ចៅក្រមស៊ើបសួរតុលាការខេត្តព្រះវិហារ បានបិទបញ្ចប់នីតិវិធីស៊ើបសួរសំណុំរឿងបុគ្គលិកអង្គការពន្លកខ្មែរ និងពលរដ្ឋជនជាតិដើមភាគតិចកួយឃុំប្រមេរហើយ កាលពីពេលថ្មីៗ នេះ។ ក៏ប៉ុន្តែចៅក្រមមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ពាក់ព័ន្ធនឹងការបង្ខាំងគ្រឿងចក្រក្រុមហ៊ុនចិននេះ។ មន្ត្រីសង្គមស៊ីវិលដែលរងការចោទប្រកាន់ក្នុងសំណុំរឿងនេះ ស្នើឱ្យតុលាការលើកលែងបទចោទប្រកាន់លើរូបលោក និងប្រជាពលរដ្ឋដទៃទៀត។
សហមេធាវីការពារក្តីឱ្យប្រជាពលរដ្ឋ និងមន្ត្រីអង្គការពន្លកខ្មែរ លោក សំ ទិត្យសីហា ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី១៤ មិថុនាថា ចៅក្រមស៊ើបសួរមិនទាន់ចេញសេចក្តីសន្និដ្ឋានស្ថាពរថា នឹងត្រូវបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ ឬមួយក៏ត្រូវលើកលែងបទចោទប្រកាន់លើកូនក្តីរបស់លោកនៅឡើយទេ។ ដូច្នេះ លោកថា ក្រុមមេធាវីនឹងស្វែងរកភស្តុតាងដាក់ជូនតុលាការបន្ថែមទៀត ដើម្បីជួយដោះបន្ទុកកូនក្តីឱ្យបានរួចផុតពីបទចោទប្រកាន់៖ «គ្មានច្បាប់ណាចែង ហើយក៏គ្មានបទល្មើសដែរ បើគ្រាន់តែយើងហាមឃាត់មិនឱ្យគេភ្ជួរលើដីស្រែដែលជាកម្មសិទ្ធិរបស់យើង។ តុលាការមេត្តាពិចារណា ហើយចេញដីកាលើកលែងការចោទប្រកាន់ដល់កូនក្តីរបស់ខ្ញុំទាំងអស់ ដើម្បីឱ្យគាត់មានសេរីភាព រួចផុតពីការចោទប្រកាន់ ដើម្បីឱ្យគាត់មានឱកាសគ្រប់គ្រាន់ក្នុងការដើរហើរស្វែងរបររកស៊ីដើម្បីចិញ្ចឹមក្រុមគ្រួសារគាត់»។
តុលាការខេត្តព្រះវិហារបានចោទប្រកាន់ពលរដ្ឋជនជាតិដើមភាគតិចកួយឃុំប្រមេរចំនួន ៧នាក់ ពីបទ “ចាប់ឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់” និងបានចោទប្រកាន់មន្ត្រីអង្គការពន្លកខ្មែរ២ នាក់ ពីបទ “សមគំនិត” ក្នុងអំពើទាំងនេះ។ ចំណាត់ការរបស់តុលាការនេះ ធ្វើឡើងតាមបណ្ដឹងរបស់ក្រុមហ៊ុនស្ករសចិន ហេងហ្វូ (Hengfu) ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាមួយប្រជាពលរដ្ឋនៅខេត្តព្រះវិហារ។
ចៅក្រមស៊ើបសួរ លោក ជៀន ស្រស់ បានកោះហៅអ្នកទាំង៩ ឱ្យចូលឆ្លើយបំភ្លឺជាបន្តបន្ទាប់ កាលពីចុងខែមីនាកន្លងទៅ។ ចៅក្រមដដែលនេះ ក៏បានដាក់ពួកគេឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវលក្ខខណ្ឌមួយចំនួន ដូចជា ត្រូវទៅបង្ហាញខ្លួនជារៀងរាល់ខែនៅចំពោះមុខសមត្ថកិច្ច មិនអនុញ្ញាតឱ្យមានការផ្លាស់ប្ដូរទីលំនៅ និងធ្វើដំណើរទៅក្រៅប្រទេស ព្រមទាំងត្រូវចូលខ្លួនតាមដីកាកោះរបស់តុលាការជាដើម។
មន្ត្រីអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ដែលរងបណ្ដឹងក្នុងរឿងនេះ ថ្លែងថា លោក និងអតីតសហការីមួយរូបទៀត មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ លោកបញ្ជាក់ថា សកម្មភាពរបស់ពួកលោកនៅពេលនោះ គឺគ្រាន់តែចុះទៅឃ្លាំមើលការតវ៉ារបស់ពលរដ្ឋ និងជួយពន្យល់ពលរដ្ឋកុំឱ្យ ផ្ទុះអំពើហិង្សាបំផ្លាញគ្រឿងចក្ររបស់ក្រុមហ៊ុនប៉ុណ្ណោះ។
មន្ត្រីអង្គការសង្គមស៊ីវិលរួបនេះ ត្អូញត្អែរថា ការជាប់បណ្តឹង និងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ ធ្វើឱ្យលោកមានសម្ពាធជាខ្លាំង និងប៉ះពាល់ដល់សកម្មភាពការងាររបស់លោកក្នុងនាមជាអ្នកការពារសិទ្ធិដីធ្លី និងសិទ្ធិជនជាតិដើមភាគតិច៖ «សូមឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំបាទហ្នឹងតែម្ដង ដោយមិនចាត់ការរឿងនេះទេ រួមទាំងសហគមន៍ទាំង ១០នាក់ទៀតផង សូមឱ្យទម្លាក់បទចោទហ្នឹងចោលទៅ។ វាមិនមែនជារឿងដែលធ្វើឱ្យចំណេញ ឬក៏ខាតអ្វីនោះទេ»។
កាលពីចុងឆ្នាំ២០១៤ កន្លងទៅ ពលរដ្ឋជនជាតិដើមភាគតិចកួយឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បាននាំគ្នាឃាត់គ្រឿងចក្រពីរគ្រឿងរបស់ក្រុមហ៊ុនចិន ដែលកំពុងឈូសឆាយដីទំនាស់។ គ្រឿងចក្រទាំងនោះ ត្រូវបានប្រជាពលរដ្ឋយកមកទុកនៅសាលាឃុំប្រមេរ រហូតដល់ឆ្នាំ២០១៦ ទើបអាជ្ញាធរ និងក្រុមហ៊ុនបានចុះមកយកគ្រឿងចក្រទាំងនោះទៅវិញ។ ក្រោយមកក្រុមហ៊ុនក៏បានដាក់ពាក្យប្ដឹងប្រជាពលរដ្ឋ និងមន្ត្រីអង្គការពន្លកខ្មែរ ពីរឿងបង្ខាំងទុកដោយខុសច្បាប់។
អាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុនហេងហ្វូ ដើម្បីសាកសួរបន្ថែមអំពីរឿងនេះបានទេ នៅថ្ងៃទី១៤ មិថុនា។
ទោះជាយ៉ាងណា ពលរដ្ឋជនជាតិដើមភាគតិចកួយឃុំប្រមេរ បានអះអាងថា មូលហេតុដែលពួកគាត់ឃាត់គ្រឿងចក្រនោះ គឺដោយសារកម្មករក្រុមហ៊ុនបានឈូសឆាយដីព្រៃ និងដីចម្ការដែលពួកគាត់ធ្លាប់បង្កបង្កើនផលជាយូរមកហើយ ហើយការឃាត់នេះ គឺដើម្បីឱ្យក្រុមហ៊ុនផ្អាកការឈូសឆាយ ដោយរង់ចាំការដោះស្រាយទំនាស់ឱ្យបានចប់សព្វគ្រប់ជាមុនសិន។
ពួកគាត់បន្ថែមថា ក្រុមហ៊ុនបានយកគ្រឿងចក្រទៅវិញអស់ហើយ ហើយដីដែលពួកគាត់ធ្លាប់តស៊ូក្រាញននាលនោះ ក៏ក្លាយជារបស់ក្រុមហ៊ុនអស់ទៅហើយដែរ ដូច្នេះតុលាការមិនគួរចាត់ការរឿងនេះ ដើម្បីផ្គាប់ចិត្តក្រុមហ៊ុនចិនឡើយ។ ពួកគាត់ស្នើយ៉ាងទទូចឱ្យតុលាការលើកលែងបទចោទប្រកាន់លើសមាជិកសហគមន៍ ដើម្បីកុំឱ្យពួកគាត់ក្លាយជាជនរងគ្រោះពីរដងដោយសាររឿងដីធ្លីដ៏អយុត្តិធម៌នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។