រដ្ឋបាលខេត្តព្រះសីហនុបានព្រមានជាថ្មីថា នឹងរុះតូបអាជីវករលក់ដូរតាមឆ្នេរអូរត្រេះក្នុងខេត្តនេះ ប្រសិនបើពលរដ្ឋមិនព្រមរុះរើចេញតាមសំណើរបស់រដ្ឋបាលខេត្ត។
សេចក្ដីប្រកាសព័ត៌មានចុះកាលថ្ងៃទី១៣ ខែមករា លើកឡើងថា ពេលនេះមានពលរដ្ឋលក់ដូរនៅតាមឆ្នេរអូរឈើទាល (អតីតអារីស្តុន) បានយល់ព្រមរុះរើតូបរបស់ខ្លួនចេញដោយគ្មានការតវ៉ានោះទេ ដោយឡែកនៅតែអាជីវករលក់ដូរតាមឆ្នេរ អូរត្រេះ១ និងអូរត្រេះ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ មិនទាន់រុះរើតូប រោង និងស្តង់លក់ដូររបស់ខ្លួនចេញ តាមលិខិតជូនដំណឹងចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តនៅឡើយទេ។
រដ្ឋបាលខេត្តអះអាងថា ការមិនអនុញ្ញាតពលរដ្ឋបន្តលក់ដូរនៅលើឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ព្រោះអាជ្ញាធរខេត្តត្រូវរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ កែលម្អសោភ័ណភាពឆ្នេរ រក្សាទុកជាឆ្នេរសាធារណៈ និងជាសម្បត្តិរួមសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅមកទស្សនាកម្សាន្ត។
ការព្រមានជាថ្មីរបស់អាជ្ញាធរខេត្តព្រះសីហនុដូច្នេះ ខណៈក្រុមអាជីវករទាំង៦២តូប នៅឆ្នេរអូរត្រេះ កំពុងធ្វើការទាមទារតវ៉ាមិនឱ្យមានការរុះរើតូប ហើយតំណាងពលរដ្ឋខ្លះកំពុងស្វះស្វែងអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិនៅរាជធានី ភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។