មន្ត្រីសង្គមស៊ីវិល និងជនជាតិដើមភាគតិចកាចក់ ១២ភូមិ នៅខេត្តរតនគិរី ខកចិត្តនឹងអាជ្ញាធរខេត្តនេះថា គ្មានភាពច្បាស់លាស់ ដោះស្រាយជម្លោះដីធ្លី រវាងប្រជាសហគមន៍ជាង ១ពាន់គ្រួសារ និងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL) ទេ។ ពួកគេថា ជម្លោះដីធ្លីនេះ បានអូសបន្លាយពេលជិត ១០ឆ្នាំមកហើយ អាជ្ញាធរនៅរារែកមិនបែងចែកដីឱ្យដាច់ស្រឡះ រវាងដីប្រើប្រាស់សមូហភាពរបស់សហគមន៍ និងដីដែលរដ្ឋាភិបាលវិនិយោគឱ្យក្រុមហ៊ុនវៀតណាម។
សហគមន៍ ១២ភូមិ រស់នៅស្រុកអូរជុំ និងស្រុកអណ្ដូងមាស ជាប់ព្រំប្រទល់ប្រទេសវៀតណាម ចាត់ទុកភាពយឺតយ៉ាវ មិនកាត់ឆ្វៀលដីទំហំ ៧២៤ហិកតារ ពីក្រុមហ៊ុនវៀតណាមហ័ងអាញ់ យ៉ាឡាយ គឺស្មើនឹងផ្ដល់ឱកាសឱ្យក្រុមហ៊ុនខ្នាតយក្សមួយនេះ បន្តរំលោភម្ដងហើយម្ដងទៀត លើដីព្រៃកប់សព និងដីព្រៃច្រប់ ដែលជាប្រភពទឹកអូរធម្មជាតិយ៉ាងសំខាន់ ដែលអ្នកភូមិប្រើប្រាស់។
តំណាងសហគមន៍រស់ភូមិកាក់ ឃុំតាឡាវ លោក សេវ ស៊ើន ឱ្យដឹងនៅថ្ងៃទី២ មិថុនាថា រយៈពេលជាង ២ឆ្នាំមកហើយ ដែលអាជ្ញាធរ និងក្រុមហ៊ុន សន្យាថា នឹងកាត់ឆ្វៀលដី ជាង ៧រយហិកតារ ឱ្យសហគមន៍ប្រើប្រាស់សមូហភាព ក៏ប៉ុន្តែមកទល់ពេលនេះ គ្មានតម្រុយលទ្ធផលនៅឡើយទេ។ លោកថា ភាពយឺតយ៉ាវនេះ ក្រុមហ៊ុននៅតែឈូសឆាយ រំលោភដីព្រៃកបសព ដីព្រែច្រប់ និងដីព្រៃសមូហភាពរបស់ពួកគេ អស់ជាង ១០ហិកតារ ជាថ្មីទៀត៖ «កាលមុនហ្នឹង ចុច GPS ព្រមព្រៀងគ្នាថាកាត់ឱ្យ ប៉ុន្តែតាំងពីឆ្នាំ២០១៨ ប៉ុន្តែមិនទាន់មានលាក់លក្ខអក្សរទេ ហើយបង្គោលក៏មិនទាន់ដាំឱ្យទេ » ។
តំណាងសហគមន៍រូបនេះ បង្ហាញការសោកស្ដាយ នូវការបង់បង់ដីធ្លី និងព្រៃឈើយ៉ាងធំធេង ក្រោយពីមានវត្តមានក្រុមហ៊ុននេះ វិនិយោគដីសម្បទានសេដ្ឋកិច្ចនៅតំបន់នោះ។ លោកថា ក្រុមហ៊ុន មិនបានកាត់ឆ្វៀលផលប៉ះពាល់ តាមកិច្ចសន្យាវិនិយោគនោះទេ។ ចំណែកជនជាតិដើមភាគតិច រាប់ពាន់គ្រួសារ បានបាត់បង់ព្រៃអាស្រ័យផល កន្លែងឃ្វាលគោក្របី ព្រៃអារក្ស ទឹកអូរធម្មជាតិ និងព្រៃកប់សព ជាពិសេសការធ្លាក់ចុះនូវប្រព័ន្ធសេដ្ឋកិច្ចជាដើម៖ «ឈូសឆាយកន្លែងកប់សព ហើយដីច្រប់ គឺបេះដូងជនជាតិដើមភាគតិច តែពឹងផ្អែកលើ ទី១ បន្លែ និងទី២ ខ្មោចរបស់អ្នកភូមិ ដែលថា កូនចៅនៅគាត់ ហ្នឹងហើយពាក់ព័ន្ធលើជនជាតិដើមភាគតិច » ។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក នាង សំអាត ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួល ថ្ងៃទី២ មិថុនា។
តែទោះយ៉ាងណា អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក នាង សំអាត ធ្លាប់ប្រាប់អាស៊ីសេរីកាលពីពេលថ្មីៗ នេះថា (ចុងខែឧសភា) អាជ្ញាធរខេត្តនឹងចាត់ឱ្យមន្ត្រីចុះទៅពិនិត្យករណីនេះ។ លោកបញ្ជាក់ថា អាជ្ញាធរខេត្តមានសិទ្ធិត្រឹមសម្របសម្រួល និងលើកសំណើទៅថ្នាក់លើប៉ុណ្ណោះ តែការសម្រេចយ៉ាងណានោះ គឺស្ថិតនៅលើក្រសួងកសិកម្ម។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ដើម្បីសុំការបំភ្លឺរឿងនេះតែទូរស័ព្ទ ហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃដដែលនេះ។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និង តំណាងក្រុមហ៊ុន ហ័ង អាញ់ យ៉ា ឡាយ (HAGL) ក៏មិនអាចទាក់ទងបានដែរ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី ដែលចុះអង្កេតរឿងនេះ លោក ឌិន ខន្នី មើលឃើញថា អាជ្ញាធរខេត្តនេះ គ្មានឆន្ទៈដោះស្រាយ ជម្លោះដីធ្លី រ៉ាំរ៉ៃនេះ ឱ្យដាច់ស្រឡះនោះទេ ធ្វើឱ្យជនជាតិដើមភាគតិច នៅតែរងគ្រោះដដែលៗ គ្មានទីបញ្ចប់។ លោកចាត់ទុក ការឈូសឆាយដីសហគមន៍ជាថ្មីទៀតនេះ ជាអំពើរំលោភសិទ្ធិជនជាតិដើមភាគតិច និងប៉ះពាល់ដល់ប្រពៃណីវប្បធម៌របស់ពួកគេ ។ លោកថា ប្រសិនបើអាជ្ញាធរមានឆន្ទៈ ដោះស្រាយ ជម្លោះដីធ្លីនេះ នឹងមិនពិបាកនោះទេ ៖ «បើកាលណាដែល ជនជាតិដើមភាគតិចគាត់ ពឹងលើអាស្រ័យផល ធ្វើស្រែចម្ការ ក្នុងការចិញ្ចឹមជីវិត របស់គាត់ ជារៀងរាល់ថ្ងៃ។ អ៊ីចឹងបើកាលណា គាត់អត់មានដីធ្វើស្រែចម្ការ គាត់អស់ដីទៅ អត់បានធ្វើស្រែចម្ការទេ។ អាហ្នឹងវាប៉ះពាល់អ្នកជំនាន់ក្រោយរបស់គាត់ ដែលរងគ្រោះខ្លាំង គឺអ្នកជំនាន់ក្រោយ » ។
អង្គការសមធម៌កម្ពុជា (Equitable Cambodia) បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីចុង ខែឧសភាថា ក្រុមហ៊ុនវៀតណាមនេះ បានឈូសឆាយដីភ្នំអារក្សចំនួនពីរកន្លែង តំបន់ដីសើម តំបន់បរបាញ់សត្វតាមបែបប្រពៃណី និងដីកប់សពរបស់អ្នកភូមិ។ អង្គការដដែលនេះបន្តថា ទង្វើរបស់ក្រុមហ៊ុនបានបំផ្លាញដីព្រៃ និងបណ្ដាលឱ្យខូចខាតមិនអាចស្ដារឡើងវិញបាននូវដីដែលមានតម្លៃខាងជំនឿមិនអាចកាត់ថ្លៃបាន ចំពោះសហគមន៍។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍អន្តរជាតិដែលមានការចូលរួម (IDI) លោក ដេវីដ ប្រេដ (David Pred) លើកឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មាននោះថា ក្រុមហ៊ុននេះបានឆក់ឱកាសពីការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ មកបិទបាំង ដើម្បីឈូសឆាយដីជនជាតិដើមភាគតិចដោយខុសច្បាប់ថែមទៀត ដែលនេះគឺជារឿងអាក្រក់ហួសថ្លែង។
សហគមន៍ ជនជាតិដើមភាគតិចថា កាលពីឆ្នាំ ២០១៨ អភិបាលខេត្តរតនគិរីបានស្នើទៅក្រសួងកសិកម្ម និងក្រសួងបរិស្ថានកាត់ឆ្វៀលតំបន់មានជម្លោះជាង ៦០កន្លែងមានទំហំ ៧២៤ហិកតារ រួមមាន តំបន់ភ្នំ ដីចម្ការវិលជុំ ព្រៃអារក្ស ព្រៃកប់សព កន្លែងឃ្វាលគោក្របី និង តំបន់ប្រភពទឹកអូរធម្មជាតិដែលជាកន្លែងសហគមន៍អាស្រ័យផលប្រគល់ជូនពលរដ្ឋវិញ។ អ្នកភូមិថា ព្រៃស្រោង និងព្រៃអារក្សដែលពួកគេ គោរពបូជាបានក្លាយជាចម្ការកៅស៊ូរបស់ក្រុមហ៊ុនវៀតណាមអស់ស្ទើរទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។