ជនជាតិដើមភាគតិចកួយរស់នៅភូមិបុស្ស ឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារជាង ៨០នាក់ បានសម្រេចផ្អាកបោះតង់តវ៉ា នៅមុខតុលាការខេត្ត នៅរសៀលថ្ងៃទី៩ ខែតុលា ដោយសារអាជ្ញាធរស្រុកបានសន្យានៅចំពោះមុខអ្នកភូមិថា នឹងដោះស្រាយការទាមទាររបស់ពួកគេដោយយុត្តិធម៌។
តំណាងពលរដ្ឋលោក មឿង ស៊ីថា ប្រាប់អាស៊ីសេរីនៅថ្ងៃទី៩ តុលាថា មូលហេតុដែលអ្នកភូមិផ្អាកការតវ៉ានេះ ដោយសារអភិបាលរងស្រុកឆែប លោក អ៊ុន ចាន់សុផល បានសន្យាថា នឹងពន្លឿនដោះស្រាយក្តីកង្វល់របស់អ្នកភូមិ។ លោកថា ពលរដ្ឋជាង ៨០នាក់ បានបោះតង់ និងក្រាលកន្ទេលដេកផ្ទាល់ដី ហាលខ្យល់ ហាលភ្លៀង នៅមុខតុលាការខេត្តព្រះវិហារ រយៈពេល ២ថ្ងៃ ១យប់មកហើយ ដើម្បីឱ្យស្ថាប័នយុត្តិធម៌មួយនេះ ដោះលែងសមាជិកសហគមន៍២នាក់។ លោកបន្ថែមថា ក្រុមពលរដ្ឋទុកពេលឱ្យអាជ្ញាធរដោះស្រាយរឿងនេះសិន ប្រសិនបើគ្មានដំណោះស្រាយជាវិជ្ជមានទេ ពួកគេនឹងលើកគ្នាតវ៉ាទ្រង់ទ្រាយធំ៖ «មន្ត្រីអភិបាលរងស្រុកគេថា បើបងប្អូនមិនទៅទេ ខ្ញុំមិនដោះស្រាយឱ្យ បើបងប្អូនទៅខ្ញុំនឹងដោះស្រាយឱ្យ។ អ៊ីចឹងបានគាត់សម្រេចចិត្តមកផ្ទះវិញបាត់ហើយ បើគេថា គេមិនដោះស្រាយទៀត គេនឹងមកមួយសារទៀតដោយសារតែគ្នាគាត់ពីរនាក់ទៀត អត់ទាន់បានដោះលែង»។
អាស៊ីសេរីបានព្យាយាមទាក់ទងព្រះរាជអាជ្ញាខេត្តព្រះវិហារ លោក ទី សុវណ្ណថាល់ ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរសព្ទរបស់លោកមិនអាចទាក់ទងបាននៅថ្ងៃទី៩ តុលា។ ចំណែក អភិបាលរងស្រុកឆែប លោក អ៊ុន ចាន់សុផល ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
អាជ្ញាធរបានចាប់ខ្លួនជនជាតិដើមភាគតិចកួយពីរនាក់ កាលពីថ្ងៃទី៧ ខែតុលា និងបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារភ្លាមៗ នៅល្ងាចថ្ងៃដដែល ដោយចោទពីបទគំរាមកំហែងយកគ្រឿងចក្រ និងធ្វើឱ្យខូចខាតដោយចេតនា តាមបណ្ដឹងរបស់ក្រុមហ៊ុនចិនឈ្មោះ រូយ ហ្វេង (Rui Feng)។ ក្រុមពលរដ្ឋចាត់ទុក ការចាប់ខ្លួនអ្នកភូមិ ក្នុងរឿងជម្លោះដីធ្លីនេះ គឺជាអំពើយុត្តិធម៌ ម្ដងហើយម្តងទៀតលើសហគមន៍របស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។