តុលាការរដ្ឋប្បវេណីក្រុងបាងកកប្រទេសថៃ នឹងចេញសេចក្ដីសម្រេចលើបណ្ដឹងឧទ្ធរណ៍ស្នើសុំឋានៈជាបណ្ដឹងសមូហភាព ក្នុងរឿងក្ដីរបស់ពលរដ្ឋខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយការបណ្ដេញចេញទាំងបង្ខំ ជាមួយនឹងក្រុមហ៊ុនស្ករអំពៅថៃ មិត្រផុន ខូអិលធីឌី (Mitr Phol Co., Ltd.) នៅព្រឹកថ្ងៃទី៣១ កក្កដាស្អែកនេះ។
នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៣០ កក្កដាថា ឋានៈជាបណ្ដឹងសមូហភាព គឺមានការចាំបាច់ ដើម្បីការពារសិទ្ធិរបស់ពលរដ្ឋកម្ពុជាដែលងាយរងគ្រោះ។ លោកបន្តថា ការផ្តល់ឋានៈជាបណ្ដឹងសមូហភាព នឹងក្លាយជាគំរូផ្លូវច្បាប់ដ៏រឹងមាំដែលបង្ហាញថា ក្រុមហ៊ុនសាជីវកម្មធំៗ ត្រូវតែមានការទទួលខុសត្រូវ ចំពោះការខូចខាតទាំងឡាយ ដែលបណ្ដាលមកប្រតិបត្តិការរបស់ខ្លួនមិនថា នៅទីណានោះទេ។
ជម្លោះដីធ្លីរវាងពលរដ្ឋខ្មែរនៅខេត្តឧត្តរមានជ័យជាមួយក្រុមហ៊ុនស្ករអំពៅ Angkor Sugar ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនស្ករអំពៅថៃឈ្មោះ មិត្រផុន ខូអិលធីឌី (Mitr Phol Co., Ltd.) បានផ្ទុះឡើង កាលពីឆ្នាំ២០០៨។ ប្រជាពលរដ្ឋចំនួនប្រាំភូមិរងផលប៉ះពាល់ រួមមាន ភូមិតាម៉ាន ភូមិត្រពាំងវែង ភូមិខ្ទុំ ភូមិអូរបាត់មាន់ ភូមិបុស្ស ឃុំក្រៀល ក្នុងក្រុងសំរោង។ ភូមិដែលប៉ះពាល់ធ្ងន់ជាងគេបំផុត គឺភូមិអូរបាត់មាន់ ដែលមានផ្ទះអ្នកស្រុកជាង ២០០ខ្នង ត្រូវបានកម្លាំងរបស់ក្រុមហ៊ុនដុតបំផ្លាញចោលទាំងស្រុង ដើម្បីបង្ខំឱ្យអ្នកភូមិចាកចេញ យកដីដាំដំណាអំពៅ។
មេធាវីជនជាតិថៃដែលតំណាងឱ្យជនរងគ្រោះខ្មែរ អ្នកស្រី សរ រតនាម៉ានី ផនក្លា (Sor Rattanamanee Polkla) លើកឡើងថា ករណីនេះជាឱកាសមួយសម្រាប់ប្រទេសថៃ ដើម្បីបង្ហាញដល់ប្រជាជនថៃ និងសហគមន៍អន្តរជាតិថា ប្រទេសថៃនឹងលើកស្ទួយសិទ្ធិមនុស្ស សេចក្ដីថ្លៃថ្នូរ និងតម្រូវការប្រតិបត្តិធុរកិច្ចល្អបំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។