ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាង​ ១០០​នាក់​​តវ៉ា​ឱ្យ​អាជ្ញាធរ​រកដំណោះស្រាយ​នៅ​មុខ​សាលាខេត្ត​

0:00 / 0:00

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាង​ ១០០​នាក់ លើក​គ្នា​កាន់​បដា​ តវ៉ា​​នៅ​មុខ​សាលា​ខេត្តនេះជាថ្មី​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី៣១​ ខែសីហា​ ​​ដើម្បី​ឱ្យ​អាជ្ញាធរ​​អន្តរាគមន៍​រក​ដំណោះ​ស្រាយ​ជូន​ពួកគាត់​។ អ្នកភូមិ​អះអាង​ថា ទំនាស់​ដីធ្លី​របស់​ពួកគាត់​បាន​អូស​បន្លាយ​ពេល​ជិត​ ១០​ឆ្នាំហើយ ដោយ​បាន​ប៉ះពាល់​ដល់​​ជីវភាព​របស់​ពួកគាត់​ធ្វើ​ឱ្យ​គ្មាន​ដី​ដាំដុះ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត​។

ពលរដ្ឋ ​១៧០ ​គ្រួសារ​រស់​នៅ​ក្នុងភូមិ​ចំនួន ​៣ ​ក្នុង​ឃុំថ្មពួក ​ស្រុក​ថ្មពួក ​បន្ត​ទាមទារ​ដី​ចម្ការ​របស់​ខ្លួន​ទំហំ​សរុប​ជាង ​១០០ហិកតារ​ ដែល​ពួកគាត់​បាន​ចោទ​ប្រកាន់​ថា ​ម្ចាស់​ក្រុមហ៊ុន​លី សំអាន ​គឺ​លោក ​លី សំអាន ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​លួច​ធ្វើ​ប្លង់រឹង​ ឬ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​ចម្ការ​ពួកគាត់​អស់​ទាំងស្រុង ​កាល​ពី​ឆ្នាំ​២០១៦​។

តំណាង​អ្នក​តវ៉ា​ម្នាក់ គឺ​លោកស្រី ​ភឿន ឌួង ​ថ្លែង​ថា ​គោល​បំណង​នៃ​ការ​តវ៉ានេះ ​គឺ​ស្នើ​ឱ្យ​អាជ្ញាធរ​កាត់​ឆ្វៀលដី​មាន​ជម្លោះ​នោះ​ជូន​ពលរដ្ឋ​បង្ក​បង្កើន​ផល​វិញ ព្រោះ​ក្រុមហ៊ុន​ មិន​អនុញ្ញាត​ឱ្យ​អ្នកភូមិ​ចូល​ទៅ​អាស្រ័យផល ​លើ​ដី​របស់​ខ្លួន​ទៀត​ទេ ​នៅ​រយៈ​ពេល ​៦ខែ​ចុង​ក្រោយ​នេះ​។ ​លោក​ស្រី​ចោទ​លោក​ លី ​សំអាន ​ជាម្ចាស់​ក្រុមហ៊ុន​ លី ​សំអាន​ បាន​លួច​ធ្វើ​ប្លង់​រឹង​រំលោភ​យក​ដី​ចម្ការ​ពួកគាត់​ទាំងស្រុង​ ហើយ​ពួក​លោកស្រី​បាន​ស្រែក​តវ៉ា​ទាមទារ​ជាច្រើន​ឆ្នាំ​មក​ហើយ​ តែ​គ្មាន​លទ្ធផល​នោះ​ទេ​។ ​លោកស្រី​បន្ថែម​ថា ​ដី​មាន​ជម្លោះ​នោះ ​ឋិត​នៅ​ខាង​លិច​ភ្នំព្រះ ​ទំហំ​ជាង ​១រយ​ហិកតារ ​ឬ​ស្មើ​នឹង​ ៥៣ក្បាល​ដី ​គឺ​ជា​អាយុ​ជីវិត​របស់​ពួកគាត់ ដូច្នេះ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​ទេ​ អ្នកភូមិ​នឹង​លំបាក​វេទនា​៖ «​ក្រុមហ៊ុន​គេ​ថា ​ដី​ហ្នឹង​មាន​ប្លង់ ​ប៉ុន្តែ​ដី​ហ្នឹង​ គឺ​ពលរដ្ឋ​ខំ​ធ្វើ​ពី​ដើម​មក​ ពេល​អ្នកភូមិ​ទៅ​ធ្វើ​គេ​ជំទាស់ ​គេ​មិន​ឱ្យ​ធ្វើ​ទេ​។ ​កាល​ពី​ពួក​ខ្ញុំ​ទៅ​ហែក​ទៅ​កាយ​ គេថា​អត់​មាន​ប្លង់​ទេ​ ហេតុ​អ្វី​បាន​ប្លង់​ត្រូវ​ចេញ ​មិន​ប្រក្រតី​ តែ​គេ​បាន​ឆ្លើយ​ថា ​គេ​មិន​អាច​និយាយ​ថយ ​ក្រោយ​​ទេ ​គេ​និយាយ​ទៅ​មុខ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ​ពី​អភិបាល​ខេត្ត​បន្ទាយ​មានជ័យលោក អ៊ុំ រាត្រី​ និង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​នេះលោក ​លី សារី ​បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា។​ ចំណែក​លោក ​លី សំអាន ​ជាម្ចាស់​ក្រុមហ៊ុន​ លី ​សំអាន ​ដែល​រង​ការ​ចោទ​ប្រកាន់​នេះ​ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ​នៅ​ថ្ងៃ​ដដែល​នេះ​។

​ប៉ុន្តែ​អ្នកភូមិ​ថា ​ក្នុង​ពេល​តវ៉ា​ពេញ​មួយ​ព្រឹក​នេះ ​អាជ្ញាធរ​ខេត្ត​បាន​អនុញ្ញាត​ឱ្យ​តំណាង​ពលរដ្ឋ​ ៥​នាក់​ ចូល​បំភ្លឺ​ជាង​ ១​ម៉ោង​នៅ​ក្នុង​សាលា​ខេត្ត​បន្ទាយមានជ័យ​ ដោយមន្ត្រី​សាលាខេត្ត ​បាន​ប្រាប់​ពួកគាត់​ថា អាជ្ញាធរ​នឹង​មិន​ដោះស្រាយ​រឿង​បាន​ទេ ​ព្រោះ​ដី​ដែល​ពលរដ្ឋ​ទាមទារ ​មាន​ប្លង់​កម្មសិទ្ធិ ​ឬ​ប្លង់រឹង ​ស្រប​ច្បាប់​រួច​រាល់​​ហើយ​។

ពលរដ្ឋ​ម្នាក់​ទៀតលោកស្រី ​សុខ រ៉ាឌី ​ ហួសចិត្ត​នៅគ្រា​ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​ នៅតែ​ឆ្លើយ​ដោះសារ​ពុំ​ដោះស្រាយ ​ក្តី​កង្វល់​រួម​របស់​ពលរដ្ឋ​។​ លោក​ស្រី​ថា​ អាជ្ញាធរ​ខេត្ត​ហាក់​លម្អៀង​ខាង​ភាគី​ក្រុមហ៊ុន ​ព្រោះ​ការ​ធ្វើ​ប្លង់រឹង ​ឬ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ​បាន​រំលោភ​យក​ដី​ពួកគាត់​ជាង​ ១០០​ហិកតារ ​គឺ​ជា​រឿង​អយុត្តិធម៌ ​និង​ធ្វើ​បាប​ពលរដ្ឋ​ក្រីក្រ​៖ «បើ​ថា​ ទៅ​កន្លែង​ច្បាប់​តែ​គេ​មិន​ដោះស្រាយ​ឱ្យមាន​តែ​នៅ​តាម​ដី​រៀងខ្លួន​ ដី​អ្នកណា​ក៏​អ្នក​ហ្នឹង​ធ្វើ ​ហើយ​រឿង​ដែល​អ្នកស្រុក ​ទៅ​ក៏​អ្នក​ស្រុក​មិន​បានទាមទារ​មិន​បាន​យក​ដី​ក្រុមហ៊ុន​។ អ្នក​ស្រុក​ថា​ ដី​អ្នក​ស្រុក​ត្រឹម​ណា​ធ្វើ​ត្រឹម​ហ្នឹង ​សុំតែ​ប៉ុណ្ណឹង​មិន​បាន​សុំ​អី​ច្រើន​ទេ​»។

ជុំវិញរឿងនេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc)​ ខេត្ត​បន្ទាយមានជ័យលោក ​ស៊ុំ ច័ន្ទគា ​យល់ថា​ ពលរដ្ឋ​តវ៉ា​ភាគច្រើន​ជា​កសិករ​​ក្រីក្រ​ ខ្វះខាត​ដី​បង្ក​បង្កើនផល ​អាជ្ញាធរ​គួរតែ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​យុត្តិធម៌​ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​បង្ក​បង្កើនផលរកចំណូល​ចិញ្ចឹម​ជីវិត​។ ​លោកថា ​រដ្ឋាភិបាល​ គួរតែ​ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ចេញ​បណ្ណ​កម្មសិទ្ធិ ​ឬ​ប្លង់រឹង ​ប៉ះ​ចំ​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ចំនួន ​៣ភូមិ ​បង្កើត​ឱ្យ​មាន​វិបត្តិ​ដីធ្លី​រ៉ាំរៃ៖ «ពួកគាត់​កាន់​កាប់ ​អាស្រ័យ​ផល​ហើយ ​អាជ្ញាធរ​គួរតែ​ពិនិត្យ​ពិចារណា​ ដើម្បី​ឱ្យ​ពួកគាត់​ហ្នឹង​បាន​ទទួល​នៅ​ ចំណែក​លើ​ដី​របស់​ខ្លួន​ណា​មួយ​ដែល​ ដើម្បី​ឱ្យ​ពួកគាត់​បាន​ស្ងប់​អារម្មណ៍ ​វា​ប្រសើរ​ជាង​ទុក​ឱ្យ​ពួកគាត់ ​អត់​មាន​ដីធ្លី​ តែ​បែរ​ជា​ក្រុមហ៊ុន​អ្នក​ជំនួញ​ មាន​ដី​ច្រើន​រាប់​រយ​ហិកតារ​ទៅ​វិញ»។​

ក្រុមអ្នកតវ៉ា​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះវិញ​ក្រោយ​ពេល​តំណាង​របស់ពួកគាត់ជួប​ពិភាក្សា​ជា​មួយ​អាជ្ញាធរ​ខេត្ត​ ហើយ​ពួកគាត់​ព្រមានថា នឹង​នាំ​គ្នាមកតវ៉ាជា​ថ្មីទៀតនៅ​ពេល​ឆាប់ៗ​ខាងមុខ។

អ្នកភូមិ​ថា ​ បុរស​ឈ្មោះ ​លី សំអាន ​ដែលជាម្ចាស់​ក្រុមហ៊ុន​លីសំអាន ​បាន​យក​ពលរដ្ឋ​ ១៤​គ្រួសារ​ជាខែល​ ឈរ​ឈ្មោះ​ជំនួស ​ដើម្បី​រំលោភ​យក​ដី​ចម្ការ​របស់​ពលរដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​។ ​ពួកគាត់​ចោទ​ទៀត​ថា​ ការ​រំលោភ​យក​ដី​ចម្ការ​អ្នកស្រុក ​ដ៏​ធំ​សម្បើម​នេះ ​មាន​ការ​ឃុបឃិត​ជា​ប្រព័ទ្ធ​រវាង​មន្ត្រី​ជំនាញ​សុរិយោដី​ អាជ្ញាធរ​មួយ​ចំនួន ​និង​លោក ​លី សំអាន ​ដែល​គេ​ស្គាល់​ថា ​មាន​ទំនាក់​ទំនងជិត​ស្និទ្ធ​ជាមួយ​ មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ​និង​បក្ស​កាន់​អំណាច​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។