តុលាការខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនមនុស្ស ៤នាក់ ភាគច្រើនជាមន្ត្រីរាជការ និងបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនមនុស្ស ១០នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងករណីកាប់រានដីព្រៃអភិរក្សដោយខុសច្បាប់។ មន្ត្រីសង្គមស៊ីវិលសាទរវិធានការនេះ តែពួកគេស្នើឱ្យតុលាការ និងអាជ្ញាធរពាក់ព័ន្ធ អនុវត្តច្បាប់ព្រៃឈើជាប្រចាំ កុំចាំតែថ្នាក់លើបញ្ជាម្ដងម្កាល។
មន្ត្រីតុលាខេត្តមណ្ឌលគិរី ប្រាប់អាស៊ីសេរី នៅថ្ងៃទី៧ ខែតុលា ថា មកទល់ពេលនេះ មានមនុស្ស ៤នាក់ហើយ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅពន្ធនាគារខេត្តនេះ ពីបទកាប់រុករាន ទន្ទ្រានដីព្រៃអភិរក្សខុសច្បាប់ ដែលក្នុងនោះម្នាក់ឈ្មោះ ពៅ សុធារ៉ាន់ ជាអនុប្រធាននាយកដ្ឋានការពារព្រំដែនគោកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ចំណែកជនសង្ស័យ ៣នាក់ផ្សេងទៀត ក្នុងនោះពីរនាក់ជាមន្ត្រីរាជការ និងម្នាក់ទៀត មិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយទេ។
អ្នកនាំពាក្យតុលាការខេត្តមណ្ឌលគិរី លោក មាស ប្រុស មិនបញ្ជាក់លម្អិតថា តើជនសង្ស័យពីរនាក់នោះជាមន្ត្រីរាជការធ្វើការនៅស្ថាប័នណានោះទេ ដោយលោកគ្រាន់តែបង្ហើបថា ពួកគេធ្វើការក្នុងខេត្តមណ្ឌលគិរី។ លោកក៏បដិសេធមិនបង្ហាញអត្តសញ្ញាណមនុស្ស ១០នាក់ផ្សេងទៀត ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនទាក់ទិនករណីនេះដែរ ព្រោះចៅក្រមស៊ើបសួរកំពុងបើកការស៊ើបអង្កេត៖ «ចៅក្រមស៊ើបសួរ គាត់ចេញដីកាឃុំខ្លួនរួចហើយ អ៊ីចឹងទាល់តែចាប់បាន បានខ្ញុំជម្រាបទៅខាងបង។ គាត់មិនទាន់ឱ្យខ្ញុំដឹងថា គាត់ចេញដីកាពីគាត់ទៅកម្លាំង ទៅសមត្ថកិច្ចហ្មង ចេញពីចៅក្រមស៊ើបសួរ ទៅប៉េអិម (PM) ទៅស្នងការ ឬសមត្ថកិច្ចណា មានសមត្ថកិច្ចចាប់ អត់ចូលកន្លែងរដ្ឋបាលខ្ញុំទេ»។
កាលពីថ្ងៃទី៣០ កញ្ញា កងកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ រួមទាំងអាជ្ញាធរពាក់ព័ន្ធខេត្តមណ្ឌលគិរី បានចុះទប់ស្កាត់បទល្មើសព្រៃឈើ ឋិតនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង នៅចំណុចភ្នំខ្មោច ដែលជាតំបន់របៀងជីវចម្រុះ។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ អាជ្ញាធររកឃើញថា មានព្រៃអភិរក្សទំហំ ៤០ហិកតារ ត្រូវបានគេឈូសឆាយកម្ទេចធ្វើជាកម្មសិទ្ធិ។
ប្រធានបណ្ដាញសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភីរម្យ សាទរចំពោះវិធានការនេះ តែលោកស្រីចង់ឱ្យតុលាការ និងអាជ្ញាធរ អនុវត្តច្បាប់ព្រៃឈើដោយមិនរើសមុខ ជាពិសេសត្រូវស៊ើបអង្កេតព្រៃអភិរក្សនៅតំបន់ផ្សេងៗទៀត ដែលកំពុងរងការកាប់ទន្ទ្រានខុសច្បាប់បែបអនាធិបតេយ្យ មានជាប់ពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាន និងមន្ត្រីគ្រាក់ៗជាច្រើនទៀត ឃុបឃិតគ្នា៖ «មិនមែនតែម្នាក់ទេ គ្រប់មន្ទីរទាំងអស់ដែលពាក់ព័ន្ធលើដីព្រៃអភិរក្ស និងព្រៃសាធារណៈរបស់រដ្ឋគួរតែជាប់ទោសទៅ។ អត់ខ្វះទេច្រើនណាស់ដែលកំពុងតែលក់ដីរដ្ឋហ្នឹង ដែលលក់ដីរដ្ឋយូរហើយ មិនទាន់ជាប់ទោស។ ខ្ញុំគិតថា តុលាការគួរតែស្រាវជ្រាវបន្តទៀត ដោយសារមានមន្ត្រីច្រើនណាស់ធំៗ នៅក្នុងហ្នឹង»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្កើតក្រុមការងារអន្តរក្រសួង ចុះស៊ើបអង្កេតបទល្មើសព្រៃឈើ កាប់រុករានដីព្រៃអភិរក្សខុសច្បាប់នៅខេត្តមណ្ឌលគិរី ដោយរកឃើញថា មានមន្ត្រីរាជការ អភិបាលស្រុក និងមន្ត្រីយោធា សរុបជិត ២០នាក់ មានជាប់ពាក់ព័ន្ធករណីនេះ។
លោក ស ខេង បានស្នើទៅលោកនាយកមន្ត្រី ហ៊ុន សែន បញ្ចប់មុខតំណែងអាជ្ញាធរខេត្តមណ្ឌលគិរីជាង ១០រូប រួមទាំងមន្ត្រីយោធាផង ក្នុងនោះរួមមាន អភិបាលស្រុកកោះញែក លោក ស៊ិន វណ្ណវុឌ្ឍ មេឃុំស្រែព្រះ លោក ព្យើម ពេ មេឃុំសែនមនោរម្យ អ្នកស្រី ថ្វាន់ ត្រែល មេឃុំស្រែខ្ទុម លោក ប៊ុត សំអែល មេបញ្ជាការរងកងឯកភាពស្ថាបនាលេខ ៧១៦ លោក ថាន ប៊ុនធឿន រួមទាំងមន្ត្រីយោធា ១២នាក់ផ្សេងទៀត។
រដ្ឋាភិបាលបានសម្រេចដក លោក ស៊ិន វណ្ណវុឌ្ឍ ពីតំណែងអភិបាលស្រុកកោះញែក ហើយនិងឱ្យមន្ត្រីរូបនេះមកបម្រើការនៅក្រសួងមហាផ្ទៃវិញ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា មិនទាន់មានសេចក្តីសម្រេចណាមួយ ដកដំណែងមេឃុំទាំង ៣រូបនេះទេ ព្រោះការបញ្ចប់មុខដំណែងមេឃុំ/ចៅសង្កាត់ ត្រូវផ្អែកតាមអង្គប្រជុំក្រុមប្រឹក្សាឃុំ និងច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់។
ទោះជាយ៉ាងណា សារព័ត៌មានក្នុងស្រុកចុះផ្សាយថា លោក ស ខេង បានបានបញ្ជាឱ្យអភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង ដាក់ពិន័យមេឃុំទាំង៣ រូបនោះហើយ ហើយបើក្នុងករណីមិនរាងចាល នោះពួកគេនឹងត្រូវបញ្ចប់ពីមុខតំណែង។ ចំណែកមន្ត្រីយោធាជាង ១០រូបទៀត លោក ផៃ ស៊ីផាន បញ្ជាក់ថា លោកមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះក្រសួងមហាផ្ទៃបានស្នើឱ្យ ក្រសួងការពារជាតិអនុវត្តបន្តកិច្ចការងារនេះ។

ទោះជាយ៉ាងនេះក្តី មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា អាជ្ញាធរ និងមន្ត្រីយោធា ដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋព្រៃឈើ ប្រមុខរដ្ឋាភិបាល បានសម្រេចដាក់វិន័យរដ្ឋបាល នៅមិនទាន់គ្រប់គ្រាន់នោះទេ។ លោកថា សមត្ថកិច្ច និងស្ថាប័នអយ្យការត្រូវតែស៊ើបអង្កេតឱ្យច្បាស់លាស់ ដោយត្រូវនាំខ្លួនពួកគេមកអនុវត្តច្បាប់ជាធរមាន ដើម្បីកាន់បន្ថយវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍៖ «បទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីមិនមែនមានតែប៉ុណ្ណឹងទេ អ៊ីចឹងសមត្ថកិច្ចស្ថាប័នតុលាការត្រូវតែស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ យកមកផ្ដន្ទាទោស មិនមែនត្រឹមតែពិន័យ ឬអប់រំ ហើយថ្មីៗនេះ ឃើញមានការអប់រំ ការអនុវត្តច្បាប់ត្រូវស្មើភាពគ្នា ទាំងអ្នកមានអំណាច និងពលរដ្ឋ»។

ទាក់ទងនឹងករណីកាប់រានដីព្រៃនៅខេត្តមណ្ឌលគិរីនេះដែរ កាលពីថ្ងៃទី៦ ខែតុលា ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ និងអនុប្រធានព្រឹទ្ធសភា ២រូបទៀត បានណែនាំសមាជិកព្រឹទ្ធសភា លោក ណយ ស្រូន ឱ្យឈប់ពាក់ព័ន្ធនឹងរឿងនេះទៅទៀត តាមសំណើរបស់លោក ស ខេង។ សមាជិកព្រឹទ្ធសភា លោក ណយ ស្រូន បានសារភាពទទួលកំហុស និងសន្យាថា ឈប់ពាក់ព័ន្ធការទន្ទ្រានកាន់កាប់ដីខុសច្បាប់ នៅតំបន់ការពារធម្មជាតិទំហំជាង ៥រយហិកតារ (៥៣១) ក្នុងខេត្តមណ្ឌលគិរី។អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ម៉ម ប៊ុននាង ប្រាប់អាស៊ីសេរីថា ការដោះស្រាយបញ្ហានេះ មិនអាចបញ្ចប់ត្រឹមតែអប់រំណែនាំនោះទេ ព្រោះការចោទប្រកាន់នេះ អាស្រ័យលើបុគ្គលអនុវត្តជាក់ស្ដែង។ លោកបញ្ជាក់ថា ក្រោយពីព្រឹទ្ធសភាបានណែនាំ លោក ណយ ស្រូន រួចហើយ នឹងបើកផ្លូវឱ្យស្ថាប័នមានសមត្ថកិច្ចស៊ើបអង្កេតករណីនេះ។ លោកបញ្ជាក់ទៀតថា បើរកឃើញថា គាត់បានប្រព្រឹត្តបទល្មើសជាក់ស្ដែង កាប់រានដីព្រៃអភិរក្សខុសច្បាប់ លោកនឹងស្នើទៅព្រឹទ្ធសភា ពិចារណាក្នុងការដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភារូបនេះ៖ «យើងបញ្ជាក់ថា មិនទាន់បានដំណើរការអីទេ រង់ចាំការស៊ើបអង្កេតពីនីតិវិធីច្បាប់មកសិន។ បើមានស្ថានទម្ងន់ពាក់ព័ន្ធច្បាប់ ដែលក្រសួងយុត្តិធម៌បានស្នើ អាហ្នឹងគឺយើង ចាត់វិធានការ យោងតាមមាត្រា ១០៤ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញទៀត»។
ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិល និងជនជាតិដើមភាគតិច ជំរុញឱ្យតុលាការអនុវត្តច្បាប់លើសមាជិកព្រឹទ្ធសភារូបនេះ ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាល ដែលមានបំណងចង់បញ្ចប់វប្បធម៌និទ្ទណ្ឌភាព។ ពួកគេអះអាងថា អាជ្ញាធរ ឬមន្ត្រីទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងបទល្មើសកាប់រានដីព្រៃ ក៏ត្រូវមានទោសដូចជនប្រព្រឹត្តដែរ មិនមែនត្រឹមសូមទោស ហើយរួចខ្លួននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។