើហិង្សា ដោយប្រើប្រាស់កាំភ្លើងច្នៃ កាំបិត ពូថៅ ដំបង ដុំថ្ម ចម្ពាមកៅស៊ូ និងដបសាំង បាញ់ វាយ កាប់ និងគប់ បណ្ដាលឱ្យសមត្ថកិច្ចចំនួន ៣នាក់រងរបួសធ្ងន់។ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះផ្សាយនៅល្ងាចថ្ងៃទី១៦ ខែមករា ចោទក្រុមពលរដ្ឋថា បានចូលទៅកាប់ទន្ទ្រានរុករានយកដីព្រៃតំបន់ការពារធម្មជាតិក្នុងដែនឧទ្យានជាតិព្រះសីហនុ "រាម" ត្រង់ចំណុចខាងលិចក្បាលព្រែកកោះខ្យង ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប៉ុន្តែក្រុមពលរដ្ឋហៅតំបន់នេះថា ជាតំបន់ជ្រលងភ្នំត្បែង។
ប្រភពដដែលបន្តទៀតថា កាលពីថ្ងៃទី១៥ ខែមករា មន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចចម្រុះស្រុកព្រៃនប់ បានចុះទប់ស្កាត់ ប៉ុន្តែក្រុមពលរដ្ឋទាំងនោះ បានប្រើហិង្សាលើក្រុមការងារដែលចុះរុះរើ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់អាស៊ីសេរីថា ក្រុមពលរដ្ឋទើបចូលរស់នៅទីនេះ ក្នុងអំឡុងឆ្នាំ២០១៦ ។ លោកបន្តថា ពលរដ្ឋទាំងនេះជាក្រុមចំណូលថ្មី ដែលអាជ្ញាធរមិនអនុញ្ញាតឲ្យរស់នៅលើដីនេះ៖ «»
ជុំវិញការចោទប្រកាន់ និងការព្រមានចាប់ខ្លួនពលរដ្ឋបន្ថែមពីសំណាក់សមត្ថកិច្ចបែបនេះ អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីក្រុមពលរដ្ឋមានបញ្ហាដីធ្លីបាននៅឡើយទេ ដោយទូរស័ព្ទ មិនអាចទទួលការហៅចូលបាន។
អ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ឲ្យអាស៊ីសេរីដឹងថា ក្រោយមានការចាប់ខ្លួននេះ ពលរដ្ឋភ័យខ្លាច និងនាំគ្នារត់ចូលព្រៃស្ទើរគ្រប់គ្នា។ មន្ត្រីសង្គមស៊ីវិលដដែលថា នឹងតាមដានស៊ើបអង្កេតរឿងនេះ ដើម្បីដឹងថា ការចោទប្រកាន់របស់សមត្ថកិច្ចត្រឹមត្រូវ ឬទេ៖ «»
កាលពីថ្ងៃទី៣ ខែមករា កងកម្លាំងចម្រុះខេត្តព្រះសីហនុជាង ១០០នាក់ មានទាំងគ្រឿងចក្រផង បានចុះបណ្ដេញពលរដ្ឋចំនួនពលរដ្ឋ ១៣៤គ្រួសារចេញពីលំនៅឋាន ដោយចោទពលរដ្ឋថា រស់នៅដីនេះ ដោយអនាធិបតេយ្យ រហូតមានផ្ទុះហិង្សារវាងសមត្ថកិច្ច និងពលរដ្ឋ។ ប៉ុន្តែ ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ លោក ភឿន ផៃ និយាយថា សមត្ថកិច្ចបណ្ដេញពលរដ្ឋចេញ ដើម្បីឲ្យយកដីឲ្យក្រុមហ៊ុនឯកជនវិនិយោគតំបន់នេះ៕
( ពលរដ្ឋ ៧នាក់ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលអាជ្ញាធរចាប់កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយចោទពីបទប្រើហិង្សាលើកម្លាំងអាជ្ញាធរពេលចុះរុះរើផ្ទះរបស់ពួកគាត់ក្នុងដីមានទំនាស់។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ )
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។