ប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាង ៣០០គ្រួសារនៅស្រុកគាស់ក្រឡខេត្តបាត់ដំបង សាទរចំពោះការឃាត់ខ្លួនឧកញ៉ាម្នាក់ និងអភិបាលរងខេត្តនេះម្នាក់ទៅសាកសួរនៅអង្គភាពប្រឆាំងអំពើពុករលួយ។ ទោះជាយ៉ាងណា ក្រុមពលរដ្ឋសំណូមពរឱ្យអាជ្ញាធរពន្លឿនការវាស់វែងដីធ្វើប័ណ្ណជូនពួកគាត់ ដើម្បីពួកគាត់ដាំដុះនៅលើដីរបស់ខ្លួនកុំឱ្យមានការភ័យព្រួយបន្តទៀត។ ប្រជាពលរដ្ឋអះអាងថា ទំនាស់ដីធ្លីរបស់ពួកគាត់ជាមួយឧកញ៉ា សង ថន បានអូសបន្លាយពេលជាង ៥ឆ្នាំហើយ តែអាជ្ញាធរមិនទាន់ដោះស្រាយរួចនៅឡើយ។
តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅឃុំព្រះផុស ស្រុកគាស់ក្រឡ លោក ស៊ឹប ពូ ថ្លែងថា ថ្វីត្បិតតែអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនអភិបាលរងខេត្តបាត់ដំបងលោក ស៊ូ អារ៉ាហ្វាត់ និងឧកញ៉ា សង ថន យកទៅសាកសួរហើយក៏ដោយ ក៏នៅតែមិនទាន់គ្រប់គ្រាន់ដែរ។ លោកបញ្ជាក់ថា ទំនាស់ដីរបស់ពួកលោក អាចមានអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ទៀតនៅពីក្រោយខ្នង ពីព្រោះទំនាស់បានអូសបន្លាយជាច្រើនឆ្នាំមកហើយ មិនទាន់ដោះស្រាយចប់នៅឡើយទេ។ លោកបន្តថា ចាប់ពីថ្ងៃទី២៨ មិថុនាមក អាជ្ញាធរខេត្តនេះបានចុះជួបប្រជាពលរដ្ឋដល់កន្លែងដីជម្លោះជាបន្តបន្ទាប់ដែរ ក៏ប៉ុន្តែអាជ្ញាធរមិនទាន់បែងចែកដីជូនពួកគាត់ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិកាន់កាប់ដីដោយស្របច្បាប់នៅឡើយទេ។លោកបន្ថែមថា ការអូសបន្លាយពេលយូរបែបនេះ ធ្វើឱ្យប៉ះពាល់ដល់ការរកប្រាក់ចំណូលរបស់ពួកគាត់ ព្រោះមិនមានសិទ្ធិពេញលេញចូលទៅដាំដុះនៅលើដីទំនាស់នោះឡើយ៖ «អត់ទាន់គ្រប់គ្រាន់ទេនៅមានទៀត ព្រោះមិនមែនមានតែគាត់មួយទេ នៅមានមន្ត្រីផ្សេងទៀតពាក់ព័ន្ធរឿងនេះ។ ខ្ញុំចង់ឱ្យវែកមុខមន្ត្រីពុករលួយផ្សេង ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសប្បាយ។ ខ្ញុំត្រេកអរច្រើន ដោយសារមានលោកឧកញ៉ាមួយដូចមានអ្វីមួយមករារាំងប្រជាពលរដ្ឋ មិនត្រឹមតែមួយស្រុកនេះទេ គាត់មានដីច្រើនស្រុកណាស់ ហើយមានបណ្ដឹងច្រើននៅក្នុងតុលាការឮសូតែគាត់ម្នាក់ » ។
ចំណែកប្រជាពលរដ្ឋនៅស្រុកគាស់ក្រឡម្នាក់ទៀត លោក ម៉ម កាត់ ឱ្យដឹងថា ដីរបស់លោកចំនួន ៧ហិកតារនៅឃុំឆ្នាល់មាន់ស្រុកគាស់ក្រឡ មានទំនាស់ជាមួយលោកឧកញ៉ា សង ថន តាំងពីឆ្នាំ២០១៥ មកមិនទាន់មានដំណោះស្រាយនៅឡើយទេ។ លោកបញ្ជាក់ថា កាលពីឆ្នាំ២០០៩ ដោយសារតែជីវភាពក្រីក្រ លោកបានកាប់ឆ្ការព្រៃយកដីទាំងនោះ មកដាំដំឡូងមីលក់យកប្រាក់ដោះស្រាយជីវភាពគ្រួសារ ក៏ប៉ុន្តែចាប់តាំងពីឧកញ៉ា សង ថន ប្ដឹងលោកនិងប្រជាពលរដ្ឋផ្សេងទៀតទៅតុលាការខេត្តបាត់ដំបងមក ធ្វើឱ្យលោកដាំដុះមិនបានពេញលេញ ពីព្រោះលោកឧកញ៉ារូបនេះ តែងតែទៅរារាំងពួកលោករហូតមក៖ «ពួកខ្ញុំជីវភាពមានតែមួយគាត់គឺដាំដំបូងមីតែប៉ុណ្ណឹងទេ នៅស្រុកគាស់ក្រឡនេះប្រជាពលរដ្ឋគ្មានអីផ្សេងទេ បើក្រៅពីហ្នឹងដូចស្រូវអីអត់មានទេ ធ្វើអត់បានផង អត់មានប្រព័ន្ធទឹក បើសិនជាមានប្រព័ន្ធពួកខ្ញុំរស់ចេះតែមានការរីកចំរើនដែរ។ នេះកុំតែបានច្បាប់អំពើពុករលួយរដ្ឋាភិបាលគាត់ដឹងសុខទុក្ខប្រជាពលរដ្ឋកុំអី បើបណ្ដែតបណ្ដោយពូកនេះប្រហែលជាចាប់ប្រជាពលរដ្ឋដាក់គុកក្នុងតុលាការខេត្តបាត់ដំបងហើយ ព្រោះពួកគាត់មិនប្រើពាក្យដូចអាជ្ញាធរមុខទេ អាជ្ញាធរក្រោយនេះ វាខុសពីអាជ្ញាធរមុខ អាជ្ញាធរមុនថា ដីរដ្ឋអាជ្ញាធរក្រោយថាដីគេ » ។
ទំនាស់ដីធ្លីប្រមាណ ១ពាន់ហិកតាររវាងពលរដ្ឋនៅ ភូមិតានួតឃុំព្រះផុស និងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ជាង ៣០០ គ្រួសារ ជាមួយលោក ឧកញ៉ា សង ថន ផ្ទុះឡើងចាប់តាំងពីឆ្នាំ២០១៥ រហូតមក។ អ្នកភូមិចោទប្រកាន់ឧកញ៉ារូបនេះថាបានប្ដឹងពួកគាត់ទៅតុលាការដើម្បីរំលោភយកដីទាំងនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
កន្លងទៅ ក្រុមប្រជាពលរដ្ឋបានតវ៉ាតាំងពីអាជ្ញាធរថ្នាក់ខេត្តរហូតដល់ថ្នាក់ជាតិដើម្បីឱ្យជួយអន្តរាគមន៍ពួកគាត់ជាបន្តបន្ទាប់ ក៏ប៉ុន្តែពុំទទួលបានលទ្ធផលនោះទេ ទើបតែថ្មីៗ នេះទេ ដែលអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនឧកញ៉ា សង ថន និងអភិបាលរងខេត្តបាត់ដំបងលោក ស៊ូ អារ៉ាហ្វាត់ យកទៅសាកសួរ។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ។
អាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ុនទៀង ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះ បានទេនៅថ្ងៃទី២ កក្កដា ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។
អាស៊ីសេរីក៏មិនអាចទាក់ទងឧកញ៉ា សង ថន ដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋនេះបានដែរ តែលោកធ្លាប់ប្រាប់អាស៊ីសេរីថា ដីទំនាស់នោះជាកម្មសិទ្ធិរបស់លោក ហើយលោកចោទ ក្រុមប្រជាពលរដ្ឋជាង ៣០០គ្រួសារនោះថា បានដាំដុះរំលោភយកដីរបស់លោកដោយខុសច្បាប់។
ចាប់តាំងពីអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនឧកញ៉ា សង ថន មក អាជ្ញាធរខេត្តបាត់ដំបងបានបណ្ដាក់គ្នាចុះជួបសម្របសម្រួលជាមួយប្រជាពលរដ្ឋនៅតំបន់ដីទំនាស់ជាបន្តបន្ទាប់។ គេហទំព័ររដ្ឋបាលខេត្តបាត់ដំបង ឱ្យដឹងកាលពីថ្ងៃទី២៩ មិថុនាថា អភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ បានដឹកនាំមន្ត្រីជំនាញនៅក្នុងខេត្តនេះ ចុះជួបពលរដ្ឋ ដោយបានវាស់វែងកំណត់អត្តសញ្ញាណកម្មក្បាលដីបានចំនួន ៣៣៥ ក្បាលដី។ ក្នុងការវាស់វែងក្បាលដីនោះ លោក ងួន រតនៈ បានពន្យល់អំពីនីតិវិធីចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ដល់ពលរដ្ឋ និងស្នើសុំឱ្យរាជរដ្ឋាភិបាលសម្បទានដីសង្គមកិច្ចជូនពលរដ្ឋក្នុងតំបន់នោះ។
អាស៊ីសេរីបានទាក់ទងលោក ងួន រតនៈ ដើម្បីសាកសួររឿងនេះបន្ថែមដែរ តែលោកប្រាប់ថា កំពុងជាប់រវល់៖ ខ្ញុំនៅឃុំតាគ្រាមនៅភ្នំខ្ញុំមកមើលកម្មវិធីក្មេងៗគេទាត់បាល់ » ។
ទាក់ទងវិវាទដីធ្លីនេះដែរ កាលថ្ងៃទី២៧ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងអភិបាលស្រុកគាស់ក្រឡ លោក ម៉ៅ សុចាន់ ឲ្យទៅបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី សាទរដែលអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការលើជម្លោះដីធ្លីនេះ ក៏ប៉ុន្តែលោកសំណូមពរឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើតំណាងប្រជាពលរដ្ឋចំនួន ៣នាក់ ដើម្បីឱ្យពួកគាត់មានសេរីភាពឡើងវិញ។ លោកបន្ថែមថា តំណាងពលរដ្ឋទាំងនេះ ត្រូវបានសាលាដំបូងខេត្តបាត់ដំបងផ្ដន្ទាទោសដាក់គុក ១ឆ្នាំនិងឱ្យរួមគ្នាផ្ដល់សំណង ១ម៉ឺនដុល្លារ (១០.០០០) អាមេរិកដល់ឧកញ៉ា សង ថន ប៉ុន្តែត្រូវបានពលរដ្ឋប្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចនេះ៖ «កន្លងទៅគឺយើងឃើញថាអាជ្ញាធរខេត្តបានធ្វើដែរ តែគ្រាន់តែថាការធ្វើយឺត ហើយមួយទៀតអាជ្ញាធរខេត្តមិនបានជួយអន្តរាគមន៍ពាក់ព័ន្ធនឹងរឿងប្ដឹងប្រជាពលរដ្ឋទៅតុលាការទេ។ នេះជាបញ្ហា តែរយៈចុងក្រោយនេះ គឺនៅដើមឆ្នាំ២០២០ នេះ យើងឃើញថា ខេត្តបានបង្កើនសកម្មភាពជាច្រើន ដើម្បីឈានទៅរកការដោះស្រាយបញ្ចប់បញ្ហាទំនាស់ហ្នឹង » ។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា នៅខេត្តបាត់ដំបង មានបញ្ហាជម្លោះដីធ្លីធំៗ ចំនួន ៦ករណីទៀត រវាងពលរដ្ឋជាមួយអ្នកមានលុយ និងមានអំណាច ដែលមិនទាន់ដោះស្រាយចប់នៅឡើយ ដូចជា ទំនាស់ដីនៅឃុំបឹងប្រាំ ស្រុកបវេលជាដើម។ លោកជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធគួរចាត់វិធានការលើសំណុំទាំងនោះបន្តទៀត ដើម្បីឱ្យពលរដ្ឋបានដីយកទៅបង្កបង្កើនផលដោយស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។