អាជ្ញាធរខេត្តព្រះសីហនុកំពុងរុះរើផ្ទះពលរដ្ឋចំនួន២៩គ្រួសារ ក្នុងក្រុម២៨ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយចោទប្រកាន់ថា ពួកគេរស់នៅលើដី ចំណីអូរ និងចំណីផ្លូវសាធារណៈរបស់រដ្ឋ។ ពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលស្នើទៅអភិបាលខេត្ត ផ្ដល់សំណងឬផ្ដល់ទីតាំងថ្មីឱ្យពលរដ្ឋអាចរស់នៅបាន ព្រោះពួកគេរស់នៅទីនោះយូរឆ្នាំហើយ ហើយក៏គ្មានលទ្ធភាពទិញដីនៅខេត្តព្រះសីហនុរស់នៅបានដែរ ខណៈដីក្នុងខេត្តនេះកំពុងឡើងថ្លៃ។
អាជ្ញាធរខេត្តព្រះសីហនុបានចាប់ផ្តើមរុះរើផ្ទះចំនួន ៦ខ្នងរួចហើយ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ និងគ្រោងរុះរើបន្តទៀត។ ពលរដ្ឋដែលបាត់បង់លំនៅឋានបានហៅវិធានការបែបនេះ ថា ដូចសម្លាប់ពួកគេទាំងរស់។
ពលរដ្ឋម្នាក់ ដែលអាជ្ញាធររុះរើផ្ទះរបស់ខ្លួនគឺលោក គីម ធីម ឱ្យអាស៊ីសេរីដឹងថា ពេលនេះលោកគ្មានសល់អ្វីទៀតទេ។ លោកបានចូលមករស់នៅទីនេះជាង១០ឆ្នាំមកហើយ ដោយទិញដីរបស់គេ ហើយលិខិតទិញលក់នោះក៏មានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានដែរ។ ពលរដ្ឋរូបនេះស្នើទៅអាជ្ញាធរផ្ដល់សំណង ឱ្យលោកខ្លះចំពោះការបាត់បង់ផ្ទះសម្បែងនេះ ឬផ្ដល់កន្លែងរស់នៅឱ្យលោក ព្រោះលោកគ្មានលទ្ធភាពទិញដីនៅខេត្តនេះទេ៖ «ផ្ទះពួកខ្ញុំ ៦គ្រួសារគេកាយអស់ហើយ កូនខ្មែរដល់គ្នាអត់បានគ្នានៅហ្នឹងបងបើគ្នាមានគ្នាមិនទៅនៅលើអូរអ៊ីចឹងទេ ហើយនៅលើអូរមិនមែនថាទៅចាប់ដីបាននៅទេ គឺទិញដីគេ»។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីករណីនេះពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ នៅថ្ងៃទី២៤ ខែមករា ដោយទូរស័ព្ទចូល គ្មានអ្នកទទួល។ ប៉ុន្តែអ្នកនាំពាក្យរូបនេះធ្លាប់ឱ្យអាស៊ីសេរីដឹងនៅមុនពេលអាជ្ញាធររុះរើថា មុននឹងឈានដល់ការរុះរើអាជ្ញាធរមូលដ្ឋាន បានយកលិខិតជូនដំណឹងប្រគល់ជូនពលរដ្ឋឱ្យដើម្បីត្រៀមខ្លួនធ្វើការរុះរើជាច្រើនដងមកហើយ។ ជុំវិញសំណើរបស់ពលរដ្ឋដែលទាមទារសំណងលោកថា គឺជាការសម្រេចចិត្តរបស់អភិបាលខេត្ត៖ «កាយអូរប្រឡាយស្ដារអូរប្រឡាយឡើងវិញនេះគឺយើងធ្វើទៅតាមប្លង់ប្រព័ន្ធសុរិយោដី ដើម្បីគោលបំណងធំរបស់យើងគឺបញ្ចៀសឱ្យបានការជន់លិច»។
អ្នកសម្របសម្រួលសមាគមអាដហុក(Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេតឃើញថា ពលរដ្ឋដែលរស់នៅលើតំបន់នេះ បានទិញដីតៗគ្នា ពីម្ចាស់ដើម ហើយក្នុងលិខិតទិញលក់នោះក៏មានទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានដែរ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើទៅអាជ្ញាធរខេត្តព្រះសីហនុ ផ្ដល់ទីកន្លែងរស់នៅថ្មីដល់ពលរដ្ឋ បើមិនដូច្នេះទេអ្នកស្រីយល់ថា ពលរដ្ឋនឹងរងទុក្ខ ដោយវិធានការរបស់អាជ្ញាធរជាក់ជាមិនខាន៖ «គួរឱ្យសោកស្ដាយមែនទែនព្រោះការអភិវឌ្ឍខេត្តព្រះសីហនុ គឺអភិវឌ្ឍទាំងអស់គ្នា អ្នកមានអ្នកក្រអាចរស់នៅអាស្រ័យផលដោយសម្បូរសប្បាយទាំងអស់គ្នា ប៉ុន្តែបើឥឡូវមិនមានដំណោះស្រាយទេ ពួកគាត់ប្រហែលមិនអាចបន្តការរស់នៅអាចមានសេចក្ដីសុខទេ»។
រដ្ឋបាលខេត្តព្រះសីហនុ ចោទប្រកាន់ថា ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់នេះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំដោះទឹក និងគម្រោងស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ ដែលជាហេតុធ្វើខេត្តនេះរងដោយជំនន់ទឹកភ្លៀង។ ក្រុមពលរដ្ឋលើកឡើងថា ពួកគេមិនប្រឆាំង នឹងការរៀបចំប្រព័ន្ធរំដោះទឹកនេះទេ ប៉ុន្តែទាមទារឱ្យអាជ្ញាធរផ្ដល់ដីទីតាំងថ្មីដល់ពួកគេទាំង២៩គ្រួសារ ដើម្បីឱ្យពួកគេមានជម្រកថ្មី ដែលអាចរស់នៅបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។