សង្គមស៊ីវិលឃ្លាំមើលសិទ្ធិមនុស្ស នៅខេត្តបន្ទាយមានជ័យ ស្នើសុំឲ្យមានការស៊ើបអង្កេតតំណាងអយ្យការម្នាក់ ដែលសង្ស័យថា បានបញ្ជាសមត្ថកិច្ចឲ្យចាប់ និងឃុំខ្លួន តំណាងពលរដ្ឋមានជម្លោះដីធ្លី នៅស្រុកអូរជ្រៅ ដាក់ពន្ធនាគារ។ តំណាងពលរដ្ឋមានជម្លោះដីធ្លី ដែលរងការឃុំខ្លួន ចាត់ទុកទង្វើ របស់ព្រះរាជអាជ្ញារង ដែលបញ្ជាឲ្យឆ្មាំពន្ធនាគារខេត្ត ឃុំខ្លួនលោកទាំងគ្មានកំហុសជារឿងខ្លោចផ្សាសតិអារម្មណ៍ សម្រាប់គ្រួសារ និងសហគមន៍មានជម្លោះដីធ្លី ទាំង ៣៥គ្រួសារ។
សមាគមការពារសិទ្ធិមនុស្ស អាដហុក និងអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្តបន្ទាយមានជ័យ ហៅការចាប់ និងឃុំខ្លួន តំណាងពលរដ្ឋមានជម្លោះដីធ្លី លោក សៀន វី ជាការមិនទទួលខុសត្រូវ និងមានបំណងចង់ បំភិតបំភ័យ គំរាមកំហែង សហគមន៍ជម្លោះដីធ្លី កុំឲ្យហ៊ានចេញតវ៉ា។
អ្នកសម្របសម្រួលអង្គការលីកាដូ ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត យល់ថា ស្ថាប័នមានសមត្ថកិច្ច ត្រូវចាត់វិធានការស៊ើបអង្កេត ព្រះរាជអាជ្ញារង លោក តេង សាម៉ៃ លើករណីនេះ ព្រោះជាការបង្ខាំងមនុស្សខុសច្បាប់។ លោក ថា ប្រសិនមានស៊ើបអង្កេត នោះទើបជាដំណោះស្រាយ និងជាវិធានការសម្រាប់មន្ត្រីតុលាការផ្សេងទៀត កុំឲ្យប្រើអំណាចរំលោភច្បាប់ ឃុំមនុស្សតាមតែអំពើចិត្ត៖ « ករណីនេះ យើងឃើញវាអាចមានភាពមិនប្រក្រតី អ៊ីចឹងថ្នាក់លើនៅខាងអធិការកិច្ចនៃក្រសួងយុត្តិធម៌ គួរតែធ្វើការស៊ើបអង្កេតករណីហ្នឹងណា ដើម្បីបង្ការកុំឲ្យកើតមានករណីហ្នឹងទៀតនៅអយ្យការអមសាលាដំបូងខេត្តផ្សេងៗ »។
តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកព្រះរាជអាជ្ញារង តេង សាម៉ៃ បានបង្គាប់ឲ្យសមត្ថកិច្ចចាប់ និងឃុំខ្លួន លោក សៀន វី ដាក់ពន្ធនាគារ ឃុំ២យប់ នៅយប់ថ្ងៃទី២៧ និង ២៨ មិថុនា ទាំងដឹងថា លោក សៀន វី មានដីកាព្យួរទោសរបស់សាលាឧទ្ធរណ៍ ចេញកាលពីខែមេសា។ មុនការឃុំខ្លួន នៅពន្ធនាគារខេត្ត លោក សៀន វី ត្រូវបានប៉ូលិសស្រុកអូរជ្រៅ ឃុំខ្លួនលោក មួយយប់នៅក្នុងអធិការដ្ឋានស្រុកអូរជ្រៅ គឺមុនពេលបញ្ជូន លោក សៀន វី ទៅស្នងការខេត្ត។
លោក សៀន វី ត្រូវលោក តេង សាម៉ៃ ប្រើឋានៈជាព្រះរាជអាជ្ញាស្ដីទីនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោះលែងវិញ នៅថ្ងៃទី២៩ មិថុនា ដោយចេញដីកាថ្មីមួយទៀត គឺដីកាដោះលែងទណ្ឌិត ហើយសម្រេចព្យួរទោសធម្មតា និងដោះលែងឲ្យមានសេរីភាពឡើងវិញ។
លោក សៀន វី គឺជាតំណាងពលរដ្ឋចំនួន ៣៥គ្រួសារ មានជម្លោះដីធ្លី ជាមួយអ្នកមានទ្រព្យ នៅខេត្តបន្ទាយមានជ័យម្នាក់ ឈ្មោះ ស៊ុន ឈីវ។ ដីមានទំនាស់ទំហំសរុប ១១៣ហិកតារ ឈ្លោះទាស់ទែងគ្នា តាំងពីឆ្នាំ២០១១ គឺតាំងពីមិនទាន់កកើតជាដីភូមិ។ បច្ចុប្បន្ន ដីជម្លោះ ត្រូវបានអាជ្ញាធរបង្កើតជាភូមិដាក់ឈ្មោះថា ភូមិអូរស្វារអិល ស្ថិតនៅឃុំនិម្មិត ស្រុកអូរជ្រៅ។
តំណាងពលរដ្ឋមានជម្លោះរូបនេះ រៀបរាប់ថា កាលឆ្នាំ២០១៦ ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ឈ្មោះ ជួន វណ្ណៈ បានសម្រេចឲ្យលោក និងពលរដ្ឋមានជម្លោះដីធ្លីដទៃទៀត ចាញ់ក្ដីភាគីជម្លោះដីធ្លីជាអ្នកមានទ្រព្យ។ ពេលនោះ ចៅក្រម ជួន វណ្ណៈ បានផ្ដន្ទាទោសដាក់ពន្ធនាគារលោក ២ខែ និងពិន័យប្រាក់ ១០ម៉ឺនរៀល។ ក្រោយមក ព្រះរាជអាជ្ញារង លោក តេង សាម៉ៃ នៅខែវិច្ឆិកា ចុងឆ្នាំ២០១៨ បានចោទប្រកាន់លោកម្ដងទៀត និងចេញដីកាឲ្យចាប់ខ្លួនលោក ពីបទមិនគោរពតាមសាលក្រម ចេញដោយចៅក្រម ជួន វណ្ណៈ ដោយនៅតែបន្តដឹកនាំពលរដ្ឋមានជម្លោះដីធ្លី ចូលទៅកាន់កាប់ និងដាំដំណាំលើដីមានជម្លោះ។ ប៉ុន្តែ លោកបានប្ដឹងទៅសាលាឧទ្ធរណ៍ ហើយនៅពាក់កណ្ដាលខែមេសា សាលាឧទ្ធរណ៍បានសម្រេចព្យួរទោសលោក។
លោក សៀន វី សង្ស័យថា ព្រះរាជអាជ្ញារង លោក តេង សាម៉ៃ ទទួលសំណូកទើបមានការចាប់ខ្លួន លោក យកទៅឃុំក្នុងពន្ធនាគារទាំងបំពានច្បាប់ បើទោះជាបានដឹងថា មានដីកាព្យួរទោសរបស់សាលាឧទ្ធរណ៍ហើយក៏ដោយ។ លោកថា សមត្ថកិច្ចស្រុកអូរជ្រៅ ៤នាក់ បានចូលចាប់ខ្លួនលោក ដល់ក្នុងផ្ទះ នៅព្រលប់ថ្ងៃទី២៦ មិថុនា។ នៅដំណាក់កាលសមត្ថកិច្ចស្រុក និងខេត្ត ប្រពន្ធលោក បានបង្ហាញសាលដីកាព្យួរទោសរបស់សាលាឧទ្ធរណ៍ តែសមត្ថកិច្ចនៅតែបន្តយកលោក ទៅតុលាការ។ ក្រោយមកទៀត អនុរក្សពន្ធនាគារ បានប្រកែកជាមួយសមត្ថកិច្ច ដែលនាំខ្លួនលោក ទៅពន្ធនាគារថា មិនហ៊ានឃុំខ្លួនលោកទេ ព្រោះមិនត្រូវច្បាប់។ តែក្រោយទទួលទូរស័ព្ទរបស់លោកព្រះរាជអាជ្ញារង តេង សាម៉ៃ រួច ទើបឆ្មាំពន្ធនាគារ ចាប់បញ្ជូនលោកទៅឃុំក្នុងបន្ទប់មួយ ជាមួយក្រុមក្មេងស្ទាវមួយក្រុម៖ « ខាងពន្ធនាគារ គាត់ថា មិនចង់ហ៊ានទទួលដែរ។ តែដល់ពេលខាងលោក តេង សាម៉ៃ ព្រះរាជអាជ្ញាស្ដីទីហ្នឹងគាត់តេ (Call) ទៅ ស្រាប់តែយកខ្ញុំទៅដាក់។ មុនដំបូងគាត់ប្រកែកថា អត់ហ៊ានទទួលអ៊ីចឹងណា ព្រោះទទួលមនុស្សអត់មានដីកាឃុំខ្លួន អ៊ីចឹង វាខុសច្បាប់។ គាត់និយាយអ៊ីចឹងណា លោកគ្រូ។ គាត់និយាយនៅមុខខ្ញុំ។ មុនដំបូងអត់ទទួលទេ ដល់ពេល តេង សាម៉ៃ គេតេមក មិនដឹងថា ត្រូវស្នេហ៍គេយ៉ាងម្ដេច គេបញ្ជូនខ្ញុំចូលគុក គ្មានឃុំខ្លួនឯណា ដាក់ក្នុងគុកជាមួយអាក្មេងស្ទាវ។ អ៊ីចឹងមានតែសំណូមពរទៅដល់មន្ត្រីថ្នាក់លើ ដូចជា សម្ដេចនាយក សូមពិនិត្យមើលកូនចៅនៅខាងក្រោមផង កុំឲ្យគាត់ចេះតែធ្វើ នឹកឃើញធ្វើអ៊ីចឹង ងាប់អស់ហើយប្រជាពលរដ្ឋស្លូតត្រង់។ សំណូមពរទៅដល់លើៗ ឲ្យគាត់បានពិនិត្យកូនចៅនៅក្រោមផង ព្រោះនៅក្រោមនេះ ចេះតែទៅហើយ ចេះតែចាប់មនុស្សដាក់គុក អ៊ីចឹង មិនកើតទេ » ។
លោក សៀន វី ថានេះជាលើកទី១ ហើយ តាំងពីចេញតវ៉ាដីធ្លីមក ដែលលោករងការឃុំខ្លួន ក្នុងពន្ធនាគារ ព្រោះកន្លងមក លោកធ្លាប់រងការចាប់ខ្លួនរឿងជម្លោះដីធ្លីដែរ តែឃុំខ្លួនត្រឹមប៉ុស្តិ៍ប៉ូលិស។ លោកថា ការឃុំខ្លួនលោកក្នុងពន្ធនាគារ ជាការប្រមាថ និងធ្វើឲ្យបាត់សេចក្ដីថ្លៃថ្នូររបស់គ្រួសារលោកទាំងមូល។ លោក សៀន វី សុំអង្វរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីថ្នាក់លើ ពិនិត្យមើលករណីនេះ និងចាត់វិធានការធានាកុំឲ្យមានរឿងអយុត្តិធម៌បែបនេះកើតឡើងទៀត៖ « អាផ្លូវចិត្តហ្នឹង វាដូចធ្វើបាបអ៊ីចឹង។ ធ្វើខុសទំនងពេក បើត្រឹមតែឃុំខ្លួននៅកន្លែងក្រៅមិនអ្វីទេ ព្រោះខ្ញុំត្រូវគេចាប់ឆ្នាំ២០១៧ មួយសារហើយ តែគេយកទៅឃុំខ្លួននៅកន្លែងធម្មតាសិន គេមិនយកទៅដាក់គុក។ នេះចាប់ភ្លាមយកទៅដាក់គុកជាមួយក្មេងស្ទាវអ៊ីចឹងណា។ យើងអ្នកជាប់គុកហ្នឹង ការរើសអើងវាមានហើយ ព្រោះមនុស្សជាប់គុក លោកគ្រូដឹងហើយ មនុស្សជាប់គុកអ៊ីចឹងណា តាំងពីអើយមក តែមានឈ្មោះថា ជាប់គុកហើយ គេថា មនុស្សអត់ល្អហើយ។ ប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសារ ។ ពិតហើយ រឿងហ្នឹង ព្រោះប្រពៃណីខ្មែរយើង គាត់ថា មនុស្សធ្លាប់មានទោស។តាមពិតយើងមិនមានទោសអ្វីផង ដល់ពេលយកទៅដាក់គុកអ៊ីចឹង ខូចកិត្តិយស ខូចអ្វី » ។
លោក សៀន វី អាយុ ៤៩ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរជ្រៅ ស្រុកអូរជ្រៅ គឺជាអ្នកបង់សំណាញ់ រកត្រី ចិញ្ចឹមជីវិត។ នៅពេលសមត្ថកិច្ច ចាប់ខ្លួនលោក នៅពេលព្រលប់ថ្ងៃទី២៦ មិថុនា គឺនៅពេលលោកទើបមកពីបង់សំណាញ់រកត្រីវិញ។ លោកថា ការឃុំខ្លួនលោកទាំងបំពាននៅអធិការស្រុក និងនៅក្នុងពន្ធនាការប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យប្រពន្ធ និងកូនលោក ពិបាកក្នុងជីវភាពធ្ងន់ធ្ងរ។
អាស៊ីសេរី បានទូរស័ព្ទ សុំការបំភ្លឺពីព្រះរាជអាជ្ញារង លោក តេង សាម៉ៃ ច្រើនថ្ងៃហើយ គឺចាប់តាំងពីថ្ងៃទី២៧ មិថុនាមក ប៉ុន្តែលោកចុចបិទពេលទូរស័ព្ទចូល។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់អាស៊ីសេរី ថា បើពលរដ្ឋ ឬភាគីពាក់ព័ន្ធ មានភស្តុតាងត្រឹមត្រូវ អាចប្ដឹងករណីនេះ ទៅក្រសួងយុត្តិធម៌ និងឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម បាន៖ « នីតិវិធីរបស់តុលាការ ប្រសិនបើភាគីពាក់ព័ន្ធមានភស្តុតាងច្បាស់លាស់ មានមូលដ្ឋានច្បាស់លាស់ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីរបស់ព្រះរាជអាជ្ញា ចៅក្រមណាមួយ យើងអាចប្ដឹងមកក្រសួងយុត្តិធម៌ក៏បាន ប្ដឹងទៅឧត្ដមក្រុមប្រឹក្សាអង្គចៅក្រមក៏បាន។ គេនឹងពិនិត្យមើលបណ្ដឹងរបស់យើង តើមានភស្តុតាងគ្រប់គ្រាន់ដែរឬទេ បើមានគេនឹងធ្វើអធិការកិច្ច » ។
អ្នកសម្របសម្រួលសមាគម អាដហុក ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គារ ហៅការឃុំខ្លួន តំណាងពលរដ្ឋមានជម្លោះដីធ្លី ជាបទល្មើសបង្ខាំងមនុស្សខុសច្បាប់។ សង្គមស៊ីវិលរូបនេះ អះអាងថា ព្រះរាជអាជ្ញារង លោក តេង សាម៉ៃ បានបញ្ជាឲ្យចាប់មនុស្ស និងបង្ខាំមនុស្សខុសច្បាប់ ហើយការចេញដីកាដោះលែងវិញ ក៏ធ្វើឡើងទាំងមានកំហុសដែរ។ លោក ស៊ុំ ចាន់គារ គ្មានជំនឿថា ស្ថាប័នមានសមត្ថកិច្ចណាហ៊ានបើកការស៊ើបអង្កេត ឬចេញមុខអន្តរាគមន៍ជូនផ្ដល់ភាពស្អាតស្អំ ជូន ពលរដ្ឋរងគ្រោះ លោក សៀន វី ទេ៖ « បើសិនជាបានជួយមែនជារឿងចម្លែកមួយហើយ អភូតហេតុហើយនៅកម្ពុជា ប្រហែលជានិទ្ទណ្ឌភាព ការទទួលបានយុត្តិធម៌ ខ្ញុំគិតថា ប្រហែលជាមាននូវសន្លឹកដុះឡើងវិញ ឬមួយវាលេចត្រួយបន្តិចៗ មកវិញហើយ ព្រោះថា រាល់ថ្ងៃភាពអយុត្តិធម៌ច្រើន ហើយនិងអំពើនិទ្ទណ្ឌភាព អ្នកដែលមានលុយ មានអំណាច មានតួនាទី អាចនិយាយចេញមក គឺច្បាប់ៗ ទាំងអស់។ ប៉ុន្តែបើប្រជាពលរដ្ឋវិញ គាត់ចេះច្បាប់ និយាយចេញមក ក៏គេចាត់ទុកថា សំរាមដែរ » ។
មាត្រា ១៣៣ ថ្មី នៃរដ្ឋធម្មនុញ្ញ ចែងក្នុងន័យថា ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម មានសិទ្ធិដាក់វិន័យលើចៅក្រម ឬព្រះរាជអាជ្ញា ដែលបានប្រព្រឹត្តខុស។
តំណាងពលរដ្ឋមានជម្លោះដីធ្លី លោក សៀន វី ប្រាប់ថា ទោះមិនរំពឹងទទួលបានយុត្តិធម៌ ប៉ុន្តែលោក នឹងព្យាយាមសុំពឹងពាក់មេធាវីរបស់អង្គការមនុស្សធម៌ ដើម្បីដាក់ពាក្យប្ដឹងព្រះរាជអាជ្ញារង លោក តេង សាម៉ៃ ទាមទារភាពស្អាតស្អំមកវិញ។ លោក សៀន វី ថា ធ្លាប់ពឹងពាក់ក្រុមមេធាវីស្ម័គ្រចិត្ត លោក ហ៊ុន សែន ដែរ តែគេបដិសេធ និងប្រាប់ថា ទទួលជួយតែរងគ្រោះក្រីក្រជាស្ត្រីកំពុងជាប់ពន្ធនាគារប៉ុណ្ណោះ។ លោក សៀន វី ប្រាប់ថា មកដល់ថ្ងៃទី២ កក្កដា លោកកំពុងពិចារណា រកការពឹងពាក់ពីមេធាវីរបស់អង្គការ ដើម្បីប្ដឹងលោកព្រះរាជអាជ្ញារង តេង សាមៃ វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។