សហគមន៍ជនជាតិដើមភាគតិចកួយជាង ៣០០គ្រួសារ (៣៦៧) រស់នៅខេត្តព្រះវិហារស្នើឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធថ្នាក់ខេត្ត ដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃ រវាងជនជាតិដើមភាគតិច និងក្រុមហ៊ុនស្ករអំពៅចិន រ៉ូយ ហ្វេង (Rui Feng) បន្ទាប់ពីក្រុមហ៊ុនដ៏ធំនេះ ផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនទាំងស្រុង។ សហគមន៍ថា ជម្លោះដីធ្លីនេះបានអូសបន្លាយពេលជិត ១០ឆ្នាំមកហើយ ធ្វើឱ្យអ្នកភូមិរាប់រយគ្រួសារ រងទុក្ខវេទនា បាត់បង់ដីកសិកម្ម ព្រៃជំនឿ ទឹក បឹងធម្មជាតិ និងដើមឈើផលិតជ័រទឹកជាដើម។
ជនជាតិដើមភាគតិចកួយជាង ៣០០គ្រួសារ (៣៦៧) រស់នៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យអំពាវនាវជាថ្មីទៀត ឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធថ្នាក់ខេត្ត ដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករអំពៅចិន រ៉ូយ ហ្វេង ដើម្បីឱ្យពួកគេមានលទ្ធភាពទទួលបានដីកសិកម្មពីក្រុមហ៊ុនមកវិញ បង្កបង្កើនផលចិញ្ចឹមជីវិត។ ការអំពាវនាវនេះ ធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនស្ករអំពៅចិនឈ្មោះ រ៉ូយ ហ្វេង (Rui Feng) ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន ៤ផ្សេងទៀត ក្នុងខេត្តព្រះវិហារ បានបិទដំណើរការអាជីវកម្មរបស់ខ្លួន នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ជនជាតិដើមភាគតិចកួយម្នាក់ ក្នុងចំណោមពលរដ្ឋជាច្រើនទៀត លោកស្រី ស៊ីង សាំ ឱ្យដឹងនៅថ្ងៃទី៦ កុម្ភៈថា ក្រុមហ៊ុនស្ករអំពៅចិន បានរំលោភយកដីស្រែរបស់គ្រួសារលោកស្រីអស់ ៧ហិកតារ តាំងពីឆ្នាំ ២០១២ មកទល់ពេលនេះមិនទាន់ត្រូវបានអាជ្ញាធរដោះស្រាយនៅឡើយទេ ហើយសហគមន៍ភូមិប្រមេរ បានស្រែកតវ៉ា និងផ្តិតមេដៃប្តឹងដាក់ញត្តិ សុំកិច្ចអន្តរាគមន៍ទៅអាជ្ញាធរថ្នាក់ជាតិគ្រប់ស្ថាប័ន តែគ្មានលទ្ធផល។ លោកស្រីបន្ថែមថា ក្រុមហ៊ុនចិន រ៉ូយ ហ្វេង បានផ្អាកដំណើរការប្រហែល ជាង ២ខែមកហើយ មិនឃើញកម្មករក្រុមហ៊ុនឈូសឆាយ ដាំអំពៅ និងស្រូវទៀតទេ ហើយលោកស្រី ចង់ឱ្យអាជ្ញាធរប្រគល់ដី ដែលក្រុមហ៊ុនរំលោភយក ជូនសហគមន៍អាស្រ័យផលវិញ៖ «គ្មានដោះស្រាយទេ តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ ២០២០ហ្នឹងមិនទាន់មានដំណោះស្រាយទេ។ អាជ្ញាធរមិនយកចិត្តទុកដាក់ទេ។ ខ្ញុំសំណូមពរឱ្យរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធនានា ជួយឱ្យរដ្ឋាភិបាលជួយដោះស្រាយកាត់ដីពីក្រុមហ៊ុនឱ្យពលរដ្ឋវិញ ឱ្យបានយើងខ្ញុំធ្វើស្រែ ព្រោះសព្វថ្ងៃពួកខ្ញុំគ្មានរំពឹងអីទេ មានតែដីធ្វើស្រែ មានតែចម្ការហ្នឹង បើអត់ដីធ្វើស្រែ ចម្ការហើយ គ្មានចេះរកអីទេ»។
ទីប្រឹក្សាសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរ អ្នកស្រី ទេព ទឹម ធ្លាប់បានលើកឡើងថា ជនជាតិដើមភាគតិចកួយ ក្នុងឃុំប្រមេរ ជាង ៧០០គ្រួសារ ស្មើនិងជាង ២ពាន់ ៤រយនាក់ (២៤២៤) បានបាត់បង់សិទ្ធិប្រើប្រាស់ដីធ្លីជាសមូហភាព ការគ្រប់គ្រងដី និងធនធានធម្មជាតិ ជាច្រើនឆ្នាំមកហើយ ដោយសារការរំលោភបំពានធ្ងន់ធ្ងរ ពីសំណាក់ក្រុមហ៊ុនស្ករអំពៅចិន។ អ្នកស្រីបន្ថែមថា ដីព្រៃឈើ ដីភ្នំ ខឿនប្រាសាទបុរាណ ទឹកបឹង និងអូរធម្មជាតិជាកន្លែងពួកគេអាស្រ័យផលច្រើនជំនាន់មកហើយ បានក្លាយជាចម្ការអំពៅរបស់ក្រុមហ៊ុនចិន។ ហេតុនេះពួកគេទាមទារឱ្យរដ្ឋាភិបាលដកហូតដីទាំងនោះ ដើម្បីចុះបញ្ជីសមូហភាពជូនសហគមន៍ប្រើប្រាស់៖ «រដ្ឋាភិបាលមិនទាន់បានដោះស្រាយ វិវាទដីធ្លីក្នុងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅ ផលិតស្ករស នាំចេញទេ។ ពលរដ្ឋប្រឈម ជាមួយក្រុមហ៊ុនចិនទូទាំងឃុំទាំងអស់គ្នាតែម្ដង ប៉ះពាល់ព្រៃជំនឿ ឈូសឆាយខឿន ប្រាសាទ លុបត្រពាំងបឹងបួរ ធ្វើឱ្យបាត់បង់ភូមិបុរាណ និងធនធានធម្មជាតិជាច្រើន»។
អាស៊ីសេរីបានព្យាយាមទាក់ទង អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ នាយរដ្ឋបាលសាលាខេត្ត លោក យ៉ុង គឹមហឿង និងប្រធានមន្ទីរកសិកម្ម លោក ពឹង ទ្រីដា ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី៦ កុម្ភៈ។ ចំណែកភាគីក្រុមហ៊ុនក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
មេឃុំប្រមេរ លោក ធាង ហេង ប្រាប់អាស៊ីសេរីថា ក្រុមហ៊ុនស្ករអំពៅចិន បានផ្អាកដំណើរការមួយរយៈហើយ មិនឃើញកម្មករធ្វើការក្នុងការដ្ឋានទេ។ លោកថា ដើមអំពៅភាគច្រើនក្នុងផ្ទៃដីរបស់ក្រុមហ៊ុន ត្រូវបានភ្លើងឆេះអស់ស្ទើរទាំងស្រុង ហើយអាជ្ញាធរឃុំបានរាយការណ៍បញ្ហានេះជូនថ្នាក់លើរួចហើយ។ ចំណែកជម្លោះដីធ្លីរវាងសហគមន៍ និងក្រុមហ៊ុន ជាភារកិច្ចដោះស្រាយរបស់អាជ្ញាធរថ្នាក់ខេត្ត និងថ្នាក់ជាតិ៖ «ខ្ញុំគ្រាន់តែរាយការណ៍ទេ យើងមិនមែនជាអ្នកគ្រប់គ្រងកន្លែងគេ។ វាដូចដាច់គ្នា យើងរាយការណ៍ទៅលើហើយទៅលើថា វាឆេះចម្ការ មិនដឹងថា ក្រុមហ៊ុនដុត ឬមួយពលរដ្ឋដុតអាជ្ញាធរមិនដឹងដែរ»។

ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហេង ហ្វូ (Hengfu Group Sugar Industry) ទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំជាង ៤២.០០០ហិកតារ តាំងពីឆ្នាំ២០១១ វិនិយោគដាំអំពៅ និងកៅស៊ូ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនមេ និងមានបុត្រសម្ព័ន្ធក្រុមហ៊ុនចំនួន ៥ទៀត ដូចជា ក្រុមហ៊ុន ឡាន ហ្វេង (Lan Feng) ក្រុមហ៊ុន រួយ ហ្វេង (Rui Feng) ក្រុមហ៊ុន ហេង ណុង (Heng Non) ក្រុមហ៊ុន ហេង រួយ (Heng Rui) និងក្រុមហ៊ុន ហេង យូ (Heng Yue)។
មន្ត្រីតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ ថ្លែងថា ក្រុមហ៊ុនស្ករអំពៅចិន រ៉ួយ ហ្វេង (Rui Feng) បានផ្អាកប្រតិបត្តិការរបស់ខ្លួន និងមានការដ្ឋានខ្លះ លក់សម្ភារៈអស់មួយចំនួនហើយ។ រីឯកម្មករ ក៏មិនឃើញមានវត្តមានក្នុងការដ្ឋានរបស់ក្រុមហ៊ុនដែរ។ លោកស្នើឱ្យរដ្ឋាភិបាល និងអាជ្ញាធរខេត្តគួរពិនិត្យឡើងវិញ ករណីជម្លោះដីធ្លីរ៉ាំរ៉ៃរវាងពលរដ្ឋ និងក្រុមហ៊ុន ដើម្បីរកយុត្តិធម៌តាមផ្លូវច្បាប់ជូនសហគមន៍ ដែលទាមទារច្រើនឆ្នាំមកហើយនោះ៖ «អាជ្ញាធរ ឬក៏រដ្ឋាភិបាល លោកគួរពិនិត្យឡើងវិញ មើលពីជម្លោះដីធ្លីរវាងពលរដ្ឋ ជាមួយក្រុមហ៊ុនហ្នឹង អាចដោះស្រាយបានដោយវិធីណា ដើម្បីបំពេញសេចក្ដីត្រូវការរបស់ពលរដ្ឋសហគមន៍ជាពិសេសជនជាតិដើមភាគតិចដែលគាត់ទាមទារជាច្រើនឆ្នាំហើយមកហើយនោះ។ អ៊ីចឹងគួរតែពិនិត្យមើល ដើម្បីផ្ដល់ដីហ្នឹងឱ្យគាត់វិញ»។
មន្ត្រីសង្គមស៊ីវិល និងសហគមន៍សង្កេតឃើញថា ចាប់តាំងពីមានវត្តមានក្រុមហ៊ុនស្ករអំពៅចិនទទួលសិទ្ធិវិនិយោគលើផ្ទៃដីជាង ៤ម៉ឺនហិកតារ តាំងពីឆ្នាំ ២០១១មក ជម្លោះដីធ្លី បានផ្ទុះឡើង រវាងក្រុមហ៊ុន និងពលរដ្ឋជនជាតិដើមភាគតិចកួយរាប់ពាន់គ្រួសារ រស់នៅក្នុងស្រុកចំនួន៣ គឺស្រុកជ័យសែន ស្រុកឆែប និងស្រុកត្បែងមានជ័យ។ សហគមន៍ថា ភូមិកំណើតរបស់ពួកគេភាគច្រើន ដែលធ្លាប់គ្រប់ដណ្ដប់ដោយព្រៃស្រោងផ្ដល់ម្លប់បៃតងស្រស់ស្អាត បានប្រែក្លាយជាចម្ការអំពៅរបស់ក្រុមហ៊ុនចិនហ៊ុមព័ទ្ធ សូម្បីតែវាលស្មៅសម្រាប់ឃ្វាលគោក្របី ក៏បាត់បង់ស្ទើរទាំងស្រុងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។