ប្រជាពលរដ្ឋរងគ្រោះម្នាក់កំពុងស្ថិតក្នុងបញ្ហាស្មារតីមិននឹងនក្រោយពីអាជ្ញាធររបបក្រុងភ្នំពេញបានដឹកនាំកម្លាំងប្រមាណជិត ១រយនាក់មកបណ្តេញចេញពីដីរបស់ខ្លួនដោយបង្ខំ ដើម្បីយកដីទៅឱ្យក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់លោកឧកញ៉ា ពុង ខៀវសែ។ មន្ត្រីសិទ្ធិមនុស្សបានចាត់ទុកទង្វើរបស់សមត្ថកិច្ចថា ជាសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ។
ពលរដ្ឋរងគ្រោះដោយសារការបណ្តេញចេញដោយបង្ខំលោកស្រី ហ៊ុល សាវឿន ប្រាប់អាស៊ីសេរីថា សុខភាពរបស់លោកស្រី នៅមានសភាពទន់ខ្សោយ និងមិនប្រក្រតីក្រោយពីអ្នកស្រីបានដួលសន្លប់ដើម្បីព្យាយាមកុំឱ្យអាជ្ញាធរមករុះរើកុងតឺន័រ ដែលលោកស្រីនិងក្រុមគ្រួសារស្នាក់នៅចាំដីរបស់ខ្លួន។
លោកស្រីនិយាយថា អាជ្ញាធរប្រមាណជិត ១០០នាក់បានយកគ្រឿងចក្រ និងរថយន្តបាញ់ទឹកមកបណ្ដេញលោកស្រីចេញដោយមិនបានជួនដំណឹងអ្វីទាំងអស់។ លោកស្រីបញ្ជាក់ថា អាជ្ញាធររដ្ឋាភិបាលធ្វើនេះហាក់បីដូចជាហាក់អមនុស្សធម៌ហួសហេតុដែលលោកស្រីមិនអាចទទួលយកបាន៖ «ឈឺចាប់ឃើញគេមកប្លន់យកដីយើងស្រស់តែម្តង ហើយឥឡូវហ្នឹងគេដាក់ការពារមិនឱ្យចូលដីរបស់ខ្លួនទៀត។ យើងជាម្ចាស់ដីមិនបាន ចូលទៅ ដីខ្លួនឯងហើយគេព័ទ្ធរបងតាមចិត្តគេ។ គេធ្វើភ្លាមៗហ៊ុំយកដីយើងតែម្តង»។
អាជ្ញាធរខណ្ឌជ្រោយចង្វារ និងសាលារាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី២៧ ខែឧសភាបានយករថយន្តបាញ់ទឹក និងរថយន្តស្ទូច យកទូកុងតឺន័រ ៣គ្រឿង និងផ្ទះឈើចំនួនពី ២ខ្នងរបស់លោកស្រី ហ៊ុល សាវឿនចេញពីដីរបស់ខ្លួនដែលលោកស្រីបានរស់នៅតាំងពីឆ្នាំ១៩៩៤ ទៅឱ្យក្រុមហ៊ុនអូស៊ីអាយស៊ី។
ក្រុមហ៊ុនអូស៊ីអាយស៊ី របស់លោកឧកញ៉ា ពុង ខៀវ សែ មានគម្រោងអភិវឌ្ឃន៍ទៅជាក្រុងរណប ដែលមានទំហំទឹកប្រាក់ជាង ១ពាន់ ៦រយលានដុល្លារសហរដ្ឋអាមេរិក លើទំហំដី ៣៨៧ហិកតារ។ គម្រោងអភិវឌ្ឍន៍នេះស្ថិតនៅភាគខាងកើតទីក្រុងភ្នំពេញ ជាប់ច្រាំងទន្លេសាបខាងកើតឆៀងខាងឆ្វេង ស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលក្រុងភ្នំពេញលោក ឃួង ស្រេង បានបញ្ជាក់យ៉ាងខ្លីថា លោកមិនទាន់ទទួលព័ត៌មាននេះនោះឡើយ ដោយសារតែអាជ្ញាធរមូលដ្ឋានមិនទាន់រាយការណ៍ជូនលោក៖ «សួរទៅខណ្ឌទៅ។ខ្ញុំ មិនទាន់ បានទទួល ព័ត៌មាន នៅឡើយ»។
បើទោះបីជាសកម្មភាពបណ្ដេញប្រជាពលរដ្ឋដោយបង្ខំត្រូវបានអាជ្ញាធរនៃរបបក្រុងភ្នំពេញព្យាយាមគេចចេញពីការមិនទទួលខុសត្រូវយ៉ាងណាក៏ដោយ។ ក៏ក្រុមអ្នកឃ្លាំមើលរំលោភសិទ្ធិមនុស្សនៅតែចាត់ទុកថាសកម្មភាពរបស់សមត្ថកិច្ចជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរចំពោះសិទ្ធិរស់រានមានជីវិត។
មន្ត្រីនៃសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត ដែលចុះឃ្លាំមើលការរុះរើពីសំណាក់អាជ្ញាធរនេះប្រាប់អាស៊ីសេរីថា ក្រុមអាជ្ញាធរធ្វើនេះគឺជាទង្វើរំលោភសិទ្ធិរស់នៅជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ខណៈពលរដ្ឋនៅតំបន់ជ្រោយចង្វានៅមានពលរដ្ឋខ្លះមិនទាន់ទទួលបានសំណងនៅឡើយ។
លោកស្រី ហ៊ុល សាវឿន ពលរដ្ឋរងគ្រោះដោយសារការបណ្តេញចេញដោយបង្ខំបានបញ្ជាក់ថានៅមានពលរដ្ឋប្រមាណ ៦៥គ្រួសារទៀត ក្រុមហ៊ុនមិនទាន់ផ្តល់សំណងនៅឡើយ។ លោកស្រីនិយាយថា ក្រុមហ៊ុនអូស៊ីអាយស៊ី សន្យាថា ផ្តល់ប្រាក់សំណង ១០ភាគរយនៃទំហំដីដែលនៅសេសសល់ចំនួនជាង ៥០ហិកតារ ដែលពួកគេមិនអាចទទួលយកដំណោះស្រាយនេះទេ។
ក្រុមហ៊ុនវិនិយោគទុនក្រៅប្រទេសអូស៊ីអាយស៊ី ទទួលសិទ្ធិវិនិយោគរយៈពេល ៩៩ឆ្នាំ ពីរដ្ឋាភិបាល ដើម្បីអភិវឌ្ឍទៅជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែប ស្ថិតនៅតាមបណ្តោយទន្លេមេគង្គ។
គម្រោងអភិវឌ្ឍន៍ដ៏ធំនេះលាតសន្ធឹងចាប់ពីចំណុចក្បាលទឹកត្រង់ទន្លេបាសាក់ (ខាងកើតទីក្រុងរណបកោះពេជ្រ) ស្របតាមមាត់ច្រាំងទន្លេមេគង្គ រហូតដល់កោះប្រាក់ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។