ជនជាតិ​ព្នង​ខេត្ត​មណ្ឌលគិរី​បង្ហាញ​តឹកតាង​ពី​ការរំលោភ​សិទ្ធិ​ដីធ្លី​នៅ​តុលាការ​ប្រទេស​បារាំង

0:00 / 0:00

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី​សង្ឃឹមថា តុលាការ​ប្រទេស​បារាំង​នឹង​វិនិច្ឆ័យ​រឿងក្ដី​ជម្លោះដីធ្លី​រ៉ាំរ៉ៃ រវាង​សហគមន៍​មូលដ្ឋាន និង​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ប្រទេស​បារាំង ដោយ​យុត្តិធម៌។ កាល​ពី​ថ្ងៃ​ទី​១ តុលា​កន្លងទៅ​ថ្មីៗ នេះ​ជនជាតិ​ដើម​ភាគតិច ៩​នាក់ បាន​បង្ហាញ​តឹកតាង​ពី​ភាព​អយុត្តិធម៌​​ជាច្រើន ដែល​កើត​ចំពោះ​សហគមន៍​ពួកគេ នៅ​ចំពោះ​មុខ​ចៅក្រម ក្នុង​ពេល​ចូលរួម​សវនាការ​នៅ​ទីក្រុង​ណង់ទែរ (The Tribunal of Nanterre) ប្រទេស​បារាំង ដែល​បង្ហាញ​ថា ក្រុមហ៊ុន​បារាំង​មួយ​នោះ បាន​បំផ្លាញ​ធនធាន​ធម្មជាតិ រំលោភ​ដីធ្លី និង​បំផ្លាញ​សេចក្ដី​សុខ​នៅ​ក្នុង​តំបន់​ពួកគាត់​រស់នៅ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ៩​នាក់ ក្នុងចំណោម​ពលរដ្ឋ​ជិត ១០០​គ្រួសារ (៩៧) រស់នៅ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​បារាំង ក្នុង​បំណង​ស្នើ​ឱ្យ​តុលាការ​បារាំង រក​យុត្តិធម៌​ពិតប្រាកដ ជូន​សហគមន៍​ដែល​រងគ្រោះ​ដោយសារ​បាត់បង់​ដីធ្លី ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ជាច្រើន​ឆ្នាំ​មក​ហើយ។

សហគមន៍​ថា ពួកគេ​បាន​ប្ដឹង​ក្រុមហ៊ុន​ចំនួន ២ តាំងពី​ឆ្នាំ​២០១៥ គឺ​ក្រុមហ៊ុន សុខហ្វីន (SOCFIN-KCD) និង​ក្រុមហ៊ុន បូឡូរ៉េ (BOLLORE) ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង។

តំណាង​សហគមន៍ លោក គ្រើង តុលា ប្រាប់​អាស៊ីសេរី​ពី​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​៣ តុលា ថា មូលហេតុ​ដែល​សហគមន៍​ប្ដឹង​ក្រុមហ៊ុន​ទាំងនេះ ទៅ​តុលាការ​បារាំង ដោយសារ​ពួកគេ​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា រួម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ផង។ លោក​ថា សហគមន៍​មាន​ភស្តុតាង​ច្បាស់លាស់​បញ្ជាក់​ថា ក្រុមហ៊ុន​ទាំងនេះ រំលោភ​សិទ្ធិ​ដីធ្លី ព្រៃឈើ និង​ប្រើប្រាស់​តុលាការ គំរាមកំហែង​ពលរដ្ឋ ជាពិសេស​បំពាន​តំបន់​ទី​សក្ការបូជា ព្រៃ​តំណម និង​ព្រៃ​កប់​សព​ជា​ដើម។ លោក​បន្ថែម​ថា ក្រោយ​ពី​មាន​វត្តមាន ក្រុមហ៊ុន​ទាំងនេះ ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ទទួលរង​ការ​លំបាក​យ៉ាង​ខ្លាំង ហើយ​ដី​ដែល​ពួកគេ​ធ្លាប់​អាស្រ័យ​ផល ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក​ដាំ​កៅស៊ូ​អស់។ រហូត​មក​ទល់​ពេលនេះ សូម្បីតែ​វាលស្មៅ​សម្រាប់​ឃ្វាលគោ​ក្របី ក៏​បាត់​បង់​អស់​ដែរ៖ «យើង​ទាមទារ​ដី​មកវិញ ខ្ញុំ​មិន​ចង់​បាន​ដី​លើស​ចំនួន​ដែល​ខ្ញុំ​មាន​ទេ។ បើ​ខ្ញុំ​មាន ពីរ​ហិកតារ ខ្ញុំ​ទាមទារ ពីរ​ហិកតារ ខ្ញុំ​អត់​ទាមទារ​លើស​ពី​ហ្នឹង​ទេ​។ រាល់​ការ​ខូច​ខាត​ ដែល​ខ្ញុំ​តវ៉ា​តាំងពី ២០០៨ រហូត​មក​ដល់​បច្ចុប្បន្ន​ហ្នឹង ខ្ញុំ​លក់​ទាំង​មាន់​ទា ជ្រូក និង​គោ​ផង អ៊ីចឹង​ស្នើសុំ​ឱ្យ​គាត់ សងជំងឺចិត្ត​មក​ខ្ញុំ​ឱ្យ​សមស្រប​។ ពេល​នេះ​ គាត់​មិនទាន់​កាត់​ក្តី​ទេ។ គាត់​នៅតែ​ថ្លឹង​សងខាង តើ​ភាគី​ណា​មាន​អំណះអំណាង​ពិតប្រាកដ ? ថ្ងៃ​ទី៨ ខែ​នេះ គាត់​នឹង​ផ្ដើម​ប្រកាស​លទ្ធផល​លើក​ទី១»។

លោក គ្រើង តុលា បន្ថែម​ថា ជំហរ​របស់​សហគមន៍​​ទាមទារ​ឱ្យ​តុលាការ​ខេត្ត​មណ្ឌលគិរី ទម្លាក់​បទ​ចោទ​មក​លើ​សហគមន៍ ១៥​នាក់ ដែល​ពួកគេ​អះអាង​ថា ក្រុមហ៊ុន​សុខហ្វីន គឺជា​ដើម​បណ្ដឹង ដើម្បី​គំរាមកំហែង​សហគមន៍។ លោក​ថា សហគមន៍​បាន​ពឹង​មេធាវី​នៅ​ប្រទេស​បារាំង ជា​តំណាង​របស់​ខ្លួន ដើម្បី​រក​យុត្តិធម៌ និង​កំពុង​ធ្វើ​កិច្ច​ការងារ​ឱ្យ​សហគមន៍​នៅ​តុលាការ​ក្រុង​ប៉ារីស ព្រមទាំង​ស្វែងរក​ជំនួយ​មនុស្សធម៌​ផ្សេងៗ ជួយ​ផ្គត់ផ្គង់​ការ​ធ្វើ​ដំណើរ និង​ស្នាក់​របស់​ពួកគេ​៖ «យើង​បាន​ពឹង​មេធាវី សុំ​ពី​សប្បុរសជន ពី​ខាងក្រៅ​ស្រុក និង​ក្នុងស្រុក យើង​សរសើរ​គាត់​ដែរ គាត់​ជា​មេធាវី​ផង និង​ជួយ​សុំទាន​ឱ្យ​យើង​ផង​អ៊ីចឹង។ ចំពោះ​ព្រៃឈើ កាល​ពី​មុន​យើង​មាន​ឈើ​សម្រាប់​ឃ្មុំ​ទំ យើង​មាន​ឈើ​សម្រាប់ វល្លិ​យើង​មាន​ច្រើន​ទៀត។ ដល់ពេល​អស់​ព្រៃឈើ សត្វព្រៃ​មិន​ដឹង​ទៅ​ណា ឃ្មុំ​មិន​ដឹង​នៅ​ណា យើង​ចង់​រក​បន្លែ​ក្នុង​ព្រៃ​មិន​ដឹង​រក​នៅ​ណា​ទេ​បច្ចុប្បន្ន»។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង តំណាង​ក្រុមហ៊ុន​សុខហ្វីន (SOCFIN-KCD) និង​ក្រុមហ៊ុន ក្រុមហ៊ុន បូឡារ៉េ (BOLLORE) ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ បាន​ថា យ៉ាងណា​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី៣ តុលា។

អាស៊ីសេរី​បាន​ទាក់ទង​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​ដែរ តែ​លោ​កថា ទូរស័ព្ទ​ស្ដាប់​មិន​ឮ និង​ឈប់​ទទួល​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ។

ចំណែក​អ្នកនាំពាក្យ​តុលាការ ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស មាន​ប្រសាសន៍​ថា តុលាការ​ខេត្ត​នេះ មិនទាន់​លើកលែង​បទចោទប្រកាន់​លើ​សហគមន៍ ១៥​នាក់​នៅឡើយ​ទេ មក​ទល់​ពេល​នេះ ព្រោះ​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល វិនិយោគ​ដំណាំ​កៅស៊ូ​។ លោក​ថា ជម្លោះដីធ្លី​នេះ កើតឡើង​តាំងពី​ឆ្នាំ ២០០៨ ហើយ​លោក​ទើប​កាន់​ការងារ​នេះ​នៅ​ឆ្នាំ ២០១៥ ហេតុនេះ​លោក​មិនទាន់​ដឹង​រឿង​រាវ​ទាំងនេះ​ច្រើន​នោះ​ទេ​៖ «ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល ដាំ​កៅស៊ូ ដល់​ឥឡូវ​ហ្នឹង​កៅស៊ូ​ចៀរ​ជ័រ​បាត់​ហើយ​ហ្នឹង​។ គាត់​ថា ដី​ហ្នឹង​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ប៉ុន្តែ​មានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល និង​មាន​សេចក្ដី​សម្រេច​ពី​រដ្ឋាភិបាល​ថា ឱ្យ​ក្រុមហ៊ុន​ចុះទៅ​ឈូស​ឆាយ​ដាំ​កៅស៊ូ​ហ្នឹង​។ តែ​បើ​យើង​ចោទប្រកាន់​ទៅ យើង​នឹង​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​។ រដ្ឋាភិបាល​ចេញ ស . . ណ ឱ្យ​ក្រុមហ៊ុន​ចុះទៅ​វិនិយោគ​ដាំ​កៅស៊ូ»។

សហគមន៍​ថា ក្រុមហ៊ុន​សុខ ហ្វីន (SOCFIN-KCD) ទទួល​ថវិកា​វិនិយោគ​ពី​ក្រុមហ៊ុន បូឡូរ៉េ (BOLLORE) ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង ទទួល​សិទ្ធិ​វិនិយោគ​ដំណាំ​កៅស៊ូ លើ​ផ្ទៃដី​ជាង ១​ម៉ឺន​ហិកតារ (១២.៤៤០) ឋិត​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី តាំង​ពី​ឆ្នាំ​២០០៨។ សហគមន៍​បាន​ថ្កោលទោស ក្រុមហ៊ុន​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដីធ្លី​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ និង​បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​ព្រម​ទទួល​សំណង​មិន​សមរម្យ។

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា យល់​ថា គុណ​តម្លៃ​តុលាការ​ប្រទេស​បារាំង​មាន​ឯករាជ​ភាព​ពិតប្រាកដ មិន​ពាក់ព័ន្ធ​អំពើពុករលួយ ឬ​ខ្លាច​អំណាច​បុគ្គល​ណាមួយ​នោះ​ទេ ផ្ទុយ​ពី​តុលាការ​នៅ​កម្ពុជា។ លោក​ចាត់ទុកថា បណ្ដឹង​នេះ​ជា​ជម្រើស​ចុងក្រោយ​របស់​សហគមន៍ នឹង​សង្ឃឹម​ថា តុលាការ​​បារាំង​នឹង​វិនិច្ឆ័យ​រឿងក្ដី​នេះ មាន​ប្រសិទ្ធភាព​ជាក់ស្ដែង​ប្រកបដោយ​យុត្តិធម៌៖ «តុលាការ​នេះ​អាច​ថា មានការ​ជឿជាក់​ពី​សហគមន៍ ដែល​ពួកគាត់​គិត​ថា មានតែ​ខាង​តុលាការ​បារាំង​ទេ ដែល​គាត់​អាច​ជួយ​រក​យុត្តិធម៌ ឱ្យ​ពួកគាត់​បាន​។ អ៊ីចឹង​ហើយ​បាន​ពួកគាត់ ដាក់​ប្តឹង តាមរយៈ​មេធាវី​របស់​គាត់​ទៅ​តុលាការ​បារាំង​ហ្នឹង​ទៅ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ពួកគាត់ ដែល​ពួកគាត់​អត់​ពេញចិត្ត​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ក្នុង​តុលាការ​កម្ពុជា និង​នីតិវិធី​តាម​អាជ្ញាធរ​កម្ពុជា»។

តំណាង​សហគមន៍​បន្ថែម​ថា ពួកគេ​នឹង​ធ្វើ​សន្និសីទកាសែត​មួយទៀត ដើម្បី​តស៊ូ​មតិ​បញ្ហា​ទាំងអស់​នេះ បន្ទាប់ពី​វិលត្រឡប់​មក​ស្រុកកំណើត​វិញ ហើយ​ពួកគេ​ក៏​រំពឹង​ថា មិន​មាន​ការរារាំង​ពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​នោះ​ទេ។ ពួកគេ​អះអាង​ថា ចៅក្រម​ស៊ើបសួរ​ប្រទេស​បារាំង បាន​អនុញ្ញាត ឱ្យ​អ្នកកាសែត និង​មហាជន​ទូទៅ​អាច​ចូល​ស្ដាប់​សវនាការ​បាន​ទូលំទូលាយ ផ្ទុយ​ពី​តុលាការ​នៅ​ប្រទេស​កម្ពុជា៕

(តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី ៩នាក់ ពេល​ទៅ​បង្ហាញ​តឹកតាង​ពី​ភាព​អយុត្តិធម៌​រឿង​ដីធ្លី​ក្នុង​សហគមន៍​ពួក​គាត់ ដល់​ចៅក្រម​តុលាការ​ទីក្រុង​ណង់ទែរ (The Tribunal of Nanterre) ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ២០១៩។ រូប៖ សហគមន៍)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។