ពលរដ្ឋ​ខេត្ត​កំពង់ធំ​៣០០​នាក់ តវ៉ា​ស្នើ​មេឃុំ​ដោះស្រាយ​បញ្ហា​បិទផ្លូវ​មិន​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ

0:00 / 0:00

ពលរដ្ឋ​ប្រមាណ​៣០០​នាក់ តវ៉ា​នៅ​មុខ​សាលាឃុំ​នីពេជ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ស្នើ​ឱ្យ​មេឃុំ​ដោះស្រាយ​បញ្ហា​ម្ចាស់​ដី​មួយ​កន្លែង​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ធ្វើ​ផ្លូវ​ធ្វើ​ដំណើរ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​គួរ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ និង​កសាង​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់។

ក្រុម​ប្រជាពលរដ្ឋ​បាន​នាំគ្នា​តវ៉ា​នៅ​ខាងមុខ​សាលាឃុំ​នីពេជ ដោយ​បាន​ដាំបាយ ក្រាល​កៅស៊ូ​ដេក​រង់ចាំ​មេឃុំ​ដោះស្រាយ​បញ្ហា​ម្ចាស់​ដី​មួយ​កន្លែង គំរាមកំហែង​មិន​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ផ្លូវ​ពី​ចំណុច​វត្ត​នីពេជ ទៅកាន់​ភូមិ​របស់​ពួកគាត់។ ក្រុម​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ការ​ចេញ​តវ៉ា​របស់​ពួកគាត់ គឺ​ឱ្យ​តុលាការ​ដោះលែង​លោក ឡូត ឡាញ់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​ឈូស​ឆាយ​ផ្លូវ​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​ធ្វើ​ដំណើរ។ ពលរដ្ឋ​ក៏​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទៅ​លើ​ប្រជា​ពលរដ្ឋ​៤​នាក់ ដែល​បាន​ចូលរួម​ឈូស​ឆាយ​ផ្លូវ និង​ឱ្យ​មេឃុំ​សម្របសម្រួល​ជាមួយ​ម្ចាស់​ដី ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ផ្លូវ​ធ្វើ​ដំណើរ​ដូច​ដើម​ឡើងវិញ។

ប្រពន្ធ​លោក ឡូត ឡាញ់ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​កំពង់ធំ ដោយសារតែ​ឈូស​ឆាយ​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ គឺ​លោកស្រី ឆែម សុឃឿន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២១ ខែធ្នូ​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កំពង់ធំ លោក ផូង វណ្ណ បាន​ចោទ​ប្រកាន់​ប្ដី​ពី​បទ​ប្រើ​ហិង្សា ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត និង​បាន​ឃុំខ្លួន​ប្ដី​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី​៤ ខែធ្នូ​។ លោកស្រី​អះអាង​ថា ការ​ឃុំ​ប្ដី​របស់​លោកស្រី គឺជា​រឿង​អយុត្តិធម៌ ព្រោះ​ប្ដី​របស់​លោកស្រី​មិនដែល​ប្រើ​អំពើ​ហិង្សា​ទៅលើ​លោកស្រី សាន់ ចំប៉ា ដែល​ជា​ម្ចាស់​ដី​នៅ​សងខាង​ផ្លូវ​នោះ​ទេ។

លោកស្រី ឆែម សុឃឿន៖ «ឈូស​ផ្លូវ​ដើម្បី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​យើង​ទាំងអស់​គ្នា​ហ្នឹងហើយ​បង ប៉ុន្តែ​ត្រូវ​រង​ការចោទប្រកាន់​អំពី​គេ ហើយ​កូន​ខ្ញុំ​ត្រូវ​ទទួល​សំពាធ​ពី​មិត្ត​ភ័ក្ដិ​ពេល​ដែល​ទៅ​រៀន គេ​និយាយ​ថា ឱ្យ​ខ្ញុំ​សុទ្ធតែ​ថា លោក​ពុក​ជាប់​គុក​អ៊ីចឹង អ៊ីចឹង​ខ្ញុំ​មាន​វិប្បដិសារី​នៅក្នុង​ចិត្ត ដោយសារ​តែ​ប្ដី​ខ្ញុំ រឿង​ធ្វើ​ផ្លូវ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក​មេឃុំ​នីពេជ គឺ​លោក ឆឹង ញ៉េប បាន​ឡើយ នៅ​ថ្ងៃ​ទី២១ ខែ​ធ្នូ ដោយ​លោក​លើកឡើង​ថា មិន​ផ្ដល់​បទ​សម្ភាសន៍​តាមរយៈ​ទូរស័ព្ទ។

ម្ចាស់​ដី​ដែល​នៅ​សង​ខាង​ផ្លូវ​គឺ​លោកស្រី សាន់ ចំប៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោកស្រី​មិន​បាន​បិទ​ផ្លូវ​ទាំងស្រុង​មិន​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញចូល​នោះ​ឡើយ ហើយ​ការ​ប្ដឹងផ្ដល់​ទៅ​លើ​ប្រជាពលរដ្ឋ គឺ​ដោយសារ​ពួកគេ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ប៉ះពាល់​របស់​លោកស្រី ដោយ​មិន​បាន​ជូន​ដំណឹង។

លោក ឆឹង ញ៉េប៖ «ខ្ញុំ​អាច​ឱ្យ​ផ្លូវ​ចំណែក​ដី​ខ្ញុំ​ផ្ទាល់ខ្លួន​១០​ម៉ែត្រ បើ​មិន​គ្រប់​ខ្ញុំ​ឱ្យ​ប្រាំ​ដណ្ដប់​ម៉ែត្រ ឬ​ម្ភៃ​ម៉ែត្រ ឱ្យ​តែ​ឃុំ​ត្រូវការ​រដ្ឋ​ត្រូវការ ឱ្យ​មាន​កំណត់ហេតុ​ត្រឹមត្រូវ ខ្ទង់​ខែ​ប្រាំ​មុន​ខ្ញុំ​ព្រួស ខ្ញុំ​រៀបចំ​ព្រួស​(​ស្រូវ​)ឈ្មោះ ឡូត ឡាញ់ នេះ​បាន​ទៅ​លួច​ឈូស​ឆាយដី​ខ្ញុំ។ ខ្ញុំ​មិនមែន​ប្ដឹង​ផ្លូវ​ទេ​ណា រុញ​ដី​ខ្ញុំ​ប្រហែល​ប្រាំ​ដណ្ដប់​ម៉ែត្រ ដី​ស្រែ ប្រហែល ១​គីឡូ អត់​មាន​ប្រាប់​ខ្ញុំ​មួយ​ម៉ាត់​ទេ​អូន»។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ លោកស្រី ឆែម សុឃឿន មក​អះអាង​ថា ការ​ឈូស​ឆាយដី​ទំហំ​ប្រមាណ​៣ ម៉ែត្រ ប្រវែង​ជាង ១​ពាន់​ម៉ែត្រ ដើម្បី​ធ្វើ​ផ្លូវ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឱ្យ​បាន​ស្រួល​ឡើងវិញ​កាលពី​ខែ​ឧសភា កន្លង​ទៅ គឺ​ប្ដី​របស់​លោកស្រី​បាន​ប្រាប់​មេភូមិ​ដូន​ឈូក​ជា​មុន។

ហើយ​ខ្ញុំ​ឆ្ងល់​បើ​គាត់​ឱ្យ​គេ​អ៊ីចឹង​ដដែល ចុះ​ប្រជាពលរដ្ឋ​ធ្វើ​គាត់​ទៅ​ប្ដឹង​ចាប់​ប្រជាពលរដ្ឋ​ធ្វើ​អី ខ្ញុំ​សួរ​អ៊ីចេះ? បាន​ប្រជាពលរដ្ឋ​ធ្វើ​ហើយ មិន​ជួយ​សម្រាល​ដល់​ថវិកា​របស់​គាត់ ហើយ​ហេតុ​អី​បាន​ជា​គាត់​ទៅ​ចាប់​អ្នកធ្វើ​ផ្លូវ​? ខ្ញុំ​ឆ្ងល់​តែ​ប៉ុណ្ណេះ​ទេ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​គួរ​ពន្លឿន​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​មិនអាច​ធ្វើ​ផ្លូវ​ធ្វើដំណើរ​ឱ្យ​បាន​ឆាប់ៗ ជាជាង​បន្ត​គេចវេះ​មិន​ព្រម​ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ។

លោក ស៊ឹង សែនករុណា៖ «បើ​យើង​ពិនិត្យ​អំពី​រដ្ឋធម្មនុញ្ញ​អំពី​ប្រទេស​យើង កាលណា​មាន​ការ​ទាមទារ តវ៉ា​ពី​ប្រជាពលរដ្ឋ​ទៅ​អង្គការ​រដ្ឋ​ណាមួយ អង្គការ​រដ្ឋ​ហ្នឹង​ត្រូវ​ពិនិត្យ​នូវ​សំណើ និង​ការ​ទាមទារ​តវ៉ា​ហ្នឹង​ដោយ​ល្អិតល្អន់ ហើយ​យកចិត្តទុកដាក់ ដើម្បី​រក​ដំណោះស្រាយ​តប​ត្រឡប់​ទៅ​វិញ មិនមែន​អូស​បន្លាយ​ពេល ពន្យារពេល​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍ ខាត​ពេល​វេលា​ប្រជាពលរដ្ឋ​ទេ អ៊ីចឹង​ត្រូវ​រក​ដំណោះស្រាយ​ដោយ​យុត្តិធម៌​ទៅដល់​ពួកគាត់»។

គិត​មក​ដល់​ម៉ោង​ផ្សាយ​នេះ ក្រុម​ប្រជាពលរដ្ឋ​ដែល​ចេញ​តវ៉ា​នៅ​បរិវេណ​សាលាឃុំ​នីពេជ បាន​នាំគ្នា​រំសាយ និង​ធ្វើដំណើរ​ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ​ហើយ បន្ទាប់ពី​មេឃុំ​នីពេជ លោក ឆឹង ញ៉េប ចេញ​មក​បកស្រាយ​ថា ប្រជាពលរដ្ឋ​ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​លោកស្រី សាន់ ចំប៉ា មុននឹង​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ទំហំ ៦​ម៉ែត្រ​ឡើង​វិញ។ ទោះជា​យ៉ាងណា តំណាង​ក្រុម​ប្រជាពលរដ្ឋ​ដែល​ចេញ​តវ៉ា​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុម​ប្រជាពលរដ្ឋ​នឹង​ធ្វើ​ដំណើរ​ទៅ​តវ៉ា​នៅ​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃទី​២២ ខែ​ធ្នូ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។