ពលរដ្ឋរងគ្រោះដីធ្លីមួយចំនួននៅក្នុងសហគមន៍បូរីកីឡា ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រមអហោសិកម្មឲ្យម្ចាស់ក្រុមហ៊ុនផានអ៊ីមិច (Phan Imex) គឺអ្នកស្រី ស៊ុយ សុផាន ដែលបានស្លាប់កាលពីយប់ថ្ងៃទី២៨ ខែមីនា។ ប៉ុន្តែពួកគាត់ប្ដេជ្ញាថា នឹងបន្តទាមទារឲ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីឲ្យចប់សព្វគ្រប់ទើបសុខចិត្ត។
តំណាងសហគមន៍បូរីកីឡាលោកស្រី ភោគ សុភីន ឲ្យដឹងថា ពេលលឺដំណឹងថា អ្នកស្រី ស៊ុយ សុផាន ស្លាប់មានពលរដ្ឋក្នុងសហគមន៍ខ្លះព្រមអធ្យាស្រ័យតែខ្លះទៀត មិនព្រមទេ ព្រោះពួកគេ ឈឺចាប់នឹងការធ្វើបាបខ្លាំង ហើយធ្លាក់ខ្លួនវេទនាតជំនាន់ ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃដោយការបណ្តេញប្រជាពលរដ្ឋបូរីកីឡាជាច្រើនគ្រួសារចេញពីលំនៅដ្ឋាន កាលពីដើមឆ្នាំ២០១២។ តែយ៉ាងណាលោកស្រី ភោគ សុភីន រំពឹងថា អាជ្ញាធរនឹងដោះស្រាយបញ្ចប់វិវាទរបស់ពួកគាត់ នៅក្រោយពេលម្ចាស់ក្រុមហ៊ុនផានអ៊ីមិច ស្លាប់ កាលពីយប់ ថ្ងៃអាទិត្យ៖ « វាលស្បូវក៏ដោយ ដីឧត្ដុង្គក៏ដោយ ដីរបស់គាត់ទាំងអស់ គឺថា អំពើល្អ អំពើយុត្តិធម៌របស់ប្រជារាស្ត្រ ដាក់បណ្ដាសារគាត់បន្តិចម្ដងៗ ហើយទឹកភ្នែករាស្ត្រគ្រប់កន្លែង ដែលគាត់បំពានរឿងដីធ្លីហ្នឹង ហើយឥឡូវគាត់ទៅតែខ្លួនទទេហ្នឹង ខ្លួនមួយហ្នឹង ហើយនិងបាបឃើញទាន់ហន់ឥឡូវហ្នឹង មិនចាំបាច់ទៅជាតិណាទេ តែជាតិនេះ។ យើងធ្វើល្អ សាងអំពើល្អខ្លះទៅ។ ខំទៅគាត់យកទៅតែប៉ុន្មានម៉ែត្រនៅឧត្ដុង្គហ្នឹង គាត់យកទៅបានហើយ គឺផ្នូរគាត់ សម្រាប់ទុកនៅហ្នុងសម្រាប់គាត់។ តែទឹកភ្នែកប្រជារាស្ត្រនៅតែទឹកភ្នែកសម្រាប់គាត់ហ្នឹង»។
ប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ អ្នកស្រី ហ៊ុន ស៊ីណាត ដែលស្និទ្ធស្នាលនឹងអ្នកជំនួញធំៗ បានបង្ហោះសារលើទំព័រហ្វេសប៊ុក (Facebook)ថា អ្នកស្រី ស៊ុយ សុផាន បានស្លាប់ ដោយរោគាពាធ ក្នុងអាយុ ៦២ឆ្នាំ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីក្រុមគ្រួសាររបស់លោកស្រី ស៊ុយ សុផាន និងអាជ្ញាធរ ដែលភូមិគ្រឹះអ្នកស្រី ធ្លាប់ស្នាក់នៅក្នុងខណ្ឌទួលគោកបានទេ នៅថ្ងៃទី២៩ ខែមីនា។ តែយ៉ាងណា សារព័ត៌មានក្នុងស្រុក (Thmeythmey) ចុះផ្សាយថា សន្តិសុខយាមនៅភូមិគ្រឹះអ្នកស្រី ស៊ុយ សុផាន នៅម្ដុំសង្កាត់ទឹកល្អក់៣ ប្រាប់ ថា សពលោកស្រី ស៊ុយ សុផាន ត្រូវរៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់កូនចៅអ្នកស្រីនៅម្ដុំវាលស្បូវ ខណ្ឌច្បារអំពៅ ជាយរាជធានីភ្នំពេញ។
អ្នកស្រី ស៊ុយ សុផាន កាលនៅរស់ មានងារជាឧកញ៉ា គឺជាឈ្មួញដី ដែលសម្បូររឿងអាស្រូវ ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយពលរដ្ឋច្រើនកន្លែង។ ជម្លោះដីធ្លីទាំងនោះ ភាគច្រើន ក្រុមហ៊ុនរបស់អ្នកស្រី សហការជាមួយអាជ្ញាធរក្រុងភ្នំពេញ បណ្តេញប្រជាពលរដ្ឋរាប់រយគ្រួសារចេញពីលំនៅដ្ឋានទាំងបង្ខំ ក្រោមហេតុផលយកដីអភិវឌ្ឍន៍។ លោកស្រី ធ្លាប់មានរឿងអាស្រូវដីធ្លីយ៉ាងតិច ៣ តំបន់ធំៗ គឺនៅបុរីកីឡា តំបន់វាលស្បូវ និងតំបន់ព្រែកតាទែន ចាប់ពីម្ដុំព្រែកព្នៅ ដល់ម្ដុំភ្នំឧត្ដុង្គ ស្រុកពញ្ញាឮ ខេត្តកណ្តាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។