ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុងជាង ២រយនាក់ មកពីសហគមន៍ចំនួន ៥ តំបន់ផ្សេងៗ គ្នា បានលើកគ្នាទៅឃ្លាំមើលតំណាងពួកគេ ៥នាក់ ទៅឆ្លើយបំភ្លឺ តាមដីកាបង្គាប់ឱ្យចូលខ្លួន របស់តុលាការខេត្តនេះ។ ប្រជាសហគមន៍ថា ចៅក្រមស៊ើបសួរ លោក ឡោ ក្រឹម បានសម្រេចឱ្យតំណាងសហគមន៍ ៥នាក់នៅក្រៅឃុំជាបណ្ដោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់តុលាការ។ ពួកគេចាត់ទុកសំណុំរឿងនេះ ជារឿងអយុត្តិធម៌។
ប្រជាសហគមន៍មានជម្លោះដីធ្លី ៥នាក់ ក្នុងចំណោមពលរដ្ឋ ១៩៧គ្រួសារ ដែលមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាលឆ័រ គ្រុប (Heng Huy Agriculture Group) របស់ឧកញ៉ា ហេង ហ៊ុយ រស់នៅឃុំជីខលើ ស្រុកស្រែអំបិល បានចូលឆ្លើយបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរខេត្តកោះកុងរួចហើយ កាលពីព្រឹកថ្ងៃទី១២ វិច្ឆិកា ពីបទបរិហារបង្កាច់កេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសបង្កឱ្យវឹកវរដល់សន្តិសុខសង្គម។
តំណាងសហគមន៍ លោកស្រី អ៊ិន ធូ ចាត់ទុកពាក្យបណ្តឹងនេះ ជាការដាក់សម្ពាធផ្លូវចិត្ត និងគំរាមកំហែងសេរីភាព មិនឱ្យតវ៉ាទាមទារដីធ្លី ដែលត្រូវក្រុមហ៊ុនរបស់ឧកញ៉ា ហេង ហ៊ុយ រំលោភបំពានយ៉ាងអយុត្តិធម៌ជាច្រើនឆ្នាំមកហើយ។ លោកស្រីថា តំណាងសហគមន៍មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ ព្រោះសកម្មភាពរបស់ពលរដ្ឋកន្លងទៅ គ្រាន់តែប្រើសិទ្ធិទាមទារដីធ្លី ចិញ្ចឹមជីវិតតែប៉ុណ្ណោះ៖ « ខ្ញុំថាអយុត្តិធម៌ណាស់សម្រាប់រូបខ្ញុំផ្ទាល់ និងពលរដ្ឋ ១៩៧ ព្រោះគាត់បាត់បង់ពិតប្រាកដមែន។ ខ្ញុំនឹងមិនអាចថា ដើរបង្កាច់កេរ្តិ៍ និងបរិហារកេរ្តិ៍គេបានទេ បើបុគ្គលនោះ អត់យកដី ប្លន់ដីនាងខ្ញុំលោកគ្រូ។ ខ្ញុំថា អយុត្តិធម៌ណាស់ តុលាការអត់កាត់ក្តីដោយយុត្តិធម៌ទេ »។
លោកស្រី អ៊ិន ធូ វ័យ ៥០ឆ្នាំ បន្ថែមថា គ្រួសារលោកស្រីមានដី ៨ហិកតារ ជាដីកេរ្តិ៍ឪពុកម្ដាយ ត្រូវបានក្រុមហ៊ុនរបស់ឧកញ៉ា ហេង ហ៊ុយ រំលោភយកទាំងអស់តាំងពីឆ្នាំ២០០៧ មកទល់ពេលនេះ មិនត្រឹមតែគ្មានដំណោះស្រាយនោះទេ តែបែរជាជាប់បណ្ដឹងនៅតុលាការថែមទៀត។
បន្ថែមលើនេះ ប្រជាសហគមន៍មានជម្លោះដីធ្លី លោកស្រី ផាវ ញើង ថ្លែងថា ក្រុមពលរដ្ឋមានជម្លោះដីធ្លីរាប់រយនាក់ នឹងត្រៀមខ្លួនតវ៉ាទ្រង់ទ្រាយធំ ប្រសិនបើតុលាការឃុំខ្លួនតំណាងពួកគេ។ លើសពីនេះ តុលាការបានសម្រេចឱ្យតំណាងសហគមន៍ ៥នាក់ ត្រូវបង្ហាញខ្លួននៅអធិការស្រុកស្រែអំពិល ក្នុងមួយខែម្ដង។ លោកស្រីបារម្ភថា ទង្វើរបស់តុលាការបែបនេះ ជាការគាបសង្កត់សេរីភាពពលរដ្ឋ និងគំរាមកំហែងមិនឱ្យពលរដ្ឋដើរហើរស្វែងរកយុត្តិធម៌ ទាមទារដីធ្លី ដែលក្រុមហ៊ុនរំលោភបំពាន៖ « ពួកយើងបានឃ្លាំមើលយ៉ាងស្អិតល្មួត គឺទីមួយឃើញតុលាការ សួរពួកគាត់ដល់ម៉ោង ១២ជាងហើយ នៅអត់ឱ្យចេញទៀត។ អ៊ីចឹងទៅពួកខ្ញុំមានការព្រួយបារម្ភ។ ឱ្យពួកគាត់នៅក្រៅឃុំ ក្រោមការត្រួតពិនិត្យរបស់តុលាការ ក៏ប៉ុន្តែពួកគាត់អត់អាចដើរទៅធ្វើសកម្មភាពអី នៅលើដីរបស់ពួកគាត់ ទី២ អាស្រ័យផលលើដីដែលបាត់បង់ហ្នឹង »។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង លោក ឡោ ក្រឹម ដើម្បីសុំការបំភ្លឺរឿងនេះបានថា យ៉ាងណានៅឡើយទេ នៅថ្ងៃទី១២ វិច្ឆិកា។
ចំណែកអ្នកនាំពាក្យតំណាងអយ្យការខេត្តកោះកុង លោក អ៊ុន សុវណ្ណធានី បដិសេធមិនបំភ្លឺរឿងនេះទេ ព្រោះលោកថា កំពុងជាប់រវល់៖ « អរអត់ទេ ខ្ញុំរវល់ណាស់ »។
កាលពីចុងខែតុលា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង លោក ឡោ ក្រឹម បានកោះហៅតំណាងសហគមន៍ ៥នាក់ ក្នុងចំណោមពលរដ្ឋមានជម្លោះដីធ្លី ១៩៧គ្រួសារ ឱ្យមកឆ្លើយបំភ្លឺនៅថ្ងៃទី១២ វិច្ឆិកា ពីបទបរិហារបង្កាច់កេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសអំពើបង្កឱ្យវឹកវរដល់សន្តិសុខសង្គម ផ្អែកតាមមាត្រា ៣១១ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ រីឯតំណាងសហគមន៍ ១៧៥គ្រួសារផ្សេងទៀត រស់នៅឃុំជីខក្រោម ៣នាក់ ក៏ត្រូវតុលាការកោះហៅ ក្នុងសំណុំរឿងដូចគ្នានេះដែរ និងបង្គាប់ឱ្យចូលបំភ្លឺនៅថ្ងៃទី១៨ វិច្ឆិកាខាងមុខនេះ។ ប្រជាសហគមន៍អះអាងថា ឧកញ៉ា ហេង ហ៊ុយ គឺជាដើមបណ្ដឹងក្នុងសំណុំរឿងនេះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ផ្ដល់មតិថា ដីកាកោះហៅនេះ ជាសម្ពាធបន្ថែមទៀត ធ្វើឱ្យពលរដ្ឋរងទុក្ខវេទនា មួយកម្រិតទៀត ក្នុងរឿងជម្លោះដីធ្លី ស្របពេលដែលអាជ្ញាធរមិនទាន់ដោះស្រាយរួច៖ « ពលរដ្ឋមានបញ្ហាដីធ្លីយើងគួរតែដោះស្រាយរឿងដីធ្លីមិនគួរណា បន្តទៅតុលាការ ដែលនាំឱ្យពួកគាត់ហ្នឹងទី១ មានជម្លោះដីធ្លីហើយទី២ គឺបង្កផលលំបាក ទី៣ បង្កផលលំបាកដល់អាជ្ញាធរបង្កផលលំបាកទាំងអស់។ អ៊ីចឹងជម្រើសដ៏ល្អ ធ្វើការដំណោះស្រាយ និងផ្សះផ្សាគ្នា ដើម្បីរកដំណោះស្រាយ រឿងជម្លោះដីធ្លីហ្នឹងទៅ »។
នៅរសៀលថ្ងៃទី១២ វិច្ឆិកានេះ ក្រុមពលរដ្ឋជាង ២រយនាក់ បាននាំគ្នាវិលត្រឡប់ទៅលំនៅឋានវិញរៀងៗ ខ្លួន។ ប្រជាសហគមន៍ថា ក្នុងពេលពួកគេឃ្លាំមើលតំណាងសហគមន៍ ទៅឆ្លើយបំភ្លឺនៅមុខតុលាការខេត្តកោះកុង មានសមត្ថកិច្ចចម្រុះពាក់ឯកសណ្ឋាន និងស៊ីវិល រាប់សិបនាក់តាមឃ្លាំមើល និងថតសកម្មភាពពួកគេ ក្នុងពេលជួបជុំ។
របបក្រុងភ្នំពេញបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ជាង ៤ពាន់ហិកតារ ដើម្បីវិនិយោគដំណាំស្ករអំពៅ កាលពីឆ្នាំ២០០៧។ នៅឆ្នាំ២០១០ ពលរដ្ឋចោទក្រុមហ៊ុន ហេង ហ៊ុយ ថា បានយកគ្រឿងចក្រទៅឈូសឆាយដីលំនៅឋានប្រជាពលរដ្ឋ និងគំរាមចាប់ខ្លួនប្រជាពលរដ្ឋណា ដែលហ៊ានតវ៉ាចំពោះការឈូសឆាយវាទយកដីរបស់ក្រុមហ៊ុន។ ពលរដ្ឋអះអាងថា បានចូលកាន់កាប់ និងអាស្រ័យផលលើដីធ្លីចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ដោយមានប័ណ្ណកាន់កាប់ដីធ្លីទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ ជម្លោះដីធ្លីនេះ បានបណ្ដាលឱ្យពលរដ្ឋរាប់រយគ្រួសារ ក្នុងឃុំជីខលើ និងឃុំជីខក្រោម ក្នុងស្រុកស្រែអំបិល ត្រូវធ្លាក់ខ្លួនក្រីក្រ បាត់បង់មុខរបរធ្វើស្រែចម្ការលើដីខ្លួន ជំពាក់បំណុលធនាគារ ហើយក្មេងៗ ភាគច្រើនបាត់បង់ការសិក្សា។ អាស៊ីសេរីនៅមិនទាន់អាចទាក់ទង ឧកញ៉ា ហេង ហ៊ុយ ដើម្បីសុំការបំភ្លឺរឿងនេះបានថាយ៉ាងណានៅឡើយទេ នៅថ្ងៃដដែលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។