ពលរដ្ឋរស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ប្រមូលផ្តុំគ្នាទាមទារសំណងក្រោយអាជ្ញាធរខេត្តរុះរើផ្ទះរបស់ពួកគេ ដើម្បីពង្រីកអូរប្រឡាយដោយមិនទាន់ផ្ដល់សំណង។ មន្ត្រីសង្គមស៊ីវិលដែលតាមដានដំណើររឿងនេះស្នើទៅអភិបាលខេត្តគួរជជែកជាមួយពលរដ្ឋដើម្បីរកដំណោះស្រាយ។
ក្រុមពលរដ្ឋប្រមាណ១០០នាក់បាននាំគ្នាទាមទារតវ៉ាខណៈគ្រឿងចក្ររបស់អាជ្ញាធរខេត្តព្រះសីហនុបន្តឈូសឆាយលើដីផ្ទះរបស់ពួកគេ។ ពលរដ្ឋដែលចេញតវ៉ានេះជាក្រុមពលរដ្ឋ២៩គ្រួសារ ដែលត្រូវអាជ្ញាធរចាត់វិធានការរុះរើផ្ទះរបស់ពួកគេ ដោយចោទប្រកាន់ថារស់នៅលើដីចំណីអូរ និងចំណីផ្លូវសាធារណៈរបស់រដ្ឋ។
ពលរដ្ឋម្នាក់ដែលត្រូវអាជ្ញាធររុះរើផ្ទះរបស់ខ្លួនគឺលោកស្រី អ៊ុច ម៉ុន ឱ្យអាស៊ីសេរីដឹងថ្ងៃទី៣១ ខែមករាថា អាជ្ញាធរបានឈូសឆាយ និងកម្ទេចផ្ទះលោកស្រីអស់ទៅហើយ ប៉ុន្តែមិនទាន់មានថ្នាក់ដឹកនាំខេត្ត ឬអាជ្ញាធរណាមួយ ប្រាប់ថា នឹងផ្ដល់សំណងនៃការបាត់បង់ផ្ទះរបស់លោកស្រីនិងផ្ទះសម្បែងរបស់ពលរដ្ឋផ្សេងទៀតនៅឡើយទេ។ ពលរដ្ឋរូបនេះបន្តថា អាជ្ញាធរបានរុះរើផ្ទះពលរដ្ឋអស់ប្រមាណ ១០ខ្នងទៅហើយ៖ «គាត់វាយផ្ទះយើងនៅតែបន្តវាយរហូតអ៊ីចឹងពួកខ្ញុំអត់ទៅទេដល់រកដំណោះស្រាយសិនទៅ បានពួកខ្ញុំព្រមថ្ងៃនេះឃើញដកអាអ៊ិចចេញហើយបង ប៉ុន្តែវាយផ្ទះហើយអស់ប៉ុន្មានខ្នងហើយ»។
អាជ្ញាធរខេត្តព្រះសីហនុបានចាប់ផ្តើមរុះរើផ្ទះពលរដ្ឋកាលពីថ្ងៃទី២៣ មករា ដោយចោទប្រកាន់ថាការរស់នៅរបស់ពលរដ្ឋ ២៩គ្រួសារនេះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំដោះទឹក និងគម្រោងស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ ដែលជាហេតុធ្វើឱ្យខេត្តនេះរងគ្រោះដោយជំនន់ទឹកភ្លៀង។
លិខិតរបស់សាលាខេត្តព្រះសីហនុឱ្យដឹងថា ពលរដ្ឋទាំងនេះរស់នៅក្នុងភូមិសាស្ត្រ ក្រុម២៨ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ប៉ុន្តែពលរដ្ឋរងគ្រោះអះអាងថា ពួកគេរស់នៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្នុងខេត្តព្រះសីហនុ។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី យល់ថា វិធានការរបស់អាជ្ញាធរខេត្តគឺប៉ះពាល់ដល់សិទ្ធិលំនៅឋានរបស់ពលរដ្ឋ។ អ្នកស្រីបន្តថា ទោះពលរដ្ឋរស់នៅលើដីរដ្ឋក្តី ប៉ុន្តែពួកគេរស់នៅលើដីនេះជាង ១០ឆ្នាំទៅហើយ ហើយអភិបាលខេត្តមុនៗក៏មិនដែលមានវិធានការអ្វីលើពួកគេដែរ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើទៅអាជ្ញាធរខេត្តព្រះសីហនុគួរផ្តល់ទីកន្លែងរស់នៅថ្មី ឬផ្ដល់សំណងជាប្រាក់ដល់ពលរដ្ឋដែលរងផលប៉ះពាល់ទាំងនេះ៖ «គួរកោះអញ្ជើញប្រជាពលរដ្ឋអ្នកពាក់ព័ន្ធទាំងអស់ហ្នឹងមកជជែកជួយផ្តល់ដំណោះស្រាយដល់ពួកគាត់ព្រោះពួកគាត់មិនមែនទើបមករស់នៅមួយឆ្នាំពីរឆ្នាំទេពួកគាត់នៅខ្លះ១០ឆ្នាំ ១៥ឆ្នាំហើយ»។
ឆ្លើយតបការលើកឡើងនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ឱ្យអាស៊ីសេរីដឹងនៅល្ងាចថ្ងៃទី៣១ ខែមករា ថា អាជ្ញាធរគ្មានគម្រោងផ្ដល់សំណងដល់ពលរដ្ឋទាំងនោះទេ ព្រោះលោកចោទថា ពលរដ្ឋទាំងនោះ រស់នៅលើដីអូរប្រឡាយ ដោយខុសច្បាប់។ ប៉ុន្តែលោកថា អាជ្ញាធរខេត្ត អាចពិចារណាផ្ដល់ជាដីសម្បទានសង្គមកិច្ច ប្រសិនអាជ្ញាធររកឃើញថា ពួកគេ គ្មានដីធ្លីនិងផ្ទះសម្បែង មែននោះ៖ «អេដូចជាខ្ញុំអត់មានទម្លាប់ផ្ដល់សំណងអ្នករស់នៅលើដីផ្លូវ ឬនៅលើអូរប្រឡាយទេ បើសង្គមកិច្ចអាចមានតែរឿងសំណងគឺគ្មាន»។
ពលរដ្ឋបាត់បង់ផ្ទះ លោកស្រី អ៊ុច ម៉ុន ឱ្យដឹងទៀតថា លោកស្រីនិងពលរដ្ឋផ្សេងទៀតបានចូលមករស់នៅលើដីនេះជាង១០ឆ្នាំមកហើយ ហើយពួកគេក៏មិនប្រឆាំងការអភិវឌ្ឍនៅក្នុងខេត្តនេះដែរ។ ប៉ុន្តែក្រុមពលរដ្ឋស្នើទៅអភិបាលខេត្ត គួរផ្តល់សំណង ឬផ្ដល់ទីកន្លែងថ្មីឱ្យពួកគាត់អាចរស់នៅបាន ព្រោះលោកស្រីគ្មានដីផ្សេងសម្រាប់សង់ផ្ទះនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។