អាជ្ញាធរ​កំពង់ស្ពឺ​ឈូស​កម្ទេច​ផ្ទះ និង​ដំណាំ​ពលរដ្ឋ ៣​គ្រួសារ​ដើម្បី​អភិវឌ្ឍ​គម្រោង​ផ្លូវ​ល្បឿន​លឿន

0:00 / 0:00

អាជ្ញាធរ​ស្រុក​ភ្នំស្រួច​បាន​ដាក់​គ្រឿងចក្រ និង​កងកម្លាំងប្រដាប់អាវុធ ចុះ​ឈូស​កម្ទេច​ផ្ទះ​មួយ​ខ្នង និង​ដំណាំ​របស់​ពលរដ្ឋ ចំនួន​ ៣​គ្រួសារ ដើម្បី​អភិវឌ្ឍន៍​គម្រោង​ផ្លូវ​ល្បឿន​លឿន នៅ​ចំណុច​ភូមិ​ពាម​ទុង ឃុំ​ត្រែងត្រយឹង។ ពលរដ្ឋ​សោកស្ដាយ​ចំពោះ​ទង្វើ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ ដែល​ឈូស​ឆាយ​មុន​ដោះស្រាយ​ផល​ប៉ះពាល់។

ពលរដ្ឋរង​ផល​ប៉ះពាល់​និយាយ​ថា ពួកគេ​ខកចិត្ត ចំពោះ​ទង្វើ​អាជ្ញាធរ ដែល​ចុះ​ឈូស​ផ្ទះ​ និង​ដំណាំ​របស់​ពួកគាត់​ចោល ហើយ​ដាក់​សម្ពាធ​មិន​ឲ្យ​តវ៉ា មិន​ឲ្យ​ប្រើ​​កាមេរ៉ា​​ថត និង​មិន​ព្រម​ដោះស្រាយ​ឲ្យ​ត្រឹមត្រូវ​ជូន​ពួកគាត់។

លោក មៀច លាងសេង ដែល​អាជ្ញាធរ​បាន​ឈូស​ផ្ទះ​ចោល រៀបរាប់​ថា លោក​គ្មាន​លទ្ធភាព​តតាំង​ឬ​ស្រែក​តវ៉ា​ទេ ព្រោះ​កាល​ថ្ងៃ​ចុះ​រុះរើ​នោះ អាជ្ញាធរ​បាន​ពង្រាយ​កងកម្លាំង​ប្រហែល ៥០​នាក់ ប្រដាប់​ដោយ​អាវុធ​វែង​គ្រប់​ដៃ មក​ពី​គ្រប់​អង្គភាព​នៅ​ខេត្ត​កំពង់ស្ពឺ ដើម្បី​ត្រៀម​បង្ក្រាប​ការ​តវ៉ា​របស់​ពលរដ្ឋ។

លោក​ប្រាប់​ថា អ្នក​តវ៉ា ច្រើន​គ្រួសារ​បាន​ត្រឹម​ឈរ​ពី​ចម្ងាយ ស្រក់​ទឹកភ្នែក​មើល​អាជ្ញាធរ​ឈូស​កម្ទេច​ផ្ទះ​ខ្លួនឯង និង​ដំណាំ​ចោល​។ លោក​បន្ត​ថា ផ្ទះ​ឈើ​ដែល​អាជ្ញាធរ​បាន​យក​គ្រឿងចក្រ​មក​ឈូស​រំលើង​កម្ទេច កាលពី​ថ្ងៃ​ទី៨ ធ្នូនោះ ជា​ញើស​ឈាម​មួយ​ជីវិត​របស់​លោក និង​ប្រពន្ធ នាំគ្នា​ធ្វើស្រែ​រាប់​ឆ្នាំ ទម្រាំ​សន្សំ​បាន​លុយ​ធ្វើ​ផ្ទះ​ឲ្យ​កូនៗ ស្នាក់នៅ​។ ប៉ុន្តែ​ចុងក្រោយ អាជ្ញាធរបាន​ឈូស​កម្ទេច ​និង​កាយ​ដី​លុប​ផ្ទះ​ឈើ​នោះ​ចោល​ទាំង​ស្រុង។

លោក​អះអាង​ថា ក្នុង​ផ្ទះ​នោះ មាន​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​សម្ភារៈ​ផ្ទះបាយ និង​មាន​ទ្រុង​មាន់​មួយ ​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​អ្នកស្រែ​ចម្ការ។ លោក​ឲ្យ​ដឹង​ថា ក្រោយ​​ការ​ឈូស​ឆាយ​នោះ លោក​បាន​នាំ​ប្រពន្ធ និង​កូន ​៥​នាក់ ទៅ​រស់នៅ​បណ្ដោះអាសន្ន ក្នុង​ព្រះវិហារ​គ្រឹះ​សាសនា នៅ​ក្នុង​ភូមិ៖ «ថ្ងៃ​ទី ២៧ (​ វិច្ឆិកា​ )​ យើង​ដាក់ពាក្យ​ស្នើសុំ​សម្របសម្រួល​យក​លុយ​នៅ​សាលាខេត្ត​ហ្នឹង​។ ប៉ុន្តែ​គេ​អត់​ឲ្យ​ទៅ​សម្របសម្រួល​ទេ ស្រាប់តែ​ចេញ​គ្រឿងចក្រ​មក មាន​ប៉ូលិស​អន្តរាគមន៍​ពី​ខេត្ត ហើយ​និង​ប៉ូលិស​ស្រុក ប៉ូលិស​ឃុំ រួមគ្នា​ប្រហែល​ ៥០​នាក់​។ មក​តាំង​ពី​មន្ត្រីរាជការ ឃុំ ស្រុក ខេត្ត ហ្នឹង ហើយ​ឡាន​ប្រហែល​ជា ២០​គ្រឿង ច្រើន​ដែរ​ឡាន​។ យក​កម្លាំង​សុទ្ធតែ​ប្រដាប់​អាវុធ មក​ទប់​ទល់នឹង​ប្រជាពលរដ្ឋ​ពីរ បី នាក់​ហ្នឹង​។ ពីរ បី បួន ប្រាំ គ្រួសារ​ហ្នឹង យើង​ដៃ​ទទេ​។ អត់​ហ៊ាន​ (​ តវ៉ា​ )​ ទេ។ ( អាជ្ញាធរ​ ) អាវុធ ពេញដៃ​ហ្នឹង យើង​គ្រាន់តែ​ថត គេ​មិន​ឲ្យ​ថត​ផង​។ លួច​ថត​បាន​ខ្លះ​ដែរ​។ ខ្ញុំ​នៅ​ព្រះវិហារ​គ្រឹះ​សាសនា ក្នុង​ភូមិ»។

លោក មៀច លាងសេង និយាយ​បន្ត​ថា ក្នុង​ពេល​ឈូស​ឆាយ​នោះ គ្មាន​អាជ្ញាធរ​មូលដ្ឋាន​ណា​ម្នាក់ មក​ជួយ​សម្រួល​ទេ គឺ​មាន​តែ​កងកម្លាំង​ប្រដាប់អាវុធ មក​ស្រែក​សម្លុត​គំរាម បណ្ដេញ​អ្នកភូមិ​ចេញ កុំ​ឲ្យ​តវ៉ា​។ លោក​ថា អាជ្ញាធរ​មិន​ទាន់​បាន​ដោះស្រាយ​សំណើ​របស់​ក្រុម​ពលរដ្ឋ​ឡើយ​មុន​ការ​ឈូស​កម្ទេច​ផ្ទះ និង​ដំណាំ​របស់​លោក​នេះ។

លោក​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ការ​ឈូស​កម្ទេច​ផ្ទះ និង​កម្ទេច​ផលដំណាំ​អ្នកភូមិ​រួច អាជ្ញាធរ​នៅ​មិនទាន់​អភិវឌ្ឍ​ទីនោះ​បន្ត​ទៀត​ទេ ដោយ​ទុកចោល​សិន​។ បុរស​វ័យ ៥៥​ឆ្នាំ​រូប​នេះថា គ្រួសារ​របស់​លោក​អស់​ជំនឿ​លើ​អាជ្ញាធរ​ហើយ ដូច្នេះ លោក​លែង​ពឹង​ពាក់​សុំ​អាជ្ញាធរ​ដោះស្រាយ​ទៀតហើយ តែ​ស្នើសុំ​សង្គម​ស៊ីវិល ជួយ​ធ្វើ​ជា​តំណាង​ក្នុង​ការចរចា​វិញ៖ «ខ្ញុំ​បាន​ដាក់​តែម្ដង​ទេ​។ ដាក់​ពាក្យសុំ​សម្របសម្រួល​សុំ​ថវិកា​ហ្នឹង តែម្ដង​ទេ ហើយ​បើ​សិន​យើង​ដាក់​ទៀត ក៏​អត់​បាន​ផល​អ្វី​ដែរ ព្រោះ យើង​ដាក់​ម្ដង​ហើយ គេ​អត់​ឲ្យ​តម្លៃ​យើង​ផង អត់​រក​ដំណោះស្រាយ​ឲ្យ​ផង​។ ខ្ញុំ​មានតែ​ដាក់​ពាក្យ​ទៅ​អាដហុក (Adhoc) វិញ ដើម្បី​ឲ្យ​អាដហុក សម្របសម្រួល​ជាមួយ​អាជ្ញាធរ យក​ប្រាក់​ហ្នឹង មក​ដោះស្រាយ​ជីវភាព»។

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បាន​ដាក់​គ្រឿងចក្រ​ចុះ​ឈូស​ឆាយដី នៅ​ភូមិ​ពាមទុង ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ដើម​ខែ​ធ្នូ​មក ដើម្បី​អភិវឌ្ឍ​គម្រោង​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ ទៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ។​

អាជ្ញាធរ​ខេត្ត​អះអាង​ថា ក្នុង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ឆ្លងកាត់​ស្រុក​ភ្នំស្រួច និង​ស្រុក​សំរោង​ទង មាន​ពលរដ្ឋ ជាង​បី​ពាន់ ​(៣.១២៧) ​គ្រួសារ រង​ផល​ប៉ះពាល់ ហើយ​ពលរដ្ឋ​ភាគច្រើន​បាន​យល់ព្រម​ទទួល​យក​សំណង​សមរម្យ គឺ​នៅ​សល់​ពលរដ្ឋ​តិចតួច​គ្រួសារ​បំផុត ដែល​មិន​ព្រម​ទទួលយក​សំណង។

ទោះជា​យ៉ាងណា ក្រុម​ពលរដ្ឋ​ដែល​មិន​ព្រម​ទទួលយក​សំណង អះអាង​​ថា អាជ្ញាធរ​ផ្ដល់​សំណង​មិន​សមរម្យ ទើប​ពួកគេ​ប្រកែក​មិន​ព្រម​ទទួល។ ពលរដ្ឋ​ ៤​គ្រួសារ នៅ​ភូមិ​ពាមទុង អះអាង​ថា អាជ្ញាធរ​បាន​ផ្ដល់​សំណង​ក្នុង​មួយ​ម៉ែត្រការ៉េ តម្លៃ ១​ដុល្លារ ទៅ ​៤​ដុល្លារ តាម​ប្រភេទ​ដី​កសិកម្ម និង​ដី​លំនៅឋាន។

ពួកគេ​អះអាង​ថា តម្លៃ​មួយ​ម៉ែត្រការ៉េ ១​ដុល្លារ ទៅ​ ៤​ដុល្លារ​នេះ ជា​តម្លៃ​មិន​សមរម្យ ទាប​ជាង​ទីផ្សារ​ខ្លាំង ដែល​មិន​អាច​ទទួល​យក​បាន​។ ពួកគេ​ទាមទារ​ឲ្យ​ដោះស្រាយ​សា​ថ្មី ព្រោះ​តម្លៃ​ដី​ទាប​ពេក ពួកគេ​មិន​អាច​យក​ទៅ​ទិញ​ដី និង​ធ្វើ​ផ្ទះ​កន្លែង​ផ្សេង​រស់នៅ​បាន​ទេ។

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ទាំង​ ៤​គ្រួសារ ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សិន មុន​ឈូស​ឆាយ​ផ្ទះ និង​ដំណាំ​របស់​ពលរដ្ឋ។ ប៉ុន្តែ អាជ្ញាធរ​មិន​យល់ព្រម​ទេ និង​មិន​បាន​ឆ្លើយ​តប​ផ្លូវការ​លើ​សំណើ​របស់​ពលរដ្ឋ​នោះ​ឡើយ​។ ក្នុង​លិខិត​ជូនដំណឹង ចុះ​ថ្ងៃ​ទី​២០ វិច្ឆិកា អាជ្ញាធរ​អះអាង​ថា ការ​ឈូស​កម្ទេច​ទ្រព្យសម្បត្តិ​ទាំងឡាយ នឹង​ធ្វើ​ឡើង​តាម​ការកំណត់ នៅ​ដើមខែ​ធ្នូ ហើយ​ប្រសិនបើ​ពលរដ្ឋ មិន​ព្រម​រុះរើ​តាម​ការកំណត់​មុន​ខែ​ធ្នូ​ទេ អាជ្ញាធរ នឹង​មិន​ផ្ដល់​សំណង​ឡើយ នៅ​ពេល​ដាក់​គ្រឿងចក្រ​ចុះ​រុះរើ។

អាជ្ញាធរ​ក៏​ព្រមាន​ថា នឹង​ប្រើ​វិធានការ​ច្បាប់ ប្រសិន​បើ​ពលរដ្ឋ ហ៊ាន​ធ្វើ​សកម្មភាព​រារាំង​អាជ្ញាធរ នៅ​ពេល​ចុះ​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​នោះ។ តែ​យ៉ាងណា អាជ្ញាធរ​បើកផ្លូវ​ឲ្យ​ពលរដ្ឋ​ប្ដឹង​ទៅ​តុលាការ​បើ​មិន​ពេញចិត្ត​នឹង​វិធានការ​របស់​អាជ្ញាធរ។

អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់​អាស៊ីសេរី ថ្ងៃ​ទី​១២ ធ្នូ ថា អាជ្ញាធរ នៅតែ​គិតគូរ​ដល់​ពលរដ្ឋ​រង​ផល​ប៉ះពាល់ និង​នៅតែ​ផ្ដល់​សំណង​ឲ្យ​តាម​ការវាយតម្លៃ​របស់​ក្រុមហ៊ុន​ឯករាជ្យ ដែល​ចុះ​វាយតម្លៃ​កន្លងមក​។ លោក​អះអាង​ថា ការវាយតម្លៃ​ផ្ដល់​សំណង​គឺ​សុក្រឹត្យ ហើយ​ពលរដ្ឋ​ច្រើន​លើសលប់ បាន​ទទួល​យក​រួចហើយ៖ «យើង​ខិតខំ​រុញ​ឲ្យ​លឿន ឲ្យ​ទាន់​ធ្វើ​ម្ដេច ឲ្យ​តែ​គាត់​យល់ព្រម​ទទួលយក សំណង​តាម​អ្វី​ដែល​យើង set ( គោលការណ៍​ ) តាម​ក្រុមការងារ​ឯករាជ្យ​ដែល​គេ​ចុះ​ធ្វើ​ហ្នឹង​។ គាត់​យក​តាម​ហ្នឹង យើង​ប្រគល់​ជូន​គាត់​ហើយ ឲ្យ​តែ​គាត់​ចូលរួម​ជាមួយ​យើង​។ បើ​គាត់​ចង់បាន​លឿន គ្រាន់តែ​គាត់​ចូលរួម​ជាមួយ​អាជ្ញាធរ​ទៅ​។ បើ​គាត់​អត់​ព្រម​ចូលរួម តើ​យើង​ធ្វើ​ម្ដេច​ធ្វើ​ម្ដេច​ធ្វើ​បាន​លឿន​។ បាទ​ ! យើង​ធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​គាត់​ទទួលយក​អ្វី តាម​ទីផ្សារ​សេរី ទាំង​ដី ទាំង​ដើម​ឈើ ទាំងអស់​ហ្នឹង»។

ផ្ទុយ​ពី​ការ​អះអាង​នេះ សង្គម​ស៊ីវិល​ឃ្លាំមើល​សិទ្ធិមនុស្ស ហៅ​ការ​ផ្ដល់​សំណង​នេះ ថា មិន​សមរម្យ ទើប​ពលរដ្ឋ​មិន​អាច​ទទួល​យក​បាន និង​ហៅ​ការ​ឈូស​កម្ទេច​ផ្ទះ​ពលរដ្ឋថា ជា​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដែល​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត សង្កេត​ឃើញ​ថា វិបត្តិ​ដីធ្លី​នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​វិវត្តន៍​កាន់តែ​អាក្រក់​ទៅ​។ លោកថា វិវាទ​ដីធ្លី​ស្ទើរ​គ្រប់កន្លែង គឺ​អាជ្ញាធរ មិន​បាន​ផ្ដល់​ដំណោះស្រាយ​ប្រសើរ​សម្រាប់​ពលរដ្ឋ​ឡើយ មានតែ​ការ​ដាក់​គោលការណ៍​បង្ខំ ឲ្យ​ទទួលយក និង​បណ្ដេញ​ចេញ​ដោយ​បង្ខំ។

អ្នកឃ្លាំមើល​សិទ្ធិ​ដីធ្លី​រូប​នេះ បន្ត​ថា ការ​រុញ​ឲ្យ​ពលរដ្ឋ​ប្ដឹង​អាជ្ញាធរ​តាម​ផ្លូវ​តុលាការ ជា​រឿង​អវិជ្ជមាន​សម្រាប់​ពលរដ្ឋ និង​មិន​បាន​ឈ្នះ​អាជ្ញាធរ​ឡើយ។ លោក​ថា ផល​លំបាក​នៃ​ការរំលោភ​សិទ្ធិ​ដីធ្លី​ទាំងឡាយ នឹង​ធ្លាក់​លើ​ពលរដ្ឋ។ លោក​ថា ការ​មិន​ព្រម​ដោះស្រាយ​ឲ្យ​មាន​សំណង​សមរម្យ​គឺជា​ការ​បង្ខំ​ឲ្យ​ពលរដ្ឋ​ដើរចេញ ទាំង​ទឹកភ្នែក ដោយ​គ្មាន​ជម្រើស៖ «អ៊ីចឹង បាន​ថា សរុប​សេចក្ដី​មកវិញ ប្រជាពលរដ្ឋ​បច្ចុប្បន្ន​នេះ ខ្ញុំ​ឃើញ​ដំណោះស្រាយ​ដីធ្លី​ធ្លាក់​ចុះ​មែនទែន​។ ប្រជាពលរដ្ឋ​ហ្នឹង គាត់​តែងតែ​សម្ដែង​នូវ​ការ​អស់សង្ឃឹម​មិន​ដឹង​ទីពឹង​អ្នកណា​។ រាល់ថ្ងៃ​គាត់​ស្រែក​ចុះ​ស្រែក​ឡើង ស្រែក​ទៅ នាយករដ្ឋមន្ត្រី ដូច​ទេវតា គាត់​អត់​លឺ​។ តែ​មិន​ដឹង​ធ្វើ​ម្ដេច មានតែ​ស្រក់​ទឹកភ្នែក ដើរចេញ»។

រដ្ឋាភិបាល កំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ដំបូងបង្អស់​នៅ​កម្ពុជា និង​ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ​ពីរ​ពាន់​លាន​ដុល្លារ​អាមេរិក​។ គម្រោង​នេះ​សាងសង់ ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​របស់​រដ្ឋ​ចិន (CRBC) ហើយ​គ្រោង​បញ្ចប់​សាងសង់​នៅ​ខែ​កញ្ញា ឆ្នាំ​២០២២។

គិត​ត្រឹម​ខែ​វិច្ឆិកា ផ្លូវ​ល្បឿន​លឿន សាងសង់​សម្រេច​បាន​ ២៧ភាគ​រយ​ហើយ​។ គេហទំព័រ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចុះផ្សាយ​ថា ក្រុមហ៊ុន​ចិន នឹង​ខិតខំ​សាងសង់​ឲ្យ​បាន​ចប់​តាម​ផែនការ​នៅ​ខែ​កញ្ញា ឆ្នាំ​២០២២ ហើយ​រដ្ឋាភិបាល កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​មួយ​ទៀត ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ខ្សែ​ទី​២ ពី​ភ្នំពេញ ទៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។