ពលរដ្ឋ​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ពន្លឿន​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ក្រោយ​រុះរើ​ដី​ផ្ទះ​ខ្លួន

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ឱ្យ​ពន្លឿន​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​រស់នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​រុះរើ​ផ្ទះ​របស់​ពួក ដើម្បី​ពង្រីក​អូរ និង​ប្រឡាយ។ សំណើ​បែបនេះ ធ្វើឡើង​ក្នុង​ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​អះអាង​ថា កំពុង​សិក្សា មុននឹង​សម្រេច​ផ្តល់​ដី​ដល់​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ណា ដែល​ជា​អ្នក​ខ្វះខាត​ពិតប្រាកដ។

ក្រុម​ពលរដ្ឋ​លើកឡើង​ថា ពួកគេ​កំពុង​ជួប​ការ​លំបាក​ដោយសារ​បាត់​បង់​ជម្រក ដោយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​រុះរើ​ផ្ទះ​របស់​ពួកគេ ដោយ​ចោទ ថា រស់នៅ​លើ​ដី​ចំណី​អូរ និង​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​។

ពលរដ្ឋ​ម្នាក់ លោកស្រី អ៊ុច ម៉ុន ឱ្យ​ដឹង​ថា ពេលនេះ​លោកស្រី​មិន​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​នៃ​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅឡើយ​ទេ​។ លោកស្រី​រំពឹង​ថា អាជ្ញាធរ​ខេត្ត​នឹង​ពន្លឿន​ការងារ​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច៖ «យើង​អត់​ប្រឆាំង​ទេ​គេ​អភិវឌ្ឍន៍​អី​គេ​ស្តារ​អូរ​អី​ធ្វើ​ទៅ ប៉ុន្តែ​ធ្វើ​អី​ធ្វើ​ទៅ​ប្រជាពលរដ្ឋ​គាត់​រស់នៅ​ហ្នឹង គ្នា​សុទ្ធតែ​អ្នក​អត់​ជួយ​ដោះស្រាយ​ផ្ដល់​សំណង​ប្រជាពលរដ្ឋ»។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្ឃឹម​ថា អាជ្ញាធរ​ខេត្ត នឹង​ពិនិត្យ​ផ្ដល់​ដី​ដល់​ពលរដ្ឋ​ឈរ​លើ​មូលដ្ឋាន​តម្លាភាព និង​យុត្តិធម៌​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ចង់​ឃើញ​អាជ្ញាធរ​ផ្ដល់​ថវិកា​បន្ថែម​លើ​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច ដោយ​អ្នកស្រី​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្លះ​បាន​បាត់បង់​ផ្ទះ​របស់​ខ្លួន​ទាំងស្រុង​តែម្ដង ហើយ​ពួកគេ​ក៏​គ្មាន​លទ្ធភាព​សាងសង់​លំនៅឋាន​ថ្មី​នោះ​ដែរ៖ «ហើយ​បើ​សិន​រដ្ឋបាល​ខេត្ត​ចែក​តែ​ដី​ឱ្យ​គាត់ មិន​បានជា​លុយ​ពី​ណា​មក​សង​ធនាគារ​ទេ ត្រូវ​រកលុយ​ធ្វើ​ផ្ទះ​ជាថ្មី​ហើយ រកលុយ​សង​ធនាគារ​ទៀត»។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ចាប់ផ្តើម​រុះរើ​ផ្ទះ​ពលរដ្ឋ​កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ដោយ​ចោទ​ប្រកាន់​ថា ការរស់នៅ​របស់​ពល​រដ្ឋ ២៩​គ្រួសារ​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំដោះ​ទឹក និង​គម្រោង​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ ដែល​ជា​ហេតុ​ធ្វើ​ខេត្ត​នេះ​រង​ជំនន់​ទឹកភ្លៀង។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ឱ្យ​អាស៊ីសេរី​ដឹង​ថា ពលរដ្ឋ​ក្នុង​តំបន់​នេះ ដែល​អាច​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច គឺជា​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ។ ប៉ុន្តែ លោក​មិនទាន់​អាច​បញ្ជាក់​បាន​ថា មាន​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​នៃ​ពលរដ្ឋ​ទាំង ២៩​គ្រួសារ​រង​ប៉ះពាល់​ដែល​នឹង​ត្រូវ​ទទួល​បាន​ដី​សម្បទាន​នៅឡើយ​នោះ​ទេ ព្រោះ​អាជ្ញាធរ​កំពុង​សិក្សា​ករណី​នេះ៖ «យើង​ទៅ​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ថា ក្រីក្រ​ពិត​ប្រាកដ ឬក៏​អ្នក​មាន​ផ្ទះ​កន្លែង​ផ្សេង​មក​សាង​សង់ផ្ទះ​បន្ថែម​អាហ្នឹង​មិន​ត្រូវ​បាន​ពិចារណា​យក​ដោះស្រាយ​ទេ»។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​លើកឡើង​ដូចគ្នា​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពួកគេ​បាន​ចូល​មក​រស់នៅ​ទីនេះ​ជាង ១០​ឆ្នាំ​មក​ហើយ ម្យ៉ាងវិញទៀត​រាល់​ការទិញ​ដីធ្លី​នៅ​ក្នុង​តំបន់​នេះ គឺ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។ ពលរដ្ឋ​ថា ពួកគេ​មិន​ប្រឆាំង​ការ​អភិវឌ្ឍ​ទេ ប៉ុន្តែ​ពួកគេ​ស្នើសុំ​មាន​ការ​រស់នៅ​សមរម្យ​ពេល​អាជ្ញាធរ​ធ្វើ​ការ​អភិវឌ្ឍ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។