ពលរដ្ឋចំនួន ៧០គ្រួសារ នៅស្រុកកំរៀង ដែលអ្នកមានអំណាចបិទផ្លូវមិនឲ្យធ្វើដំណើរ ទទូចដល់អាជ្ញាធរខេត្តឱ្យជួយធ្វើអន្តរាគមន៍បើកផ្លូវធ្វើដំណើរនោះឡើងវិញ។ មន្ត្រីអង្គការសង្គមស៊ីវិលថា អាជ្ញាធរខេត្ត គួរតែអញ្ជើញភាគីទាំងអស់មកជជែកតទល់មុខគ្នា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
ពលរដ្ឋនៅស្រុកកំរៀង ខេត្តបាត់ដំបង លើកឡើងថា ក្រោយពីអ្នកមានអំណាច ដែលជាទីប្រឹក្សាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទលោក តួ ធានទឺ បានទិញដីនៅខាងមុខជាប់ផ្លូវនៅក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង បានបិទផ្លូវមិនឲ្យពលរដ្ឋឆ្លងកាត់នោះទេ បើទោះបីជាអតីតម្ចាស់ដី បានទុកផ្លូវចូល ៨ម៉ែត្រ បណ្ដោយ ៤០ម៉ែត្រឲ្យពលរដ្ឋយ៉ាងណាក្ដី។
តំណាងពលរដ្ឋ ៧០គ្រួសារ នៅឃុំតាក្រី លោក ជុន ធី ប្រាប់វិទ្យុអាស៊ីសេរីថា ចាប់តាំងពីលោក តួ ធានទឺ បិទផ្លូវនោះមិនឲ្យធ្វើដំណើរមក ពលរដ្ឋស្ទើរតែទាំងអស់មិនអាចចូលទៅរស់បានក្នុងផ្ទះសម្បែងបាននោះទេ។ លោកស្នើដល់អាជ្ញាធរខេត្តជួយបើកផ្លូវ ដើម្បីឲ្យពលរដ្ឋទាំង ៧០គ្រួសារបានធ្វើដំណើរ។
លោក ជុន ធី៖ «កាលពីមុនបិទរបង ឥឡូវកាយដីជាប្រឡាយពូកដី ទុកដីខ្ញុំដូចកោះអីចឹង គ្មានមានអាណិត ធ្វើកាន់តែខ្លាំងទៅៗ ជាមុនទៅទៀត។ ខាងបងមេឃុំ មេភូមិ ជំទប់ឃុំអីគាត់ជួយសុំណាស់ដែរ តែជាក់ស្ដែងវា ទង្វើដែលគាត់ធ្វើមិនសមហេតុផល ទិញដីបិទផ្លូវប្រជាពលរដ្ឋអ៊ីចឹង។ អាជ្ញាធរភូមិឃុំគាត់ប្រឹងជួយណាស់ដែរតែគ្មានដំណោះស្រាយ»។
ការលើកឡើងនេះ ក្រោយពីភាគីអ្នកមានអំណាចនោះ បានកាយដីផ្លូវចាស់នៅភូមិកំប្រង់ ឃុំតាក្រី នោះ ក្លាយជាប្រឡាយ រហូតពលរដ្ឋមានការព្រួយបារម្ភថា ពួកគាត់នឹងគ្មានផ្លូវសម្រាប់ធ្វើដំណើរទៅលំនៅឋានរបស់ពួកគាត់នោះទេ។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងទីប្រឹក្សាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទលោក តួ ធានទឺ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១០ កញ្ញា។ ចំណែកឯអភិបាលខេត្តបាត់ដំបង លោក សុខ លូ ក៏មិនទាន់អាចទាក់ទងបានដែរនៅថ្ងៃដដែលនេះដោយ ទូរស័ព្ទ ហៅចូលច្រើនដងតែគ្មានអ្នកលើក។
ទាក់ទងនឹងរឿងនេះរដ្ឋបាលខេត្តបាត់ដំបង បាន សេចក្ដីបំភ្លឺកាលពីខែកក្កដា លើករណីអ្នកមានអំណាចបិទផ្លូវពលរដ្ឋមិនឲ្យចេញចូលផ្ទះសម្បែងនេះថា ផ្ទុយពីការពិត។ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការសម្រុះសម្រួលដោយឲ្យពលរដ្ឋ ដោះដូរដីជាមួយលោក តួ ធានទឺ ដោយលោក តួ ធានទឺ ជាអ្នកចេញថ្លៃរុះរើ និងសាងសង់ផ្ទះឲ្យដូចដើមវិញ។
ផ្ទុយពីការលើកឡើងនេះ ពលរដ្ឋថា ការរុះរើ និងការសាងសង់ផ្ទះឡើងវិញ គឺអស់ថវិកាច្រើន។ ពលរដ្ឋបញ្ជាក់ថា ប្រសិនបើលោក តួ ធានទឺ ពិតជាមានចិត្តល្អ ពិតមែននោះ គ្រាន់តែបើកផ្លូវត្រឹមតែ៣ម៉ែត្រ ដើម្បីឲ្យពួកគាត់ធ្វើដំណើរឆ្លងកាត់ គឺជារឿងល្អប្រសើរ។
មេភូមិកំប្រង់ លោក ទូច ចិន្តា មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានបានលើកឡើងពីបញ្ហាពលរដ្ឋស្នើសុំឲ្យបើកផ្លូវចេញចូលនេះ ទៅកាន់ថ្នាក់ស្រុករួចហើយ។
ជុំវិញបញ្ហានេះ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា អាជ្ញាធរខេត្តគួរតែឲ្យភាគីទាំងអស់មកជជែកទល់មុខគ្នា ដើម្បីស្វែងរកដំណោះស្រាយ។
លោក អ៊ិន គង់ជិត៖ «យើងសូមអំពាវនាវដល់អាជ្ញាធរខេត្ត មេត្តាចុះទៅដោះស្រាយរឿងនេះបន្តទៀត ដោយមិនត្រូវស្ដាប់តែភាគីម្ខាងនោះទេ គឺហៅភាគីទាំងសងខាងចូលមកជជែកដោះស្រាយគ្នានៅអាជ្ញាធរខេត្ត នៅរដ្ឋបាលខេត្តទើបបានមានដំណោះស្រាយ»។
ទីប្រឹក្សាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទលោក តួ ធានទឺ ដែលជាអតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងជាមេឈ្មួញរកស៊ីកាយអាចម៍ដីភ្នំលក់នៅក្នុងខេត្តបន្ទាយមានជ័យ ធ្លាប់ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ចាប់ខ្លួនពីបទឆបោក កាលពីខែឧសភា ឆ្នាំ២០១៦ ។ លោក តួ ធានទឺ ក៏ធ្លាប់មានតួនាទីជាទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ផងដែរ។ កាលពីអំឡុងពេលលោកកាន់តួនាទីនោះ លោកតែងតែយកអំណាចរបស់ខ្លួនអុកឡុកបង្កការលំបាកដល់ពលរដ្ឋជាច្រើនករណីរួមមាន រឿងទំនាស់ដីជាង ៣ពាន់ហិកតារ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងរឿងការជីកដីភ្នំរំលោភលើដីពលរដ្ឋ ភូមិពង្រកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។