សាលាដំបូងខេត្តព្រះវិហារ ដោះលែងពលរដ្ឋ ១១នាក់ ដែលជម្លោះដីធ្លីជាមួយក្រុមហ៊ុន មេត្រីភាព ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន និងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ ការដោះលែងជាបន្តបន្ទាប់ ក្នុងកំឡុងខែកក្កដានេះ ក្រោយពីមានការផ្លាស់ប្ដូរតំណែងអភិបាលខេត្តព្រះវិហារ និងប្រធានសាលាដំបូងខេត្តព្រះវិហារ។ លោក ប្រាក់ សុវណ្ណ ទទួលតំណែងជាអភិបាលខេត្តព្រះវិហារ ជំនួសលោក អ៊ុន ចាន់ដា។ ចំណែកលោក អៀង គឹមថុល ក្លាយជាប្រធានសាលាដំបូងខេត្តព្រះវិហារ ជំនួស លោក ទៀង សុថា។
អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគម អាដហុក ប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ ថ្លែងថា បើទោះបីជាពួកគាត់បានក្រៅឃុំក៏ដោយ ប៉ុន្តែសិទ្ធិសេរីភាពក្នុងការប្រកបរបរចិញ្ចឹមជីវិត ពួកគាត់នៅមិនទាន់ទទួលបានពេញលេញនៅឡើយ៖ «ពួកគាត់ដែលស្ថិតក្រោមផ្លូវតុលាការ ក៏គាត់មានការព្រួយបារម្ភ ភ័យខ្លាចមួយចំនួនដែរ ត្រង់ថា បើសិនជាគាត់ចង់ធ្វើអ្វីមួយ ទាល់តែគាត់មានការប្រុងប្រយ័ត្ន ខ្លាចធ្វើទៅវាខុស។ ដូច្នេះ បើសិនជាសាលាដំបូងខេត្តព្រះវិហារ លោកស៊ើបអង្កេតចប់សព្វគ្រប់ហើយ គួរណាស់តែលើកលែងការចោទប្រកាន់ ទៅអ្នកទាំងអស់នោះ ពីព្រោះយើងឃើញថា ផ្ដើមឡើងពីរឿងដីធ្លី»។
កាលពីខែមិថុនា កន្លងមក តុលាការខេត្តព្រះវិហារ បានដោះលែងពលរដ្ឋ ៣នាក់ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ចំណែកពលរដ្ឋ ១១នាក់ ត្រូវបន្តឃុំខ្លួន។ អាជ្ញាធរស្រុកជាំក្សាន្ត ចាប់ឃុំខ្លួនពលរដ្ឋ ១៤នាក់ ដាក់នៅពន្ធនាគារខេត្តព្រះវិហារ ដោយគ្មានការជំនុំជម្រះក្ដី អស់រយៈពេលជាង ៧ខែ គិតចាប់ពីខែមករា ឆ្នាំ២០១៩ ក្នុងវិវាទដីធ្លីរវាងពលរដ្ឋជាង ៣រយគ្រួសារ ជាមួយនឹងក្រុមហ៊ុនមេត្រីភាព របស់ឧកញ៉ា អាន ម៉ារឌី។
ពលរដ្ឋថា ភាគីក្រុមហ៊ុន ប្រើកងអន្តរាគមន៍វារៈយោធាលេខ២៦១ ឬហៅថា ក្រុមទាហានកងពលលេខ៦ ឲ្យឈូសកម្ទេចផលដំណាំអស់ជាច្រើនហិកតារ និងដុតផ្ទះពួកគាត់អស់ជាច្រើនខ្នង។ អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ស្នើដល់អាជ្ញាធរខេត្តព្រះវិហារ ពន្លឿនដំណោះស្រាយឲ្យឆាប់ ដើម្បីបញ្ចប់ទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋនិងភាគីក្រុមហ៊ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។