មន្ត្រី​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ប្រាប់​​អ្នក​បុរី​កីឡា ១២​គ្រួសារ​​ឱ្យ​រក​​ដំណោះ​ស្រាយ​ពី​​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​​សាលា​រាជធានី​ភ្នំពេញ

0:00 / 0:00

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហៅ​តំណាង​ពលរដ្ឋ​នៅ​​បុរី​កីឡា ជួប​ពិភាក្សា​ អំពី​ញត្តិ​ដែល​ស្នើ​សុំ​ឲ្យ​មាន​ការ​ចុះ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​ ចាប់​តាំង​ថ្នាក់​ខណ្ឌ​រហូត​ថ្នាក់​ក្រុង ដែល​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​ចិន មិន​ព្រម​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ឲ្យ​ពលរដ្ឋ​នៅ​សេសសល់​ ១២​គ្រួសារ។ អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ និង​បញ្ហា​ដីធ្លី យល់​ថា អាជ្ញាធរ​គួរ​យក​ចិត្ត​ទុក​ដាក់ និង​ពិនិត្យ​មើល​លទ្ធភាព​សមរម្យ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ឲ្យ​ពលរដ្ឋ​នៅ​បុរី​កីឡា ដូច​ដែល​រដ្ឋាភិបាល​គិតគូរ​អំពី​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​តាំង​ទី​លំនៅ ដោយ​​ប្រគល់​ដី ៤០ហិកតារ ​ឲ្យ​ជនជាតិ​វៀតណាម​នៅ​ខេត្ត​កំពង់​ឆ្នាំង​ ដូច្នោះ​ដែរ។

តំណាង​ពលរដ្ឋ ​១២​គ្រួសារ​នៅ​​បុរី​កីឡា លោកស្រី ភោគ សុភិន ឲ្យ​ដឹង​ថា មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ហៅ​ពួក​គាត់​ឲ្យ​ចូល​ជួប​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ ប្រាប់​ថា អង្គភាព​នេះ​មិន​មាន​សិទ្ធិ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​បុរី​កីឡា​ទេ ដោយ​ស្នើ​ឲ្យ​ពលរដ្ឋ​ទៅ​រក​ដំណោះស្រាយ​ពី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សាលា​រាជធានី​ភ្នំពេញ​វិញ។

លោកស្រី ភោគ សុភិន ថ្លែង​ថា មូល​ហេតុ​ដែល​ពួកគាត់​នាំ​គ្នា​ស្វែង​រក​ដំណោះស្រាយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​សារ​តែ​ខាង​សាលា​រាជធានី​ភ្នំពេញ​មិន​ព្រម​ដោះស្រាយ​បញ្ហា​បញ្ចប់​ឲ្យ​អ្នក​​បុរី​កីឡា​ គឺ​គ្មាន​ហៅ​ពលរដ្ឋ​ទៅ​ពិភាក្សា​ ឬ​ផ្ដល់​ដំណឹង​ថា ​នឹង​ដោះស្រាយ​ឲ្យ​នៅ​ពេល​នោះ​ទេ។

លោកស្រី​យល់​ថា រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ ដោះស្រាយ​បញ្ហា​ឲ្យ​ពលរដ្ឋ​ខ្មែរ តែ​បែរ​ជា​ទៅ​ជា​គិតគូរ​ផ្ដល់​ដី​ ៤០​ហិកតារ ឲ្យ​ជនជាតិ​វៀតណាម​នៅ​ខេត្ត​កំពង់​ឆ្នាំង​ទៅ​វិញ។ តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​សុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​បុរី​កីឡាឲ្យ​បាន​ឆាប់៖ «ពួក​ខ្ញុំ​​ជា​ម្ចាស់​ដី​ម្ចាស់​ផ្ទះ​ពិត​ប្រាកដ មិន​មែន​ជា​អ្នក​មក​ពី​ណា​ទេ។ ត្រង់​ដី​ខ្មែរ មាន​ផ្ទះ​រស់​នៅ​មិន​បាន រង​ទុក្ខ​លំបាក។ ត្រង់​គាត់​កាត់​ដី​ឲ្យ​វៀតណាម​៣០ ៤០​ហិកតារ​នោះ ប្រគល់​ឲ្យ​វៀតណាម​ ជា​ជនជាតិ​វៀតណាម​សោះ។ ហើយ​ត្រង់​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ មាន​ផ្ទះ​មាន​ដី​នៅ​ខ្លួន​ឯង​ គេ​មក​ឈូស​មក​កម្ទេច​ លក់​ឲ្យ​ចិន តើ​វា​មាន​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ដែរ​ឬ​ទេ។ សូម​សម្ដេច​គិត​ពិចារណា​ឡើង​វិញ ក្នុង​ពេល​ហ្នឹង ហើយ​សូម​ឲ្យ​សម្ដេច​ដោះស្រាយ​បញ្ចប់​ទៅ នៅ​សល់​តែ​ប៉ុន្មាន​គ្រួសារ​ហ្នឹង។ សូម​មន្ត្រី​សាលាក្រុង និង​សម្ដេច​ ហ៊ុន សែន ជួយ​ពិចារណា​ដោះស្រាយ​ឡើង​វិញ»។

ដំណោះស្រាយ​ដែល​ពលរដ្ឋ​ទាំង ១២គ្រួសារចង់​បាន គឺ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ ដែល​ជា​ការ​ផ្ដល់​បន្ទប់​អាគារ​ឲ្យ​ពួក​គាត់​នៅ​តំបន់​បុរី​កីឡា​ដដែល ឬ​ផ្ដល់​ជា​ទឹក​ប្រាក់​ ៥ម៉ឺន​ដុល្លារ​ក្នុង​ ១គ្រួសារ​ ក៏​ប៉ុន្តែ​សាលា​ក្រុង​ភ្នំពេញ​បែរ​ជា​ឲ្យ​ពួក​គាត់​ទៅ​នៅ​ផ្ទះ​ឯ​ភូមិ​អណ្ដូង ខណ្ឌ​ព្រែក​ព្នៅ ជាយ​ក្រុង​ភ្នំពេញ ដែល​ជា​តំបន់​ដាច់​ស្រយាល​ ឬ​ទទួល​ទឹក​ប្រាក់​ចន្លោះ​ពី​បី​ពាន់ (៣.០០០) ទៅ ៥ពាន់ (៥.០០០) ដុល្លារ ដែល​មិន​ស័ក្ដិសម នឹង​ការ​បាត់​បង់​លំនៅឋាន​របស់​ពលរដ្ឋ​ឡើយ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី​ បាន​នៅ​ឡើយ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ជុំវិញ​វិវាទ​ដីធ្លី​នៅ​​បុរី​កីឡាចំកណ្ដាល​ក្រុង​ភ្នំពេញ​នេះ អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត យល់​ថា ចំនួន​ពលរដ្ឋ ដែល​នៅ​សេសសល់ មិន​ច្រើន​នោះ​ទេ។ ដូច្នេះ​ លោក​ស្នើ​ដល់​សាលា​រាជធានី​ភ្នំពេញ ​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​បន្ត​អូស​បន្លាយ​តទៅមុខ​ទៀត៖ « បើ​តាម​ខ្ញុំ​ដឹង​ មាន​បង​ប្អូន​មួយ​ចំនួន​ សុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ​និង​ខាង​ក្រុមហ៊ុន​ចរចា​ដោះស្រាយ​ជាមួយ​ពួកគាត់​ម្ដង​ទៀត។ គាត់​មិន​ជា​តឹងតែង​អី​ណាស់​ណាទេ។ ប៉ុន្តែ​រហូត​មកដល់​បច្ចុប្បន្ន​ហ្នឹង ដូច​ជា​ដាក់​ពួកគាត់​ចោល​តែ​ម្ដង។ ចង់​និយាយ​ថា ​ពួកគាត់​មិន​មែន​ជា​គ្រួសារ ដែល​មាន​សិទ្ធិ​អាច​ទទួល​ដំណោះស្រាយ​។ នេះ​ជា​រឿង​ដែល​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន ក៏​ដូចជា​រដ្ឋាភិបាល​ដែរ គួរ​សើរើ​ឡើង​វិញ ពិនិត្យ​មើល​ហើយ​ដោះស្រាយ​បញ្ចប់​ទៅ នៅ​ជាង​១០​គ្រួសារ​ទេ។ បើ​សិន​ជា​មាន​ឆន្ទៈ​គ្រប់​គ្រាន់​ គឺ​ថា​ដី​៤០​ហិកតារ​សម្រាប់​បង​ប្អូន​វៀតណាម​ ចេះ​តែ​ធ្វើ​បាន​ ចុះ​ប្រជាពលរដ្ឋ​យើង​ជាង​១០​គ្រួសារ​ ជា​ពលរដ្ឋ​ខ្មែរ​ ម្ដេច​យើង​មិន​អាច​អនុវត្ត​ឲ្យ​បាន​ដូច​គេ​អ៊ីចឹង​ទៅ កុំ​ឲ្យ​នៅ​រ៉ាំរ៉ៃ​អ៊ីចឹង»។

កាលពី​ឆ្នាំ​ ២០០៣ ដី​នៅ​​បុរី​កីឡា ដែល​មាន​ទំហំ​ជាង​ ១៤​ហិកតារ ស្ថិត​នៅ​សង្កាត់​វាល​វង់​ ខណ្ឌ ​៧ ​មករា ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន ផានអ៊ីម៉ិច ដើម្បី​សាងសង់​អគារ​ពាណិជ្ជកម្ម​ និង​សាងសង់​អគារ​ចំនួន ១០​អគារ លើ​ផ្ទៃ​ដី​ទំហំ​ ២ហិកតា ដើម្បី​ផ្ដល់​លំនៅឋាន​ជូន​ប្រជាពលរដ្ឋ​នៅ​បុរី​កីឡា​ចំនួន ១.៧៧៦គ្រួសារ ជា​ថ្នូរ​នឹង​ដី​ជាង ១២ហិកតា សម្រាប់​គម្រោង​អភិវឌ្ឍន៍​បុរី​កីឡា។ ប៉ុន្តែ​នៅ​ឆ្នាំ២០១០ ក្រុមហ៊ុន​សង់​បាន​តែ​ ៨អគារ ដោយ​ទុក​ឲ្យ​ពលរដ្ឋ​ ៣៨០គ្រួសារ​ ដែល​មិន​ទទួល​បាន​សំណង​ត្រឹម​ត្រូវ​ ត្រូវ​បន្ត​រស់នៅ​រស់​លើ​ដី​មាន​ជម្លោះ។

អ្នក​បុរី​កីឡា​ខ្លះ​ ដែល​បាន​ប្ដូរ​ទៅ​នៅ​ក្រៅក្រុង​ ដោយសារ​ខ្វះ​សេវាកម្ម​មូលដ្ឋាន​នានា បាន​វិល​មក​រស់​នៅ​ក្នុង​បុរី​កីឡា​វិញ​ ដោយ​តាំង​លំនៅ​បណ្ដោះ​អាស​ន្ន​ លើ​គំនរ​សំរាម​ក្រោម​អគារ​បុរី​កីឡា​ចាស់។

បច្ចុប្បន្ន ដី​នៅ​បុរី​កីឡា​ដែល​​ពលរដ្ឋ​​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​បង្ខំ កាល​ពី​ឆ្នាំ​២០១២ ត្រូវ​បាន​ជំនួស​មក​វិញ ជា​អគារ​លំនៅឋាន​បែប​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ដំបុង​គេ​នៅ​កម្ពុជា ឈ្មោះ​ថា CEO KT Pacific តាម​រយៈ​ការ​អភិវឌ្ឍ​រួមគ្នា​រវាង​ក្រុមហ៊ុន​ចិន ឈ្មោះ លីស៊ីន គ្រុប (LiXin Group) និង​ក្រុម​ហ៊ុន ខេធី ប៉ាស៊ីហ្វិច គ្រុប (KT Pacific Group)​។ ក្រុមហ៊ុន​ចិន​ឈ្មោះ ស៊ីឈួន ហ័រ​ស៊ី គ្រុប (Sichuan Huaxi Group) ទទួល​សិទ្ធិ​សាង​សង់​អគារ​ពាណិជ្ជកម្ម​មួយ​នេះ​ ដែល​មាន​កម្ពស់ ៣៣​ជាន់ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ ៧​មករា ។

អ្នក​បុរី​កីឡា​ដែល​នៅ​សេស​សល់​ ១២​គ្រួសារ ឲ្យ​ដឹង​ថា​ ពួក​គាត់​នឹង​នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៀត នៅ​ថ្ងៃ​ទី​៦ ខែ​មករា​ ឆ្នាំ​២០២០ ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ដោះស្រាយ​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ គឺ​ក្រោយ​ពី​ពួក​គេ​ប្រារព្ធ​ខួប ៨​ឆ្នាំ ​នៃ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​បុរី​កីឡា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។