ពលរដ្ឋមានជម្លោះដីធ្លីរ៉ាំរ៉ៃនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ថា ក្រុមហ៊ុនចិនឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ប្រើទាហានម្នាក់មានកាន់អាវុធ និងកម្លាំងកម្មករប្រមាណ៣០នាក់ធ្វើសកម្មភាពបំពានយកដីធ្លី និងហាមឃាត់អ្នកភូមិមិនឱ្យចូលទៅចម្ការ ។ មន្ត្រីសង្គមស៊ីវិលស្នើដល់អាជ្ញាធរចុះដោះស្រាយវិវាទដីធ្លីនេះ ដើម្បីបញ្ចប់ការប្រឈមដាក់គ្នារវាងពលរដ្ឋនិងខាងក្រុមហ៊ុនចិន។
តំណាងសហគមន៍ឃុំត្រពាំងព្រីង លោក ហឿន ស៊ីនាត ថ្លែងថា ខាងក្រុមហ៊ុនចិនធ្វើសកម្មភាពឈូសឆាយដីចម្ការដំឡូងពលរដ្ឋចាប់តាំងពីម៉ោង៣ទាបភ្លឺ ថ្ងៃទី៤ មិថុនា និងដកហូតទូរស័ព្ទពលរដ្ឋដែលនៅចាំរោងចម្ការ មិនឱ្យទាក់ទងទៅអ្នកដទៃ។
លោកបន្តថា មេការក្រុមហ៊ុនចិន បញ្ជាឱ្យកម្មករប្រើគ្រឿងចក្រជាច្រើនគ្រឿង កាយផ្ដាច់ផ្លូវធ្វើជាប្រឡាយដើម្បីទប់ស្កាត់អ្នកភូមិកុំឱ្យចូលទៅដីចម្ការតទៅទៀត ។ លោកហៅទង្វើរបស់ជនជាតិចិននេះ ជាការគំរាមកំហែងដល់ពលរដ្ឋម្ចាស់ដី ខណៈដែលដំណោះស្រាយផ្លូវការណាមួយពីអាជ្ញាធរ នៅមិនទាន់មាននៅឡើយ។
តំណាងពលរដ្ឋរូបនេះ ស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយឱ្យពលរដ្ឋជាង១៤០គ្រួសារ រស់នៅឃុំត្រពាំងព្រីងដែលកំពុងមានជម្លោះដីធ្លីនឹងក្រុមហ៊ុនចិន៖ «និយាយរួមនៅខាងឃុំ ខាងស្រុក អីហ្នឹង គឺគាត់និយាយមួយម៉ាត់ថា ហួសដែនកំណត់របស់គាត់។ ដល់អ៊ីចឹង គាត់អត់មានសិទ្ធិមកស្រាយទេបាទ។ ខ្ញុំសំណូមពរដល់សម្ដេចហ៊ុន សែន សូមជួយជំរុញឱ្យអាជ្ញាធរស្ថាប័នដែលពាក់ព័ន្ធចុះមកជួយដោះស្រាយដល់ពួកយើងខ្ញុំផង»។
អាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុនហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី៤ មិថុនា។
ទោះជាយ៉ាងណា ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក បែន រ័ត្ន ប្រាប់អាស៊ីសេរី នៅថ្ងៃទី៤ មិថុនា ថា ពិតជាមានការប្រឈមដាក់គ្នារវាងពលរដ្ឋនិងខាងក្រុមហ៊ុនចិនមែនតែលោកថា មិនមានអំពើហិង្សានោះទេ ហើយភាគីទាំងសងខាងក៏ព្រមផ្អាកសកម្មភាពរៀងៗខ្លួនដែរ៖ «បញ្ហាទំនាស់ដីធ្លីគឺជារឿងរបស់មន្ទីរជំនាញ មានសូរិយោដី និងអាជ្ញាធរខេត្តស្រុក ។ ព្រឹកមិញនេះ គ្រាន់តែកើតហេតុ ខាងក្រុមហ៊ុនហ្នឹង គាត់ទៅកាយប្រឡាយ ប៉ុន្តែពេលដែលពលរដ្ឋទៅដល់ឃាត់ទៅក៏ឈប់ទៅ អត់មាន អត់មានការប៉ះទង្គិចហិង្សាអ្វីទេ ហើយគេក៏ថយទៅវិញទៅ ។ កាយបានប៉ុន្មានក៏ប៉ុណ្ណឹងទៅ ។ អត់មានប្រកែកហិង្សា ឬប្រើកម្លាំងបាយអ្វីគឺអត់មានទេ»។
មន្ត្រីផ្នែកអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) ខេត្តត្បូងឃ្មុំ លោក ឡេង សេងហាន មានប្រសាសន៍ថា ទំនាស់ដីធ្លីនេះ អូសបន្លាយអស់រយៈពេលច្រើនឆ្នាំមកហើយ ចាប់ពីឆ្នាំ២០១៦ ។ លោកលើកឡើងថា ប្រជាពលរដ្ឋភាគច្រើនរស់នៅអាស្រ័យនឹងការធ្វើចម្ការលើដីជាប់មាត់ទន្លេនៅរដូវទឹកស្រកម្ដងៗ ហេតុនេះ ខាងអាជ្ញាធរនិងក្រសួងពាក់ព័ន្ធគួរពន្លឿនដំណោះស្រាយរឿងនេះ ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន៖ «អាជ្ញាធរពាក់ព័ន្ធគួរតែមានដំណោះស្រាយមួយ ល្អប្រសើរបំផុតសម្រាប់ឱ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនឱ្យទទួលយកបានហើយមានតម្លាភាព ។ វិវាទហ្នឹងគួរតែបញ្ចប់ទៅ កុំឱ្យទុកវាយូរអ៊ីចឹង វាមិនបានផលប្រយោជន៍អ្វីសម្រាប់សង្គមជាតិទេ»។
ជុំវិញវិវាទនេះ ពលរដ្ឋនាំគ្នាធ្វើដំណើរជាច្រើនសារ ទៅរកកិច្ចអន្តរាគមន៍ពីក្រសួងដែនដី និងស្ថាប័នជាតិជាច្រើនទៀត ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានស្ថាប័នណាមួយចេញមុខដោះស្រាយបញ្ចប់ទំនាស់នេះនោះទេ។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះ ពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត និង ប្រធានមន្ទីររៀបចំដែនដី ខេត្តត្បូងឃ្មុំ លោក ប៉ូច សុធារិទ្ធ បានទេ ដោយគ្មានអ្នកទទួលទូរស័ព្ទ។
ពលរដ្ឋអះអាងថា ភាគីក្រុមហ៊ុននៅតែបន្តប្រើគ្រឿងចក្រឈូសឆាយបំផ្លាញដីចម្ការ ដំឡូងមីស្វាយចន្ទីរបស់អ្នកភូមិដោយសំអាងថា មន្ទីរសុរិយោដីស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានកាត់ដីព្រៃសហគមន៍ទំហំជាង ៤រយហិកតារ (៤២១.៧០) ឱ្យក្រុមហ៊ុនរួចហើយ។
លោក ហឿន ស៊ីនាត ថា ដីជាង៤០០ហិកតារ គឺជាចំណែកដីដែលអាជ្ញាធរកាត់ចេញពីដីព្រៃសហគមន៍ត្រពាំងព្រីងជាង១ពាន់២រយហិកតារ ទៅឱ្យក្រុមហ៊ុន។ លោកបញ្ជាក់ថា ខាងក្រុមហ៊ុនអះអាងថា ខ្លួនបានផ្ដល់សំណងឱ្យពលរដ្ឋរួចហើយ ប៉ុន្តែគិតមកដល់ពេលនេះ គ្មានពលរដ្ឋណា បានទទួលសំណងពីវិវាទដីធ្លីនេះនៅឡើយទេ។
កាលពីខែកក្កដា ឆ្នាំ២០១៩ ក្រសួងដែនដី សម្រេចច្រាលចោលសំណើពលរដ្ឋម្ដងរួចមកហើយដែលស្នើសុំទាមទារដីព្រៃសហគមន៍ យកមកកាន់កាប់វិញ។ ក្រសួងអះអាង ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមព្រៀងគ្នាលក់ដីឱ្យទៅក្រុមហ៊ុនហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) តាំងពីឆ្នាំ២០១១មក ហើយក្រុមហ៊ុនក៏បានចុះបញ្ជីរួចរាល់ដែរ។នៅពេលនោះ ក្រសួងក៏ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវរកមេខ្លោង ដែលញុះញង់បោកប្រាស់ប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងចលនាទាមទារនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ទោះជាយ៉ាងណា ពលរដ្ឋបដិសេធការលើកឡើងនេះ។ ពួកគាត់ស្នើឱ្យក្រសួងដែនដីចុះស៊ើបអង្កេតករណីនេះ ឱ្យបានច្បាស់លាស់ដោយមិនគួរផ្អែកតែលើរបាយការណ៍ថ្នាក់ឃុំ ស្រុក និងខេត្តនោះឡើយ។
ក្នុងវិវាទដីធ្លីមួយនេះ តុលាការខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែមិថុនា បានផ្ដន្ទាទោស តំណាងពលរដ្ឋម្នាក់ គឺលោក សែម សាង ឱ្យជាប់ពន្ធនាគារ៧ឆ្នាំពីបទកំហែងយក និងប្រើប្រាស់អាវុធខុសច្បាប់កាលពីជាង៤ឆ្នាំមុន ក្រោយពីលោកត្រូវបានសមត្ថកិច្ចស្រុកតំបែរ ចាប់ខ្លួន ពាក់កណ្ដាលខែតុលា ឆ្នាំ២០១៩ កន្លងទៅ ។ ពលរដ្ឋហៅការផ្ដន្ទាទោសនេះ ថា ជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានព្រោះលោក សែម សាង ជាតំណាងម្នាក់ដែលតែងតែចេញមុខការពារដីធ្លី និងព្រៃឈើរបស់សហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។