សហគមន៍ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី ចោទក្រុមហ៊ុនមេហ្គាហ្វើស ខបភើរ៉េសិន ប៊េហាដ (Mega First Corporation Berhad) ថា បន្តឈូសឆាយពង្រីកផ្ទៃដីសម្បទាន ៥០ហិកតារទៀត ធ្វើឱ្យប៉ះពាល់ព្រៃកប់សព ព្រៃអារក្ស ព្រៃជំនឿ និងបំផ្លាញប្រភពទឹកអូរធម្មជាតិដែលពលរដ្ឋរាប់ពាន់គ្រួសារអាស្រ័យផល។ សហគមន៍ចោទថា កន្លងទៅក្រុមហ៊ុននេះ អនុវត្តផ្ទុយពីគោលការណ៍វិនិយោគ ប៉ុន្តែអាជ្ញាធរខេត្តនៅមិនទាន់ដោះស្រាយចប់នៅឡើយទេ ហើយនៅបណ្ដោយឱ្យក្រុមហ៊ុនឈូសឆាយបន្តទៀត។
តំណាងជនជាតិដើមភាគតិចព្នង (ពូនង) មកពីឃុំចំនួន ២ គឺឃុំប៊ូស្រា ក្នុងស្រុកពេជ្រាដា និងឃុំដាក់ដាំ ស្រុកអូររាំង ចាត់ទុកការឈូសឆាយនេះ កំពុងប្រមាថអត្តសញ្ញាណ និងវប្បធម៌របស់ជនជាតិដើមភាគតិចធ្ងន់ធ្ងរ។
តំណាងសហគមន៍ លោក ក្លាថ ថូល ឱ្យដឹងនៅថ្ងៃទី៣១ ឧសភា ថា ក្រុមហ៊ុនមេហ្គាហ្វើស បានប្រើគ្រឿងចក្រ ៣គ្រឿង ឈូសឆាយព្រៃអាស្រ័យផល និងព្រៃជំនឿរបស់ជនជាតិដើមភាគតិច នៅចំណុចភូមិចាស់ និងចំណុចឡុងមាំង អស់ប្រមាណ ៥០ហិកតារទៀតនៅរយៈពេល ២សប្ដាហ៍ចុងក្រោយនេះ។ លោកចាត់ទុកការឈូសឆាយនេះ ថា ជាការបំផ្លាញព្រៃកប់សព រុក្ខជាតិកម្រ និងព្រៃជំនឿសល់ចុងក្រោយ៖ «ផ្នូរចាស់ៗពីមុនហ្នឹង ហើយឥឡូវហ្នឹងក្រុមហ៊ុន មិនអនុវត្តតាម គោលការណ៍របស់រដ្ឋាភិបាល ហើយចេញតែឈូសឆាយអី អត់មាន ឃើញព្រៃតំណម ក៏អត់ឆ្វៀល ឃើញព្រៃខ្មោចក៏អត់ឆ្វៀល អ៊ីចឹងគាត់រំលោភសិទ្ធិ ពលរដ្ឋខាងជនជាតិដើមភាគតិចព្នងពួកខ្ញុំ។ គេរំលោភអស់អាលីង ថ្មីៗ ៥០ហិកតារ»។
តំណាងសហគមន៍រូបនេះ បន្ថែមថា កាលពីឆ្នាំ ២០១៩ អ្នកភូមិ ៥០នាក់ តំណាងឱ្យជនជាតិដើមភាគតិចជាង ៥០០គ្រួសារ បានផ្តិតមេដៃ សុំកិច្ចអន្តរាគមន៍ ទៅអាជ្ញាធរខេត្ត ដើម្បីទាមទារដីទំហំ ៣ពាន់ហិកតារ ពីក្រុមហ៊ុនមេហ្គាហ្វើស។ ខ្លឹមសារលិខិតនោះ ចោទក្រុមហ៊ុន អនុវត្តខុសពីគោលការណ៍វិនិយោគ ដោយឈូសឆាយបំពានតំបន់ព្រៃសក្ការៈ ជម្រកសត្វកម្ររស់នៅ ប៉ះពាល់ទឹកអូរផ្លាយ និងអូរពុល ដែលជាប្រភពទឹកយ៉ាងសំខាន់ដែលអ្នកភូមិ ចំនួន ៣ស្រុក អាស្រ័យផល។
សហគមន៍ជនជាតិដើមភាគតិចព្នង លោក គ្រើង តុលា ថ្លែងថា ដីព្រៃដែលក្រុមហ៊ុនឈូសឆាយនោះ ពួកគេធ្លាប់ស្នើទៅក្រសួងបរិស្ថាន ដាក់បញ្ចូលជាព្រៃអភិរក្សសមូហភាពមានទំហំ ៦ពាន់ហិកតារ ព្រោះនៅទីនោះ ជាព្រៃផ្ដល់សក្ដានុពលដូចជា ទឹកអូរធម្មជាតិ និងរុក្ខជាតិកម្រ ទ្រទ្រង់ជីវភាពពលរដ្ឋ។ លោកថា មកទល់ពេលនេះ ក្រុមហ៊ុនបានផ្អាកការឈូសឆាយហើយ ក៏ប៉ុន្តែក្រុមជនជាតិដើមភាគតិច កំពុងពិភាក្សារឿងនេះ ទាមទារឱ្យក្រុមហ៊ុនទទួលខុសត្រូវរាល់ការបាត់បង់ ដីព្រៃអភិរក្សនៅតំបន់នោះ៖ «គាត់បំផ្លាញតាំងពីព្រៃកប់សព ព្រៃតំណម រុក្ខជាតិកម្រ ជម្រកសត្វគាត់កំពុងរំលោភលើវប្បធម៌ របស់ពួកខ្ញុំខ្លាំងមែនទែន។ គាត់កំពុងប្រមាថ វប្បធម៌របស់ជនជាតិដើមភាគតិច តែម្ដង បាទ»។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមេហ្គាហ្វើស (Mega First Corporation Berhad) របស់ប្រទេសម៉ាឡេស៊ី ទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលជាង ៩ពាន់ហិកតារ នៅស្រុកអូររាំង តាំងពីឆ្នាំ២០១២។ តំណាងក្រុមហ៊ុនធ្លាប់អះអាងថា ខ្លួនបានកាត់ឆ្វៀលផលប៉ះពាល់ទំហំ ៣ពាន់ហិកតារ ហើយបច្ចុប្បន្នក្រុមហ៊ុននៅសល់ដីជាង ៦ពាន់ហិកតារប៉ុណ្ណោះ។
អាស៊ីសេរីបានព្យាយាមទាក់ទង តំណាងក្រុមហ៊ុនមេហ្គាហ្វើស ដើម្បីសុំការបំភ្លឺករណីនេះ ប៉ុន្តែអ្នកទទួលទូរស័ព្ទឆ្លើយថា ច្រឡំលេខ។
ចំណែកអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា មានប្រសាសន៍ថា ដីដែលក្រុមហ៊ុនឈូសឆាយនោះ ពុំមែនជា ព្រៃកប់សព និងព្រៃជំនឿរបស់សហគមន៍នោះទេ ហើយកន្លងទៅ អាជ្ញាធរជំនាញពាក់ព័ន្ធបានវាស់វែង សិក្សាពីផលប៉ះពាល់រួចរាល់ហើយ និងគ្រោងបោះបង្គោលកំណត់ព្រំឆាប់ៗនេះ។ លោកថា ដីព្រៃនៅតំបន់នោះ កន្លងទៅ តំណាងក្រុមហ៊ុន សហគមន៍ និងអាជ្ញាធរបានឯកភាពឱ្យក្រុមហ៊ុន វិនិយោគរួចរាល់ហើយ។ លោកបញ្ជាក់ថា ប្រសិនបើពលរដ្ឋមិនពេញចិត្តការឈូសឆាយនេះទេ អាចប្តឹងមករដ្ឋបាលស្រុក និងខេត្តបាន៖ «រឿងឈូសឆាយដីព្រៃ អារក្សអ្នកតា គ្មានទេ ដីហ្នឹងគេកាត់ចេញហើយ និងបានឯកភាពគ្នា នៅតែថ្ងៃយើងទៅបោះបង្គោលឆ្វៀលទេ។ ទាល់តែទៅមើលទាំងអស់គ្នាបានច្បាស់ បើគាត់ថា តែម្នាក់គាត់អ៊ីចឹង អត់កើតទេ ត្រង់ណាថា ត្រង់ណាក៏ដីតម ដីព្រៃគាត់អ៊ីចឹង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី ចាត់ទុកការឈូសឆាយនោះ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់អត្តសញ្ញាណ ប្រពៃណី និងវប្បធម៌របស់ជនជាតិដើមភាគតិចធ្ងន់ធ្ងរ ព្រោះនៅតំបន់នោះ ជាព្រៃជំនឿ និងព្រៃអាស្រ័យផលរបស់ពួកគេ។ លោកថា កន្លងទៅ មានបញ្ហាប្រឈមជាច្រើនដែលពលរដ្ឋប្ដឹងក្រុមហ៊ុនថា រំលោភកិច្ចសន្យាវិនិយោគ ហើយអាជ្ញាធរមិនទាន់ដោះស្រាយចប់ផង ស្រាប់តែក្រុមហ៊ុនបែរជាឈូសឆាយបន្តទៀត ធ្វើឱ្យពលរដ្ឋខឹងសម្បារ៖ «អ្នកពាក់ព័ន្ធគួរតែពិនិត្យពិចារណា ឬក៏ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ដើម្បីដោះស្រាយរឿងហ្នឹង ចៀសវៀងអូសបន្លាយពេលទុកយូរ ធ្វើពលរដ្ឋម្ចាស់អំណាច គាត់អស់ជំនឿលើអាជ្ញាធរទាំងអស់ហ្នឹង»។
តំណាងសហគមន៍ជនជាតិដើមភាគតិចបន្ថែមថា ដីព្រៃដែលក្រុមហ៊ុនកំពុងឈូសឆាយនោះ ធ្លាប់ជាព្រៃស្រោង ជម្រកសត្វព្រៃរស់នៅ រុក្ខជាតិកម្រ ភូមិចាស់ នៃកុលសម្ព័ន្ធជនជាតិដើមភាគតិច និងជាប្រភពចំណូលរបស់សហគមន៍។ លោកថា ពលរដ្ឋចំនួនពីរឃុំ បង្ហាញឆន្ទៈមុតមាំថា នឹងការពារធនធានធម្មជាតិនៅតំបន់នោះ ឱ្យគង់វង្ស ភ្ជាប់ជាមួយប្រពៃណី និងជីវភាពរស់នៅរបស់សហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។