ធនាគារ ANZ របស់​អូស្ត្រាលី​យល់​ព្រម​ចេញ​សំណង​ដល់​ពលរដ្ឋ​រងគ្រោះ​រឿង​ស្ករ​អំពៅ​របស់​លោក លី យ៉ុងផាត់

ធនាគារ ANZ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង មែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី បាន​យល់ព្រម​ចេញ​សំណង​ដល់​ពលរដ្ឋ​ចំនួន ១២០០ គ្រួសារ រងគ្រោះ​ក្នុង​រឿង​វិនិយោគ​ស្ករអំពៅ​ដ៏​ចម្រូងចម្រាស របស់​សមាជិក​ព្រឹទ្ធសភា គណបក្ស​ប្រជាជន​កម្ពុជា លោក លី យ៉ុងផាត់។ ការ​ផ្តល់​សំណង​នេះ គឺ​ដោយសារតែ​ធនាគារ​នេះ កាលពី​ឆ្នាំ​២០១១ តាមរយៈ​ធនាគារ ANZ Royal ដែល​ជា​ក្រុមហ៊ុន​បណ្ដាក់​ទុក​រួមគ្នា​របស់​ខ្លួន បាន​ផ្តល់​កម្ចី​ជា​ទឹកប្រាក់​ចំនួន ៤០​លាន​ដុល្លារ​អាមេរិក ឲ្យ​ក្រុមហ៊ុន Phnom Penh Sugar របស់​លោក លី យ៉ុងផាត់ ដើម្បី​វិនិយោគ​លើ​ដំណាំ​ស្ករអំពៅ និង​ធ្វើ​រោងចក្រ​ផលិត​ស្ករស។ គម្រោង​វិនិយោគ​របស់​លោក លី យ៉ុងផាត់ នេះ បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​រយ​គ្រួសារ​រង​ការ​បណ្តេញចេញ​ដោយ​បង្ខំ ប្រើប្រាស់​ពលកម្ម​កុមារ និង​អនុវត្ត​ការងារ​គ្មាន​សុវត្ថិភាព។

សារព័ត៌មាន​អូស្ត្រាលី ABC រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ថា ធនាគារ ANZ របស់​អូស្ត្រាលី បាន​បដិសេធ​មិន​ប្រាប់​ពី​ចំនួន​ជាក់លាក់​នៃ​តម្លៃ​សំណង ដែល​ខ្លួន​យល់ព្រម​ផ្ដល់​ឲ្យ​ដល់​ពលរដ្ឋ​រងគ្រោះ​ចំនួន ១២០០ គ្រួសារ​ទាំងនេះ​។ យ៉ាងណាក៏ដោយ ធនាគារ ANZ ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ធនាគារ​នឹង​បង់​ប្រាក់​ចំណេញ​ដុល​របស់​ខ្លួន​បាន​មក​ពី​ការ​ផ្តល់​កម្ចី​ដល់​លោក លី យ៉ុងផាត់ នេះ ឲ្យ​ទៅដល់​ក្រុម​គ្រួសារ​ពលរដ្ឋ​រងគ្រោះ​។​

នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី ដែល​អង្គការ​របស់​លោក កាលពី​ដើមឡើយ​បាន​រៀបចំ​បណ្ដឹង​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ចំនួន ៦៨១ គ្រួសារ ត្រូវ​បាន​សារព័ត៌មាន​ដដែល​ស្រង់​ប្រសាសន៍​ថា ការ​ផ្ដល់​សំណង​នេះ​ជា​រឿង​សំខាន់ ហើយ​អាច​ជួយ​ដល់​សហគមន៍​ដែល​រង​ការ​ខ្វះខាត​ខ្លាំង​។ លោក​បន្ត​ថា ការ​យល់​ព្រម​ផ្ដល់​សំណង​នេះ គឺជា​ការ​ទទួល​ស្គាល់​អំពី​ការ​លំបាក​ដែល​ពលរដ្ឋ​ទាំង​នោះ​បាន​រងគ្រោះ​ដោយសារតែ​ការ​វិនិយោគ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។