កម្លាំងសន្តិសុខខណ្ឌដូនពេញជាច្រើននាក់ ហាមឃាត់អ្នកបុរីកីឡា និងអតីតអ្នកបឹងកក់ ដែលភាគច្រើនជាស្ត្រី និងកុមារ មិនឱ្យប្រារព្ធខួប ៨ឆ្នាំនៃការបណ្ដេញពលរដ្ឋចេញពីតំបន់បុរីកីឡា ដែលពួកគាត់រៀបចំពិធីសែនព្រេង នៅមុខរូបសំណាក់លោកយាយពេញ ក្បែររមណីយដ្ឋានវត្តភ្នំពេញ។ ដើម្បីបញ្ចប់វិវាទដីធ្លី អ្នកបុរីកីឡាស្នើសុំសាលារាជធានីភ្នំពេញ ផ្ដល់សំណងជាទឹកប្រាក់ ដែលពួកគាត់អាចរកទិញផ្ទះនៅក្នុងទីក្រុងបាន។ អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស យល់ថា អាជ្ញាធរនិងភាគីក្រុមហ៊ុន គួរពន្លឿនដំណោះស្រាយជូនពលរដ្ឋដោយសន្តិវិធី ព្រោះថា មកដល់ពេលនេះ អ្នកបុរីកីឡា ដែលមិនទាន់ទទួលបានដំណោះស្រាយ នៅសល់ជាង ១០គ្រួសារប៉ុណ្ណោះ។
ក្នុងខួប ៨ឆ្នាំនៃការបណ្ដេញពលរដ្ឋចេញពីបុរីកីឡា អ្នកបុរីកីឡា ដែលនៅសេសសល់ ១២គ្រួសារ នាំគ្នាទៅរំលឹកព្រឹត្តិការណ៍ហិង្សានោះ នៅមុខរូបសំណាកយាយពេញ នៅព្រឹកថ្ងៃទី៣ មករា។ អ្នកបុរីកីឡាថា ការផ្លាស់ប្ដូរទីតាំងពីតំបន់មានជម្លោះដីធ្លី ទៅធ្វើនៅក្បែរវត្តភ្នំ គឺក្នុងគោលបំណងបួងសួងដល់យាយពេញ ឱ្យជួយពួកគាត់ឆាប់ទទួលបានសំណងក្នុងវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ។
ខណៈពេលដែលអ្នកបុរីកីឡាកំពុងរៀបចំលើកបដា និងសែនផ្លែឈើ នៅខាងមុខរូបសំណាកយាយពេញ ក្រុមសន្តិសុខខណ្ឌដូនពេញជាច្រើននាក់ ចូលទៅឆក់យករបស់ទាំងអស់ពីដៃអ្នកបុរីកីឡា ដោយលើកហេតុផលថា ទីតាំងមួយនេះ មិនមែនជាកន្លែងប្រមូលផ្ដុំគ្នាតវ៉ារឿងដីធ្លីនោះទេ។
តំណាងសហគមន៍បុរីកីឡា លោកស្រី ភោគ សុភិន ថា ទង្វើ និងសម្ដីរបស់អាជ្ញាធរបែបនេះ រឹតតែធ្វើឱ្យពួកគាត់កាន់ឈឺចាប់មួយកម្រិតទៀត ក្នុងរឿងដីធ្លីជាង ៨ឆ្នាំកន្លងទៅនេះ ដោយគ្មានទទួលសំណងណាមួយនៅឡើយ៖ «ថ្ងៃនេះ ខ្ញុំឈឺចាប់។ ខ្ញុំមករកលោកយាយដូនពេញ ប្រាប់ឱ្យគាត់មកជួយខ្ញុំជាស្ត្រី ដែលធ្លាក់ខ្លួនលេបថ្នាំផ្លូវចិត្តគ្រប់គ្នាអស់រាល់ថ្ងៃនេះ។ ហើយសម្រាប់យួននេះ និយាយប៉ះពាល់បន្តិច ខាងគណបក្សប្រជាជន បែរគាត់ថាខ្លាចប៉ះពាល់ដល់ជនជាតិវៀតណាម ប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្ត។ ចុះចំណែកខ្ញុំជាខ្មែរជាស្ត្រីដែលរងគ្រោះដីធ្លី ចំពោះពួកខ្ញុំរាល់ថ្ងៃ រដ្ឋាភិបាលមានគិតគូរពីពួកខ្ញុំទេ ដែលនៅសេសសល់។ ពួកខ្ញុំជាស្ត្រី ឈឺចាប់ប៉ុណ្ណា។ ខ្ញុំឈឺចាប់ណាស់ព្រឹកមិញដែលគេរុញច្រានខ្ញុំ។ គេកញ្ឆក់ផ្លែឈើពីដៃខ្ញុំ គេគំរាមខ្ញុំ។ អ្វីដែលខ្ញុំឈឺចាប់ ធ្វើឱ្យឈឺចាប់កាន់តែខ្លាំងឡើងៗ»។
កាលពីឆ្នាំ២០០៣ ដីបុរីកីឡា ដែលមានទំហំជាង ១៤ហិកតារ ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ ៧ មករា ត្រូវបានរដ្ឋាភិបាល ធ្វើសម្បទានទៅឱ្យក្រុមហ៊ុន ផានអ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ សុផាន ដើម្បីសាងសង់អគារពាណិជ្ជកម្ម និងសាងសង់អគារលំនៅឋានអ្នកបុរីកីឡា។ រដ្ឋាភិបាលតម្រូវឱ្យភាគីក្រុមហ៊ុនសាងសង់អគារលំនៅឋានចំនួន ១០លើផ្ទៃដីទំហំ ២ហិកតារ ជូនប្រជាពលរដ្ឋបុរីកីឡាប្រមាណជាង ១ពាន់ ៧រយគ្រួសារ ដើម្បីដោះដូរយកដីជាង ១២ហិកតារ សម្រាប់ធ្វើគម្រោងអភិវឌ្ឍន៍បុរីកីឡា។
នៅឆ្នាំ២០១០ ក្រុមហ៊ុនសង់បានតែ ៨អគារ ដោយប្រកាសថា ខ្លួនក្ស័យធន គ្មានលទ្ធភាពសាងសង់អគារតាមការសន្យាបានទៀតឡើយ។ បញ្ហានេះ បានធ្វើឱ្យប្រជាពលរដ្ឋ ៣៨០គ្រួសារ គ្មានលំនៅឋានអចិន្ត្រៃយ៍ ដោយត្រូវរស់នៅលើដីមានជម្លោះ។ ត្រង់ចំណុចនេះ ខាងក្រុមហ៊ុន ផាន អ៊ីមិច ក៏ទទួលបានដីបម្រុងទុកសម្រាប់សង់អគារចំនួនពីរដែលនៅសល់បន្ថែមទៀត។ អគារបុរីកីឡាថ្មីដែលក្រុមហ៊ុនសាងសង់មានកម្ពស់៦ជាន់ អគារនីមួយៗ មានបន្ទប់ស្នាក់នៅសរុប១៧៤បន្ទប់។
បច្ចុប្បន្ននេះ អគារថ្មីទី៩ និងទី១០ នៅបុរីកីឡា ក្លាយជាកន្លែងស្នាក់អាស្រ័យសម្រាប់អ្នកចំណូលថ្មីជួលនៅ ជាភោជនីយដ្ឋាន និងជាយានដ្ឋានជួសជុលរថយន្ត ពោលគឺគ្មានអ្នកបុរីកីឡាមួយគ្រួសារណា ទទួលបានសិទ្ធិអាចឡើងទៅរស់នៅក្នុងអគារទាំងនោះបានឡើយ។
កាលពីថ្ងៃទី៣ និងទី៤ ខែមករា ឆ្នាំ២០១២ ករណីបុរីកីឡានេះ បានផ្ទុះជាអំពើហិង្សា នៅពេលក្រុមគ្រួសារនៅសេសសល់ជាង ៣០០គ្រួសារ ត្រូវបានបណ្ដេញចេញដោយបង្ខំពីផ្ទះសម្បែង ពីសំណាក់កងសន្តិសុខរបស់ក្រុមហ៊ុន ផាន អ៊ីម៉ិច និងកងកម្លាំងសមត្ថកិច្ចចម្រុះ ព្រមទាំងកងរាជអាវុធហត្ថ ដែលបង្ហាញពីការពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងករណីនេះ។
សកម្មភាពបណ្ដេញចេញទាំងនោះ ធ្វើឡើងដោយប្រើគ្រឿងចក្រឈូសឆាយផ្ទះសម្បែងពលរដ្ឋ ប្រើដំបងឆក់ និងឧស្ម័នបង្ហូរទឹកភ្នែក ។ ក្នុងពេលបណ្ដេញចេញនោះ ផ្ទះសម្បែងជាង ២០០ខ្នង ត្រូវបានកម្ទេច ហើយប្រជាពលរដ្ឋជាច្រើននាក់រងរបួស និងមួយចំនួនផ្សេងទៀតត្រូវបានចាប់ឃុំខ្លួន ។
ដោយមិនមានទីជម្រកច្បាស់លាស់ ក្រោយពីការបណ្ដេញចេញនេះ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការគ្រប់គ្រងរបស់លោក កែប ជុតិមា បានបង្ខំឱ្យអ្នកបុរីកីឡា ទៅតាំងទីលំនៅថ្មីនៅតំបន់ដាច់ស្រយាលពីរកន្លែងផ្សេងគ្នា។ មួយកន្លែង ស្ថិតនៅទួលសំបូរ ក្នុងឃុំព្រៃវែង ចម្ងាយ ២៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមួយកន្លែងទៀត ស្ថិតនៅភ្នំបាត ក្បែរភ្នំឧត្តុង្គ ចម្ងាយ៤៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
អ្នកបុរីកីឡាមួយចំនួនខ្លះ ដែលបានទៅតាំងលំនៅនៅទីនោះ សម្រេចនាំគ្នាវិលមករស់នៅលើគំនរសំរាម តាមអគារបុរីកីឡាចាស់វិញ ដោយសារទីតាំងថ្មី គ្មានភ្លើងអគ្គិសនី ទឹកស្អាត ប្រើប្រាស់ មន្ទីរពេទ្យ សាលារៀន នៅស្ថិតឆ្ងាយ និងគ្មានកន្លែងធ្វើការងាររកប្រាក់ចំណូលជាដើម។
បច្ចុប្បន្ន ផ្ទៃដីនៅបុរីកីឡាជាង ១០ហិកតារ ដែលអាជ្ញាធរបានបណ្ដេញពលរដ្ឋចេញដោយបង្ខំ កាលពីឆ្នាំ២០១២ នោះ ត្រូវជំនួសមកវិញ ជាផ្ទះល្វែង និងអគារពាណិជ្ជកម្ម ឈ្មោះថា CEO KT Pacific ដែលអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុនចិន ឈ្មោះ លីស៊ីន គ្រុប (LiXin Group) និងក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិច គ្រុប (KT Pacific Group)។
ទាក់ទងសំណង់ថ្មីនៅបុរីកីឡានេះ គេហទំព័រអចលនទ្រព្យកម្ពុជា ចុះផ្សាយកាលពីខែមករា ឆ្នាំ២០១៨ បង្ហាញឱ្យដឹងថា ក្រុមហ៊ុនចិនឈ្មោះ ស៊ីឈួន ហ័រស៊ី គ្រុប (Sichuan Huaxi Group) ទទួលបានសិទ្ធិសាងសង់អគារពាណិជ្ជកម្មមួយនេះ ដែលមានកម្ពស់ ៣៣ជាន់ ស្ថិតនៅក្នុងខណ្ឌ ៧មករា។
តាមគម្រោង ក្រុមហ៊ុនរំពឹងថា នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ រួមមាន អគារលំនៅឋាន សាលសន្និបាតពាណិជ្ជកម្មអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ផ្សារទំនើប កន្លែងកម្សាន្ត និងភោជនីយដ្ឋាន។
ខណៈដែលក្រុមហ៊ុនចិនកំពុងសង់អគារទំនើប តំណាងអ្នកបុរីកីឡា ១២គ្រួសារ លោកស្រី ភោគ សុភិន ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសាលារាជធានីភ្នំពេញ ឱ្យផ្ដល់សំណងជាសាច់ប្រាក់ដល់ពួកគាត់ ដើម្បីអាចរកទិញផ្ទះស្នាក់នៅក្នុងទីក្រុងបាន និងមានឱកាសប្រកបរបរចិញ្ចឹមគ្រួសារដូចពលរដ្ឋឯទៀត៖ «ខ្ញុំអំពាវនាវដល់មន្ត្រីសាលាក្រុង និងសម្ដេច ហ៊ុន សែន សូមឱ្យបញ្ចប់ដីធ្លីនៅបុរីកីឡាចប់ឆាប់។ វាមិនមានអ្វីពិបាកនៅសល់ប៉ុណ្ណឹង រាប់រយគ្រួសារគេដោះស្រាយអស់ហើយ នៅប៉ុណ្ណឹងដោះស្រាយបញ្ចប់ទៅ គ្មានប៉ុន្មានទេ តម្លៃ៥ម៉ឺនដុល្លារហ្នឹង។ តែ៥ម៉ឺន ប៉ុណ្ណឹងគ្មានតម្លៃប៉ុន្មានទេ។ ៥ម៉ឺនវាតិចបំផុតសម្រាប់ពួកខ្ញុំ ព្រោះផ្ទះសម្បែងពួកខ្ញុំមិនមែនតម្លៃ៥ម៉ឺនទេ»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះពីអភិបាលរងរាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា ដែលទទួលដោះស្រាយបញ្ហាបុរីកីឡាបានទេ ដោយសារគ្មានអ្នកទទួលទូរស័ព្ទ ប៉ុន្តែលោក មាន ចាន់យ៉ាដា ធ្លាប់បានប្រាប់អាស៊ីសេរី កាលពីកន្លងមកថា ការផ្ដល់ផ្ទះនៅភូមិអណ្ដូង ជាគោលការណ៍មនុស្សធម៌ ដើម្បីជួយពលរដ្ឋឱ្យមានលំនៅឋានត្រឹមត្រូវ។ អភិបាលរងក្រុងរូបនេះ បញ្ជាក់ថា ខាងរដ្ឋបាលមិនមានគោលនយោបាយ ឬលទ្ធភាពផ្ដល់សំណងជូនពលរដ្ឋនៅបុរីកីឡា ជាទឹកប្រាក់រាប់ម៉ឺនដុល្លារដូចដែលពលរដ្ឋស្នើសុំនោះទេ។
ជុំវិញវិវាទដីធ្លីនៅបុរីកីឡាចំកណ្ដាលក្រុងភ្នំពេញនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត យល់ថា ចំនួនពលរដ្ឋ ដែលនៅសេសសល់ មិនច្រើននោះទេ ដូច្នេះលោកជំរុញឱ្យអាជ្ញាធរ និងភាគីក្រុមហ៊ុន គួរដោះស្រាយបញ្ចប់បញ្ហានេះ ដោយមិនគួរបន្តអូសបន្លាយតទៅទៀត៖ «បើតាមការសម្គាល់មើលទៅ វាអត់មានអ្នកទទួលខុសត្រូវច្បាស់លាស់។ វាមិនដឹងថាយន្តការនៃការដោះស្រាយហ្នឹង វានៅលើអ្នកណាមួយ ជាអ្នកសម្រេចច្បាស់លាស់ នៅលើក្រុមហ៊ុន ឬនៅលើអាជ្ញាធរទេ។ ហើយអាជ្ញាធរហ្នឹង អ្នកណាជាអ្នកសម្រេចច្បាស់លាស់។ សរុបសេចក្ដីមក រឿងហ្នឹងវាអត់ចេះចប់ទេ។ វាធ្វើឱ្យខាងអាជ្ញាធរ និងក្រុមហ៊ុន ឈឺក្បាលទៅវិញទេ ធ្វើការតែរឿងផ្សេងទៀតមិនអស់ ហើយនៅរង់ចាំដោះស្រាយតែរឿងដីធ្លី មិនទាន់ចប់សព្វគ្រប់ហ្នឹង។ ហើយចោទប្រជាពលរដ្ឋ ចេះតែធ្វើការរំខាន ឬមួយធ្វើអ្វីប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬមួយក៏ញុះញង់ ឬក៏ប្រឆាំងនឹងការអភិវឌ្ឍអីចឹង។ ហ្នឹងគឺអត់ត្រឹមត្រូវទេ។ ហ្នឹងជារឿងមួយដែលអាជ្ញាធរនិងក្រុមហ៊ុន ទទួលខុសត្រូវដោះស្រាយដូចគ្នា មិនមែនតែអាជ្ញាធរឬក្រុមហ៊ុននោះទេ»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្នើដល់អាជ្ញាធរ និងភាគីក្រុមហ៊ុន ឱ្យពិចារណាចំពោះការផ្ដល់ប្រាក់សំណង និងដំឡើងប្រាក់សំណងឱ្យបានសមស្របទៅតាមតម្លៃដីនាពេលបច្ចុប្បន្ន។ លើសពីនេះ អាជ្ញាធរក៏មិនត្រូវចាត់វិធានការដោយបង្ខំណាមួយទៅលើប្រជាពលរដ្ឋដែលតវ៉ា ដើម្បីទទួលបានសំណងសមរម្យជាងនេះទេ ហើយត្រូវគោរពដល់សិទ្ធិសេរីភាពខាងការបញ្ចេញមតិជាមូលដ្ឋានរបស់ពលរដ្ឋដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។