គ្រួសារជនជាប់ឃុំដោយសារបញ្ហាដីធ្លីជាមួយបុគ្គលឯកជនដែលអាជ្ញាធរមិនបង្ហាញអត្តសញ្ញាណហើយបានស្លាប់នៅក្នុងពន្ធនាគារខេត្តកណ្តាល កំពុងរស់នៅលាយឡំដោយទុក្ខក្រៀមក្រំ និងការឈឺចាប់ ក្នុងគ្រាដែលជីវភាពកំពុងយ៉ាប់យឺន។ មន្រ្តីសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួនពលរដ្ឋដែលមានទំនាស់ដីធ្លីកន្លងមក គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ផ្ទុយពីគោលកាណ៍ប្រជាធិបតេយ្យ។
ប្រពន្ធជនជាប់ឃុំដោយសារបញ្ហាដីធ្លីដែលបានស្លាប់នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីដើមខែកញ្ញានេះ កំពុងរស់នៅជាមួយកូនពីរនាក់ដោយរងទុក្ខក្រៀមក្រំ បន្ទាប់ពីបាត់បង់មនុស្សជាទីស្រឡាញ់។ស្ត្រីមេម៉ាយរូបនេះនៅតែខកចិត្តដោយសារអាជ្ញាធរមិនត្រឹមតែមិនបានជួយដោះស្រាយបញ្ហាដីធ្លីរបស់គាត់ប៉ុន្តែថែមទាំងចាប់ប្តីលោកស្រីយកទៅឃុំរហូតដល់ធ្លាក់ខ្លួនឈឺស្លាប់ទៀតផង។
ប្រពន្ធសពលោក ប៊ុន ចាន់សិដ្ឋ គឺលោកស្រី សុខ សូផា រៀបរាប់ប្រាប់អាស៊ីសេរីនៅថ្ងៃទី១២ ខែកញ្ញាថាប្តីលោកស្រីជាជំហរគ្រួសារដោយពេលនៅរស់ធ្វើជាកម្មករលក់ទឹកសុទ្ធឱ្យក្រុមហ៊ុនឯកជននៅរាជធានីភ្នំពេញដើម្បីរកប្រាក់ចិញ្ចឹមកូននិងសងបំណុលធនាគារ។ប៉ុន្តែជីវភាពគ្រួសារលោកស្រីបានធ្លាក់ចុះមួយរំពេចក្រោយប្តីជាប់ឃុំរឿងការពារដីធ្លីស្រែ។ស្រ្តីវ័យ ៣៥ ឆ្នាំរូបនេះបន្តទាំងថាបច្ចុប្បន្នលោកស្រីកំពុងរស់នៅដោយទុក្ខក្រៀមក្រំព្រោះមិនអស់ចិត្តចំពោះរឿងរ៉ាវដែលបានកើតឡើងហើយអ្វីដែលលោកស្រីស្រងោយចិត្តបំផុតនោះ គឺកូនយំនឹកឪពុករាល់ថ្ងៃខណៈលោកស្រីត្រូវរ៉ាប់រងបន្ទុកគ្រួសារម្នាក់ឯង៖ «ពេលវាឃើញរូបថតយើងសែនបាយ គឺវាយំវាអត់ប្រាប់តែវាអត់ប្រាប់យើងទេអាធំ តែកូនស្រីតូចគ្នាអត់ដឹងអីទេ តែសួរយើងតើថ្ងៃណាប៉ាវាចុះមកវិញ ប៉ាលែងចុះហើយ ប៉ាឡើងឋានលើបាត់ហើយខ្មោចប៉ាគេដុតបាត់ហើយ វាថាឱ្យប៉ាខ្ញុំមកវិញមក ខ្ញុំអត់ដឹងត្រូវប្រាប់កូនមិចទៀត ខ្ញុំជាម្តាយក៏អួលអាក់ក្នុងទ្រូងដែរ រាល់ថ្ងៃខ្ញុំធ្វើការទាំងទឹកភ្នែកនឹកឃើញស្រណោះពីប្តីហើយឃើញកូនដេកយំទន្ទឹមគ្នា ប្រសិនម្តាយមានរឿងអីទៀតកូនខ្ញុំពីរមិនដឹងគ្មានអ្នកមើលការខុសត្រូវទេ»។
លោកស្រី សុខ សុផា បញ្ជាក់ថាអាជ្ញាធរបានធ្វើកោសល្យវិច័យសពប្តីនៅមន្ទីរពេទ្យជ័យជំនះភ្លាមៗហើយប្រាប់ថាប្តីលោកស្រីស្លាប់ដោយសារជំងឺបេះដូងប៉ុន្តែរហូតមកដល់ពេលនេះអាជ្ញាធរមិនបានបកស្រាយហេតុការណ៍នៅក្នុងពន្ធនាគារឬបង្ហាញឯកសារច្បាស់លាស់ជុំវិញករណីនេះបន្ថែមនៅឡើយទេ។លោកស្រីយល់ថាបញ្ហាផ្ទួនៗទាំងនេះ គឺជារឿងអយុត្តិធម៌ប៉ុន្តែលោកស្រីមិនស្នើឱ្យមានការស៊ើបអង្កេតករណីស្លាប់និងដីធ្លីទេព្រោះបារម្ភពីសុវត្ថិភាព។
លោក ប៊ុន ចាន់សិដ្ឋ អាយុ ៣៤ ឆ្នាំ ជាពលរដ្ឋម្នាក់ដែលជាប់ពន្ធនាគារដោយសារតវ៉ារឿងដីធ្លីនៅខេត្តកណ្តាល បានស្លាប់នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ កាលពីថ្ងៃទី៤ ខែកញ្ញា បន្ទាប់ដឹកចេញពីពន្ធនាគារខេត្ត ហើយអាជ្ញាធរអះអាងថាលោកស្លាប់ដោយសារជំងឺបេះដូង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ អនុប្រធានពន្ធនាគារខេត្តកណ្តាលលោក ហេង ចលនា និងអ្នកនាំពាក្យតុលាការខេត្តកណ្តាល ឯក ស៊ុនរស្មី ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី១២ ខែកញ្ញា ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ប៉ុន្តែអភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌបានប្រាប់វិទ្យុអាស៊ីសេរីថ្មីៗនេះថា លោក ប៊ុន ចាន់សិដ្ឋ បានស្លាប់ដោយសារជំងឺបេះដូង ដោយមិនពាក់ព័ន្ធជំងឺកូវីដ-១៩ទេ។ លោកអះអាងថាករណីនេះគ្រូពេទ្យនិងមន្រ្តីពន្ធនាគារខេត្តបានព្យាយាមយកចិត្តទុកដាក់ និងជួយសង្គ្រោះគាត់ដោយត្រឹមត្រូវ ហើយអាជ្ញាធរបានជួយឧបត្ថម្ភថវិកាមួយចំនួនដល់គ្រួសារសពផងដែរ។
ជុំវិញករណីជម្លោះដីធ្លីនេះរហូតមកដល់ពេលនេះអាជ្ញាធរខេត្តកណ្តាលមិនទាន់បង្ហាញសញ្ញាណាមួយក្នុងការឈានដល់ការពិនិត្យមើលករណីជនជាប់ឃុំ ពីរនាក់ផ្សេងទៀតតបតាមការអះអាងរបស់អាជ្ញាធរកន្លងទៅនៅឡើយទេ។ គ្រួសារពលរដ្ឋជាប់ឃុំដោយសារបញ្ហាធ្លីនៅក្នុងពន្ធនាគារខេត្តកណ្តាលកំពុងបារម្ភអំពីសុខទុក្ខប្តីនិងឪពុកជាខ្លាំងហើយពួកគេស្នើឱ្យអាជ្ញាធរពាក់ព័ន្ធដោះលែងអ្នកទាំងនោះឱ្យមានសេរីភាព។
លោកស្រី ទ្រី ស្រីមុំ មានប្រសាសន៍ថាប្តីរបស់លោកស្រី គឺលោកគឹម បូរិនកំពុងជាប់ពន្ធនាគារដោយអយុត្តិធម៌ជាង ២ ខែហើយពាក់ព័ន្ធរឿងទាមទាររកដំណោះស្រាយបញ្ហាដីធ្លីហើយលោកស្រីមិនបានជួបមុខប្តី ឬ ទទួលដំណឹងពីពន្ធនាគារសោះឡើយ។ លោកស្រីព្រួយបារម្ភពីសុខទុក្ខប្តីជាពិសេសសុខភាពដោយខ្លាចមន្រ្តីពន្ធនាគារមិនបានយកចិត្តទុកដាក់ត្រឹមត្រូវព្រោះគាត់ធ្លាប់មានជំងឺប្រចាំកាយ។ ស្រ្តីវ័យ៣១ឆ្នាំរូបនេះត្អូញត្អែរថាគ្រួសារលោកស្រីកំពុងជួបបញ្ហាខ្វះខាតជីវភាពខ្លាំងដោយសារបាត់បង់ចំណូលហើយត្រូវចិញ្ចឹមកូនៗបីនាក់នៅក្នុងបន្ទុកបន្ទាប់ពីប្តីជាប់ពន្ធនាគារ។ លោកស្រីស្នើដល់តុលាការដោះលែងប្តីនិងពលរដ្ឋម្នាក់ទៀតឱ្យមកជួបជុំគ្រួសារវិញ៖ «ចេះភ័យខ្លាចដែរហ្នឹងព្រោះអីឮដំណឹងស្លាប់មួយហើយភ័យខ្លាចដែរ ខ្លាចគាត់ឈឺអីព្រោះគាត់ឧស្សាហ៍ឈឺនៅក្រៅ ខ្ញុំចង់ឱ្យពន្លឿនទៅដោះលែងគាត់មកខាងក្រៅកុំឱ្យនៅក្នុងពន្ធនាគារចឹង»។
ជុំវិញរឿងនេះប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា ស្តោកស្តាយដែលអាជ្ញាធរបណ្តោយឱ្យករណីជម្លោះដីធ្លីឈានដល់ការចាប់ពលរដ្ឋដាក់ពន្ធនាគារដោយមិនព្យាយាមរកដំណោះស្រាយដោយសន្តិវិធីនិងស្របតាមគោលការណ៍ច្បាប់។ លោកចាត់ទុកករណីស្លាប់នេះថាជាសោកនាកម្មជម្លោះដីធ្លីដោយបន្សល់ទុកនូវស្រ្តីមេម៉ាយ កូនកំព្រាឪពុក បាត់បង់ជំហរគ្រួសារជាដើម។ លោកបញ្ជាក់ថាជនជាប់ឃុំមានសិទ្ធិទំនាក់ទំនងជាមួយគ្រួសារតែប្រសិនមន្រ្តីពន្ធនាគារមិនបានផ្តល់ដំណឹងដល់សាច់ញាតិជនជាប់ឃុំទេនោះវាគឺជាការរំលោភសិទ្ធិមនុស្ស។ លើសពីនេះលោកយល់ថា អាជ្ញាធរគួរបង្ហាញលទ្ធផលកោសល្យវិច័យនិងបញ្ជាក់មូលហេតុឱ្យបានត្រឹមត្រូវដើម្បីឱ្យគ្រួសារអ្នកជាប់ឃុំអស់មន្ទិលសង្ស័យជុំវិញរឿងនេះ៖ «ប្រសិនបើឃុំខ្លួនដើម្បីឱ្យគេឈប់តវ៉ា អានេះជារឿងបំបិទសិទ្ធិសេរីភាពគេធ្ងន់ធ្ងរណាស់ នៅពេលណាដែលមានជម្លោះកើតឡើង នៅពេលមានបញ្ហារំលោភទៅលើដីធ្លី គេមានសិទ្ធិក្នុងការតវ៉ាទាមទារ បើសិនជាយើងមិនឱ្យគេតវ៉ាទាមទារ ហើយអ្នកដែលទាមទារអ្នកដែលតវ៉ាត្រូវចាប់ដាក់គុកដាក់ទោសដាក់ទណ្ឌ ខ្ញុំគិតថាយើងកំពុងអនុវត្តគឺថាមិនមែនគោលការណ៍ប្រជាធិបតេយ្យទេ»។
សមត្ថកិច្ចខេត្តកណ្តាល បានចាប់ខ្លួនពលរដ្ឋមានបញ្ហាដីធ្លី គឺលោក ផៃ ថី លោក គឹម បូរិន និងលោក ប៊ុន ចាន់សិដ្ឋកាលពីថ្ងៃទី២ ខែកក្កដា ពាក់ព័ន្ធនឹងបញ្ហាដីធ្លីមួយកន្លែងនៅស្រុកស្អាង បន្ទាប់ពីពួកគាត់ចេញមុខការពារដីស្រែពលរដ្ឋសរុបទំហំ ១៧៥ហិតារ កាលពីចុងខែមិថុនាកន្លងទៅ ដែលពួកគាត់ថា មានឈ្មួញមិនស្គាល់អត្តសញ្ញាណម្នាក់ បានរំលោភយក។ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាលលោក ជា សុខហៀង សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពលរដ្ឋទាំង ៣នាក់ ក្រោមបទចោទតាមក្រមព្រហ្មទណ្ឌតែមួយ គឺញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តនៅចំណុចអូរសន្ធៃ ភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល កាលពីដើមខែកក្កដា។
ប្រពន្ធសពលោក ប៊ុន ចាន់សិដ្ឋ នៅតែមិនអស់ចិត្តចំពោះអ្វីដែលលោកស្រីហៅថាការធ្វេសប្រហែលមិនយកចិត្តទុកដាក់របស់អាជ្ញាធរព្រមទាំងមិនបានជូនដំណឹងឱ្យគ្រួសារពីស្ថានភាពប្តីរបស់លោកស្រីរហូតដល់ស្លាប់ទើបអាជ្ញាធរប្រាប់គ្រួសារឱ្យទៅយកសពនៅឯមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។