តំណាងពលរដ្ឋខេត្តព្រះវិហារ ៤នាក់ទៀតត្រូវបុគ្គលមានលុយអំណាចប្តឹងទៅតុលាការ ក្រោយពីពួកគាត់ចេញមុខការពារដីធ្លី និងទប់ស្កាត់គ្រឿងចក្រដែលឈូសឆាយផលដំណាំរបស់អ្នកភូមិជាច្រើនហិកតារ។
ជនជាតិដើមភាគតិចកួយជិត ១០០គ្រួសារ រស់នៅក្នុងភូមិប្រើសក្អក និងភូមិបុះ ឃុំម្លូព្រៃពីរ ស្រុកឆែប កំពុងស្វែងកិច្ចអន្តរាគមន៍ផ្នែកច្បាប់ ពីអង្គការសង្គមស៊ីវិល ក្រោយពីបុគ្គលមានលុយមានអំណាច ប្រើអំពើហិង្សាលើអ្នកភូមិ ថែមទាំងប្តឹងតំណាងពលរដ្ឋ ៤នាក់ទៅតុលាការ។
តំណាងជនជាតិដើមភាគតិចកួយឃុំម្លូព្រៃពីរ លោក ខាន ស៊ីសុផាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ កុម្ភៈថា ពេលនេះ ពលរដ្ឋ ២ភូមិមិនដឹងទៅពឹងស្ថាប័នណាមួយឱ្យជួយរកខុសត្រូវរឿងដីធ្លីនេះទេ ព្រោះទំហំដីជាង ៨០០ហិកតារ ដែលពួកគាត់ខិតខំការពារ កំពុងទទួលការរំលោភបំពានជាថ្មីទៀត ពីបុគ្គលឈ្មោះ ឈាង គង់នូវ ដែលតាំងខ្លួនឯងថា ជាមេការរបស់ក្រុមហ៊ុនចិន ហេងហ្វូ (Hengfu Group Sugar Industry)។
លោក ខាន ស៊ីសុផាន៖ «បារម្ភដល់អាយុជីវិតរបស់ពលរដ្ឋបាត់ពីដីទៅ ពលរដ្ឋដូចស្លាប់ទាំងរស់ មិនបានធ្វើលើកដីនោះ អត់បាយអត់ទឹក ដូចស្លាប់ទាំងរស់»។
កាលពីថ្ងៃទី ០៧ ខែកុម្ភៈ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ថុល គឹមហ៊ឹង បានចេញដីកាកោះហៅ តំណាងសហគមន៍ ៤ នាក់ ដើម្បីសាកសួរពីបទរារាំងការអនុវត្តការងាររបស់ក្រុមហ៊ុន និងញុះញង់ពលរដ្ឋឱ្យចូលកាន់កាប់ដីរដ្ឋខុសច្បាប់។
ការប្តឹងផ្តល់នេះកើតឡើង ដោយសារជនជាតិដើមភាគតិចកួយ ជិត១០០នាក់ រស់នៅឃុំម្លូព្រៃពីរ ស្រុកឆែប បានឃាត់គ្រឿងចក្រមិនឲ្យឈូសឆាយដីស្រែចម្ការរបស់ពួកគាត់ កាលពីចុងសប្តាហ៍មុន។
ចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២៣ មកទល់ពេលនេះ ប្រជាសហគមន៍ទាំងនេះ តែងតែលើកគ្នាឃាត់គ្រឿងចក្រជាច្រើនដង ដែលបុរសឈ្មោះ ឈាង គង់នូវ ហៅ ម៉ៅ និងបក្ខពួក បន្តឈូសឆាយផលដំណាំ គំរាមកំហែង និងប្រើអំពើហិង្សាលើពលរដ្ឋ។
ពួកគាត់បានថតវីដេអូបង្ហាញពីសកម្មភាព អំពើហិង្សា បង្ហោះតាមបណ្ដាញសង្គមហ្វេសបុក ដើម្បីពឹងឱ្យអាជ្ញាធរខេត្តព្រះវិហារអន្តរាគមន៍រកយុត្តិធម៌ ក៏ប៉ុន្តែគ្មានបានផលឡើយ មកទល់ពេលនេះ។
អ្នកភូមិថា ដីដែលក្រុមឈ្មួញបញ្ជូនគ្រឿងចក្រឈូសឆាយ ឋិតនៅចំណុច ការដ្ឋានទី១០ និងការដ្ឋានទី១១ ក្នុងភូមិប្រើសក្អក មានទំហំសរុបជាង ៨០០ ហិកតារ ដែលពលរដ្ឋបានធ្វើកសិកម្មជាង ២ ឆ្នាំមកហើយ ក្រោយពីក្រុមហ៊ុនចិន ហេង ហ្វូ (Hengfu Group Sugar Industry) ផ្អាកដំណើរការ។
តំណាងសហគមន៍ ខាត ស៊ីសុផាន បន្ថែមថា កាលពីមិនទាន់មានវត្តមានក្រុមហ៊ុនចិនវិនិយោគតំបន់នោះ កន្លែងដែលពួកគាត់កំពុងស្រែកតវ៉ាការពារដីធ្លី គឺសំបូរព្រៃឈើ និងជាតំបន់ប្រតិបត្តិប្រពៃណី របស់ជនជាតិដើមភាគតិច ក៏ប៉ុន្តែត្រូវបានក្រុមហ៊ុនចិន រំលោភបំពានយកជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១២ ធ្វើឱ្យពលរដ្ឋបាត់បង់ព្រៃអាស្រ័យចិញ្ចឹមជីវិតបែបប្រពៃណី។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីតំណាងអយ្យការខេត្តព្រះវិហារ ថុល គឹមហ៊ឹង បាននៅឡើយទេ នៅថ្ងៃទី១៦ កុម្ភៈ។ រីឯអភិបាលស្រុកឆែប លោក ឡុង សុបិន និងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ក៏មិនទាន់អាចទាក់ទងបានដែរ។
ចំណែកឯលោក ឈាង គង់នូវ ហៅ ម៉ៅ ដែលអ្នកភូមិចោទថា ប្រើអំពើហិង្សាលើពួកគាត់ ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៣ អភិបាលស្រុកឆែប លោក ឡុង សុបិន បានចេញសេចក្តីប្រកាសព័ត៌មាន ដោយហាមពលរដ្ឋចំនួន ១៧ភូមិ និង ៦ឃុំ មិនឲ្យចូលទៅឈូសឆាយ ឬភ្ជួរដី ធ្វើស្រែចម្ការក្នុងបរិវេណ ក្រុមហ៊ុនចិនហេងហ្វូ ក៏ប៉ុន្តែសម្រាប់ពលរដ្ឋចំណូលស្រុក និងអ្នកមានលុយមានអំណាច នៅតែអាចចូលទៅធ្វើស្រែចម្ការ នៅតំបន់នោះបាន។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៉ុណ្ណារ៍ ពន្យល់ថា ការប្រើអំពើហិង្សាជាទង្វើល្មើសច្បាប់ ដែលសមត្ថកិច្ចត្រូវមានវិធានការច្បាប់ជាធរមាន។ លោកយល់ថា ជនជាតិដើមភាគតិចនៅតែមានសិទ្ធិប្រើប្រាស់ដីធ្លី ដែលពួកគាត់ធ្លាប់អាស្រ័យផល មុនពេលមានវត្តមានក្រុមហ៊ុនចិន។
លោក ប៉ែន ប៉ុណ្ណារ៍៖ «ដំណាំដែលលោកបានដាំនោះ ឋិតលើដីសម្បទានក្រុមហ៊ុនចិន ដោយសារក្រុមហ៊ុនចិន អស់ទុនដើម្បីវិនិយោគ រហូតដល់បិទរោងចក្រ ហេតុនេះពលរដ្ឋចូលទៅធ្វើចម្ការ។ សុំសូមពរទៅរដ្ឋាភិបាលគិតពីតម្លៃមនុស្សធម៌បានច្រើន ពីប្រជាជនជនជាតិដើមភាគតិច»។
ប្រជាសហគមន៍បន្ថែមថា កន្លងទៅក្រុមហ៊ុនចិនហេងហ្វូ បានឈូសឆាយព្រៃឈើធំធេង និងដីស្រែពលរដ្ឋលុបប្រភពទឹកអូរធម្មជាតិ ដែលជាបណ្ដាញខ្សែទឹកធម្មជាតិសម្បូរដោយត្រី ប៉ះពាល់ដល់ប្រព័ន្ធសេដ្ឋកិច្ចជនជាតិដើមភាគតិចកួយ។
ចាប់ពីតាំងឆ្នាំ២០២០ មកទល់ពេលនេះ ក្រុមហ៊ុនស្ករអំពៅមួយនេះ បានផ្អាកសង្វាក់ផលិតកម្ម ហើយពលរដ្ឋជាច្រើនភូមិបាននាំគ្នាដណ្តើមដីធ្លីរបស់ពួកគាត់ ពីក្រុមហ៊ុនត្រឡប់មកវិញ ដើម្បីធ្វើស្រែចម្ការចិញ្ចឹមជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។