ស្ត្រី​អតីត​សកម្មជន​ដីធ្លី​បឹងកក់​ពី​អ្នក​ត្រូវ​គេ​រំលោភ​យក​ដីធ្លី ក្លាយ​ជា​អ្នក​ការពារ​សិទ្ធិ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី

ស្ត្រី​អតីត​សកម្មជន​ដីធ្លី​បឹងកក់​ម្នាក់​ដែល​ធ្លាប់​ជាប់ពន្ធនាគារ និង​វាយ​បង្ក្រាប​ពី​ក្រុម​សន្តិសុខ​ក្រុងភ្នំពេញ​រាប់​ភ្លេច​ដោយសារតែ ការ​ទាមទារ​ដីធ្លី​របស់ខ្លួន​នោះ បាន​វិវឌ្ឍ​ខ្លួន​ពី​អ្នក​ត្រូវគេ​រំលោភ​យក​ដីធ្លី​ក្លាយ ជា​អ្នក​ការពារ​សិទ្ធិ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​វិញ​ម្ដង ក្រោយ​ទាមទារ​បាន​ដីធ្លី​របស់​ខ្លួន​ពី​ឈ្មួញ​មាន​អំណាច​បាន​ជោគជ័យ។ ពេលនេះ កញ្ញា សុង ស្រី​លាភ ពេញចិត្ត​ធ្វើការងារ​ជាមួយ​ពលរដ្ឋ​មាន​បញ្ហា​សហគមន៍​ដីធ្លី សិទ្ធិមនុស្ស និង​បរិស្ថាន ដោយ​អះអាងថា តាមរយៈ​បទពិសោធន៍​របស់ខ្លួន ជា​ពលរដ្ឋ​មាន​បញ្ហាដីធ្លី នឹង​ជួយ​ដល់​ពលរដ្ឋ​មាន​បញ្ហាដីធ្លី​នៅ​តំបន់​ផ្សេងៗ​ទៀត៖ «យើង ​តែងតែ​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​គាត់ ( លោក ស ខេង ) បញ្ហា​រឿង​ដីធ្លី​ហើយ​ក្នុងនោះ គឺ​យើង​ទទួលបាន​ការឆ្លើយតប​ពី​គាត់ គឺ​គាត់​ចូលរួម​ក្នុង​ការ​អន្តរាគមន៍​ទៅកាន់​សាលាក្រុង​ឱ្យ​ធ្វើការ​ដោះស្រាយ​បញ្ហា​ចំពោះ​បញ្ហា​ដីធ្លី​តំបន់​បឹងកក់​អ៊ីចឹង​ត្រង់ ហ្នឹង​ហើយ ​ដែល​យើង​ស​បញ្ជាក់ថា​ឧបនាយករដ្ឋមន្ត្រី ស ខេង គាត់​ដឹង​ពី​បញ្ហា​បឹងកក់​ ច្បាស់»។

សម្រែក​នៃ​ការទាមទារ​ជា​រឿង​អតីតកាល​ដ៏​ជូរចត់​របស់​សកម្មជន​ដីធ្លី តំបន់​បឹងកក់ កញ្ញា សុង ស្រីលាភ បាន​អូសបន្លាយ​រាប់​ឆ្នាំ ទម្រាំ​ពលរដ្ឋ​បឹងកក់​រូបនេះ​និង​អ្នកភូមិ​បឹងកក់​ផ្សេងទៀត​ទទួល​បាន​ដំណោះស្រាយ​។ ប៉ុន្តែ​អតីត​អ្នករងគ្រោះ​បញ្ហា​ដោយ​ដីធ្លី​រូបនេះ សព្វថ្ងៃ​បាន​ក្លាយ​ជា​អ្នកការពារ​សិទ្ធិ​ពលរដ្ឋ​ដែល​រង​ការ​រំលោភបំពាន​សិទ្ធិ ឬ​ការ​រំលោភបំពាន​ដីធ្លី។

សកម្មជន​ដីធ្លី​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា នៅ​ខាង​មុខ​តុលាការ នៅ​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៦។
សកម្មជន​ដីធ្លី​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា នៅ​ខាង​មុខ​តុលាការ នៅ​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៦។ (RFA/Cheu Sideth)

ក្នុងនាម​ជា​សកម្មជន​ដីធ្លី កញ្ញា សុង ស្រីលាភ ត្រូវ​ជាប់ពន្ធនាគារ​ចំនួន ២​ដង លើក​ទី​១ កាល​ពី​ឆ្នាំ​២០១២​ជាប់ឃុំ​រយៈពេល​មួយ​ខែ បី​ថ្ងៃ​ពី​បទ​ប្រព្រឹត្តិ​ហិង្សា​លើ​មន្ត្រី​សាធារណៈ​និង​ទន្ទ្រាន​ដី​សាធារណៈ និង​លើក​ទី​២​កាលពី​ឆ្នាំ​២០១៤​ត្រូវ​ជាប់ឃុំ​ម្ដងទៀត​រយៈពេល​ប្រាំ​ខែ​មួយថ្ងៃ​ពីបទ​រារាំង​ចរាចរណ៍​សាធារណៈ។ ជា​ស្រី​ក្រមុំ​ត្រូវគេ​ចាប់​ដាក់ពន្ធនាគារ កញ្ញា សុង ស្រីលាភ ពេល​ឈាន​ជើង​ដល់​ពន្ធនាគារ​ថ្ងៃ​ដំបូង​កញ្ញា​មាន​អារម្មណ៍​ភ័យខ្លាច៖ «តក់ស្លុត​ជាងគេ​នៅពេល​យើង​ឈាន​ជើង​ដល់​ពន្ធនាគារ​នៅពេលនោះ គឺ​រូបភាព​មួយ​ធ្វើ​ឱ្យ​យើង​ដក់ចិត្ត​ខ្លាំង គឺ​ពេលដែល​ជើង​ឈានដល់​ខាងក្នុង​មាន​អ្នកទោស​ជាច្រើន​គាត់​អើត​តាម​បង្អួច​គាត់​លូកដៃ​ហើយ​មក​មើល​យើង​អីចឹង​ណា អ៊ីចឹង ​ខ្ញុំ​ឃើញ​រូបភាព​ហ្នឹង មាន​អារម្មណ៍​រៀង​ភ័យ​តក់ស្លុត​ដោយសារ​ធ្លាប់​លឺ​គេ​ និយាយ​ថា នៅ​ក្នុង​ពន្ធនាគារ​គេ​វាយ​ធ្វើ​បាប​អី​អ៊ីចឹង​ណា»។

ជា​កូន​ទី៣ ក្នុង​គ្រួសារ​រង​ការ​រំលោភបំពាន​ដីធ្លី​រម្លឹក​ថា កាលពី​អំឡុង​ឆ្នាំ​២០១២ កញ្ញា​សម្រេច​ឈប់​ពី​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ មក​ចូលរួម​ទាមទារ​ជាមួយ​អ្នកភូមិ​បឹងកក់​ដោយ​ការរំលោភបំពាន​យក​ដីធ្លី​ពី​ឈ្មួញ​មាន​លុយ​ស្និទ្ធ​នឹង​រដ្ឋាភិបាល។ កញ្ញា​បន្ត​ថាក្នុង​ពេល​ទាមទារ​ដីធ្លី​របស់​ខ្លួន​នោះ គឺ​បាន​ឆ្លងកាត់​បទពិសោធន៍​ឈឺចាប់​គ្រប់យ៉ាង ដោយ​ការ​វាយ​បង្ក្រាប​ពី​ក្រុម​សមត្ថកិច្ច និង​សន្តិសុខ​សាលាក្រុង​ភ្នំពេញការ​ឃុំខ្លួនការ​ចោទប្រកាន់ និង​រហូត​ជាប់​ពន្ធនាគារ​។ នៅ​ពេល​ចេញពី​ពន្ធនាគារ​ក្នុង​គ្រានោះ​កញ្ញា ស្រីលាភ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា កញ្ញា​មិន​បញ្ឈប់​ការ​ទាមទារ​នោះ​ទេ បើ​មិន​បាន​ដីធ្លី​មក​វិញ៖ «ពួក​ខ្ញុំ​នៅតែ​បន្ត​ការ​តវ៉ា​រាល់​រឿង​ដែល​រំលោភ​សិទ្ធិ​ពួក​ខ្ញុំ ហើយ​ពួក​ខ្ញុំ​នៅតែ​បន្ត​ឆន្ទៈ​ទៀត​លុះត្រាតែ​សហគមន៍​បឹងកក់​ខ្ញុំ​ទទួល​បាន​ជោគជ័យ​ទាំងអស់​គ្នា​នៅ​ក្នុង​ដី ១២ , ៤៤ហិកតារ»។

ការ​ជាប់​ពន្ធនាគារ​ព្រោះ​ការ​ទាមទារ​ដីធ្លី​ខ្លួនឯង​នេះ​ហើយ បាន​ជំរុញ​ឱ្យ​កញ្ញា ស្រីលាភ ហក់​ចូល​ស៊ប់​នឹង​ការ​ទាមទារ​នេះ​។ រយៈពេល​នៃ​ការទាមទារ​រាប់​ឆ្នាំ​ក៏មាន​តំណាង​សហគមន៍​បឹងកក​ផ្សេងទៀត​ដែរ​ត្រូវ​ជាប់​ពន្ធនាគារ និង​រង​ការ​វាយ​ធ្វើ​ពី​ក្រុម​សមត្ថកិច្ច​រួម​មាន​៖ អ្នកស្រី ទេព វន្នី អ្នកស្រី ប៊ូវ សោភា លោកស្រី ង៉ែត ឃុន លោក ចាន់ ពុទ្ធិស័ក្ក និង​អ្នកភូមិ​បឹងកក​ផ្សេងទៀត ហើយ​ពួកគេ​ខ្លះ​ត្រូវ​រង​ការ​វាយ​ធ្វើបាប វាយដំ ជេរ​ប្រមាថ និង​ខ្លះទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់គុក ដោយសារ​ការ​ចេញ​តវ៉ា​ការពារ​ដីធ្លី​របស់​ពួកគេ​ជាច្រើនលើក​ច្រើន​សារ​កាល​ពេល​កន្លង​ទៅ។

សកម្មជន​បឹងកក់ កញ្ញា សុង ស្រីលាភ ត្រូវ​​សន្តិសុខ​ខណ្ឌ​៧មករា វាយ ទាត់​នៅ​ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang
សកម្មជន​បឹងកក់ កញ្ញា សុង ស្រីលាភ ត្រូវ​​សន្តិសុខ​ខណ្ឌ​៧មករា វាយ ទាត់​នៅ​ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang (RFA/Rann Samnang)

ក្រោយ​ការ​ទាមទារ​ដីធ្លី​អស់​រយៈពេល​ជិត ១០​ឆ្នាំ កញ្ញា សុង ស្រីលាភ បាន​ប្រែខ្លួន​ពី​ប្រជា​សហគមន៍​មាន​បញ្ហាដីធ្លី​មកជា​អ្នកឃ្លាំមើល​ការរំលោភបំពាន​សិទ្ធិមនុស្ស​វិញ​ម្ដង​។ នៅ​ឆ្នាំ​២០១៨​ខណៈ​វិបត្តិ​ដីធ្លី​នៅ​តំបន់​បឹង​បាន​ដោះស្រាយ​ស្ទើរ​ចប់​ស្វ​ព​គ្រប់ កញ្ញា សុង ស្រី​លាភ បាន​ចូល​បម្រើ​ជា​មន្ត្រី​នៃ​អង្គការ​ថ្មី​ដែល​ទើប​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ដែលមាន​ឈ្មោះ​គាំទ្រ​បច្ចេកៈវិទ្យា​នៅ​ជនបទ​ក្នុងប្រទេស​កម្ពុជា​ផ្នែក​សម្របសម្រួល​សហគម​ន៍ ដែល​ស្ថាប័ន​សង្គម​ធ្វើ​ការងារ​គាំទ្រ​ការតស៊ូ​មតិ​តាម​បណ្ដាញ​អ៊ីនធឺណិត​ផង និង​ចុះ​ជួប​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​បញ្ហាដីធ្លី និង​ការរំលោភ​សិទ្ធិ​នានា​នៅតាម​មូលដ្ឋាន​។ កញ្ញា សុង ស្រីលាភ ប្រាប់​អាស៊ីសេរី​ទាំង​ញញឹម​ថា កញ្ញា​ស្រលាញ់​ការងារ​នេះ ព្រោះ​នាង​យល់​ពី​អារម្មណ៍​របស់​ពលរដ្ឋ​ដែល​ត្រូវ​គេ​រំលោភ​យក​ដីធ្លី​មាន​ការ​ឈឺចាប់​យ៉ាងណា? និង​ត្រូវការ​មាន​អ្នក​ប្រឹក្សា​យ៉ាងណា​?៖ «ពេលដែល​ខ្ញុំ​​ងាក​ ទៅ​ធ្វើ ​ការងារ​សង្គម​ស៊ីវិល​ជា​ឱកាស​របស់ខ្ញុំ គឺ​ទោះបី​ខ្ញុំ​ឃ្លាតឆ្ងាយ​ពី​សហគមន៍​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​អាចធ្វើ​ការ​ជាមួយ​សហគមន៍​ផ្សេងទៀត​ដែលមាន​បញ្ហា​ដូច​យើង​ដែរ ហើយ​មួយទៀត​ខ្ញុំ​អាច​ចែករំលែក​បទពិសោធន៍​របស់ខ្ញុំ​ទៅកាន់​ពួកគាត់ ហើយ​វា​ជា​ឱកាស​ខ្ញុំ​អាចធ្វើ​ជាមួយ​សហគមន៍​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា»។

ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់​កើតឡើង​ចាប់តាំងពី​ឆ្នាំ​២០០៧ ក្រោយ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ស៊ូកាគូ (Shukaku ) របស់​ឧកញ៉ា ឡៅ ម៉េងឃីន ធ្វើការ​អភិវឌ្ឍ​សម្រាប់​រយៈពេល​៩៩​ឆ្នាំ ក្នុង​ទឹកប្រាក់​ប្រមាណ​៧៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក​លើ​ផ្ទៃដី​ជិត ១៣៣ហិកតារ។ ពលរដ្ឋ​សហគមន៍​បឹងកក់​ស្ទើរតែ​ទាំងអស់​បានទទួល​ដំណោះស្រាយ​ឬ​បាន​ដី​របស់ខ្លួន​មក​វិញ​។ ពេល​នេះ​ពលរដ្ឋ​បឹងកក់​ឱ្យ​ដឹងថា នៅ​សល់​តែ​ពលរដ្ឋ​ប្រមាណ ១០​គ្រួសារ​ទៀត​ប៉ុណ្ណោះ មិនទាន់​ចរចា​ត្រូវរ៉ូវ​គ្នា​ជាមួយ​សាលាក្រុង​ភ្នំពេញ។

ស្ត្រី​សហគមន៍​បឹងកក់ លោកស្រី ផាន់ ឈុន​រ៉េត ដែល​ចេញមុខ​តវ៉ា​រឿង​ដីធ្លី​របស់ខ្លួន​១០​ឆ្នាំ​មកហើយ​និង​ធ្លាប់​ជាប់ពន្ធនាគារ​ជាមួយ​កញ្ញា សុង ស្រី​លាភ និយាយថា លោកស្រី​សប្បាយចិត្ត​ពេល​ឃើញ​កញ្ញា សុង ស្រី​លាភ​អាចធ្វើ​ការងារ​ដោយ​មិន​គ្មាន​រើសអើង​ថា​ធ្លាប់​ជាប់ពន្ធនាគារ​ឬ​ជា​ពលរដ្ឋ​មាន​បញ្ហាដីធ្លី​។ លោកស្រី ផាន់ ឈុនរ៉េត ថា លោកស្រី​ក៏​ចង់ឃើញ​អង្គការ​សង្គម​ស៊ីវិល ឬ​ស្ថាប័ន​ផ្សេងទៀត​ផ្ដល់ឱកាស​ការងារ​ដល់​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ផ្សេងទៀត​ដែរ៖ «ខ្ញុំ​សប្បាយចិត្ត​ដោយសារ​គាត់​តវ៉ា​ជាមួយ​ពួក​ខ្ញុំ ហើយ​គាត់​ក៏​ជាប់គុក​ជាប់​អី​ជាមួយ​ពួក​ខ្ញុំ​ដែរ ហើយ​ខ្ញុំ​ក៏​អរគុណ ហើយ​ខាង​អង្គការ​គេ​មិន​រើសអើង​ពួក​ខ្ញុំ យក​ពួកគាត់​ ទៅ​ធ្វើ ​ការ​ជាមួយ​ខ្ញុំ ក៏​សូម​សំណូមពរ​ឱ្យ​អ្នកផ្សេងៗ​ទៀត សូម​ឱ្យ​ អង្គការ​ជួយ ​យក​ ចូល​ធ្វើការ ​ដូច​ស្រី​លាភ​ផង»។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក (ADHOC) លោក ស៊ឹង សែន​ករុណា និយាយថា លោក​លើកទឹកចិត្ត​ដល់​សហគមន៍​ដីធ្លី​ដែល​ធ្លាប់​ជា​អ្នក​ត្រូវគេ​រំលោភ​យក​ដីធ្លី​មក​ធ្វើជា​អ្នកការពារ​សិទ្ធិ​ដីធ្លី​វិញ​។ លោក​បន្តថា អ្នក​ដែល​ហែល​ឆ្លង​ពី​បញ្ហាដីធ្លី​នេះ មាន​ឆន្ទៈ មានការ​ឈឺឆ្អាល និង​មាន​បទពិសោធន៍​ខ្ពស់​ក្នុង​ការ​ចែករំលែក​ទៅ​ពលរដ្ឋ​មាន​បញ្ហាដីធ្លី​ផ្សេងទៀត​ដែល​ឆ្ពោះទៅរក​ការទាមទារ​មួយ​ដើម្បី​ទទួលបាន​ដំណោះស្រាយ​៖ «មាន​ការលើក​ចិត្ត​មែនទែន​ចំពោះ​រឿង​ទាំង​អស់ហ្នឹង​បាទ ដោយសារតែ​យើង​ឃើញថា​គាត់​ មាន​ការ ​តស៊ូ​ហើយ​ក្នុង​ហ្នឹង​សម្រាប់​សមាគម​អាដហុក ក៏​យើង​លើកទឹកចិត្ត​ដល់​សហគមន៍​ដីធ្លី​ផ្សេងៗ​ទៀត​ដែរ​បើសិន​គាត់​មាន​សមត្ថភាព​ក៏​អាច​វិវឌ្ឍ​ខ្លួន​ក្លាយជា​ទៅជា​បុគ្គលិក​សមាគម​ អ៊ី ចឹង​ដែរ​បាទ»។

កញ្ញា សុង ស្រីលាភ និយាយ​ថា ពេលនេះ​កញ្ញា​ទទួល​បាន​យុត្តិធម៌​ដោយ​បាន​ក្លាយជា​ម្ចាស់​ស្របច្បាប់​លើដី​របស់ខ្លួន​វិញ ក្រោយ​ការរំលោភបំពាន​ដែល​ដី​នេះ​មាន​តម្លៃ​ស្មើ​ជីវិត​។ កញ្ញា​រំពឹង​ថា ការងារ និង​បទពិសោធន៍​របស់​នាង​អាច​ក្លាយជា​ប្រយោជន៍​ដល់​ពលរដ្ឋ​មាន​បញ្ហាដីធ្លី​ដែល​មិនទាន់​ទទួល​ដំណោះស្រាយ​នៅ​ឡើយ។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូបនេះ ចង់ឃើញ​ពលរដ្ឋ​មាន​បញ្ហាដីធ្លី​ផ្សេងទៀត​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ដែលមាន​ស្រាប់ ធ្វើ​ការ​តស៊ូ​មតិ​ដោយ​អហិង្សា​ដើម្បី​អាច​រស់នៅ​លើ​​ដី​របស់​ខ្លួន​សុខសាន្តនិង​ថ្លៃថ្នូរ៖ «អ្វីដែល​សប្បាយចិត្ត​ជាង​គេ​បំផុត​នោះ ពេលដែល​គាត់ ( ពលរដ្ឋ​មាន​បញ្ហាដីធ្លី​ )​ ហៅ​យើង​ថា អ្នកគ្រូ អ៊ី ចឹង​ណា​ខ្ញុំ​ប្រាប់​គាត់​ថា កុំ​ហៅ​ខ្ញុំ​អ្នកគ្រូ​អី​ហៅ​ខ្ញុំ​ថា ស្រី​លាភ​ធម្មតា​ដដែល​ទៅ ប៉ុន្តែ​គាត់​ថា សុំ​ហៅ​អ៊ីចឹង​ហើយ ដើម្បី​ងាយស្រួល អ៊ីចឹង​ខ្ញុំ​មើល​ទឹកចិត្ត​ពួកគាត់ គាត់​ចូលចិត្ត​ស្រលាញ់​យើង​ឱ្យ​តម្លៃ​យើង​ដែល​កន្លងមក​​យើង​ធ្វើ​ការងារ​ជាច្រើន​លះបង់​ជាច្រើន​ដើម្បី​សហគមន៍​ហើយ​នៅ​ពេល​យើង​បន្ត​ទៅ​មុខ​ទៀត​យើង​យក​អ្វី​ដែល​យើង​ធ្លាប់​ឆ្លងកាត់​ហ្នឹង​យក​ទៅ​ពិភាក្សា​ចែករំលែក​ជាមួយគ្នា​ទៅវិញ​ទៅ​មួយ»៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។