ក្រសួង​វប្បធម៌​បញ្ជា​ឱ្យ​មន្ទីរ​វប្បធម៌​ស្រាវជ្រាវ​ការរំលោភ​ដី​នៅ​ភ្នំ​រ៉ាដាង ក្នុង​ខេត្ត​មណ្ឌលគិរី

ក្រសួង​វប្បធម៌ បញ្ជា​ឱ្យ​ប្រធាន​មន្ទីរ​វប្បធម៌ ខេត្ត​មណ្ឌលគិរី លោក សី ទូច អន្តរាគមន៍​ករណី​ឈូស​ឆាយ បំផ្លាញ​តំបន់​ព្រៃ​ជំនឿ នៅ​តំបន់​ភ្នំ​រ៉ាដាង និង​អូរច្បា ឋិត​ក្នុង​ភូមិ​ពូលូង សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី តាម​សំណើ​របស់​ក្រុម​ពលរដ្ឋ។ ក្រសួង​តម្រូវ​ឱ្យ​ប្រធាន​មន្ទីរ​រូប​នេះ សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ហ្មត់ចត់ និង​ធ្វើ​របាយការណ៍​មក​ក្រសួង មុន​នឹង​ក្រសួង​សម្រេច​ដាក់​ចេញ​ដំណោះស្រាយ។

អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​មន្ទីរ​វប្បធម៌ ខេត្ត​មណ្ឌលគិរី លោក សី ទូច ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ បាន​ថា យ៉ាងណា​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី៧ តុលា នេះ។

ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី លោកស្រី ភ្លឹក ភីរម្យ អំពាវនាវ​ឱ្យ​ក្រសួង​វប្បធម៌ រួសរាន់​អន្តរាគមន៍​សង្គ្រោះ​ភ្នំ​រ៉ាដាង ដែល​កំពុង​រង​ការបាត់បង់​ទាំងស្រុង ដើម្បី​ការពារ​តំបន់​សក្ការ និង​ព្រៃ​ជំនឿ របស់​ជនជាតិ​ដើម​ភាគតិច​។ លោកស្រី​ថា ជនជាតិ​ដើម​ភាគតិច បាន​ទទួលរង​ភាព​អយុត្តិធម៌​ជាច្រើន ជុំវិញ​ការរំលោភ​ដី​ភ្នំ​នេះ ទាំង​បំពាន​ច្បាប់ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ មិន​បាន​យកចិត្តទុកដាក់​ដោះស្រាយ​នោះ​ទេ។

កាល​ពី​ពេល​កន្លង​ទៅ ជនជាតិ​ដើម​ភាគតិច​ព្នង រាប់​រយ​នាក់ បាន​តវ៉ា​ទាមទារ​ភ្នំ​រ៉ា​ដាង​ឱ្យ​ត្រឡប់​មក​វិញ ក្រោយ​ពី​អ្នក​មាន​អំណាច និង​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​គ្នា ទន្ទ្រាន​រំលោភ​យក​ដី​ភ្នំ​នេះ​ទាំងមូល ដើម្បី​កាន់កាប់​ជា​សម្បត្តិ​បុគ្គល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។