អាជ្ញាធរ​ខេត្ត​សៀមរាប​ប្រកាស​ចុះ​រុះរើ​សំណង់​ថ្មី​នៅ​តំបន់​បេតិកភណ្ឌ​ពិភពលោក

អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ស៊ុំ ម៉ាប់ ថ្លែង​បញ្ជាក់​ជំហរ​អំពី​ការ​ចុះ​រុះរើ​សំណង់​ថ្មីៗ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៧។
អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ស៊ុំ ម៉ាប់ ថ្លែង​បញ្ជាក់​ជំហរ​អំពី​ការ​ចុះ​រុះរើ​សំណង់​ថ្មីៗ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៧។ (RFA/Hang Savyouth)

0:00 / 0:00

រដ្ឋាភិបាល​កម្ពុជា បាន​យល់ព្រម​ឲ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចុះ​រុះរើ​សំណង់​ថ្មីៗ​ជាច្រើន​នៅ​ក្នុង​តំបន់​អង្គរ​ទាំងអស់​នោះ​ចេញ​វិញ។ ប្រសិន​បើ​មិន​រើ​សំណង់​ទាំងនោះ​ទេ គឺ​ហានិភ័យ​អង្គរ​របស់​កម្ពុជា អាច​នឹង​ត្រូវ​គេ​ដាក់​ជា​ជំហាន​ដំបូង​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ប្រឈម​នឹង​គ្រោះថ្នាក់ ហើយ​បើ​ការ​ប៉ះពាល់​នៅ​តែ​បន្ត គឺ​អាច​នឹង​ត្រូវ​គេ​លុប​ចេញ​ពី​បញ្ជី​នៃ​បេតិកភណ្ឌ​ពិភពលោក។

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បុរាណ មាន​គម្រោង​នឹង​ចុះ​បង្ក្រាប ព្រម​ទាំង​រុះរើ​ចោល​សំណង់​ខុស​ច្បាប់​ថ្មីៗ​នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​អង្គរ នៃ​ភូមិសាស្ត្រ​ក្រុង​សៀមរាប និង​ស្រុក​ចំនួន​បួន​ទៀត​ឲ្យ​អស់​ជា​ស្ថាពរ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

អាជ្ញាធរ​ខេត្ត​សៀមរាប និង​អាជ្ញាធរ​អប្សរា បាន​បង្កើត​គណៈកម្មការ​រួម​គ្នា​រួច​ហើយ ដើម្បី​ចាប់​ធ្វើ​យុទ្ធនាការ​ចុះ​រុះរើ​សំណង់​ថ្មីៗ​ទាំងឡាយ​ដែល​សាងសង់​នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ឲ្យ​អស់​ចាប់​ពី​ចុង​ខែ​កក្កដា តទៅ។

អគ្គនាយក​អាជ្ញាធរ​អប្សរា គឺ​លោក ស៊ុំ ម៉ាប់។ លោក​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែ​កក្កដា ថា ចាប់​តាំង​ពី​ថ្ងៃ​យុទ្ធនាការ​ឃោសនា និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ថ្ងៃ​ទី​២០ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា គឺ​មាន​សំណង់​ថ្មីៗ​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​នៃ​ក្រុង​សៀមរាប ស្រុក​ពួក ស្រុក​បន្ទាយស្រី ស្រុក​ប្រាសាទបាគង និង​ស្រុក​អង្គរធំ បាន​កើត​ឡើង​ចំនួន​ជាង ៥២០​កន្លែង។ អាជ្ញាធរ​បាន​ចាត់​ទុក​សំណង់​ថ្មីៗ​ទាំងនោះ គឺ​ជា​សំណង់​ខុស​ច្បាប់ ដោយ​មិន​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ណា​បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​សាងសង់​ដូច្នេះ​ឡើយ។

លោក ស៊ុំ ម៉ាប់ បញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​យល់ព្រម​ឲ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចុះ​រុះរើ​សំណង់​ទាំងអស់​នោះ​ចេញ។ ប្រសិន​បើ​មិន​រើ​សំណង់​ទាំងនោះ​ទេ គឺ​ហានិភ័យ​អង្គរ​របស់​កម្ពុជា អាច​នឹង​ត្រូវ​គេ​ដាក់​ជា​ជំហាន​ដំបូង​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ប្រឈម​នឹង​គ្រោះថ្នាក់ ហើយ​បើ​ការ​ប៉ះពាល់​នៅ​តែ​បន្ត គឺ​អាច​នឹង​ត្រូវ​គេ​លុប​ចេញ​ពី​បញ្ជី​នៃ​បេតិកភណ្ឌ​ពិភពលោក៖ « អស់​លោក​ប្រហែល​ជា​ជ្រាប​ហើយ​ថា គុណវិបត្តិ​នេះ តើ​ វា​ធំធេង ​ប៉ុណ្ណា ? ទាំង​ការទូត ទាំង​មុខ ​មាត់​ជាតិ និង​ទាំង​ វិស័យ​សេដ្ឋកិច្ច

មន្ត្រី​អាជ្ញាធរ​អប្សរា ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក បាន​ចោទ​សួរ​មក​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ពន្យល់​ជុំវិញ​ការ​សាងសង់​សំណង់​ថ្មីៗ​នៅ​ក្នុង​តំបន់​អង្គរ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា អាជ្ញាធរ​អប្សរា​បាន​ចេញ​ប្រកាស យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ជា​ម្ចាស់​សំណង់​ថ្មីៗ ដោយ​ឲ្យ​រុះរើ​ចេញ​ពី​តំបន់​ហាមឃាត់​វិញ​ក្នុង​រយៈពេល ៧​ថ្ងៃ​ជា​កំហិត ហើយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា អាជ្ញាធរ​អប្សរា​បាន​សាកល្បង​បញ្ជូន​កម្លាំង​អន្តរាគមន៍​របស់​ខ្លួន​ចុះ​ទៅ​អនុវត្ត​ការ​រុះរើ​សំណង់​ថ្មីៗ​ទាំងនោះ ក៏ប៉ុន្តែ​ត្រូវ​ពលរដ្ឋ​លើក​គ្នា​ប្រឆាំង ដោយ​ធ្វើ​ការ​បិទ​កំណាត់​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​អង្គរវត្ត​ជាច្រើន​ម៉ោង។

អភិបាល​រង​ខេត្ត​សៀមរាប លោក លី សំរិទ្ធិ ថ្លែង​ថា ចាប់​ពី​ពេល​នេះ​តទៅ អាជ្ញាធរ​ខេត្ត​សៀមរាប នឹង​ចូលរួម​ការ​ចុះ​អនុវត្ត​រុះរើ​សំណង់​ថ្មីៗ​នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ទាំងនោះ ដោយ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​លើក​គ្នា​តវ៉ា​ជា​រូបភាព​កាន់​ដប​សាំង​គំរាម និង​បិទ​ផ្លូវ​បាន​ទៀត​ទេ៖ « យើង​ ទុក​ពេល​នេះ​ឲ្ យ​អ្នក​ ទាំងអស់​គ្នា ​ចូលរួម បើ​មិន​ចូលរួម​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ទេ គឺ​ប្រហែល​ជា​មាន​ការ​ប៉ះទង្គិច​គ្នា​ រវាង​ពលរដ្ឋ និង​កម្លាំង​អាជ្ញាធរ​ជៀស​មិន​ផុត​ទេ »

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប ដែល​តាម​ឃ្លាំ​មើល​ការ​អនុវត្ត​រុះរើ​សំណង់​ថ្មី​នោះ លោក សួស ណារិន សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ និង​អាជ្ញាធរ នៅ​ពេល​ចុះ​អនុវត្ត​ការ​រុះរើ​សំណង់​ថ្មីៗ​នៅ​ពេល​ខាង​មុខ​នេះ។ លោក​យល់​ថា ថ្វីត្បិតតែ​ពលរដ្ឋ​សាងសង់​សំណង់​ថ្មីៗ​ខុស​ច្បាប់​ជាច្រើន​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ក៏​ពិត​មែន ក៏ប៉ុន្តែ​ពលរដ្ឋ​ទាំងនោះ​បាន​ចំណាយ​ប្រាក់​ជាច្រើន​ដែរ។ ដូច្នេះ​គួរ​តែ​អាជ្ញាធរ​អនុវត្ត​ការ​រុះរើ​តាម​វិធី​ណា​មួយ​យ៉ាង​សមស្រប ដោយ​ឲ្យ​ពលរដ្ឋ​ទាំងនោះ​បាន​ទទួល​ផល​ប្រយោជន៍​ស្រប​តាម​គោលការណ៍​ដែល​រដ្ឋាភិបាល​កំពុង​តែ​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ៕

អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរអប្សរា ប្រកាសចុះរុះរើ សំណង់ថ្មី នៅក្នុងតំបន់បេតិកភណ្ឌ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។