ក្រុមអាជីវករលក់ដូរនៅតាមឆ្នេរអូរត្រេះជាង ៧០នាក់ បន្តនាំគ្នាប្រមូលផ្តុំទាមទារស្នើសុំអភិបាលខេត្តនេះកុំរុះរើតូបរបស់ពួកគេ។ ការទាមទារនេះ ដោយសារតែរដ្ឋបាលខេត្តព្រះសីហនុ ព្រមានថា នឹងរុះរើតូបរបស់ពលរដ្ឋនៅថ្ងៃទី១៥ ខែមករា ខាងមុខ។
ក្រុមអាជីវករទាំង ៦២តូបដែលប្រឈមការនឹងការរុះរើតូប នៅតែទាមទារតវ៉ានៅមុខតូបរបស់ពួកគេស្ថិត ក្នុងសង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ។ ក្រៅពីការទាមទារនេះនៅកន្លែង តំណាងអាជីវករខ្លះបានឡើងទៅភ្នំពេញ ដើម្បីសុំអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិ។
តំណាងអាជីវករម្នាក់ លោក ឯក វិធាន ឱ្យអាស៊ីសេរីដឹងថ្ងៃទី១០ ខែមករា ថា អាជ្ញាធរខេត្តព្រះសីហនុ មិនបានស្ដាប់តាមការទាមទាររបស់ក្រុមអាជីវករជាច្រើនថ្ងៃនេះទេ។ លោកបន្តថា ពេលនេះអាជ្ញាធរខេត្តបានស្រែកប្រកាសតាមមេក្រូដោយព្រមានថា កម្លាំងចម្រុះរបស់ខេត្ត នឹងចាប់ខ្លួន រុះរើតូបរបស់ពលរដ្ឋនៅថ្ងៃទី១៥ ខែមករា ខាងមុខ ក្រោយពីក្រុមអាជីវករមិនបានយល់ព្រមរុះរើដោយខ្លួនឯង៖ «គេអត់ឱ្យសំណងយើងធ្វើអស់ច្រើនគេរុះរើទទេៗអ៊ីចឹង យើងនៅតែអត់អាចទទួលយកបាន ឥឡូវតំណាងទៅភ្នំពេញដើម្បីជួបថ្នាក់ជាតិរៀងៗខ្លួនអ្នកណាដែលមានស្គាល់គេអ៊ីចឹងណា»។
លោក ឯក វិធាន ឱ្យដឹងទៀតថា ពេលនេះក្រុមអាជីវករទទួលបានអន្តរាគមន៍ពីក្រសួងដែនដីដោយក្រសួងនេះបានចេញលិខិតមួយច្បាប់ ប្រាប់ទៅរដ្ឋបាលខេត្តព្រះសីហនុផ្អាកការរុះរើតូបរបស់ពលរដ្ឋ និងតម្រូវឱ្យមានការប្រជុំជជែករកដំណោះស្រាយរវាងក្រុមអាជីវករ និងអាជ្ញាធរខេត្ត។ លោកឱ្យដឹងទៀត តំណាងក្រុមអាជីវការកំពុងទៅយកលិខិតនោះរាជធានី ភ្នំពេញដើម្បីប្រគល់ជូនអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន៖ «លិខិតហ្នឹងឱ្យដោះស្រាយចាំរុះរើ លិខិតហ្នឹងយើងទទួលបានហើយ ប៉ុន្តែអត់ទាន់យកមកដល់»។
ជំនួយការ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន អះអាងថា លោកអភិបាលកំពុងជាប់រវល់នៅពេលអាស៊ីសេរីសាកសួរជុំវិញគម្រោងរុះរើតូបនៅតាមឆ្នេរសមុទ្រ។ ចំណែកអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ ក៏មិនអាចសុំការឆ្លើយតបបានដែរដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះកាលពីថ្ងៃទី០៤ ខែធ្នូ ឱ្យដឹងថា ដើម្បីរៀបចំឆ្នេរឱ្យមានរបៀបរៀបរយ សោភ័ណភាព និងអនាម័យ បរិស្ថានល្អ រដ្ឋបាលខេត្តព្រះសីហនុស្នើទៅអាជីវកររុះរើតូប ស្តង់ រោង ឬការដាក់តាំងលក់ដូរផ្សេៗដែលគ្មានសណ្ដាប់ធ្លាប់ចេញវិញទាំងអស់ក្នុងរយៈ៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង ។ រដ្ឋបាលខេត្តព្រមានថា ក្នុងករណីអាជីវករមិនរុះរើរដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសម្ភារៈ ឬបាត់បង់ទ្រព្យសម្បត្តិឡើយ។
ដោយឡែក មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្ដព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែលបានអង្កេតលើរឿងស្នើទៅ អាជ្ញាធរខេត្តគួរអនុញ្ញាតឱ្យក្រុមអាជីវករអាចជួបជជែកដើម្បីស្វែងរកដំណោះស្រាយមួយដែលសមរម្យ។ អ្នកស្រីសង្កេតឃើញថា ក្រុមអាជីវមានជំហរក្នុងការរៀបចំតូបរបស់ពួកគេតាមស្តង់អនាម័យ និងមិនឱ្យប៉ះពាល់បរិស្ថានទឹកសមុទ្រ ដែលមិនមែនជាវិធានការនៃការរុះរើតូបរបស់ពួកគេចេញនោះទេ៖ «ចេញហ្នឹងយកកន្លែងហ្នឹងធ្វើអីហើយសូមអនុញ្ញាតឱ្យគាត់ ( អាជីវករ ) បានលក់ដូរតាមលក្ខណៈស្តង់ដារ ឬក៏ត្រូវធ្វើរបៀបម៉េច រៀបចំថាកុំឱ្យមានការប៉ះពាល់បរិស្ថានឬក៏ទឹកស្អាត ទឹកកខ្វក់អីចឹង គាត់គាំទ្រទាំងអស់»។
ក្រុមអាជីវករអះអាងថា ពួកគេបានទៅលក់ដូរនៅទីនោះប្រមាណម្ភៃឆ្នាំមកហើយ ដោយទទួលបានការអនុញ្ញាតពីលោក ស្បោង សារ៉ាត់ ដែលកាលណោះលោកធ្វើជាអភិបាលខេត្តព្រះសីហនុ។ ពួកគេថា អាជីវករម្នាក់ៗចំណាយថវិកាយ៉ាងតិចជាង១០ម៉ឺនដុល្លារ ដើម្បីរៀបចំតូបលក់ដូរនៅទីនេះហើយភាគច្រើនគឺអាជីវករបានខ្ចីលុយពីធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។