ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​មិន​ពេញ​ចិត្ត​នឹង​កិច្ច​ចរចា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល

0:00 / 0:00

ប្រជាពលរដ្ឋ​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ពី​ខេត្ត​កោះកុង មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ជួប​ចរចា​រក ដំណោះស្រាយ​ជាមួយ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មីនា។ ពលរដ្ឋ​ទាំងនេះ​ក៏​ហាក់​អស់​ទំនុក​ចិត្ត​នឹង​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​រក​ដំណោះស្រាយ​ដល់​ពួក​គាត់។

ពលរដ្ឋ​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ពី​ខេត្ត​កោះកុង លោកស្រី កេង ហន មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២១ មីនា ថា ពួក​លោកស្រី​អស់​សង្ឃឹម​នឹង​ការ​រក​ដំណោះស្រាយ​ពី​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ចេះ​តែ​សន្យា « ចុះ​បើ​គួរ​ធ្វើ​យ៉ាង​ណា បើ​និយាយ​ឮ​សូរ​តែ​សន្យា​រហូត ខែ​នេះ​ខែ​នោះ តាំង​ពី​ខែ​៨ មក​ដល់​ឥឡូវ។ គិត​ទៅ ១០​ឆ្នាំ​ហើយ អត់​មាន​ឃើញ​បាន​លទ្ធផល​អី​សោះ នៅ​តែ​សន្យា​ទៀត​ដដែល។ ឥឡូវ​ឈប់​ដាក់​ថ្ងៃ​ហើយ លែង​ដាក់​អាទិត្យ​ដាក់​អី​ហើយ ថ្ងៃ​ណា​គេ​ដោះស្រាយ ថ្ងៃ​ហ្នុង​ចាំ​គាត់​ជូន​ដំណឹង »

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ត​កោះកុង លោកស្រី កេង ហន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។
តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ត​កោះកុង លោកស្រី កេង ហន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ (RFA/Sorn Chanratha)

កិច្ច​ប្រជុំ​នេះ គឺ​ធ្វើ​ឡើង​រវាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​អំពៅ នៅ​ខេត្ត​កោះកុង និង​អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ទី​៨ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន ដែល​ទទួល​បន្ទុក​ដោះស្រាយ​ករណី​ដីធ្លី​នេះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ទេព ធន បាន​ទេ​នៅ​ថ្ងៃ​ដដែល​នេះ។ កាល​ពី​កិច្ច​ប្រជុំ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នេះ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ លោក​ថ្លែង​ថា ភាគី​វិវាទ​បាន​យល់​គ្នា​ហើយ។

ប៉ុន្តែ​នៅ​ពេល​នេះ តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​អំពៅ នៅ​ខេត្ត​កោះកុង លោកស្រី ផាវ ញ៉ឺង មាន​ប្រសាសន៍​ថា ការ​ជួប​ប្រជុំ​ចរចា​ដោះស្រាយ​គ្នា​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​ចុង​ក្រោយ​នេះ ខាង​លោកស្រី​បាន​បន្ថយ​ការ​ទាមទារ​ប្រាក់​សំណង​ខូចខាត​ពី​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​ពី​ចំនួន ៥.០០០​ដុល្លារ មក​នៅ ២.៥០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ ក៏​ក្រុមហ៊ុន​នៅ​តែ​មិន​ព្រម​ទៀត។ លោកស្រី​បន្ត​ថា កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ មីនា ត្រូវ​បិទ​លឿន ហើយ​លោកស្រី​មិន​បាន​ជជែក​អ្វី​ច្រើន​ទេ៖ «គាត់​ចេះ​តែ​ទាមទារ​ឲ្យ​ពួក​ខ្ញុំ​ទៅ​វិញ ទៅ​មកៗ សុទ្ធតែ​ចងការ​លុយ​គេ ដែល​ពួក​ខ្ញុំ​មក​ហ្នឹង មិន​មែន ​មក​ស្រួល​ទេ ហើយ​ដូចជា​ខ្ញុំ​អី ខ្ញុំ​ទាមទារ​ឲ្យ​ដោះស្រាយ​ឲ្យ​លឿន ព្រោះ​អី​កង​សន្តិសុខ​តែងតែ​រុញ​ច្រាន​ខ្ញុំ។ ហើយ​ឥឡូវ​ខ្ញុំ​ឈឺ​ខ្លាំង។ ខ្ញុំ​មាន​សំបុត្រ​ពេទ្យ ។ រុញ​ឡើង​ក្រំ​ខ្លួន​អស់ ហើយ​ខ្ញុំ​ឈឺ​អត់​មាន​លុយ​ទេ អត់​មាន​អី​មើល​ទេ។ ខ្ញុំ​សុំ​ឲ្យ​គាត់​ដោះស្រាយ​ដី​ឲ្យ​ពួក​ខ្ញុំ និង​ដី​លំនៅឋាន​ ពាក់ព័ន្ធ​នឹង​លោក ហេង ហ៊ុយ និង​ដី​ដែល​ពាក់ព័ន្ធ​ក្រុមហ៊ុន​កោះកុង​ស៊ូហ្គើរ និង​ផ្លែនថេហ្សិន (Koh Kong Sugar & Plantation) ដែល​លោក លី យ៉ុងផាត់ លើក​មុន​គាត់​បាន​អះអាង​ថា ១០ % ក្នុង​ភាគហ៊ុន​នោះ។ ដោះស្រាយ​ឲ្យ​លឿន​មក ពីព្រោះ​អី​ក្រែងលោ​ខ្លួន​ខ្ញុំ​ស្លាប់ កូន​ខ្ញុំ​អត់​មាន​អី​រំពឹង​ទេ។ ខ្ញុំ​ឈឺ​ធ្ងន់ ខ្ញុំ​អត់​មាន​លុយ​កាក់​អី​មើល​ខ្លួន​ទៀត​ទេ »

បច្ចុប្បន្ន​នេះ លោកស្រី ផាវ ញ៉ឺង បញ្ជាក់​ថា ពលរដ្ឋ​បន្ថយ​ទឹកប្រាក់​ទាមទារ​សំណង ២.៥០០​ដុល្លារ និង​ដី​ទំហំ ៣​ហិកតារ​ក្នុង​មួយ​គ្រួសារ។

អ្នក​ភូមិ​មក​ពី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង មួយ​រូប គឺ​លោក ពៅ រ៉ា ដូច​គ្នា​នឹង​អ្នក​ផ្សេង​ទៀត​ដែរ ថ្លែង​ថា ដី​ដែល​ក្រសួង​បម្រុង​ទុក​សម្រាប់​ពួក​គាត់​នោះ គឺ​នៅ​ឆ្ងាយ​ពេក « បាទ ! ចំនួន​ហ្នឹង​ទទួល​យល់ស្រប​ហើយ ប៉ុន្តែ​កុំ​ឲ្យ​វា​ឆ្ងាយ។ ធ្វើ​ម៉េច​ប្រជាជន​អាច​ទៅ​ព្រឹក​ល្ងាច អាច​បង្កបង្កើនផល​បាន​ផង។ តែ​ឲ្យ​ឆ្ងាយ​អ៊ីចឹង គ្នា​ទៅ​ម៉េច​នឹង​ដល់ ? ច្រើន​គីឡូម៉ែត្រ​ណាស់ រាប់​រយ​គីឡូ​តែ​ម្ដង។ ( ដើរ ) ពីរ​យប់​បី​ថ្ងៃ​អី​បាន​ទៅ​ដល់ »

អ្នក​ភូមិ​ប្រមាណ ១០០​នាក់​នេះ​តំណាង​ឲ្យ​ពលរដ្ឋ​ប្រមាណ ១៧៥​គ្រួសារ នៅ​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា ហេង ហ៊ុយ និង​ក្រុមហ៊ុន​ស្ករ​អំពៅ លី យ៉ុងផាត់ តាំង​ពី​ឆ្នាំ​២០០៦។ ពួក​គាត់​អះអាង​ថា បាន​កាន់​កាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក។ ពេល​នេះ ពួក​គាត់​បាន​បាត់បង់​ទាំង​ដី​ភូមិ និង​ដី​ចម្ការ ដែល​តែង​នាំ​គ្នា​មក​តវ៉ា​នៅ​ភ្នំពេញ​ជា​ញឹកញយ ព្រោះ​មិន​ទទួល​បាន​សំណង។ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ ពួក​គាត់ ២​រូប ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​សន្តិសុខ​រាជធានី​ភ្នំពេញ នៅ​ពេល​ពលរដ្ឋ​ព្យាយាម​ដើរ​កាត់​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក ឲ្យ​ក្រសួង​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គាត់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។