ជនជាតិដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ជិត ១០០​នាក់ ឃាត់​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​អារក្ស​អស់​ទាំង​ស្រុង

ជនជាតិដើម​ភាគតិច​ជិត​ព្នង ខេត្ត​មណ្ឌលគិរី​ជិត ១០០​នាក់ (៩២) លើកគ្នា​ឃាត់​គ្រឿងចក្រ​ដែល​ឈូសឆាយ​ព្រៃ​អារក្សអ្នកតា​ជា​កន្លែង​អ្នកភូមិ​គោរពបូជា​តាំងពីរ​បូរាណ​កាល​មក​។ អ្នកភូមិ​ថា សកម្មភាព​ឈូសឆាយ​នោះ ធ្វើឱ្យ​បាត់បង់​ទាំងស្រុង នៅ​តំបន់​បន្សល់​ប្រពៃណី​វប្បធម៌​របស់​ពួកគាត់​។ ចំណែក​អាជ្ញាធរខេត្ត​ថា មិន ទាន់​ទទួល​ព័ត៌មាន​នេះ​ទេ។

ក្រុម​ជនជាតិដើម​ភាគតិច​ព្នង រស់នៅ​ភូមិ​ពក្រូច ឃុំ​ស្រែអំពូម ស្រុក​ពេជ្រាដា ប្ដេជ្ញា​ថា នឹង​មិន​នៅ​ស្ងៀម​ឡើយ ដរាប​ណា​អាជ្ញាធរ​ពាក់ព័ន្ធ មិន​ដោះស្រាយ​ក្តី​កង្វល់ របស់​ពួកគាត់ និង​ជំរុញឱ្យ​មាន​ការទទួល​ខុសត្រូវ រាល់​ការបាត់បង់​ដីព្រៃ​អារក្ស​ទាំង​ស្រុង​។ អ្នកភូមិ​ចាត់ទុក ការ​ជីក​គាស់​កាយ និង​ឈូសឆាយ​ព្រៃ​អារក្ស ជាការ​មើលងាយ ដល់​ព្រលឹង​អារក្សអ្នកតា ដែល​ជនជាតិដើម​ភាគតិច​គោរពបូជា។

តំណាង​ជនជាតិដើម​ភាគតិច​ព្នង លោក ច្រាវ មីវ ឱ្យដឹង​នៅ​ថ្ងៃទី ២៤ ឧសភា​ថា ដីព្រៃ​អភិរក្ស​ទំហំ​ប្រមាណ ១​ហិកតារ មាន​ខ្ទម​អ្នកតា​១ ឋិត​នៅ​ចុង​ភូមិ ដែល​ពួកគេ​មូលមតិ​គ្នា ធ្វើ​ពិធីសែនព្រេន និង​គោរពបូជា ជា​រៀងរាល់ឆ្នាំ ត្រូវបាន​បាត់បង់​ទាំងស្រុង​។ លោក​ចោទថា អ្នកស្រី សៀក អ៊ុន ដែល​អ្នកភូមិ​មិនទាន់​ដឹង​ច្បាស់​ថា មាន​តួនាទី​អ្វី​នោះ បាន​បញ្ជា​ឱ្យ​គ្រឿងចក្រ​ឈូសឆាយ បំណង​គ្រប់គ្រង​ព្រៃ​រក្ស​នោះ​ជា​កម្មសិទ្ធិឯកជន​៖ «ពលរដ្ឋ​ថា ការជីក​គាស់​កាយ​ភ្នំ​ហ្នឹង ជាការ​រំលោភ និង​រំលាយ​ព្រលឹង អារក្សអ្នកតា ។ អ៊ីចឹង​គេ​ចង់បាន ហៅ​ព្រលឹង​អ្នកតា​វិញ ព្រោះ​គេ​ខ្លា​ចមក មាន​គ្រោះថ្នាក់​អាសន្ន​ក្នុងភូមិ និង​មាន​ជំងឺ​ឈឺ​ថ្កាត់​អី អាសន្ន​ផ្សេងៗ ព្រោះ​អ្នកនេះ​គឺ​ជឿជាក់​ពី​មុន​មក មាន​រាំងស្ងួត និង​មាន​ជំងឺ​ផ្សេងៗ ។ កន្លែង​ស័ក្តិសិទ្ធិ​បានជា​គេ​សែនព្រេន»។

ជនជាតិដើម​ភាគតិច​ម្នាក់ទៀត លោក ទួច សុខខេង ព្រមាន​ថា អ្នកភូមិ​នឹង​លើកគ្នា​តវ៉ា ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត នៅពេល​ឆាប់ៗ​នេះ ប្រសិនបើ​អាជ្ញាធរ​ឃុំ​មិន​ផ្តល់​ដំណោះស្រាយ​ត្រឹមត្រូវ​នោះទេ​។ លោក​ថា អ្នកភូមិ​ខឹងសម្បារ​យ៉ាងខ្លាំង ចំពោះ​ការ​ឈូសឆាយ​រំលាយ​ព្រៃ​អារក្ស​របស់​ពួកគេ និង​ចាត់ទុកថា ជាការ​ជាន់ឈ្លី​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​៖ «ចាស់ៗ ពី​ដើម​គាត់​ថែរក្សា​ទុក សម្រាប់​សែនព្រេន តែ​គាត់​ឈូសឆាយដី​គាត់​ចូលក្នុង​ហ្នឹង ឈូសឆាយ​ទាំងអស់​ហ្មង​។ តវ៉ា​សងជំងឺចិត្ត ដាំ​ដើមឈើ និង​ប្រគល់​ដី​ហ្នឹង​ឱ្យ​ពលរដ្ឋ​វិញ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកស្រី សៀក អ៊ុន ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ក៏ប៉ុន្តែ​ទូរស័ព្ទ របស់​អ្នកស្រី​មិន​អាច​ទាក់ទង​បាន នៅ​ថ្ងៃទី២៤ ឧសភា។

ចំណែក មេឃុំ​ស្រែ​អំពូម លោក ធុយ ប៊ុន​នឿន និង​អភិបាលស្រុក​ពេជ្រាដា លោក មើល សឿន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ព្រោះ​ពួកលោក​មិន​លើក​ទូរស័ព្ទ។

ចំណែក​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក​នៅ​មិន​ទាន់​ផ្តល់ដំណឹង​នេះ មក​រដ្ឋបាលខេត្ត​នៅឡើយ​ទេ​។ តែ​យ៉ាងណា លោក​ថា រដ្ឋបាល​ខេត្ត​នឹង​ពិនិត្យមើល​ករណីនេះ ក្រោយ​ពី​ទទួលដំណឹង​នេះ​។ លោក​បញ្ជាក់​ថាអាជ្ញាធរ​ខេត្ត​បាន​យកចិត្តទុកដាក់​ខ្ពស់ ការពារ​ព្រៃ​អភិរក្ស និង​ព្រៃ​អារក្ស ដែល​ជនជាតិដើម​ភាគតិច គោរពបូជា ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល៖ «ខ្ញុំ​អត់​ទាន់​បានទទួល​ព័ត៌មាន ការ​ឈូសឆាយ​នោះ យើង​នឹង​ពិនិត្យមើល​ ថែម​ទៀត យ៉ាងម៉េច​ ? បើ​ខេត្ត​អត់​ បាន​ដឹង ចុះ​មានស្រុក និង​មាន​ឃុំ​នៅ​ហ្នឹង​ម៉េច​ក៏​មិនដឹង ឬក៏​គេ​មានច្បាប់​ទម្លាប់​យ៉ាងម៉េច ? យើង​អត់​ដឹង​លម្អិត​ជាង​ហ្នឹង​ទៀត ? ជូន​កាល​ឮ​តែ​ម្ខាង​ថា ឈូស​ព្រៃ​សហគមន៍​យ៉ាងម៉េច​ ? ល្អិតល្អន់​ជាង​ហ្នឹង​ទៀត»។

សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា សង្កេត​ឃើញ​ថា អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក បាន​ចុះហត្ថលេខា​ប្រគល់​ដី​ទំហំ ប្រហែល ១​ហិកតារ ឱ្យ​លោកស្រី អឿន អ៊ុន ដែល​ទំនងជា​ដី​នោះ ប៉ះចំ​ដីព្រៃ​អារក្ស​របស់​អ្នក​ភូមិ។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងនោះ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​៖ «អ្នក​ដែល​ទទួលទោស គឺមាន​អាជ្ញាធរ​ភូមិ អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ដែល​គាត់​ចេញ​ប័ណ្ណ សម្គាល់​សិទ្ធិ​ឱ្យ​លោកស្រី សៀក អ៊ុន​។ ជាការ​ប្រមាថ វប្បធម៌​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច មិនអាច​ទទួលយកបាន​ទេ បើ​និយាយ​ផ្លូវច្បាប់ ត្រូវ​ដាក់ទោស​ធ្ងន់ធ្ងរ​មែនទែន»។

ក្រុម​ជនជាតិដើម​ភាគតិច រិះគន់ អាជ្ញាធរ​មូលដ្ឋាន​ថា ខ្វះ​ការទទួលខុសត្រូវ​ក្នុងការ ការពារ ព្រៃ​អារក្ស និង ព្រៃ​សហគមន៍ ដែលជា​កន្លែង​អាស្រ័យ​ផល និង​គោរពបូជា​របស់​ជនជាតិ​ដើម​ភាគតិច​។ ពួកគេ​អំពាវនាវ​ឱ្យ អាជ្ញាធរខេត្ត ត្រូវ​ដាក់ទោស និង​វិន័យ​រដ្ឋបាល ដល់​អាជ្ញាធរ​មូលដ្ឋាន​ណា ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ ទុច្ចរិត​បំផ្លាញ​ព្រៃ​អភិរក្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។