សាលាឧទ្ធរណ៍ព្រះសីហនុ សម្រេចដោះលែងសកម្មជនដីធ្លីខេត្ត កោះកុង ដ៏សកម្ម ពីររូបគឺ លោកស្រី ផាវ ញើង និងលោកស្រី សេង លីន ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ក្រុមគ្រួសារ និងមន្ត្រីសង្គមស៊ីវិល យល់ថា ការទាមទាររកដំណោះស្រាយវិវាទដីធ្លី មិនមែនជាបទល្មើសនោះទេ។ ពួកគេ ស្នើដល់រដ្ឋាភិបាល និងក្រសួងយុត្តិធម៌ជំរុញដល់តុលាការ ទម្លាក់ការចោទប្រកាន់លើតំណាងសហគមន៍ទាំងអស់ និងដោះស្រាយវិវាទដីធ្លីឱ្យពលរដ្ឋបានឆាប់រហ័ស ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។
ការសម្រេចរបស់សាលាឧទ្ធរណ៍ព្រះសីហនុ នៅថ្ងៃទី៥ តុលានេះ ក្នុងពេលដែលសាលាឧទ្ធរណ៍បើក សវនាការដេញដោលពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទបរិហារកេរ្តិ៍ជាសាធារណៈ លើសកម្មជនដីធ្លីខេត្តកោះកុងពីររូបគឺ លោកស្រី ផាវ ញើង និងលោកស្រី សេង លីន ។
កូនប្រុសលោកស្រី ផាវ ញើង គឺយុវជន ហង់ វាសនា នៅតែយល់ថា សកម្មភាពម្ដាយ និងសហគមន៍ផ្សេងទៀត តវ៉ា និងទាមទារឲ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយវិវាទដីធ្លីមិនមែនជាបទល្មើសនោះទេ។ លោក ស្នើដល់រដ្ឋាភិបាល និងក្រសួងយុត្តិធម៌ជំរុញដល់តុលាការទម្លាក់ការចោទប្រកាន់លើម្ដាយ និងសហគមន៍ផ្សេងទៀត។
យុវជន ហង់ វាសនា៖ «សំណូមពរថា សង្ឃឹមថា តុលាការខេត្តព្រះសីហនុហ្នឹង នឹងផ្ដល់យុត្តិធម៌ឲ្យពួកគាត់ទាំងពីររូប មិនថាជាម៉ាក់ខ្ញុំ ឬក៏ជា អ៊ំសេង លីន ដោយដោះលែងគាត់ឲ្យមានសេរីភាព ព្រមទាំងទម្លាក់រាល់បទចោទប្រកាន់គាត់ ដោយអយុត្តិធម៌ទាំងអស់ហ្នឹង»។
យុវជន ហង់ វាសនា បញ្ជាក់ថា ពន្ធនាគារខេត្តកោះកុង នៅមិនទាន់ដោះលែងម្ដាយរបស់លោកនៅថ្ងៃនេះនៅឡើយទេ ព្រោះខាងពន្ធនាគារថា នឹងដោះលែងម្ដាយរបស់លោកនៅព្រឹកស្អែកវិញ ដោយសារតែនៅរសៀលនេះ ឯកសារធ្វើមិនទាន់រួចរាល់ ។
សវនាការរបស់សាលាឧទ្ធរណ៍ព្រះសីហនុនៅពេលនេះ ក៏ស្ថិតក្រោមការឃ្លាំមើលពីប្រជាសហគមន៍ចំនួន៣ មកពីស្រុកបទុមសាគរ និងស្រុកស្រែអំបិល ជិត ២រយនាក់។ ប្រជាសហគមន៍ក្នុងនោះ ក៏មានទាំងកុមារតូចៗ នាំ គ្នាឈរតម្រង់ជួរ ដៃកាន់បដា និងរូបថតថ្នាក់ដឹកនាំរដ្ឋាភិបាល ដូចជា អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជាដើម នៅខាងមុខសាលាឧទ្ធរណ៍ព្រះសីហនុ ដើម្បីផ្ដល់កម្លាំងចិត្ត និងទាមទារឲ្យតុលាការដោះលែងសកម្មជនដីធ្លី លោកស្រី ផាវ ញើង និងលោកស្រី សេង លីន ព្រមទាំងទម្លាក់បទចោទប្រកាន់ទាំងអស់លើតំណាងសហគមន៍របស់ពួកគេ។
ព្រះរាជអាជ្ញា នៃសាលាឧទ្ធរណ៍ព្រះសីហនុ លោក សុក ហេង កាលពីថ្ងៃទី៣ តុលា បានកោះហៅមេធាវី និងសកម្មជនដីធ្លី ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តកោះកុង គឺលោកស្រី ផាវ ញើង និងលោកស្រី សេង លីន ឲ្យឡើងតុលាការ នៅថ្ងៃទី៥ តុលា ដើម្បីពិភាក្សាដេញដោលពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលបានប្រព្រឹត្តនៅមុខក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៩។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីទទួលបន្ទុកសិទ្ធិមនុស្ស និងធុរកិច្ច នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា លោកកោតសរសើរ ចំពោះការអនុគ្រោះរបស់សាលាឧទ្ធរណ៍ ដែលបានសម្រេចដោះលែងសកម្មជនដីធ្លីពីររូប គឺលោកស្រី ផាវ ញើង និងលោកស្រី សេង លីន ឲ្យបាននៅក្រៅឃុំបណ្ដោះអាសន្ន។ លោកបន្តថា ការទាមទាររបស់សហគមន៍ដីធ្លី កាលពីពេលកន្លងទៅ គឺជាការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាន ក្នុងការស្នើសុំឲ្យមានដំណោះស្រាយវិវាទដីធ្លី។
លោក វណ្ណ សូផាត៖ «គាត់បាត់ដីហ្នឹងដោយសារតែមានការរំលោភយកដោយក្រុមហ៊ុនចម្ការអំពៅ និងក្រុមហ៊ុន ហេង ហុង អាគ្រីខាលឆឺ គ្រុប(Agriculture group)ហ្នឹងឯង ហើយអ៊ីចឹងដល់ពេលលទ្ធផលចេញមកទៅចោទគាត់ដោយសារតែគាត់តវ៉ាទាមទារឲ្យមានដំណោះស្រាយអីសមរម្យអី អាហ្នឹងគឺថា វាមានភាពអយុត្តិធម៌សម្រាប់គាត់ហា អ៊ីចឹងខ្ញុំសង្ឃឹមថា តុលាការនឹងពិចារណា ដើម្បីដោះលែងគាត់ ហើយនឹងទម្លាក់ការចោទប្រកាន់ទាំងស្រុងតែម្ដង»។
កាលពីថ្ងៃទី២៩ សីហា សាលាឧទ្ធរណ៍ព្រះសីហនុ បានសម្រេចឲ្យសកម្មជនដីធ្លី ខេត្តកោះកុងទាំង ៩នាក់ ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែសកម្មជនត្រឹមតែ៧នាក់ប៉ុណ្ណោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ កាលពីពេលនោះ។ ចំណែកសកម្មជន ២នាក់ផ្សេងទៀត គឺលោកស្រី ផាវ ញើង និងលោកស្រី សេង លីន ត្រូវបានតុលាការចោទប្រកាន់ ពីបទបរិហារបង្កាច់កេរ្តិ៍ ហើយត្រូវបានសាលាឧទ្ធរណ៍សម្រេចឲ្យនៅក្រៅឃុំ នៅថ្ងៃទី៥ តុលា ។
ទោះជាយ៉ាងនេះក្ដី ការឃុំខ្លួនសកម្មជនដីធ្លីនេះ ត្រូវបានអ្នកការពារសិទ្ធិមនុស្សចាត់ទុកថា ជាការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់សហគមន៍ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ក្រុមគ្រួសារ និងសង្គមស៊ីវិល នៅតែស្នើយ៉ាងទទូចឲ្យតុលាការទម្លាក់ការចោទប្រកាន់លើតំណាងសហគមន៍ដីធ្លីទាំងអស់ ដើម្បីផ្ដល់យុត្តិធម៌ដល់ពលរដ្ឋ ដែលអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនប្រឆាំងនឹងការរំលោភបំពានដីធ្លី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។