សាលាឧទ្ធរណ៍​ប្រចាំ​តំបន់​ព្រះសីហនុ កោះ​ហៅ​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង​២​នាក់​ឡើង​សវនាការ

0:00 / 0:00

សកម្មជន​ដីធ្លី​ខេត្តកោះកុង​លើកឡើង​ថា ការ​កោះហៅ​ពួកគាត់​ភ្លាមៗ​ក្រោយ​ពី​ពួកគាត់ ទើបតែ​ចេញពី​ពន្ធនាគារ គឺជា​ការ​បំបាក់ស្មារតី និង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​របស់​ពួកគាត់ ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា តុលាការ​គួរតែ​ទម្លាក់​ការចោទប្រកាន់​លើ​សកម្មជន​ដីធ្លី​ទាំងពីរ​នាក់​នេះ ព្រោះ​ពួកគាត់ ពុំ​បាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ទេ។

សកម្មជន​ដីធ្លី​ខេត្ត​កោះកុង ទាមទារ​ឲ្យ​តុលាការ​ជាន់ខ្ពស់​លុប​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់ មាន​សេរីភាព រកស៊ី​ចិញ្ចឹមជីវិត​ឡើងវិញ។

សកម្មជន​ដីធ្លី ខេត្ត​កោះកុង​លោកស្រី ផាវ ញ៉ើង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២១ តុលា​ថា លោកស្រី​នឹង​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​សាលាឧទ្ធរណ៍​ព្រះសីហនុ បើ​ទោះ​បី​ជា​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច និង​ជំងឺ​ប្រចាំ​កាយ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ក៏ដោយ។ លោកស្រី​ស្នើ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អន្តរាគមន៍​ជំរុញ​ដល់​សាលាឧទ្ធរណ៍​ព្រះសីហនុ​ស្វែង​រក​យុត្តិធម៌ ចំពោះ​តំណាង​សហគមន៍។

លោកស្រី ផាវ ញ៉ើង៖ «សកម្មភាព​ការពារ​ដី​រដ្ឋ គឺជា​សកម្មភាព​ពិត​របស់​ប្រជាពលរដ្ឋ ហើយ​ខ្ញុំ​ក៏​ចូលរួម​ដែរ​។ នេះ​គឺជា​សិទ្ធិ​របស់​ពលរដ្ឋ ហើយ​ចុះ​ច្បាប់​រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ការពារ​ទ្រព្យសម្បត្តិ​ជាតិ ហេតុអ្វី​បាន​ជា​ពួក​លោក​គ្រាន់តែ​ទៅ​ដាក់​ពាក្យបណ្ដឹង ហើយ​ទៅ​ស្នើសុំ​ឲ្យ​មានការ​ដកហូត​ឲ្យ​ដី​រដ្ឋ​ហ្នឹង​មក​គ្រប់គ្រង ហើយ​សម្បត្តិ​រដ្ឋ​ហ្នឹង​ឲ្យ​ពលរដ្ឋ​ក្រីក្រ ហេតុអ្វី​ខ្ញុំ​ជា​អ្នក​ញុះញង់​ទៅវិញ​?អ្វី​ដែល​ខ្ញុំ​សោកស្ដាយ គឺ​តុលាការ​ខេត្តកោះកុង​ក៏ដោយ តុលាការ​ណាក៏ដោយ តុលាការ​គឺជា​កំពូល​អ្នកច្បាប់ ហើយ​អ្នក​ដែល​អាច​ការពារ​ឲ្យ​ពលរដ្ឋ​អ៊ីចឹង ហេតុអ្វី​បើសិនជា​អ្នកច្បាប់​ក្នុង​ខេត្ត​កោះកុង​ហ្នឹង​មួយ​ចំនួន​ហ្នឹង​អត់​ខ្វល់​ពី​ច្បាប់​អ៊ីចឹង បែរ​ទៅជា​គាត់​ចោទ​ប្រកាន់​ខ្ញុំ​ហើយ គាត់​ចេញ​ដីកាឃុំខ្លួន​ខ្ញុំ​ទៀត»។

​​ព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ប្រចាំ​តំបន់ តាំងនៅ​ខេត្ត​ព្រះសីហនុ លោក សុខ ហេង កាលពី​ថ្ងៃទី​១៩ តុលា បានចេញ​ដីកា​កោះហៅ​សកម្មជន​ដីធ្លី​លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន ដើម្បី​ពិភាក្សា​ដេញដោល​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​បាន​ប្រព្រឹត្ត​នៅមុខ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ចុងឆ្នាំ​២០១៩ តាម​ការ​ប្ដឹង​ជំទាស់​របស់​តំណាង​សហគមន៍ ចំពោះ​សាលក្រម​របស់​សាលាដំបូង​ខេត្ត​កោះកុង កាលពី​ខែសីហា ។​

ជាមួយ​គ្នា​នេះ សកម្មជន​ដីធ្លី ខេត្តកោះកុង ៩​នាក់​ផ្សេងទៀត រួម​មាន​លោកស្រី ដេត ហួរ លោកស្រី​កើត នៅ និង​លោក សុខ ជ័យ ជាដើម ត្រូវ​បាន​ព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ព្រះសីហនុ លោក ខៀវ ផល្លា កាល​ពី​ថ្ងៃទី​១៨ តុលា បាន​ចេញ​ដីកា​កោះហៅ​ពួកគាត់​ទាំង​៩​នាក់​ឲ្យ​ចូល​សវនាការ នៅ​ថ្ងៃទី​២៦ តុលា ដើម្បី​ដេញដោល​ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ប្រព្រឹត្ត​នៅ​ខេត្ត​កោះកុង។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ព្រះសីហនុ លោក លឹម ស៊ីណាត ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២១ តុលា​នេះ។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា សកម្មភាព​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​វិវាទ​ដីធ្លី​កន្លងទៅ​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ស្របតាម​ច្បាប់ និង​សិទ្ធិ​ក្នុង​ចូលរួម​ការពារ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

លោក វណ្ណ សូផាត៖ «អ៊ីចឹង​សង្ឃឹម​ថា តុលាការ​នឹង​ពិចារណា​នឹង​ទម្លាក់​ចោល​ការ​ចោទប្រកាន់ តែ​ផ្ទុយទៅវិញ​អ្នក ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​ការ​រុករាន​ទន្ទ្រានព្រៃ ឬ​មួយ​ក៏​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​លក់ ដើម្បី​ប្រយោជន៍​ឯកជន អាហ្នឹង​បាន​មានទោស តែ​ពួកគាត់​នេះ ជា​អ្នក​ដែល​ការពារ​ដី​សាធារណៈ​របស់​រដ្ឋ»។

ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​រាប់ពាន់​គ្រួសារ បាន​បាត់​បង់​ដីធ្លី ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ទៅ​ឱ្យ​ឧកញ៉ា និង​អ្នក​មាន​អំណាច ក្នុង​នោះ មាន​លោក លី យ៉ុងផាត់ និង​លោក ហេង ហ៊ុយ មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ។ ពួកគាត់​បាន​ព្យាយាម​តវ៉ា និង​ដើរ​ដាក់​ញត្តិ​រាប់​មិន​អស់ ទាំង​នៅ​ថ្នាក់​ខេត្ត និង​តាម​ក្រសួង​ស្ថាប័ន​នៅ​ថ្នាក់​ជាតិ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​អូស​បន្លាយ​អស់​រាប់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិនដែល​ទទួល​បាន​ដំណោះស្រាយ​ឡើយ ក៏​ប៉ុន្តែ​តុលាការ​បាន​ចោទ​ប្រកាន់​ពួកគាត់​ពី​បទ​ព្រហ្មទណ្ឌ និង​បាន​ឃុំខ្លួន​ពួកគាត់​ក្នុង​ពន្ធនាគារ​ថែម​ទៀត។ បើ​ទោះ​បី​ជា តំណាង​សហគមន៍​ត្រូវ​បាន​តុលាការ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ក្ដី ក៏​ពួកគាត់​នៅ​ពុំ​ទាន់​រួច​ផុត​ពី​ការ​ចោទប្រកាន់​នោះ​ទេ។

ទោះជា​យ៉ាងណា​សកម្មជន​ដីធ្លី និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នៅតែ​ទទូច​ដល់​រដ្ឋាភិបាល ជំរុញ​ដល់​តុលាការ​ស្វែងរក​យុត្តិធម៌​សម្រាប់​តំណាង​សហគមន៍ ដែល​ការពារ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជនខិលខូច ដែល​គប់គិត​គ្នា​លក់​ទ្រព្យសម្បត្តិ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។